ដោយ សួង សុខរ៉ូ
ក្នុងចំណោមរុក្ខជាតិប្រើជាថ្នាំ មានដើមម្យ៉ាងដែលគ្រូខ្មែរទូទៅតែងស្គាល់ ឬពុំចាំបាច់ដល់ទៅគ្រូចេះរក្សារោគផង អ្នកស្រុកធម្មតាខ្លះក៏តែងស្គាល់ដែរនោះ គឺដើម «អន្ទង់ស»។ ដើមនេះមានឈ្មោះវិទ្យាសាស្ត្រថា Eurycoma longifolia (រូបលេខ១, © google)។ រុក្ខជាតិនេះពុំមានពាសពេញគ្រប់ទីកន្លែងឡើយ គឺច្រើនតែឃើញ ដុះនៅតាមតំបន់ដែលសម្បូណ៌ព្រៃ ឬតំបន់ភ្នំតែម្តង។ ប្រយោជន៍ក្នុងការប្រើប្រាស់ជា ឱសថមានច្រើនបែបយ៉ាង។ ឧ.គេយកស្លឹកមកបុកបំពោកលើស្បែកដែលកើតរមាស់សើស្បែក។ ត្រង់ផ្នែកសម្បក, ដើមនិងឬសវា (រូបលេខ២, © google) គេប្រើជា ថ្នាំកែរោគច្រើនមុខដូចជាជួយសម្រួលដល់ការរំលាយអាហារ, ឈឺចង្កេះ, ចុករោយ ស្រពន់ដៃជើង, រាកមួល, ចុះក្អួត, គ្រុនចាញ់, ឧស្សាហ៍ផ្តាសាយ, រោគស្ត្រីធ្លាក់ស, ឈឺចាប់ពេលមានរដូវ, ពុលអាហារ, បន្សាបស្រា,លាក់ព្រូនជាដើម។ អ្នកខ្លះអះអាងថា ដើមអន្ទង់សមានប្រសិទ្ធភាពជាថ្នាំប៉ូវបង្កើនកម្លាំងផ្លូវភេទបុរស រហូតដល់អ្នកខ្លះឲ្យឈ្មោះថា « ថ្នាំកម្រើករាត្រី » ។ នៅភ្នំពេញ យូរៗម្តងឱកាសកម្មវិធីបង្ហាញភោគផល ប្រចាំតំបន់ (គេតែងហៅថា «ពិព័រណ៍ភូមិ១ផលិតផល១») មានអ្នកស្រុកបន្ទាយស្រីខ្លះយករុក្ខជាតិនេះមកដាក់លក់ឲ្យអ្នកភ្នំពេញផង ដូចមានបង្ហាញនៅរូបលេខ ៣-៥។
ត្រង់នេះគួរយើងរំឭកមួយម៉ាត់ពីរអំពីសុខាភិបាលនៅសម័យបុរាណ ពិសេសក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧។ តាមរយៈសិលាចារឹកប្រាសាទតាព្រហ្ម គេដឹងថាក្នុងរាជ្យរបស់ព្រះអង្គមានមន្ទីរពេទ្យ (ហៅជាពាក្យសំស្ក្រឹតថា អារោគ្យឝាល) ចំនួន១០២ ដែលគេសង់ឡើងនៅទូទាំងព្រះនគរ ហើយមន្ទីរពេទ្យទាំងនោះមានដំណើរការប្រហាក់ប្រហែល។ នៅតាមមន្ទីរពេទ្យនីមួយៗតែងមានសិលាចារឹក១ជាកំណត់ព័ត៌មាន ហើយដែលអ្នកស្រាវជ្រាវទូទៅច្រើនហៅថា «សិលាចារឹកមន្ទីរពេទ្យ»។ ក្នុងចំណោមសិលាចារឹកទាំងនោះ មានមួយរកឃើញនៅសាយហ្វុងក្បែររដ្ឋធានីវៀងចន្ទន៍ប្រទេសលាវបច្ចុប្បន្ន ហើយដែលសិក្សាដំបូងដោយលោក Louis Finot[1] (រូបលេខ៦)។ សិលាចារឹកនោះសរសេរជាកាព្យសំស្ក្រឹតមាន៤៨ ស្លោក។ ក្នុងនោះក៏មានរៀបរាប់អំពីចំនួនមនុស្ស និងមុខងារអ្នកបម្រើការក្នុងមន្ទីរពេទ្យចំនួន១០១នាក់ ហើយមានប្រាប់ឈ្មោះថ្នាំកែរោគដែលគេប្រើនៅសម័យនោះ យ៉ាងហោច ៣៦មុខ ដែលថ្នាំខ្លះយើងនៅស្គាល់ នៅប្រើរហូតដល់សព្វថ្ងៃ។ ក្នុងមុខថ្នាំទាំងនោះ នៅស្លោកទី៣៣ មានមួយឈ្មោះ ទង្ទង្ស (~ ទង្ទង៑ស, រូបលេខ ៧)។ លោក Finot ប្រែពាក្យនេះជាបារាំងថា animaux aquatiques មានន័យថា «សត្វទឹក» ទំនងលោកយល់សម្តៅទៅសត្វអន្ទង់។ ប៉ុន្តែបើយើងពិនិត្យមើលបញ្ជីឈ្មោះថ្នាំទាំងអស់នោះ គឺសុទ្ធសឹងជាប្រភេទរុក្ខជាតិ មិនសមបើមានសត្វរបៀបនេះមកឡូកឡំឡើយ។ ម្យ៉ាងបើតាមគ្រូខ្មែរនៅក្នុងតំបន់អង្គរដែលនៅបន្តមើលជំងឺតាមក្បួនបុរាណ ហើយដែលខ្ញុំធ្លាប់ប្រាស្រ័យទាក់ទងនិងសួរនាំ ឃើញថាសត្វអន្ទង់កម្រនឹងមានគេយកមកធ្វើថ្នាំណាស់ គឺថាស្ទើរតែគ្មានត្រូវនឹងមុខថ្នាំណាមួយ សោះខុសពីសត្វដទៃទៀត ពិសេសសត្វដែលមានពិសរាប់តាំងពីខ្ទួយ, ក្អែប, ខ្យាដំរីជាដើមឡើងទៅ ។
នៅក្នុងសាស្ត្រាថ្នាំមួយ សព្វថ្ងៃរក្សាទុកនៅសាលាបារាំងចុងបូព៌ាក្រុងភ្នំពេញ (ក្នុងវត្តឧណ្ណាលោម) ដែលមានលេខ កូដសម្គាល់ FEMC 32 នៅសន្លឹកទី ១ (រូបលេខ៨) មាននិយាយពីមុខថ្នាំព្យាបាលជំងឺទល់រាក, ទល់នោម, ហើមខ្លួន, ចុះរាកច្រើន ជាដើម ហើយក្នុងនោះមាននិយាយរៀបរាប់ពីឈ្មោះរុក្ខជាតិផ្សេងៗ រួមទាំងអន្ទង់សនេះផង (រូបលេខ៩) ដែលសុទ្ធសឹងជាប្រភេទរុក្ខជាតិ។ សាស្ត្រាថ្នាំនេះទំនងជាចម្លងឡើងវិញនៅរវាងចុងស.វ.ទី១៩ ឬដើមស.វ.ទី២០ ពីសាស្ត្រាចាស់ណាមួយនាសម័យកណ្តាល។
សារុបទៅ ទង្ទង្ស ~ ទង្ទង៑ស ដែលប្រទះនៅក្នុងសិលាចារឹកបុរាណរាជ្យព្រះបាទជ័យវរ្ម័នទី៧នោះ ទំនងសម្តៅទៅដើមអន្ទង់សជារុក្ខជាតិ ពោលគឺពុំសម្តៅទៅសត្វអន្ទង់ឡើយ ដ្បិតមកដល់សព្វថ្ងៃនេះក៏ដោយ ក៏គេនៅតែស្គាល់ទូទៅនិងប្រើប្រាស់រុក្ខជាតិនេះជាឱសថនៅឡើយ។
.......................
[1] Finot, Louis, « Notes d’épigraphie. II - L’inscription sanskrite de Say-Fong », BEFEO III (1), 1903 : 18-33.