ដោយ វណ្ណ វិរៈបុត្រ
ក្រពេនជារុក្ខជាតិមួយបែបដែលមានដើមកម្ពស់ជាមធ្យមប្រមាណ១,៥០ម.។ ស្លឹកវាតូចៗឆ្មារ លាយឡំទៅដោយផ្កាខ្លះៗដែលមានក្លិនក្រអូបផង។ រូបលេខ១បង្ហាញពីដើមនេះដែលគេទើបនឹងកាត់ឲ្យនៅទាប កុំឲ្យលូតខ្ពស់ទៅលើ ឯរូបលេខ២បង្ហាញពីសន្លឹកវាដែលថតជិត។ បើយោងតាមវចនានុក្រមនៃពុទ្ធសាសនបណ្ឌិត្យ ក្រពេនជា «ឈ្មោះឈើមួយប្រភេទ មានផ្កាក្រអូប ស្លឹកប្រើបន្ទុំក្រចក, បន្ទុំភ្លុកឲ្យក្រហម»។ ពូជនៅស្រុកខ្មែរ ប្រហែលជាគេមិនដែលប្រើក្នុងម្ហូបអាហារទេ ដ្បិតវចនានុក្រមដដែលនិយាយថា បើពូជមកពីស្រុកចិនទើបគេយកមកធ្វើជាបន្លែ។ អ្នកស្រុកខេត្តកំពង់ចាម និងខេត្តកណ្តាលជាដើមនៅចាំថា ពីមុនមក គេយកស្លឹកវាមកបុកលាបបន្ទុំក្រចកដូច្នោះមែន តែសព្វថ្ងៃការធ្វើរបៀបនេះបាត់បង់អស់ទៅហើយ ដោយសារមានថ្នាំលាបក្រចកដែលគេ លក់ស្រាប់ៗ គ្រាន់តែលាបទៅ ចាំមួយសន្ទុះ ក៏ស្ងួតស្រេច។ រីឯរបៀបបុរាណដែលបាត់បង់ទៅហើយនេះ គឺគេយកស្លឹកក្រពេនមកបុកនឹងត្បាល់ទាល់តែហ្មត់ (រូបលេខ៣-៤) ហើយពេលនោះមានទឹកវាស្អិតៗដែលចេញមកជាប់ជាមួយកាកហ្មត់។ កាកដែលមានទឹកសើមៗនេះ គេយកទៅបិតលើផ្ទៃក្រចកដៃតែម្តង បន្ទាប់មកគេយកបាយ ឬបាយកកមកបិតពីលើមួយជាន់ទៀត ទើបរុំក្រណាត់ជាបញ្ចប់ដើម្បីទុកឲ្យបានយូរនៅលើក្រចកនោះ។ លុះដល់ពេលហើយ គេក៏បកទាំងអស់នោះចេញពីម្រាមដៃ ហើយទើបឃើញថាក្រចកនោះដិតពណ៌លឿងម្យ៉ាងដែលស្រាលភ្នែក ពុំមែនក្រហមងាំងដូចថ្នាំក្រចកទិញគេស្រាប់នោះឡើយ។ រូបលេខ៥ គ្រាន់តែដាក់មកបង្ហាញថាគេយកមកដាក់លើក្រចកតែប៉ុណ្ណោះ ឯការបន្ទុំរហូតដល់ចប់នោះពុំមានរូបឡើយ។
ការបន្ទុំក្រចកនេះ ជួនកាលគេធ្វើយកស្អាតសម្រាប់មង្គលការជាដើមដែរ តែជាទូទៅគឺគេបន្ទុំឲ្យចេញពណ៌ជាល្បែងកំសាន្តលេងតែប៉ុណ្ណោះក៏មាន។ ឯប្រការដែលសំខាន់គឺថា ពុំមែនទាល់តែមានរបស់តែងខ្លួនមកពីក្រៅលក់ស្រាប់ៗហើយ ទើបមនុស្សចេះតែងខ្លួនទេ។ ឧទាហរណ៏នៅទីនេះគឺថា មនុស្សជំនាន់មុនក៏នឹកឃើញថាការលាបក្រចកជាការតុបតែងខ្លួនម្យ៉ាងដែរ មិនខុសអ្វីពីគ្រឿងសម្អាងឯទៀតដូចជាម្សៅលាបមុខ ឬទឹកអប់ជាដើម ដែលពីមុនមកជាគ្រឿងដែលអ្នកស្រុកផលិតដោយធម្មជាតិ។
ម្យ៉ាងទៀត គេនិយាយថាស្លឹកក្រពេនអាចយកមកប្រើជាថ្នាំសម្រាប់រោគខ្លះៗបាន ឧទាហរណ៏ដូចជារាំងរដូវជាដើម។