ដោយ អាំង ជូលាន
នៅអាស៊ីអាគ្នេយ៍នេះ មានប្រភេទម្រេចម៉្យាងដែលហាក់ដូចជាគេចាត់ទុកថាជាម្រេចព្រៃ ត្បិតជាទូទៅពុំដែលឮគេថាគេបង្កើតជាផលិតផលប្រើប្រាស់ជាគ្រឿងទេស ដូចម្រេចជាដើមនោះទេ។ នៅតំបន់កោះ Okinawa ឃើញមានដុះរបៀបជារុក្ខជាតិព្រៃដែរ តែអ្នកស្រុកគេពុំបេះបោចចោលឡើយ ព្រោះគេស្រឡាញ់និងឲ្យតម្លៃ។ នៅរូបលេខ១-២ យើងឃើញវល្លិនោះវារនៅតាមរបងផ្ទះ លើកោះតូចមួយឈ្មោះ Taketomi ដោយសារតំបន់នេះប្រឈមនឹងខ្យល់ព្យុះញឹកញាប់ ផ្ទះគេសង់តែមួយជាន់ទេ រីឯរបងគឺសុទ្ធសឹងជាកំពែងដែលគេយកថ្មធម្មជាតិមកតម្រៀបលើគ្នា។ វល្លិម្រេចព្រៃតែងវារលើរបងនោះឯង។ ផ្លែវាពុំមែនជាចង្កោមគ្រាប់ដូចម្រេចទេ គឺរាងទ្រវែងដូចម្រាមដៃ តែតូចៗ ពណ៌ក្រហមល្អណាស់ពេលទុំទៅ (រូបលេខ៣)។ ពេលខ្ញុំបានឃើញ ខ្ញុំនឹកសង្ស័យថានេះប្រហែលជា “ដីប្លី” (ឈ្មោះរុក្ខជាតិជាឡាតាំងថា Piper retrofractum) ក៏មិនដឹង។ បានជាគ្រាន់តែសង្ស័យ ព្រោះមកដល់ពេលនោះ ខ្ញុំពុំដែលបានឃើញដីប្លីដោយភ្នែកទេ ឮតែគេថាជារុក្ខជាតិដែលកម្រនឹងប្រទះ ហើយដែលគេស្វែងរកណាស់ ព្រោះជាថ្នាំផង ជាគ្រឿងដែលគេយកមកប្រើក្នុងពិធីផង។
តាមពិតទៅ នៅតំបន់អង្គរ ខ្ញុំធ្លាប់ឃើញដីប្លីដែលគេបុកឬកិនហ្មត់ដាក់ក្នុងកញ្ចប់តូចមួយ។ កញ្ចប់នោះសោត ក៏ពុំមែនទោលតែឯងឡើយ គឺមានកញ្ចប់៧ទៀត ដែលក្នុងនោះមាន “ថ្នាំ” ៧ខុសៗគ្នា។ មកដល់ត្រឹមនេះ ចៀសនិយាយមួយម៉ាត់ពីរ អំពីកិច្ច “ដេកអង្កររាប” មិនផុតទេ ដើម្បីអ្នកពុំដែលឃើញឬពុំដែលឮអាចយល់ខ្លះ។ ក្នុងកិច្ចពិធីឆ្លងវ័យមួយចំនួនដូចជាកោរជុក, ចូលម្លប់, បួសនាគជាដើម តែងមានកិច្ចមួយហៅថាដេកអង្កររាប គឺថាគេរៀបចំអង្ករក្នុងកញ្ចប់កំណាត់សមួយ សម្រាប់ឲ្យសាមីពិធីដេកលើ (ឬយ៉ាងហោចណាស់កើយ លើ)ពេញមួយយប់ដែរ។ ការរៀបអង្ករនោះ វែងឆ្ងាយពន់ពេកណាស់ ម៉្យាងទៀតធ្វើខុសគ្នាពីតំបន់មួយទៅតំបន់មួយផង ពុំអាចបរិយាយនៅទីនេះបានឡើយ គ្រាន់តែនិយាយខ្លីមួយម៉ាត់ថា គេយករង្វាល់ផ្សេងៗដូចជា តក់, នាឡិ, សំពៅ, ត្រល់...