ដោយ ថន ស៊ុយទ្រី និង វ៉ាត រត្ន
ក្នុងបណ្តាញពត៌មានវប្បធម៌នេះ នៅជំពូក៥ លេខរៀងទី៤៩ អ្នកនិពន្ធមួយក្រុមធ្លាប់និយាយពីដើមជ្រែ និងគុណប្រយោជន៍ច្រើនបែបយ៉ាងនៃរុក្ខជាតិដែលមានឈ្មោះជាឡាតាំងថា Metroxylon sagu នេះម្តងហើយ។ នៅទីនេះ ខ្ញុំលើកយកការធ្វើអង្រឹងមកបង្ហាញ។ គេយកស្លឹកជ្រែខាងចុងកំពូលនៃដើម ហៅថា «កំពូល» ដូច្នេះតែម្តង ឬ «កំពូលស្លឹក» ដោយប្រើកណ្ដៀវដងវែងកាវទម្លាក់ចុះមក (រូបលេខ១)។ កំពូលស្លឹកនោះ គេតែងកាវពីដើមណាដែលនៅក្នុងម្លប់ គឺដុះជ្រុំនៅជិតៗគ្នាជាជួរ។ រីឯដើមណាដែលដុះនៅកណ្ដាលវាលដាច់តែឯង កំពូលស្លឹកវាច្រើនតែឡើងរឹងរួញអង្កាញ់ ដែលអ្នកស្រុកហៅថា «ចិញ្ចើមស្វា» ហើយបើយកទៅឆូត គឺដាច់ប្រើការមិនកើត មិនខុសអ្វីពីកំពូលស្លឹកដែលត្រូវដួងស៊ីដូច្នោះ។ លុះកាប់យកកំពូលស្លឹកបានហើយ គេប្រមូលយកទៅហែក ដោយដាក់បញ្ឈរចាប់ទាញច្រៀកម្ដងមួយស្លឹកៗ ទើបកាប់តម្រឹមក្បាលកំពូល ។ គេប្រើកូនកាំបិតចុងស្រួចឆូតស្លឹកនោះជាសរសៃតូចៗ។ បើចង់ឲ្យលឿនងាយជាងនោះទៅទៀត គេប្រើដែកចៀរធ្មេញញឹក ឯទ្រនង់សល់ពីការចៀរ គេប្រមូលទុកហាលសម្រាប់ធ្វើអំបោស ។ សរសៃនោះហៅថា ចំនៀរស្លឹកឬ ចំនៀរកំពូល ដែលគេយកទៅពង្រាយហាលឲ្យស្ងួតស្វិតល្អ (រូបលេខ ២-៣)។
ភូមិខ្លះនៅឃុំកំពង់កុង (ខេត្តកណ្តាល) ចំនៀរស្លឹកជ្រែនេះ គេយកមកចងវេចនំអន្សម, នំចាំង, ចងបាយស្រីជាដើម បើពីមុនប្រើសម្រាប់ចងបាច់សំណាប វេញជាខ្សែផ្សេងៗ។ នៅទីនេះខ្ញុំសូមរៀបរាប់តែពីការវេញអង្រឹង ។
មុនដំបូងគេចាប់យកចំនៀរកំពូល ៥ទៅ១០សរសៃ មករុំថ្ពក់មេជើងវេញជាខ្សែវែងល្មមម្ដងមួយៗសិន (រូបលេខ៤-៦)។ ក្នុងការវេញនោះទៀតសោត គេអាចវេញបានពីរបែប។ មួយបែបវេញដូចខ្សែគោ ហៅថា «ខ្សែវេញ» (រូបលេខ៧) ឯមួយបែបទៀតវេញជាបីហើយក្រងចូលគ្នា ដែលនៅតំបន់នោះនិយមហៅថា «ខ្សែសក់ចិន» (រូបលេខ៨)។ គេវេញម្ដងមួយខ្សែៗ ប្រវែង១ម៉ែត្រទៅ២ម៉ែត្រឲ្យបានច្រើនសិន ទើបគេប្រមូលចាប់ជាសំណុំចំនួនប្រមាណ១០ខ្សែ ហើយយកខ្សែវេញតូចល្មមមកចងសំណុំនោះ ទើបចាប់បត់ជាពីរ ចងភ្ជាប់គ្នាឲ្យចេញរាងទ្រង់ទ្រាយជាក្បាលអង្រឹង (រូបលេខ៩-១០)។ ពេលវេញអស់សរសៃខ្សែណាមួយ គេតែងយកចំនៀរស្លឹកមួយឬពីរសរសៃបញ្ចូលវេញបន្តរហូត ។ កន្ទុយខ្សែដែលនៅសល់ទាំងនោះ គេចាប់វេញតទៅទៀតតាមប្រវែងប្រមាណ២ហត្ថ ទើបគេវេញបំបែកចំពាមជា២ ប្រវែងល្មម (រូបលេខ១១) ហើយគេវេញភ្ជាប់ជា «ជើងក្អែក» (រូបលេខ១២) នឹងខ្សែបែកចំពាមផ្សេងទៀត ឲ្យចេញជាក្រឡាទំហំតូចឬធំ តាមដែលគេចង់បាន ។ វេញជាក្រឡាបែបនោះរហូតបានប្រហែលប្រវែងខ្លួនមនុស្ស គេឈប់វេញបែកជាជើងក្អែកទៀតហើយ គឺវេញបញ្ចូលជាធ្លុងមួយៗវិញ រហូតបាន២ទៅ៣ហត្ថ ។ ជាចុងក្រោយគេចាប់ខ្សែវេញទាំងអស់មកចងជាសំណុំតែមួយ ហើយបត់ជាពីរចងឲ្យចេញក្បាលអង្រឹងម្ខាងទៀត។ រីឯកន្ទុយខ្សែដែលនៅសល់ គេវេញក្រងជាម៉ូតសក់ចិន (រូបលេខ១៣-១៥)។
បច្ចុប្បន្ននេះមានតែស្រ្ដីម្នាក់ប៉ុណ្ណោះ ដែលនៅវេញអង្រឹងស្លឹកជ្រែនេះលក់ ហើយខ្នាតទំហំធំមួយត្រូវចំណាយពេលវេញ ៦ទៅ៧ថ្ងៃ និងលក់បានកម្រៃ២ម៉ឺនរៀលប៉ុណ្ណោះ ។