ដោយ ជី រដ្ឋា និង ថន ស៊ុយទ្រី
នៅក្នុងអត្ថបទលេខរៀងទី៤០ ជំពូកទី៥ មានការរៀបរាប់ពីរុក្ខជាតិច្រើនបែបយ៉ាង ដែលគេអាចយកទៅធ្វើជាកន្ទេលបាន ដូចជាដើមចចូត, ដើមកក់ជ្រុង, កក់មូល, ដើមរុន, ឫស្សី, ផ្តៅ, ស្លឹកត្នោត, ស្លឹករំចេក, ស្លឹកទ្រាំង និងស្លឹកជ្រែជាដើម។ គេនិយមហៅឈ្មោះកន្ទេលនីមួយៗទៅតាមឈ្មោះរុក្ខជាតិទាំងនោះតែម្តង គឺហៅថា៖ កន្ទេលចចូត, កន្ទេលកក់, កន្ទេលរុន, កន្ទេលឫស្សី, កន្ទេលផ្តៅ, កន្ទេលស្លឹកត្នោត, កន្ទេលរំចេក, កន្ទេលស្លឹកទ្រាំង និងកន្ទេលស្លឹកជ្រែជាដើម។ ដោយឡែក នៅក្នុងអត្ថបទនេះ យើងខ្ញុំនឹងលើកយក «កន្ទេលផ្អាវ» របស់អ្នកភូមិតាប្រុក និងភូមិសំរោង, ឃុំលាងដៃ, ស្រុកអង្គរធំ, ខេត្តសៀមរាប មករៀបរាប់ជាបន្ថែមទៀត។
កាលពីមុនមក អ្នកភូមិនេះនិយមត្បាញទុកសម្រាប់ប្រើប្រាស់នៅតាមផ្ទះ និងមានលក់ដូរតិចតួចជាមួយអ្នកស្រុកគ្នាឯងតែប៉ុណ្ណោះ។ ដូច្នោះហើយការត្បាញជំនាន់នោះឥតមានជ្រលក់ពណ៌អ្វីឡើយ គឺពណ៌កន្ទេលទាំងនោះជាពណ៌ធម្មជាតិនៃផ្អាវដែលបានហាលស្ងួត (រូបលេខ១)។ ប្រមាណជាង១០កន្លងមកនេះ អ្នកស្រុកក៏ចាប់ផ្តើមរៀនពីរបៀបជ្រលក់ពណ៌ល័ក្ត និងរចនាជាក្បាច់ក្បូរផ្សេងៗ ដូចជាក្រឡាគោម, ក្រឡាភ្នែកម្នាស់, ក្រឡាចត្រង្គ, និងក្រឡាលើកខ្សែជាដើម (រូបលេខ២-៣)។
(រូបលេខ១និង២បានមកពីលោក នៅ សុភ័ក្រ្ត)
ដើម្បីបានជាកន្ទេលផ្អាវយកមកប្រើប្រាស់ ឬលក់ដូរ គេត្រូវចំណាយកម្លាំង និងពេលវេលាច្រើន ពិសេសត្រូវអត់ធ្មត់និងព្យាយាមខ្លាំង។ ម្យ៉ាងវិញទៀត ការត្បាញកន្ទេលនេះ ធ្វើបានតែខែវស្សា ដ្បិតនៅខែប្រាំង ស្លឹកផ្អាវស្រួយ ងាយបាក់និងរមួលចូលគ្នា ពិបាកក្នុងការត្បាញ។ ក៏ប៉ុន្តែនៅរដូវប្រាំងនោះ អ្នកត្បាញអាចចេញទៅរកកាប់ផ្អាវយកមកសន្សំទុកត្បាញនៅរដូវវស្សាវិញបាន។ ដើមផ្អាវដែលគេកាប់សម្រាប់ត្បាញ ត្រូវរើសដើមណាដែលមានពណ៌ខៀវខ្ចី និងទន់ល្អ ពោលគឺគេមិនយកដើមណាដែលចាស់ទេ ដោយសារដើមចាស់នោះមានពណ៌ក្រហម និងរឹង នាំឲ្យពិបាកក្នុងការត្បាញឬត្បាញពុំកើត។
