ក្ទម្ព

 ដោយ ហេង ថាន

 ក្ទម្ព (អានថា ខ្ទំ) ជាពាក្យសំស្ក្រឹត “កទម្ព ” ដែលជាឈ្មោះដើមឈើម៉្យាងដុះនៅកន្លែងនានា មានព្រៃស្រោង, ព្រៃល្បស់ ឬតាមដីទំនាបក្បែរត្រពាំង ឬកញ្ចន់។ ឈ្មោះរុក្ខជាតិជាភាសា ឡាតាំងគឺ  Nauclea cadamba។តាមពិតដើមក្ទម្ពមានច្រើនប្រភេទ ដូចជា៖

- ក្ទម្ពគោក មានកម្ពស់៣-៤ម. (រូបលេខ១), សម្បកប្រេះៗ ហើយរលោង (រូបលេខ២), ស្លឹកធំ ហើយរឹង មានរាងពកៗ (រូបលេខ៣) ប្រភេទនេះតែងឃើញដុះនៅដីគោក តែជិតមាត់ទឹក។

- ក្ទម្ពទឹក មានកម្ពស់ពី៥-១០ម. ដុះនៅតាមត្រពាំង កញ្ចន់ ឬទីមានទឹកនានា (រូបលេខ៤), ដើមរាងពក, សម្បកគ្រើម រីឯស្លឹកវិញគឺតូច ហើយរឹង (រូបលេខ៥)។ 

- ក្ទម្ពទឹកធំ  បើតាមឯកសារគឺខ្ពស់ជាងនោះទៅទៀត អាចពី៨-១៥ម.។ ស្លឹកមានជាតិចត់ ល្វីង តែអាចបរិភោគជាបន្លែបាន។

គេយកផ្នែកផ្សេងៗនៃក្ទម្ពមកប្រើជាឱសថ។ ស្លឹកប្រើជាថ្នាំឱ្យបាយបាន ឯសម្បកវិញប្រើជាថ្នាំព្យាបាលរោគទាស់ផ្សេងៗ ចំពោះស្ត្រីដែលទើបនឹងឆ្លងទន្លេ។ គ្រូថ្នាំខ្លះយកលំពង់ ក្ទម្ព (ដើមខ្ចីថ្មីដែលទើបនឹងលូតចេញពីដើមចាស់) មកកាត់ជា៧កំណាត់ ហើយចងភ្ជាប់គ្នាដោយអំបោះខ្មៅ៣ចំណង, យកលំពង់ថ្កូវមកធ្វើដូចគ្នាដូច្នោះដែរ, យកមើមខ្ទឹម៧កំពឹស, ម្រេច៧គ្រាប់, ដែកគោល១ដើម ទាំងអស់នេះដាក់ស្ងោរ ហើយយកទឹកឱ្យអ្នកកើតរោគទាស់នោះហូបដូចគ្នា។

ផ្កាក្ទម្ពពេលនៅស្រស់មានពណ៌លឿងខ្ចី (រូបលេខ៦-៧) ហើយតែងមានក្លិនក្រអូបឈ្ងុយឈ្ងប់។ ផ្កានោះច្បាស់ជាអ្នកស្រុកដែលនៅតាមជនបទ មើលឃើញថាជាទីគាប់ភ្នែកហើយ ទោះជាកេសររោយអស់ក៏ដោយ (រូបលេខ៨) បានជាគេហូតចុងកន្សែង ហើយចងឱ្យមានលំនាំតាមផ្កានោះ ហើយគេហៅថា “រំយោលផ្កាក្ទម្ព” មានទាំងចម្រៀងភ្លេងការថែមទៀត ផង។ មិនតែប៉ុណ្ណោះគេចម្លងផ្កាក្ទម្ពនេះរហូតដល់ទៅជាគ្រឿងអលង្ការ ដូចមានក្រវិលរូបលេខ៩-១១ជាឧទាហរណ៍ស្រាប់។ ចូរយើងកុំភ្លេចថានៅសមយ័បុរាណ ខ្មែរនិយមចម្លងក្បាច់អលង្ការតាមផ្កាក្នុងធម្មជាតិណាស់  ទើបបានជាពាក្យទូទៅសម្រាប់គ្រឿងពាក់នឹងត្រចៀកហៅថា “ផ្កាត្រច្យក” មានន័យថា “ផ្កា [ពាក់នៅ]ត្រចៀក” ។