ជនជាតិក្រវិត និងការប្រើប្រាស់ឫស្សី

ដោយ អាំង ជូលាន

 

ជាធម្មតា ការប្រើប្រស់ឫស្សីជាគ្រឿងសំណង់ តែងមានជាទូទៅក្នុងចំណោមជាតិពន្ធុនានានៅតំបន់ឦសាននៃប្រទេសកម្ពុជា។ ហេតុផលនោះមានច្រើន តែបើយកតែហេតុផលសំខាន់បំផុតមកនិយាយ ប្រហែលជាយើងអាចគិតថាមានពីរ។ ទីមួយ គឺបរិស្ថានធម្មជាតិនៅតំបន់នោះសម្បូណ៌ទៅដោយឫស្សីច្រើនប្រភេទ ដូច្នោះមនុស្សតែងតែបែកគំនិតធ្វើឧបករណ៍ ឬក៏សង់លំនៅដោយទុកឫស្សីជាវត្ថុធាតុដើមសំខាន់មួយ។ តែបើត្រឹមតែប៉ុណ្ណេះ គេអាចសួរទៅទៀតថា ពីមុនមកឈើក៏សម្បូណ៌ណាស់ដែរ ហេតុអ្វីបានជាឲ្យសារសំខាន់ខ្លាំងទៅលើឫស្សី ដែលអាយុកាលតែងខ្លីជាងឈើ? នេះហើយដែលយើងត្រូវយល់ពីហេតុផលទីពីរ គឺយើងត្រូវគិតថា រហូតមកទល់ប៉ុន្មានទសវត្សមុននេះ ជាតិពន្ធុនៅតំបន់ឦសានតែងដូរលំនៅស្ថានញឹកញាប់ដោយសារព្រៃដែលដុតហើយឆ្ការ ដើម្បីដាំស្រូវតាមចង្កេះភ្នំជាដើម តែងដូរទីកន្លែង។ ថ្វីដ្បិតតែដូរទីនោះប្រមាណដប់ឆ្នាំ ឬលើសនេះបន្តិច ក៏វិលមកដល់កន្លែងដើមវិញ ក៏មានរយៈពេលមួយដែលចម្ការស្រូវឃ្លាតឆ្ងាយបន្តិចម្តងៗពីភូមិ ដូច្នេះភូមិនោះក៏ដូរទីរំកិលទៅម្តុំក្បែរចម្ការនោះ។ មានន័យថា លំនៅស្ថានអ្នកទាំងនោះជាលំនៅស្ថានចល័តឬពនេចរ ដូច្នេះផ្ទះសម្បែងតែងតែសង់សាជាថ្មី ហើយស្ទើរតែមិនប្រើវត្ថុធាតុចាស់ ផង។ គេប្រើឈើត្រង់កន្លែងណាដែលចាំបាច់ត្រូវតែប្រើឈើ ដូចជាសសរនិងរនូតក្រោមជាដើម រីឯគ្រឿងណាដែលប្រើឫស្សីបាន គឺគេនិយមប្រើឫស្សី ដ្បិតវត្ថុធាតុនេះមិនតម្រូវឲ្យប្រើដែកគោល ឬរបស់អ្វីដែលត្រូវទិញនៅផ្សារឡើយ ព្រោះគេពឹងលើការចង ដោយប្រើវល្លិ៍និងផ្តៅជាដើម។ បច្ចេកទេសនេះគឺសង់ក៏ងាយ រើរុះក៏ងាយ។

