ការប្រើប្រាស់ជ័រឈើ

ដោយ ហួត សំណាង

រុក្ខជាតិជាដើមឈើធំៗតែងផ្តល់ជ័រច្រើនប្រភេទ ឲ្យមនុស្សយកទៅប្រើប្រាស់តាមតម្រូវការផ្សេងៗ។ ហៅថា «ជ័រ» នេះ គឺពោលជាទូទៅទេ ដ្បិតខ្លះប្រភេទជាជ័ររាវ ខ្លះខាប់ ខ្លះទៀតរឹង ឧទាហរណ៍ បើពោលពីប្រភេទខាប់ អ្នកអានអាចយោងទៅអត្ថបទជំពូកទី៥ លេខរៀងទី ៣១ ដែលនិយាយពីម្រាក់។

លើកនេះខ្ញុំសូមនិយាយតែអំពីជ័រ ដែលមនុស្សយកពីដើមមួយចំនួន ដូចជាដើមយាង (ឬហៅថា ឈើទាល), ដើមត្រាច, ផ្តៀក, គគីរ, ផ្ចឹកជាដើម។ ដើមខ្លះគេអាចចោះយកជ័រ រាវមកប្រើ ដែលហៅថា «ជ័រទឹក» ដើមខ្លះទៀតមនុស្សពុំបានទៅចោះអ្វីឡើយ គឺវាបាក់មែក បាក់ធាងដោយខ្លួនឯង ហើយជ័រក៏ចេញមកតាមមុខឈើដែលបាក់នោះ។ ជ័រប្រភេទនេះជាជ័ររឹង ហៅថា «ជ័រចុង»។ ជួនកាលជ័រកកចេញជាដុំតូច ជួនកាលទៀតដុំកកនោះធំទើបធ្លាក់មកដី តែទោះជាមិនធ្លាក់ក៏មនុស្សអាចបេះយកមកយ៉ាងស្រួល (រូបលេខ១ ជាជ័រចុងមួយដុំធំ ដែលគេរកបានពីព្រៃ)។ គេយកដុំជ័រទាំងនោះមកបុកឲ្យម៉ត់ (រូបលេខ២ ជាដុំជ័រចុង និងម្សៅជ័រចុងដែលគេច្រកថង់លក់) លាយនឹងជ័រទឹកយកទៅស្លដើម្បីឲ្យបានខាប់ល្មមសម្រាប់ប្រើប្រាស់។

ដើម្បីយកជ័រទឹក គេចាប់ផ្តើមចោះដើមជារណ្តៅនៅក្បែរគល់ ជម្រៅប្រមាណមួយតឹក ហើយគេដុតជ័រដែលចេញសើមៗមកនោះរវាង៤-៥នាទី (រូបលេខ៣) ទើបគេពន្លត់វិញដោយប្រើស្លឹកឈើ (រូបលេខ៤-៥)។ បន្ទាប់មកគេដួសយកជ័រដែលមិនស្អាត ដោយមានម្រែងភ្លើងជាដើមនោះចេញ (រូបលេខ៦)។ ធ្វើរបៀបនេះរួចហើយ ទើបគេទុកឲ្យជ័រសុទ្ធចេញមកក្នុងរណ្តៅនោះម្តងបន្តិចៗ (រូបលេខ៧) ហើយទាល់តែមួយថ្ងៃពីរក្រោយមក ទើបបានផលពេញបន្ទុក គេដងប្រមូលយកមកទុក។ សូមជ្រាបថា ការចោះរណ្តៅយកជ័រនៅដើមឈើណាមួយ គឺគេចោះតែម្តងទេ លុះលើកក្រោយៗមកទៀត គេគ្រាន់តែយកភ្លើងទៅដុតក្នុងរណ្តៅដដែលនោះឲ្យជ័រចេញមក។ តាមការអះអាងរបស់អ្នកស្រុក ដើមឈើមួយដើមៗដែលគេដុតយកជ័រកាន់ខែកាន់ឆ្នាំទៅ នឹងមានសាច់នោះស្វិតហាប់ល្អជាងដើមដែលមិនដែលយកជ័រ។ សម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន គេពុំរក្សាទុកជ័រច្រើនណាស់ណាឡើយ គឺមួយភាគធំគេយកទៅបោះឲ្យអ្នកផ្សារលក់បន្ត (រូបលេខ៨-៩)។ ទីដែលយើងឧស្សាហ៍ឃើញគេលក់ជ័រទឹកនិងជ័រចុង ច្រើនតែនៅតំបន់ទឹក ឬតំបន់សសៀរទៅរកទឹក ដោយសារតម្រូវការខ្លាំងរបស់របៀបនេះ គឺការធ្វើទូក។ ការប្រើប្រាស់នៅតាមភូមិមានច្រើនបែបច្រើនយ៉ាងដែរ រាប់តាំងពីការធ្វើចន្លុះ ទៅដល់ការលាបលនវត្ថុធ្វើពីតម្បាញឫស្សី ឬផ្កៅជាដើម ជាលម្អផង ជាការធ្វើឲ្យជាប់មាំបានយូរផង ឬក៏ដើម្បីកុំឲ្យជ្រាបទឹកផង។ រូបលេខ១០ គឺស្លឹកឈើផ្សេងៗដែលគេយកទៅត្រាំក្នុងជ័រទឹក ហើយទុកឲ្យស្ងួត រក្សាក្នុងក្បង់មួយរយៈពេលសិន សម្រាប់យកទៅចងធ្វើចន្លុះនៅពេលក្រោយ, ឯរូបលេខ១១ ជារូបគ្រុះ(សូមអាននៅជំពូកទី១ លេខរៀងទី៤១)។ យ៉ាងណាក៏ដោយ រឿងការពារជានាទីសំខាន់នៃជ័រប្រភេទនេះ ដ្បិតបើនិយាយពីសោភ័ណភាពវិញ គេនិយមប្រើម្រាក់ជាង ព្រោះស្រទាប់ម្រាក់ គេអាចខាត់រំលីងស្អាត ស្មើ គួរគាប់ភ្នែកក្រៃលែង ពុំដូចជ័រទឹកលាយជ័រចុង ដែលយ៉ាងណាក៏នៅមានស្នាមគ្រើមដែរ។