ជាដើម មកវាល់អង្ករនោះ ដោយយកចំនួន “គុណ” មករាប់ (គុណឪពុក=២១, គុណម្ដាយ=១២, គុណគ្រូ=៩ ៘)។ គោលបំណងធំនោះ គឺធ្វើកិច្ចវែងឆ្ងាយមួយឲ្យបានត្រឹមត្រូវ ដើម្បីឲ្យថាមពលទាំងអម្បាលម៉ានដែលកើតចេញពីអង្ករនោះជ្រួតជ្រាបចូលទៅក្នុងខ្លួនសាមីពិធីម្តងបន្តិចៗ ក្នុងពេលមួយយប់ដែលដេកឬកើយលើកញ្ចប់អង្ករនោះ។ កញ្ចប់ថ្នាំទាំងអស់មាន៨៖ ក្រវាញសម្រាប់ទិសបូព៌, សម្បួរវែងសម្រាប់អាគ្នេយ៍, ដីប្លីសម្រាប់ទក្សិណ, ក្លាំពូសម្រាប់និរតី, សណ្តែកមាសសម្រាប់បស្ចឹម, ដំបែរសម្រាប់ពាយព្យ, ស្លាត្រកសម្រាប់ឧត្តរ, ម្រេចសម្រាប់ឦសាន។ នៅរូបលេខ៤ គឺគេវាល់អង្ករនោះសព្វគ្រប់ហើយ ទើបគេគូរយន្ត្រលើនោះ។ បន្ទាប់មក គេយកទងស្បូវភ្លាំងមករៀបជាក្រឡាសម្រាប់ដាក់ថ្នាំ៨កញ្ចប់ដែលពោលអម្បាញ់មិញ (រូបលេខ៥)។ រូបលេខ៦ បង្ហាញពីការដាក់កញ្ចប់ថ្នាំនោះតាមទិស។
ដែលខ្ញុំសង្ខេបបំផុតមកនេះ គឺគ្រាន់តែចង់បញ្ជាក់ថាដីប្លីនៅក្នុងចំណោមថ្នាំកម្រ ដែលគេប្រើប្រាស់ក្នុងកិច្ច។ លុះពេលក្រោយមក ទើបខ្ញុំឃើញថានៅប្រទេសកម្ពុជាមានគេដាំដីប្លីជារបរបន្ទាប់បន្សំដែរ តែយ៉ាងណាក៏ដំណាំនោះមានដោយកម្រដែរ ពុំមែនគេស្គាល់ទូទៅឬសម្បូណ៌ឡើយ។ ខ្ញុំបានប្រទះឃើញតែមួយកន្លែងទេ គឺនៅជើងភ្នំខ្យង, ខេត្តកំពត។ ទីនេះជាតំបន់ស្រែ តែគ្រួសារមួយនោះ ធ្វើស្រែផង មានចម្ការម្រេចមួយផង ក្នុងនោះមានជន្លង់ដីប្លីច្រើនជួរដែរ (រូបលេខ៧)។ ពេលមានផ្លែមក (រូបលេខ៨)ហើយចាស់បន្តិចទៅ គេពុំឲ្យទុំទាន់ទេ គឺគេបេះយកមកហាលច្រើនដង ទាល់តែក្រៀមស្វិត (រូបលេខ៩)។ អ្នកដាំដែលខ្ញុំបានជួបនោះ ក៏ពុំដឹងថាគេយកទៅប្រើធ្វើអ្វីប្រាកដដែរ គ្រាន់តែមានគេមកទិញពីភ្នំពេញ ហើយឮថាដើម្បីលក់បន្តទៅចិនសែធ្វើថ្នាំ។ ធ្វើនៅស្រុកខ្មែរនេះ ឬធ្វើនៅប្រទេសក្រៅក៏មិនដឹងផង។ ដូច្នេះយ៉ាងណាក៏ដំណាំនៅជើងភ្នំខ្យងនេះ ជាករណីពិសេសមួយ។ ទើបតែថ្មីៗនេះ បានខ្ញុំទទួលពត៌មានថាកាលពីមុន នៅខេត្តបាត់ដំបង មានថ្នាំបុរាណម៉្យាងហៅថា “ថ្នាំប្រាំបីខែ” សម្រាប់ឲ្យស្ត្រីមានគភ៌នៅខែទី៨ទទួលទាន។ គ្រឿងថ្នាំមានប៉ុន្មានមុខនោះ ខ្ញុំពុំដឹងឡើយ ដឹងតែថាក្នុងនោះ ដីប្លីជាគ្រឿងមួយសំខាន់ ហើយម៉្យាងទៀតខ្ញុំក៏ពុំដឹងថាសព្វថ្ងៃនៅមានអ្នកបន្តធ្វើថ្នាំនេះទៀតឬអត់។
ក្រៅពីនេះ កាលគេពុំទាន់និយមទិញមេពីស្រុកជិតខាងស្រាប់ៗយកមកបិតស្រា គឺគេប្រើដីប្លីនេះឯងជាគ្រឿងសំខាន់លាយជាមួយគ្រឿងគ្រៅផ្សេងៗទៀតដើម្បីធ្វើមេស្រា។ ស្រាដែលបិតដោយវិធីនេះ គ្មានគីមី ពុំធ្វើទុក្ខទោសដល់អ្នកទទួលទានឡើយ។ ពុំតែប៉ុណ្ណោះបទពិសោធន៍ថ្មីៗ បង្ហាញថាគេអាចយកដីប្លីទៅត្រាំស្រា ទទួលទានជាថ្នាំដ៏មានឱជារសបាន។