ដោយ អានរស្មី
មក្លឿ (~ម៉ាក់ក្លឿ~បាក់ក្លឿ) ជាឈ្មោះហៅទូទៅតាមសៀម ហើយសំដៅដើមដែលហៅតាមខ្មែរពិតប្រាកដថា «ខ្ញួញ»។ ឈ្មោះជាវិទ្យាសាស្ត្រគឺ Diospyros mollis។ ឈើនេះមានដើមធំខ្ពស់ បែកមែកសាខាច្រើន ហើយគេតែងដាំតាមភ្លឺស្រែឬក្នុងដីភូមិ។ ឈើមក្លឿគេមិនរាប់ជាឈើល្អប្រណិតប្រើការក្នុងសំណង់អ្វីឡើយ ឯប្រយោជន៍ដែលទាញបានគឺបានពីផ្លែទៅវិញ។ មក្លឿចាប់ផ្តើមក្តឹបនៅរវាងខែពិសាខ ពោលគឺដើមខែភ្លៀង ហើយផ្លែចាស់ពេញបន្ទុកនៅខែកត្តិក។ ផ្លែនេះមានទំហំប៉ុនមេដៃ សម្បកក្រាស់ ពេលទុំប្រែពណ៌ជាខ្មៅ (រូបលេខ១-២)។ កាលពុំទាន់មានថ្នាំពេទ្យទំនើបច្រើនដូចសព្វថ្ងៃ នៅជនបទ គេតែងមានទម្លាប់បេះផ្លែមក្លឿខ្ចីបុកច្រោះនឹងទឹកដូងផឹកដើម្បីទម្លាក់ព្រូន។ ក្រៅពីនេះ ផ្លែមក្លឿក៏ជាវត្ថុធាតុសំខាន់ប្រើសម្រាប់ជ្រលក់ក្រណាត់អាវឬសំពត់សឲ្យទៅជាខ្មៅ។ កាលជំនាន់មុន ស្រីៗ ពិសេសអ្នកស្រែ តែងជ្រលក់អាវបំពង់ (រូបលេខ៣, ប្រភពរូប : Ruth Tooze) ឬសំពត់ក្បិនឲ្យបានពណ៌ខ្មៅរលោង សម្រាប់ពាក់ពេលធ្វើការងារប្រចាំថ្ងៃនៅផ្ទះ ឬទៅច្រូតកាត់នៅស្រែចំការ ដ្បិតពណ៌ខ្មៅជួយបិទបាំងក្អែលនិងស្នាមប្រឡាក់ផ្សេងៗ (រូបលេខ៤, មិនស្គាល់ប្រភព)។ បើក្នុងសម័យខ្មែរក្រហមផង គេកាន់តែត្រូវការមក្លឿជ្រលក់ខោអាវមិនដែលខាន ដ្បិតគេតម្រូវឲ្យមនុស្សគ្រប់គ្នាស្លៀកពាក់ខ្មៅ។
នាបច្ចុប្បន្ន យើងមិនងាយឃើញគេជ្រលក់ខោអាវនឹងមក្លឿដូចមុនទៀតទេ ដោយសារតែសព្វថ្ងៃនេះខោអាវជជុះមានច្រើនហូរហៀរ និងតម្លៃថោកផង។ ឯការដាំមក្លឿតាមភូមិផ្ទះ ឬ តាមភ្លឺស្រែក៏មិនសូវមានទៀតដែរ។ យូរៗម្តង ដោយកម្របំផុត យើងឃើញអ្នកស្រុកជនបទខ្លះ ពិសេសចាស់ៗដែលនៅមានទម្លាប់ស្តាយស្រណោះ នៅប្រើផ្លែមក្លឿជ្រលក់ខោអាវចាស់ៗដែលហើរពណ៌ ដូចឃើញរូបលេខ៥និងលេខ៦។
កាលពីមុន ក្រៅតែពីជ្រលក់ខោអាវសដែលមានស្រាប់ ជួនកាលគេជ្រលក់អំបោះឆៅសម្រាប់យកទៅត្បាញក្រមាជាដើមដែរ។ នៅក្នុងភូមិមួយតាមបណ្តោយដងស្ទឹងសែនក្នុងខេត្តកំពង់ធំ មានគ្រួសារមួយធ្លាប់ត្បាញក្រមាអំបោះដោយជ្រលក់នឹងពណ៌ធម្មជាតិ ពោលគឺបើជាពណ៌ខ្មៅគេជ្រលក់នឹងផ្លែមក្លឿនេះឯង។ ប៉ុន្តែការងារត្បាញនេះគេខានធ្វើយូរមកហើយ ទាល់តែថ្មីៗនេះមានការស្នើសុំឲ្យត្បាញឡើងវិញ ទើបខ្ញុំមានឱកាសបានឃើញ។
កិច្ចការជ្រលក់ពណ៌នោះ មុនដំបូងបង្អស់គេត្រូវយកផ្លែមក្លឿចាស់ៗមកបុកក្នុងត្បាល់ឲ្យចេញជ័រ ដូចឃើញក្នុងរូបលេខ៧។ បន្ទាប់មកទើបគេយកជ័រនោះទៅកូរលាយទឹកក្នុងបរិមាណល្មម រួចមកទើបយកសំណុំអំបោះកប្បាស ទៅជ្រលក់ញីឲ្យសព្វ (រូបលេខ៨)។ លុះឃើញថាច្របាច់ញីចូលសព្វសាច់ល្អហើយ ទើបគេយកសំណុំអំបោះនោះទៅគក់ច្របាច់ក្នុងភក់ម្តងទៀត (រូបលេខ៩-១០)។ ធ្វើបែបនេះដើម្បីឲ្យពណ៌ខ្មៅដែលបានពីជ័រមក្លឿនៅកាន់ជាប់សាច់អំបោះ។ ចុងក្រោយគឺគេយកអំបោះនោះទៅបោកលាងទឹកសម្អាតឲ្យជ្រះភក់ ទើបយកទៅហាលថ្ងៃឲ្យស្ងួត (រូបលេខ១១-១២)។ នៅរូបលេខ១៣ យើងឃើញស្ត្រីចំណាស់ម្នាក់កំពុងត្បាញក្រមាអំបោះដែលបានពីការជ្រលក់ជ័រមក្លឿ។ ក្រមាដែលគាត់ត្បាញបាន (រូបលេខ១៤-១៥) មានពណ៌ប្រផេះ ដ្បិតគាត់ត្បាញចាក់ជាមួយអំបោះស។ បើជាក្រណាត់ធម្មតាវិញ បន្ទាប់ពីជ្រលក់ហើយតែងមានពណ៌ខ្មៅស្រិល។
ចំពោះពណ៌ខ្មៅបានពីធម្មជាតិបែបនេះ កាលណាប្រើយូរ ត្រូវថ្ងៃជាដើម តែងតែហើរ ស្លកពណ៌ខ្លះមិនខាន។ ដូច្នេះដើម្បីឲ្យខ្មៅស្អាតដូចដើម យូរៗម្តងគេតែងយកទៅជ្រលក់ដូចដដែលឡើងវិញទៀត។