បើក្នុងការធ្វើ ឬជួសជុលទូកវិញ ជ័រទឹក ជ័រចុងជាវត្ថុធាតុដែលចាំបាច់បំផុត។ ត្រង់តំណក្តារដែលមានមុខពីរជល់គ្នានោះ គេតែងយកសរសៃបាវក្រចៅទៅញាត់ក្នុងនោះ រួចយកជ័រខាប់ដែលបានមកពីការស្លលាយជ័រចុងជាមួយជ័រទឹក (រូបលេខ១២) ទៅបិទភ្ជិតគ្រប់កន្លែង បន្ទាប់មកទើបគេលាបជ័ររាវជាងនោះពាសពេញផ្ទៃទូក ហៅថា «ពរទូក»។ រូបលេខ១៣ បង្ហាញពីការបិទជ័រនៅក្នុងទូកង។ ឯរូបលេខ១៤ គឺទូកដែលគេពរហើយ ហាលថ្ងៃទុកឲ្យស្ងួត រីឯស្នាមឆ្នូតៗសនៅរូបលេខ១៥ គឺកន្លែងគេបិទភ្ជិតមុខក្ដារនោះឯង។

បើជាងទង ឬជាងស្មិតផង គេប្រើជ័រចុងលាយជាមួយដីដំបូក ឬដីលែង ព្រមទាំងខ្លាញ់ត្រីដើម្បីស្លធ្វើជា «ព្រមរ» (រូបលេខ១៦) សម្រាប់ធ្វើជាទ្រនាប់ ឬចាក់បំពេញក្នុងវត្ថុលោហធាតុ (រូបលេខ១៧) ដើម្បីទប់សាច់លោហៈកុំឲ្យផុងធ្លាយទៅម្ខាងនៅពេលដាប់ឆ្លាក់ ឬម៉្យាងទៀត ជាងស្មិតយកមកប្រើធ្វើជាស្នូលពុម្ពសម្រាប់សិត។ ព្រមរនេះអាចប្រើឡើងវិញច្រើនសា ដោយគ្រាន់តែដុតឲ្យរលាយជ័រ រួចបង្ហូរចេញ។

ការទាញយកផលព្រៃឈើតាមរបៀបប្រពៃណីនេះ ពុំដែលជះផលវិបាកអវិជ្ជមានណាមួយទៅបរិស្ថានឡើយ ដ្បិតសង្គមមនុស្សតែងតែទាញយករុក្ខផលពីព្រៃឈើ ប្រសិនបើត្រូវខូច ខាតមែន គឺខូចខាតតាំងពីយូរយារមកហើយ។ នេះបង្ហាញថា បើធ្វើអ្វីៗតាមប្រពៃណី សហគមន៍មនុស្សអាចរស់នៅជាសុខដុមរមនាជាមួយបរិស្ថានរបស់ខ្លួនចេរកាលរៀងរហូត។