ព្កុល

ដោយ ព្រាប ចាន់ម៉ារ៉ា

ជាធម្មតាទេដែលចម្រៀងប្រពៃណី មានចម្រៀងរាំវង់ជាដើម និយមយករុក្ខជាតិមកប្រដូចនឹងមនុស្ស ជាពិសេសច្រើនយកផ្កាមកនិយាយ។ ចម្រៀងរបៀបនេះមានច្រើនសន្ធឹកសន្ធាប់ណាស់ ក្នុងចំណោមនោះ បទមួយមានចំណងជើងថា «កោតប្រុសមុខខ្មូរ» មានពាក្យថា «ផ្កាអើយផ្កាព្កុល គ្រាន់តែយល់ គួរឲ្យគួចចិត្តស្នេហ៍»។ មានអត្ថបទច្រើនណាស់នៅក្នុងបណ្តាញពត៌មានវប្បធម៌ខ្មែរនេះ ដែលបង្ហាញថា បរិស្ថាន និងរុក្ខជាតិដែលមានក្នុងនោះ មានទំនាក់ទំនងខ្លាំងទៅនឹងវប្បធម៌។ ប្រការទូទៅនេះខ្ញុំមិនយកមកនិយាយទេ គ្រាន់តែនៅទីនេះខ្ញុំលើកឧទាហរណ៍ ផ្កាព្កុល មកបង្ហាញ។ ព្កុល មានឈ្មោះជាវិទ្យាសាស្ត្រហៅថា Mimosups elengi។ ដើមព្កុលពុំសូវសម្បូណ៌ណាស់ណាឡើយ ក្រៅពីនៅតាមវត្តអារាមដែលប្រកាន់ប្រពៃណីបុរាណខ្លះ យូរៗទើបឃើញនៅទីនេះទីនោះម្តង ដូចឃើញនៅរូបលេខ១។ រូបលេខ២-៣ បង្ហាញពីផ្លែដែលនៅជាប់ដើម។ រូបលេខ៤ ជារូបលម្អិតអំពីផ្លែ ឯរូបលេខ៥ ជារូបផ្កានៅជាប់នឹងដើម ហើយរូបលេខ៦ ជារូបលម្អិតអំពីផ្កា។ សូមជ្រាបថា ថ្វីដ្បិតតែផ្លែនោះពុំមែនជាប្រភេទផ្លែដែលទទួលទាន ដូចជាចេក, ស្វាយ, ល្មុតជាដើមក្តី ក៏គង់គេយក មកហូបលេងកំដរមាត់បានដែរ ដោយសារមានជាតិផ្អែមលែមៗនៅក្នុងនោះ។ បើនិយាយពីផ្កាវិញ គឺគេអាចប្រើប្រស់ជាគ្រឿងលម្អតែម្តង ដ្បិតគេយកមកក្រងជាកម្រងពាក់នៅក ហើយផ្កានោះមានក្លិនក្រអូបឈយ្ងុយឈ្ងុបណាស់។ ខ្ញុំសង្ស័យថា ក្បិតដែលយាយម្នាក់ពាក់នៅត្រចៀកក្នុងរូបលេខ៧ ជាការចម្លងនិងកែលម្អរូបរាងផ្កាព្កុលឲ្យមកជាអលង្ការ។ ពោល ថា «លម្អ» និងអលង្ការនៅទីនេះ បើនិយាយឲ្យអស់ ប្រហែលជាមានលក្ខណៈខ្ពង់ខ្ពស់អ្វីមួយថែមទៀតផង ដោយសារយើងឃើងថាផ្កាព្កុលនេះគេក្រងថ្វាយព្រះ។ មិនតែប៉ុណ្ណោះ គេត្បាញជាហូលធ្វើពិតានសម្រាប់បាំងលើអាសនៈព្រះនៅតាមទីនានា។ ក្បាច់នៅរូបលេខ៨ ហៅថា «ព្កុលមាស» ឯនៅរូបលេខ៩ ហៅថា «ព្កុលប្រក់»។


 អក្សរសាស្ត្រក៏ឲ្យតម្លៃលើផ្កាព្កុលដែរ ដូចជាក្នុងរឿងមួយនោះ តួអង្គស្រី តែហាមាត់ឡើងនិយាយពេលណា តែងតែមានផ្កាព្កុលធ្លាក់ចេញពីមាត់មកតាម។

ការនិយមផ្កាព្កុលនេះមានតាំងតែពីបុរាណកាលមក ដ្បិតយើងឃើញមានមនុស្សស្រីដែលជាអ្នកបម្រើនៅតាមប្រាសាទ (សម័យអង្គរហៅថា តៃ ) ឈ្មោះថា វកុល (រូបលេខ១០ ដែលស្រង់មកពីសិលាចារឹកប្រាសាទព្រះគោ, ស.វ.ទី៩) ហើយឃើញថា នេះសរសេរតាមអក្ខរាវិរុទ្ធដើម។ ក្រៅពីឈ្មោះមនុស្ស ចាស់ៗបុរាណក៏និយមឲ្យឈ្មោះព្កុលនេះទៅទីកន្លែងដែរ ដូចជាឈ្មោះថា «ឆោកវកុល» ដែលប្រែថា បឹង ឬស្រះព្កុល។ ឧទាហរណ៍ ឈ្មោះនេះគេចារនៅប្រាសាទអង្គរវត្ត បង្ហាញថា ជាឈ្មោះមេទ័ពម្នាក់ ដែលមានចម្លាក់នៅលើនោះ។ សេចក្តីពេញលេញដែលបង្ហាញនៅរូបលេខ១១ គឺ វ្រះកម្រតេង†អញ† ឝ្រីវីរេន្ទ្រា ធិបតិវម៌្ម ឆោកវកុល («លោកម្ចាស់ស្រីវីរេន្ទ្រាធិបតិវម៌្ម ឱ្យ ដែលមកពី ឧ បឹងព្កុល»)។