ដោយ អាំង ជូលាន
ដើមកោងកាងតែងដុះនៅមាត់សមុទ្រ (រូបលេខ១), ដៃសមុទ្រ (រូបលេខ២-៣) ឬទោះជាកន្លែងដែលឆ្ងាយពីសមុទ្របន្តិចក៏ដោយ ឱ្យតែមានទឹកប្រៃខ្លះៗអាចហូរចូលលាយគ្នានឹងទឹកសាប ហើយជាពិសេសឱ្យតែទីនោះទទួលចលនាទឹកជោរនាចពីសមុទ្រ (រូបលេខ ៤-៥)។ ពីមុនមកអ្នកដើរទូកនេសាទតាមសមុទ្រ តែងយកសម្បកកោងកាងមកដំត្រាំទឹកដើម្បីជ្រលក់ក្តោងទូកឱ្យស្វិតជាប់។ ប៉ុន្តែសំខាន់បំផុតនោះ គឺធ្យូងធ្វើអំពីដើមកោងកាងមានគុណភាពល្អណាស់។ តែសព្វថ្ងៃគេហាមឃាត់ ឬកម្រិតទំហំការផលិតធ្យូងអំពីឈើកោង កាង ដោយខ្លាចរុក្ខជាតិនេះកាន់តែហោចទៅៗ នាំឱ្យអន្តរាយដល់បរិស្ថាន។ ពេលទឹកជោរយើងពុំមើលឃើញឫសឈើនេះច្បាស់ទេ (រូបលេខ៦-៧) តែដល់ពេលទឹកចាប់ផ្តើមនាច ឫសក៏ចេញឱ្យឃើញបន្តិចម្តងៗ (រូបលេខ៨-១០) រហូតដល់បាតដី។ ពេលនោះទើបឃើញថាឫសស្អេកស្កះខ្លាំងណាស់ ហើយគេអាចដើររកមច្ឆាជាតិតូចៗបានខ្លះនៅក្នុងនោះ ជាពិសេសក្តាម ព្រោះសត្វទាំងនោះហាក់ដូចជាគិតថាឫសច្រងេងច្រងាងពាន់ពាក់គ្នានោះជាសម្បុករបស់ខ្លួនដូច្នោះ។ ឫសស្អេកស្កះនេះប្លែកភ្នែកពន់ពេក បើប្រដូចទៅរុក្ខជាតិដទៃ ជាពិសេសចំពោះអ្នកដែលពុំធ្លាប់រស់នៅតំបន់សមុទ្រ។ ដូច្នេះហើយទើបបានជាមានរឿងដំណាលថា៖ ឈើទាលដែលជាដើមឈើធំខ្ពស់ត្រដែតទៅលើយ៉ាងសង្ហារនោះ និយាយចំអកទៅកោងកាងថា “យើងនឹងសូមឱ្យព្រះពាយបក់បោកទៅលើឯងឱ្យរលើងល្បើកល្បាញអស់!”។ កោងកាងក៏ឆ្លើយទៅវិញថា “អញពុំភ័យព្រួយឡើយ អញនឹងជ្រែងជើងទប់ខ្លួន ទោះជាខ្យល់យ៉ាងណាក៏ពុំអាចរលំ”។ ភ្លាមនោះមានខ្យល់ព្យុះសង្ឃរាបោកបក់មកដូច្នោះមែន។ ឈើទាលដែលខ្ពស់ត្រដែតនោះ ពុំធន់នឹងព្រះពាយក៏រលំគ្រេង ឯកោងកាងវិញជ្រែងជើងស្អេកស្កះ បោះទៅគ្រប់ទិសទី យោកតែមែកបន្តិចបន្តួចប៉ុណ្ណោះ តែខ្លួននៅនឹងថ្កល់ ឥតរង្គោះរង្គើ។