rឈ្មោះតួអង្គរឿងរាមកេរ្តិ៍នៅក្នុងរុក្ខជាតិ

 ដោយ ព្រាប ចាន់ម៉ារ៉ា

 ក្នុងសង្គមខ្មែរ រឿងរាមកេរ្តិ៍មិនមែនត្រឹមតែជារឿងបុរាណដែលមានតម្លៃក្នុងវិស័យអក្សរសាស្ត្រប៉ុណ្ណោះទេ តែថែមទាំងជារឿងដែលមានភាពសក្ការៈ ហើយមានតម្លៃជ្រាលជ្រៅនៅក្នុងប្រពៃណីទៀតផង។ នៅជំពូកទី៣ អត្ថបទលេខ២៥ ខ្ញុំធ្លាប់បាននិយាយរួចហើយថា ខ្មែរជ្រួតជ្រាបរឿងរាមកេរ្តិ៍ខ្លាំងណាស់តាំងពីសម័យបុរាណរៀងមក។ មានតឹកតាងច្រើនរាប់មិនអស់អំពីវត្តមានរឿងនេះនៅលើទឹកដីខ្មែរ យើងឃើញមានរូបបដិមាតួអង្គព្រះរាមតាំងពី ស.វ.ទី៦-៧មកម៉្លេះ នៅតំបន់អង្គរបុរី ខេត្តតាកែវ ដែលជាអតីតរាជធានីខ្មែរមួយនៅសម័យនោះ ហើយក៏មានទាំងសិលាចារឹកតាំងពីសម័យមុនអង្គររហូតដល់សម័យអង្គរ មាននិយាយទាក់ទងទៅនឹងរឿងរាមកេរ្តិ៍។ មកដល់សម័យអង្គររឿងនេះខ្មែរយកទៅឆ្លាក់នៅតាមប្រាសាទនានាជាឈុតផ្សេងៗនៅលើផ្តែរ, សសរ, ហោជាង, ជញ្ជាំង និងទីផ្សេងៗស្ទើររាប់មិនអស់។ បើនៅប្រាសាទអង្គរវត្តផង គឺផ្ទាំងជញ្ជាំងរោងទងខាងលិច ចំហៀងខាងជើងទាំងស្រុងដែលបង្ហាញតែពីឈុតមួយប៉ុណ្ណោះ ពោលគឺចម្បាំងនៅក្រុងលង្កា។ លុះមកដល់សម័យកណ្តាលវិញ ឃើញថាខ្មែរមានទាំងសេសសល់សំណេរជាអត្ថបទរឿងនេះទៀតផង។ រហូតមកដល់សព្វថ្ងៃខ្មែរដឹងឮរឿងរាមកេរ្តិ៍ស្ទើរគ្រប់ៗគ្នា ហើយមានទាំងអ្នកចេះចាំសាច់រឿងផ្សេងៗគ្នាផង ដែលបញ្ជាក់ថា រឿងរាមកេរ្តិ៍ខ្មែរមានដំណើរនិទាននោះច្រើនបែបច្រើនយ៉ាងណាស់ ហើយសមស្របទៅតាមសង្គមខ្មែរតាមទេសកាលផង។ រឿងនេះមានប្រវត្តិវែងឆ្ងាយ ហើយចាក់ឫសជ្រៅទៅក្នុងសង្គមរហូតដល់ក្លាយទៅជាប្រពៃណីមុតមាំណាស់ បើរាប់ខាងវិស័យសិល្បៈវិញមានទាំងគំនូរនិងចម្លាក់សព្វបែបយ៉ាង រហូតយកទៅសម្តែងជារបាំ, ខ្ខោនខោល, ស្បែកធំ, ច្រៀងចាប៉ី, និទានផ្ទាល់មាត់ ឬជាបទចម្រៀងផ្សេងៗ។ បើជាទំនៀមរបស់អ្នកស្រុកដែលទាក់ទងនឹងរឿងរាមកេរ្តិ៍នេះ គឺរាប់តាំងពីក្បួនទស្សន៍ទាយ, ក្បួនមើលជម្ងឺ រហូតដល់កិច្ចពិធី និងគ្រឿងរណ្តាប់ផ្សេងៗច្រើនយ៉ាងណាស់។ ពុំតែប៉ុណ្ណោះ សូម្បីតែឈ្មោះមនុស្ស, សត្វ, រុក្ខជាតិជាដើមក៏សឹងមានជាប់ទាក់ទងនឹងរឿងរាមកេរ្តិ៍ដែរ។

