ដោយ ថន ស៊ុយទ្រី
អំពីដើមជ្រែ, បរិស្ថាននិងរបរដែលពាក់ព័ន្ធ, វត្ថុនានាដែលកើតឡើងពីរុក្ខជាតិនេះ យើងមានឃើញមានការរៀបរាប់វែងឆ្ងាយនៅជំពូក៥នេះ ត្រង់លេខរៀងទី៤៩ រួចមកហើយ។ នៅលេខរៀងទី៥៣ ក៏មានការបរិយាយក្បោះក្បាយអំពីការធ្វើអង្រឹងស្លឹកជ្រែដែរ។ ទាំងនេះសុទ្ធសឹងទាក់ទងនឹងតំបន់មួយនៅស្រុកកោះធំ ខេត្តកណ្តាល។ បើនៅជំពូក១, លេខរៀង
ទី១៥វិញ យើងឃើញថានៅស្រុកពញាឮ គេធ្វើរបាំងស្លឹកជ្រែយ៉ាងស្រស់សង្ហារសម្រាប់បាំងទីក្រោមផ្ទះកុំឲ្យត្រូវពន្លឺចែងចាំងព្រមទាំងកំដៅថ្ងៃ។
អត្ថបទខ្លីដែលខ្ញុំសរសេរនេះ គ្រាន់តែជាការបន្ថែមបន្តិចបន្តួចលើអ្វីដែលមានហើយតែប៉ុណ្ណោះ គឺខ្ញុំសូមបង្ហាញពីខ្សែសម្រាប់ចងបាច់អំពៅដែលកើតឡើងពីជ្រែដែរ ដែលអ្នកស្រុកម្តុំភូមិកំពង់កុង (ស្រុកកោះធំ) តែងធ្វើ។
ដើម្បីបានខ្សែចងនេះ គេប្រើតែធាងជ្រែប៉ុណ្ណោះ។ គេកាប់យកធាងណាកំបុតៗ សល់ពីគេកាវស្លឹក ឬស្លឹកវាខូច ពីដើមទាបៗល្មម ដែលមានធាងនៅស្រស់ខ្ចីទំហំប៉ុនកដៃ មិនស្វិតងាយស្រួលពុះឆូត។ ចំពោះខ្នាតវិញ គេកាប់យកធាងដែលមានប្រវែង១ម៉ែត្រ២តឹក។ បន្ទាប់មកគេកាត់តម្រឹមចុងសងខាងឲ្យស្មើតាមខ្នាត រួចពុះសកជាបន្ទះៗកម្រាស់ស្ដើងល្មម។ គេហៅថា «ធាងអំពៅ» (រូបលេខ១-២)។ ធាងអំពៅនោះ គេយកកាំបិតចុងស្រួចឆូតបន្តទៀតឲ្យក្លាយទៅជា «ខ្សែអំពៅ» (រូបលេខ៣)។ ឆូតបានខ្សែអំពៅច្រើនរាប់រយរាប់ពាន់ខ្សែហើយ គេយកទៅពង្រាយហាលលើឬស្សីឲ្យស្ងួត។ នៅពេលស្ងួតកាលណាគេប្រមូលមកចងជាបាច់តូចៗដើម្បីងាយដឹកយកទៅលក់ (រូបលេខ៤)។ ហៅថាខ្សែអំពៅដូច្នេះមែន តែគេអាចយកទៅចងបាច់ស្រូវ (រូបលេខ៥), កណ្ដាប់ល្ង (រូបលេខ៦), ចងទ្រើងននោង, ទ្រើងត្រសក់, ចងកណ្តបស្លឹកប្រក់ជាដើម។ សូមបញ្ជាក់ថាការប្រើប្រាស់ខ្សែអំពៅនេះគឺសម្រាប់តែមួយពេលឬមួយរដូវប៉ុណ្ណោះ។ បើទុកយូរខែក៏ចៀសពុកផុយមិនរួចដែរ។
ពីមុនមក ការនិយមប្រើប្រាស់ខ្លាំងជាងគេគឺចងបាច់អំពៅ ទើបបានជាគេហៅថា «ខ្សែអំពៅ» ដូច្នេះ។ អ្នកស្រុកស្អាង និងអ្នកនៅមួយភាគនៃស្រុកកោះធំ ម្ដុំសំប៉ាន ដំាអំពៅជាចំករធំៗតាមព្រែកនីមួយៗ (រូបលេខ៧)។ ពេលគេកាប់អំពៅ គេត្រូវការខ្សែសម្រាប់ចងបាច់ លើកជញ្ជូនដាក់រថយន្ដដឹកមកលក់ដល់ភ្នំពេញ ឬដាក់លក់នៅមុខផ្ទះ។ កាលពីប៉ុន្មានឆ្នាំមុនមានឈ្មួញក្នុងភូមិដើរប្រមូលទិញខ្សែអំពៅរាប់ម៉ឺនខ្សែ ដឹកយកទៅលក់ដល់ផ្សារសំប៉ាន និងដល់ស្រុកស្អាង។ ប៉ុន្តែបច្ចុប្បន្ននេះ ការប្រើខ្សែធ្វើពីធាងជ្រែសម្រាប់ចងបាច់អំពៅរួញមកនៅកម្រិតតូចបំផុត ដោយសារគេងាកមកប្រើខ្សែជ័រផ្លាស្ទិកវិញ (រូបលេខ៨)។