នេះនិយាយពីទម្លាប់ទូទៅដែលសង្កេតឃើញនៅក្នុងជីវិតនៃជាតិពន្ធុជាច្រើន ដូចជាពួកគ្រឹង, ទំពួន, ជ្រាយ, ព្នង, ក្រវិត, ព្រៅជាដើម។ ក្នុងចំណោមនោះ ខ្ញុំចាប់អារម្មណ៍ថាជនជាតិក្រវិតហាក់ដូចជានិយមឫស្សីលើសគេលើសឯង ហើយម៉្យាងទៀត សំណង់នីមួយៗនៃជនជាតិនេះ ហាក់ដូចជាមានជាន់ថ្នាក់ខាងក្នុងច្រើនជាងអ្នកឯទៀត។ តើមកពីបរិស្ថានភូមិសាស្ត្រដើមសម្បូណ៌លើសលុបទៅដោយឫស្សីឬអ្វី (ឧទាហរណ៍ មុនសម័យ “កម្ពុជាប្រជាធិបតេយ្យ” ដែលពុំទាន់មានការជន្លៀសប្រជាជនដោយបង្ខំ)? ឬមួយក៏ការចាប់អារម្មណ៍នេះ ពុំមានមូលដ្ឋានជាក់ច្បាស់ក៏ខ្ញុំមិនហ៊ានថា ហើយខ្ញុំសូមយកតែឧទាហរណ៍ខ្លះៗមកបង្ហាញដូចតទៅ៖ រូបលេខ១ ជាផ្ទះធម្មតាមួយនៃជនជាតិក្រវិតនៅក្នុងភូមិរបស់គេ។ យើងឃើញថា យ៉ាងហោចណាស់ក៏ជញ្ជាំងធ្វើពីឫស្សីដែរ។ បើផ្ទះនៅរូបលេខ២វិញ គឺហាក់ដូចជាមានតែសសរប៉ុណ្ណោះដែលធ្វើពីឈើ។ រូបលេខ៣-៤ដែលថតជិត បង្ហាញថា សូម្បីតែដំបូលក៏យកឫស្សីប្រក់ដែរ គឺគេលុងថ្នាំងឲ្យអស់ ហើយរាយគ្នាមួយផ្កាប់មួយផ្ងារដើម្បីឲ្យទឹកភ្លៀងហូរចេញមកក្រៅផ្ទះ។ រូបលេខ៥-៦ បង្ហាញពី “រោង” ដែលជាអាគាររួមសម្រាប់អ្នកភូមិប្រជុំគ្នា ឬធ្វើពិធីអ្វីមួយ។ រោងយ៉ាងធំនេះក៏ប្រើឫស្សីច្រើនដូចគ្នា ឯឈើវិញគឺប្រើសម្រាប់តែធ្វើជាសសរប៉ុណ្ណោះ។  បើចូលទៅខាងក្នុងក៏ឃើញថា កម្រាលក៏ធ្វើពីឫស្សី ហើយម៉្យាងទៀតមានថ្នាក់ខុសៗគ្នា ដូចបាននិយាយពីលើអម្បាញ់មិញ (រូបលេខ៧)។ នៅខាងក្រោយរោងមានរានមួយដែលគេយកឫស្សីទាំងមូលមករៀបគ្នា ដោយមានចោះរន្ធសម្រាប់យកមេមួយជាឫស្សីដែរ មកបញ្ចូល (រូបលេខ៨)។  មិនតែប៉ុណ្ណោះទេ ដំបូលដែលកើតឡើងដោយការប្រក់ឫស្សីតម្រៀបផ្កាប់ផ្ងារនោះ ក៏គេរៀបដោយសម្រិតសម្រាំងក្រៃលែង ដោយយកផ្នែកឫស្សីណាដែលមានខ្នែងមកប្រើជាតម្ពក់ ដើម្បីថ្ពក់ឫស្សីទ្រវែងមួយផ្តេកជាបណ្តោយធ្វើគែម (រូបលេខ៩-១០)។

ឧទាហរណ៍មួយទៀត ជាផ្ទះរបស់គ្រួសារជនជាតិក្រវិតមួយ ដែលមកតាំងទីដាច់ឆ្ងាយសង្វែងពីស្រុកភូមិដើមរបស់ខ្លួន ហើយមកនៅជាមួយសហគមន៍គ្រឹង។ សូមបញ្ជាក់ថា គ្រាន់តែមកនៅទឹកដីគ្រឹងមែន ប៉ុន្តែផ្ទះនោះក៏នៅដាច់តែឯងពីភូមិបន្តិចដែរ។ រូបលេខ១១ បង្ហាញថាគ្រាន់តែមើលពីក្រៅក៏ឃើញថា ទីមួយវត្ថុធាតុភាគច្រើនជាឫស្សី ហើយទីពីរក៏ឃើញមានជាន់ថ្នាក់ផ្សេងៗដែរ។ បើចូលទៅ ក្នុងគឺកាន់តែច្បាស់ទៅទៀតដូចមានរូបេលេខ១២-១៦បង្ហាញស្រាប់។