ពីមុនមក តំបន់នោះសម្បូណ៌ផ្អាវណាស់។ គេអាចរកកាប់បានយ៉ាងងាយនៅក្នុងភូមិ ឬក្បែរៗភូមិ។ បើពុំនោះទេ ទៅតែក្នុងព្រៃអង្គរធំក៏មិនចេះខ្វះដែរ។ ប៉ុន្តែសព្វថ្ងៃនេះ គេត្រូវទៅរកនៅតំបន់ឆ្ងាយៗពីភូមិ ដូចជានៅតំបន់ក្បែរភ្នំគូលែន, នៅខាងបន្ទាយស្រី, ខាងស្រុកស្រីស្នំ ឬត្រូវទៅរកនៅខាងស្រុកវ៉ារិន ដែលតម្រូវឲ្យចេញដំណើរទៅរកតាំងពីម៉ោង១យប់។ តែបច្ចុប្បន្ននេះ តំបន់ទាំងនេះក៏ខ្សត់ដើមផ្អាវទៅទៀត ដែលធ្វើឲ្យរបរជាប្រពៃណីមួយនេះ តទៅថ្ងៃអនាគតអាចប្រឈមនឹងការខ្វះវត្ថុធាតុដើមសម្រាប់ផលិត។
ដើមផ្អាវដែលកាប់បានហើយនោះ ត្រូវយកមកពុះជាបីចម្រៀក គឺពុះខាងពោះ១ចម្រៀក និងពុះខាងចំហៀង២ចម្រៀក។ បន្ទាប់មក ទើបគេយកចម្រៀកផ្អាវនោះមកបិត យកតែសំបកក្រៅទេ (រូបលេខ៤)។ ចំពោះចម្រៀកផ្នែកខាងពោះដែលមានសំបកក្រៅរឹងជាងចម្រៀកចំហៀង គេត្រូវកាត់ និងបកសំបករឹងនោះចេញ (រូបលេខ៥)។
បន្ទាប់ពីបិតរួច គេយកទៅហាលថ្ងៃរយៈពេលមួយថ្ងៃ ដើម្បីឲ្យចម្រៀកផ្អាវនោះស្ងួត និងឡើងពណ៌សល្អ ទើបប្រមូលចងជាបាច់ ទុកក្នុងម្លប់។ គេត្រូវឧស្សាហ៍បាញ់ទឹកដើម្បីកុំឲ្យផ្អាវនោះក្រៀមនិងរមួលចូលគ្នា។
បន្ទាប់មកទៀត ទើបគេហូតយកចម្រៀកផ្អាវណាដែលមានប្រវែងវែង ដាក់ដោយវែង ខ្លីដាក់ដោយខ្លី រួចគេយកទៅជ្រលក់ល័ក្ត និងហាលថ្ងៃឲ្យស្ងួត ទើបអាចយកមកត្បាញជាកន្ទេលផ្អាវបាន (រូបលេខ៦-៧)។
គួរកត់សម្គាល់ថា ប្រពៃណីត្បាញកន្ទេលផ្អាវនៅតំបន់ឃុំលាងដៃ មានតាំងពីយូរអង្វែងណាស់មកហើយ។ ការត្បាញកន្ទេលនេះទៀតសោត គឺមនុស្សស្រីជាអ្នកធ្វើគ្រប់ដំណាក់កាលទាំងអស់ លើកលែងតែការចេញទៅរកកាប់ផ្អាវដែលគ្រួសារខ្លះមានមនុស្សប្រុសជួយទៅរកកាប់ខ្លះៗដែរ។ រីឯការងារក្រៅពីនេះ គឺជានាទីរបស់មនុស្សស្រីជាអ្នកសម្រេចតាំងពីរកបានដើមផ្អាវរហូតក្លាយជាកន្ទេលផ្អាវ។