ជក់ត្នោត

ដោយអាំង ជូលាន

 ការដែលគេយកត្នោតឥតមានចន្លោះត្រង់ផ្នែកណាមួយមកប្រើប្រាស់ គឺយើងធ្លាប់ដឹងឮជាទូទៅមកហើយ រីឯបណ្តាញពត៌មានវប្បធម៌យើងនេះក៏ធ្លាប់មានបង្ហាញទិដ្ឋភាពបន្តិចបន្តួចខ្លះដែរ។ ទីនេះខ្ញុំនិយាយតែអំពីការប្រើប្រាស់ “ជក់ត្នោត” ប៉ុណ្ណោះ។ ដើម្បីឲ្យបានជក់ គេត្រូវយកគាវត្នោតទៅត្រាំទឹកជាច្រើនម៉ោងសិនដើម្បីឲ្យទន់ងាយធ្វើការ។ លុះយកចេញពីទឹកដែលត្រាំរួចហើយ (រូបលេខ១) ទើបគេចាប់ផ្តើមដំវាយឲ្យបែកសាច់ (រូបលេខ២-៣)។ គេឈប់វាយនៅពេលដែលឃើញថាមានសរសៃចេញឡើង (រូបលេខ៤)។ សរសៃនោះមានពីរបែបក្នុងគាវតែមួយ ហើយដែលគេហៅថា “ជក់ត្នោត”។ ម៉្យាងមានពណ៌ក្រម៉ៅបន្តិច ដែលគេហៅថា “ជក់ខ្មៅ”។ ម៉្យាងទៀតពណ៌មិនក្រម៉ៅទេ គឺបែបស្រគាលឬងាកមរកពណ៌ សច្រើនជាងនោះ ហើយគេហៅថា “ជក់ស”។ ជក់ខ្មៅរឹងស្វិត ហើយកាលណាយកទៅក្រង គឺពុំងាយដាច់ និងពុំចេះយឺតឡើយ។ បើយកទៅប្រើជាអំបោសគឺបានជាប់ល្អយូរ។

បើប្រៀបទៅខ្សែនីឡុងដែលមានទំហំប៉ុនគ្នា គឺជាប់ជាងខ្សែនីឡុងឆ្ងាយណាស់។ បើជក់សវិញ អន់ស្វិតជាងនោះហើយយកមកបត់ បែនបានស្រួលជាងជក់ខ្មៅ។ នៅរូបលេខ៥ យើងឃើញសរសៃជក់សនិងខ្មៅលាយគ្នាដែលហូតយកបានពីគាវ ទើបនឹងដំរួច។ រូបលេខ៦ ជាសរសៃជក់ខ្មៅដែលគេចងជាបាច់មួយដុំតូចសម្រាប់វេញខ្សែគោ។ ដំណាក់កាលទី១នៃការ វេញ គឺគេយកសរសៃមួយ ចំនួនមកមូរចូលគ្នាជាលើកដំបូងសិន ហើយដែលគេហៅថា “ធ្លូញ” ខ្សែ។ រីឯខ្សែរមួលចូលគ្នាដំបូងនោះហៅថា “តម្លូញ” ដូចដែល ឃើញនៅរូបលេខ៧។ សព្វថ្ងៃនេះ អ្នកខ្លះមិនចង់វេញខ្សែក៏ទិញខ្សែនីឡុងដែលគេលក់នៅផ្សារស្រាប់ៗ សម្រាប់ចង គោ តែអ្នកដែលឧស្សាហ៍ជាងនោះ តែងតែប្រើជក់ត្នោតនេះឯងដើម្បីវេញ។ ក្នុងការវេញខ្សែគោនោះ បើចង់កុំឲ្យរឹងពេក ពិបាកវេញ គេយកជក់សខ្លះមកលាយជាមួយជក់ខ្មៅ។ ឧទាហរណ៍ ក្នុងខ្សែគោមួយដែលមាន៨ធ្លុង គេប្រើធ្លុងសបីនិងធ្លុងខ្មៅប្រំា។  បើនិយាយពីកន្លុះសម្រាប់យកទៅខ្លុះច្រមុះគោផង គឺជក់ខ្មៅធន់ជាប់ល្អ ព្រោះកាលណាប៉ះនឹងសំបោរគោទៅ នៅតែមិនចេះយឺតឬមិនឆាប់ដាច់ឡើយ។

បើជក់ដែលត្រូវវេញនោះមិនតម្រូវឲ្យជាប់ណាស់ណាទេ គេតែងយកតែសរសៃពណ៌សប៉ុណ្ណោះមកប្រើ។

តទៅនេះជាឧទាហរណ៍ ជក់ត្នោតពណ៌សដែលគេវេញសម្រាប់រុំស្រោមឧបករណ៍អ្វីមួយជាលម្អ (នៅទីនេះគឺស្រោមដាវ)។ រូបលេខ៨ បង្ហាញពីការផ្តើមវេញ ដែលចេញរូបរាងឡើងដូចឃើញនៅរូបលេខ៩-១០។ នៅរូបលេខ១១-១២ យើងឃើញគេកំពុងវេញដងដាវ។ សូមបញ្ជាក់ថា ទាល់ តែមានល្បិចបន្តិចទើបអាចតខ្សែពីមួយទៅមួយបាន មើលទៅមិនទើសភ្នែក ដ្បិតប្រវែងសរសៃនីមួយៗមិនអាចវែងហួស៤០-៥០ស.ម.បានឡើយ។ នៅរូបលេខ១៣-១៤យើងឃើញថា គេវេញដងដាវបានមួយចប់ហើយ ឯរូបលេខ១៥-១៦គឺស្រោមដាវដែលគេវិញរហូតបានពេញលេញ។