ជប់

 ដោយ សាឃឿន សក្តា

 ខ្ញុំមិនដឹងថាប្រភពទឹកមានប៉ុន្មានយ៉ាងទេ គ្រាន់តែដឹងថាអាចមានបាញ់ចេញត្រង់ពីដីឡើងទៅលើ ដែលភ្នែកយើងអាចមើលឃើញ ឬមួយបាញ់ចេញមកដូចគ្នា តែនៅក្នុងបឹងធម្មជាតិអ្វីមួយ (ឧទាហរណ៍ នៅទឹកឆា, ខេត្តកំពង់ចាម គេហៅចំណុចទឹកដែលបាញ់នៅក្នុងបាត បឹងនោះថា “ក្បាលហុង”)។ ដែលហាក់ដូចជាសម្បូណ៌ជាងគេនោះ គឺទឹកដែលជ្រាបចេញពី ដី តែមិនបាញ់ឡើងលើឲ្យឃើញស្តែងឡើយ ធ្វើឲ្យដីនៅម្តុំនោះសើម ទន់ បើដើរលើអាចផុងគ្រោះថ្នាក់។ ប្រភពរបៀបនេះមានឈ្មោះហៅច្រើនយ៉ាង ក្នុងនោះឮសូរគេហៅញឹកញាប់ជាងគេថា “ជប់” (តែតំបន់ខ្លះហៅថា “ជាំ” ឬក៏ប្រហែលមានពាក្យអ្វីទៀតក្រៅពីនេះផង)។

តំបន់ភ្នំគូលែនសម្បូណ៌ទៅដោយជប់ណាស់ មានន័យថាសម្បូណ៌ទឹកដែលបរិសុទ្ធស្អាត ជាការសម្រួលម៉្យាងដល់ជីវិតអ្នកស្រុក។ រូបលេខ១-២ ជាទិដ្ឋភាពដែលយើងអាចឃើញញឹកញាប់នៅលើភ្នំ។ ពាក្យខ្មែរដែលថា «បែកជាអូរ ហូរជាស្ទឹង» ត្រូវនឹងការពិតដូច្នោះមែន។ ដោយសារទឹកចេះតែជ្រាបចេញពីដីមិនឈប់មិនឈរដូច្នេះហើយ (រូបលេខ៣-៤) ទើបអូរកើតមក (រូបលេខ៥)។ ឯអូរច្រើនដែលជួបគ្នាតាមផ្លូវរត់នោះក៏ចេះតែធំទៅៗ រហូតកើតបានជាស្ទឹង។ បើនិយាយតែស្ទឹងនៅខាងត្បូងភ្នំគូលែនដែលកើតមកពីជួរភ្នំនេះ គឺមានដូចជាស្ទឹងទឹកលិច, ស្ទឹងរលួស, ស្ទឹងសៀមរាប, ស្ទឹងពួកជាដើម។

 យើងធ្លាប់ដឹងថា ខ្មែរទុកភ្នំគូលែនជាទីសក្ការៈជាយូរយារណាស់មកហើយ។ មកពីដូច្នោះ ឯងទើបបានព្រះបាទជ័យវរ្ម័នទី២ឡើងទៅគង់, សង់ប្រាសាទ ហើយធ្វើពិធីនានានៅទីនោះ នាដើមស.វ.ទី៩។  សម័យនោះខ្មែរហៅភ្នំគូលែនជាផ្លូវការថា «មហេន្ទ្របព៌ត» មានន័យថា «ភ្នំនៃព្រះឥន្ទ្រ» ឬ «ភ្នំនៃទេពជាកំពូល» (ឧទាហរណ៍ ព្រះឥសូរ)។ នៅទីនោះ ទីគោរពបូជាទាំងឡាយពុំមែនមានត្រឹមតែប្រាសាទដែលជាស្ថាបត្យកម្មសុទ្ធសាតប៉ុណ្ណោះទេ គឺកន្លែងខ្លះខ្មែរគ្រាន់តែរៀបចំ កែច្នៃបន្តិចបន្តួចលើបរិស្ថានធម្មជាតិដែលមានស្រាប់។ គេសង្កេតឃើញ ថា ជប់មួយចំនួនមានការរៀបចំទៅជាទីបូជាដែរ។ នៅទីនេះខ្ញុំយកឧទាហរណ៍តែបីប៉ុណ្ណោះមកបង្ហាញអ្នកអាន។

 - ជប់អូរតុប (ហៅម៉្យាងទៀតថា «ពើងឥសី»)៖ នៅទីនេះមានប្រភពទឹកពីរ ដែលខ្មែរបុរាណយកថ្មបាយក្រៀមមករៀបចំជាអាង (រូបលេខ៦-៧)។ អាងនេះច្បាស់ជាគេចាត់ទុកថាជាទីសក្ការៈហើយ ត្បិតយើងឃើញមានចម្លាក់ថ្មជាច្រើន ដែលសព្វថ្ងៃខ្ទេចខ្ទាំដោយប្រការផ្សេងៗ (រូបលេខ៨-១១)។

- ជប់ពើងត្បាល់ ៖ ពើងត្បាល់មានចម្លាក់នៅច្រើនកន្លែង។ នៅរដូវវស្សាមានទឹកផុសចេញពីក្រោមផ្ទាំងថ្មមួយផ្ទាំង វែង មានសុទ្ធតែចម្លាក់ ជាពិសេសមានរូបព្រះនារាយណ៍ផ្ទុំ (រូបលេខ១២)។

- ព្រះអង្គជប់ ៖ នៅទីនេះប្រហែលជាមនុស្សមករៀបចំនៅសម័យក្រោយមកទៀតបន្តិច ពោលគឺនៅសម័យកណ្តាល ត្បិតចម្លាក់ដែលមាននោះជាចម្លាក់ក្នុងព្រះពុទ្ធសាសនាថេរវាទ។ គេឆ្លាក់ផ្នែកមួយនៃពុទ្ធប្រវត្តិត្រង់កន្លែងដែលដំរីសារដ៏ខ្លាំងក្លាឈ្មោះនាឡគិរី មកលុតក្រាបយ៉ាងសុភាពរាបសានៅមុខព្រះពុទ្ធអង្គ (រូបលេខ១៣)។