ផ្កាចារ

ដោយ អាំង  ជូលាន

 ដើមចារពុំសូវឃើញមានតាមទីក្រុងឡើយ បើនៅតាមជនបទទើបឃើញម្តងម្កាល។ នៅរដូវប្រាំងហើយក្តៅ ដើមនេះចេញផ្កាស្គុះស្គាយ ថែមទាំងជ្រុះនៅតាមគល់ផង (រូបលេខ១-៣)។ រីឯពណ៌វិញ គឺនៅចន្លោះស្លាទុំនិងក្រហម មើលទៅគួរជាទីត្រកាលពន់ពេក។

យើងធ្លាប់ស្គាល់ឬធ្លាប់ឮហើយ ចម្រៀងកំសាន្តជាប្រពៃណីដែលមាននៅក្នុងភ្លេងខ្មែរ ហើយដែលមានឈ្មោះថា “សំពោងផ្កាចារ”។ ស្តាប់ទំនុកនោះទៅ ឃើញថាស្រីៗគេយកផ្កានោះមកសៀត ឬដោតសក់ជាលម្អ។ គួរឱ្យស្តាយដែរ សព្វថ្ងៃនេះ ដោយសារគ្រឿងតុបតែងមុខមាត់សម្បូណ៌ពេកទៅ ពុំដែលឃើញនរណាធ្វើរបៀបនោះទៀតសោះ។

ប៉ុន្តែយ៉ាងណាក៏ដោយ គង់មានអ្នកស្រុកខ្លះយកផ្កានេះមកប្រើប្រាស់ក្នុងគ្រឿងបូជា ជាពិសេសក្នុងរណ្តាប់ពិធីផ្សេងៗ។ រូបលេខ៤-៦ សុទ្ធសឹងបង្ហាញពីផ្កាចារក្នុងរណ្តាប់នានានៅក្នុងពិធីពូនភ្នំស្រូវនៅទីជនបទមួយដ៏តោកយ៉ាកក្នុងខេត្តសៀមរាប។ ពេលដែលខ្ញុំឃើញអ្នកស្រុកនិយមប្រើរុក្ខជាតិរបៀបនោះ ខ្ញុំយល់ភ្លាមថា អ្នកទាំងនេះក្រតែខ្លួនទេ តែចំណូលចិត្តដែលពាក់ព័ន្ធនឹងសោភ័ណភាព ឃើញថាមានកម្រិតសិល្បៈគួរឱ្យចាប់អារម្មណ៍។