ក្រពើភ្នំ

ដោយ រស់ សុខុម

ក្រពើជាសត្វសាហាវ  ដែលតែងតែរស់ នៅតាម ទន្លេ ស្ទឹង បឹងបួជាដើម ទោះបីជាមនុស្ស ភាគច្រើនពុំធ្លាប់ប្រទះឃើញសត្វនេះនៅក្នុងបរិស្ថានធម្មជាតិសុទ្ធសាធក៏ដោយ។ តែក្រពើដែលខ្ញុំនិយាយនៅទីនេះ ជាពូជក្រពើពិសេសម៉្យាងដែលគេបារម្ភខ្លាចដាច់ពូជ ដោយសារឃើញថាចេះតែហោចទៅៗ។ នៅតំបន់ទន្លេសាបគេហៅក្រពើនេះថា “ក្រពើត្រី ”។ តែតំបន់ដែលមានច្រើនជាងនេះ គឺនៅតាមជួរភ្នំក្រវាញ។ ក្នុងចម្ងាយផ្លូវប្រមាណ៩០គីឡូម៉ែត្រខាងកើតពីទីរួមខេត្តកោះកុង មានស្ទឹងធំមួយដែលមានឈ្មោះថា ស្ទឹងអារ៉ែង ស្ថិតនៅតំបន់ជួរភ្នំក្រវាញភាគកណ្តាល ហើយលាតសន្ធឹងកាត់ឃុំជំនាប់ និង ឃុំប្រឡាយ នៃស្រុកថ្មបាំង ខេត្តកោះកុង (រូបលេខ១-២)។ ដងស្ទឹងអារ៉ែង សម្បូណ៌ទៅដោយ កូនអូរ ត្រពាំង ដែលជាជម្រកដ៏សំខាន់របស់សត្វក្រពើម៉្យាង ដែលអ្នកស្រុកហៅថា “ក្រពើភ្នំ ” ឈ្មោះជាភាសាឡា តាំង Crocodylus siamensis (រូបលេខ ៣-៥)។ ពូជក្រពើភ្នំនេះស្ទើរតែវិនាសហិនហោចទៅហើយនៅលើពិភពលោក។  នៅជិតៗយើងនេះ បើពោលពីប្រទេសប្រ៊ុយណេ, មាឡេស៊ី, និង វៀតណាម គឺដាច់ពូជទាំងស្រុង។ បើនៅប្រទេសថៃឡង់ដ៏និងលាវទើបនៅមានសេលសល់តិចតួច។ តែនៅប្រទេសកម្ពុជាគេបានរកឃើញពូជក្រពើនេះប្រមាណ១៨៤ក្បាល ដែលកំពុងរស់ក្នុងធម្មជាតិ ហើយជាពិសេសចាប់តាំងពីឆ្នាំ២០០១មក នៅតាមដងស្ទឹងអារ៉ែង គេបានរកឃើញក្រពើភ្នំប្រមាណ៣០ក្បាល ដែលអាចបន្តពូជបានច្រើនតទៅថ្ងៃមុខ ប្រសិនបើគ្មានការបំផ្លិចបំផ្លាញពីមនុស្ស។ តែគួរឲ្យបារម្ភដែរ ព្រោះនៅតែមានអ្នកស្វះស្វែងរកក្រពើភ្នំដើម្បីទាញយកផលប្រយោជន៍ផ្សេងៗ។