ខ្ញុំរៀបរាប់សង្ខេបខ្លីពីតម្លៃទូទៅនៃរឿងរាមកេរ្តិ៍ក្នុងសង្គមខ្មែរតែប៉ុណ្ណេះចុះ តទៅនេះខ្ញុំសូមបង្ហាញអំពីរុក្ខជាតិមួយចំនួននៅស្រុកខ្មែរ ដែលអ្នកស្រុកហៅឈ្មោះតាមតួអង្គខ្លះក្នុងរឿងរាមកេរ្តិ៍។ រុក្ខជាតិទាំងនេះ ខ្លះខ្ញុំមានរូបយកមកបង្ហាញ ខ្លះទៀតពុំមានរូបទេ ឮតែតាមអ្នកស្រុកនិយាយ។

 រូបលេខ១ ៖ លំពែងព្រះរាម  (Sanseviera hyacinthoides) ដុះជាប់នឹងដើមឈើ។

រូបលេខ២ ៖ លំពែងព្រះរាម នៅជាប់ដើមត្នោត ហើយដែលយើងតែងឃើញញឹកញាប់ជាធម្មតា។

រូបលេខ៣ ៖ ផ្កាលំពែងព្រះរាម។

រូបលេខ៤-៥ ៖ សុកព្រះរាម (Platycerium coronarium) ដែលតាមធម្មតាដុះដោយឯកឯងនៅតាមដើមឈើ ហើយដែលគេនិយមយកមកបណ្តុះលម្អលើមែកណាដែលនៅទាបងាយនឹងគយគន់។

ទាំងអម្បាលម៉ានខាងលើនេះ គឺសុទ្ធសឹងជាពពួកបញ្ញើក្អែកដែលគ្រាន់តែផ្ញើខ្លួនលើរុក្ខជាតិដទៃដោយពុំឲ្យទុក្ខទោសដល់រុក្ខជាតិទាំងនោះឡើយ ពុំដូចពពួកដែលខ្ចីទីគេនៅដូចគ្នា តែទីបំផុតទៅកម្ចាត់ដើមដែលឲ្យខ្លួនជ្រកនោះចេញ មានពពួកជ្រៃជាដើម (គិតជាអក្សរសាស្ត្រប្រៀបមកសង្គមវិញ សូមអានអត្ថបទ “កុំត្រាប់ពុតជ្រៃ” នៅជំពូកទី៦ លេខរៀងទី១៩)។

រូបលេខ៦ ៖ ពុកព្រះរាម នៅក្នុងពពួកប៉ប្រក ពោលគឺដើមតូចទាប ដែលច្រើនតែនៅក្រោមម្លប់ឈើធំៗ។

រូបលេខ៧ ៖  សែដា (សីតា)  Pouteria sapota ដែលជាដើមឈើហូបផ្លែនៅតាមស្រុក។

ក្រៅអំពីនេះ ឈ្មោះថា សែដា (សីតា) មាននៅក្នុងសែដាព្រៃ (  Acronychia pedunculata) និង ល្មុតសែដា (Manilkara kauki)។ តួអង្គខ្លះទៀតក្នុងរឿងរាមកេរ្តិ៍ក៏មានឈ្មោះនៅក្នុងរុក្ខជាតិដែរ ដូចជា ស្រម៉ពិភេក  (ស្រម៉នៅក្នុងអម្បូរ Terminalia) និង ម្នាស់ឥន្ទ្រជិត ជាដើម។