ដើមកណ្តោល

ដោយ អាំង ជូលាន

 ដើមនេះឈ្មោះរុក្ខជាតិជាភាសាឡាតាំងហៅថា  Careya sphaerica មានដុះនៅច្រើនទីកន្លែងនៃប្រទេសកម្ពុជា តាមព្រៃផង តាមភូមិស្រុកផង។ ឈើនោះពុំមែនជាឈើប្រណិតអាចយកប្រើជាគ្រឿងសង្ហារិម ឬត្រឹមតែជាគ្រឿងផ្ទះបានឡើយ។ ប៉ុន្តែយើងនឹងឃើញថាគេប្រើដើមនេះធ្វើអ្វីផ្សេងទៀតដែរ។ រូបលេខ១-២ បង្ហាញពីដើមកណ្តោលដែលពុំទាន់មានផ្កា មានតែស្លឹក។ រូបលេខ៣-៥ គឺដើមកណ្តោលដែលជ្រុះសឹ្លកអស់មួយភាគ ហើយមានផ្កា ឯរូប លេខ៦ គឺផ្លែ (ផ្លែនោះមិនអាចហូបបានទេ)។ សំបកដើមកណ្តោល គេយកប្រើការបានច្រើនយ៉ាង។ ម៉្យាងគឺគេប្រើសម្រាប់ជ្រលក់កំណាត់ឬសំណាញ់មងអ្វីមួយឲ្យបានពណ៌ក្រម៉ៅៗ។ សូមជ្រាបថា គេជ្រលក់មងឲ្យមានពណ៌ក្រម៉ៅដើម្បីកុំឲ្យត្រីមើលឃើញច្បាស់ងាយគេច។ ម៉្យាងទៀត គេដាំសំបកនេះយកទឹកហូបជាថ្នាំ កាលណាមានរាករុះអ្វីជាដើម។ ដើម្បីស្លង់ដុំកង់រទេះដែលសឹកហើយរលុង ក៏គេយកសំបកកណ្តោលទៅស្លង់ដែរ។ នៅតំបន់ខ្លះ ថ្វីត្បិតតែឈើកណ្តោលពុំជាប់ស្វិតស្មើឈើខ្លះដូចជាធ្នង់ក្តី ក៏គេយកទៅធ្វើជាដុំរទេះដែរ (រូបលេខ៧-៨)។ ចំណែកឯ ការប្រើប្រាស់ពិសេសវិញ គឺអ្នកដែលមានដំរីតែងយកផ្ទាំងសំបកកណ្តោលទៅដំឲ្យទក់ ហើយទ្រាប់ច្រើនជាន់លើខ្នងដំរី មុននឹងយកកូបទៅដាក់ពីលើនោះ។ ធ្វើយ៉ាងនេះដើម្បីកុំឲ្យជើងកូបនោះ កកិតនឹងស្បែកធ្វើឲ្យរបួសដំរី (រូបលេខ ៩-១១)។

       ប្រហែលដោយសារដើមកណ្តោលអាចផ្តល់ប្រយោជន៍ច្រើនក្នុងជីវភាពអ្នកស្រុកដែរ ទើបបានជាដើមនេះមាននិយាយនៅក្នុងរឿងព្រះគោព្រះកែវ ដែលល្បីល្បាញក្នុងស្រុកខ្មែរ។ កាលដែលម្ដាយឪពុកស្លាប់អស់ទៅ ព្រះគោចិញ្ចឹមប្អូននៅដាច់ពីភូមិស្រុក ដោយសារអ្នកស្រុកបណ្តេញចេញ ត្បិតយល់ថាចង្រៃ។ ពេលប្អូនត្រូវទទួលទានអាហារម្តងៗ ព្រះគោតែងក្អែចំណីចំណុកចេញពីក្នុងពោះ ព្រមដោយទាំងភាជន៍មាសប្រាក់ដាក់ចំណីនោះផង។ ក្មេងអ្នកស្រុកលួចមើលឃើញក៏ទៅប្រាប់ឪពុកម្តាយ ផ្អើលមនុស្សទាំងស្រុកដឹងរឿងនេះ។ ដោយមានចិត្តលោភលន់ចង់បានភាជន៍មាសប្រាក់ អ្នកស្រុកក៏នាំគ្នាទៅចាប់ព្រះគោចងផ្អោបនឹងដើមកណ្តោលមួយ ក្នុងបំណងវះពោះព្រះអង្គយកវត្ថុមានតម្លៃទាំងនោះ។ ព្រះគោបណ្តោយឲ្យគេធ្វើដូច្នេះ តែខ្សឹបប្រាប់ព្រះកែវជាប្អូនថា “កាលណាឮបងរោទិ៍បីដង ចូរប្អូនតោងបងឲ្យជាប់កុំឲ្យរបូត”។ លុះដល់អ្នកស្រុកបម្រុងនឹងធ្វើឃាតហើយ ព្រះគោក៏រោទិ៍បីដងដូច្នោះមែន រីឯព្រះកែវចាប់កន្ទុយបងតោងជាប់។ ពេលនោះព្រះគោហោះឡើង ល្បើកទាំងដើម កណ្តោលទៅលើ  ហើយធ្លាក់មកដីវិញធ្វើឲ្យអ្នកស្រុកស្លាប់និងរបួសជាច្រើន។ រូបលេខ១២ ស្រង់យកមកពីគំនូរមួយផ្ទាំងនៅវត្ត។