ផ្ការំចេក

ដោយ ព្រាប ចាន់ម៉ារ៉ា

នៅជំពូកទី៥ លេខរៀងទី១៩ អ្នកអានអាចនឹងឃើញការបរិយាយអំពី «រំចេក» ម្តងមកហើយ ឯអត្ថបទនោះសំដៅជាពិសេសតែទៅលើការប្រើប្រាស់ស្លឹករំចេក ក្នុងការយកមកត្បាញជាវត្ថុផ្សេងៗ មានកន្ទេលតូចធំ ឬការុងជាដើម។ រីឯជំពូកទី១ លេខរៀងទី១១វិញ និយាយពីនំម៉្យាងហៅថា “នំលម្អងរំចេក” តែគ្នានទាក់ទងអ្វីនឹងការប្រើប្រាស់រំចេកឡើយ។ គេឲ្យឈ្មោះនំដូច្នោះ ដោយសាររូបរាងនិងកម្ទេចម្ស៊ៅនំនោះ មើលទៅស្ទើរដូចជាលម្អងរំចេកដូច្នោះមែន។

លើកនេះ ខ្ញុំយកតែផ្ការំចេកមកនិយាយ។ រំចេកកម្រនឹងបានឃើញផ្កាវាណាស់  បើអ្នកនៅតាមភូមិ ពេលដើរទៅណាមកណាតែងសម្លឹងរកចំណាំ ដ្បិតនរណាក៏ចង់បានផ្កានោះមកដែរ ដោយសារលម្អងវាក្រអូបឈ្ងុយឈ្ងប់។ គេអាចប្រមូលលម្អងនោះមកដាក់ក្នុងថង់អ្វីមួយ ហើយយកមកអប់សម្លៀកបំពាក់ក្នុងហឹប ឬទូដាក់ខោអាវ។ រូបលេខ១ ជារូបផ្ការំចេកដែលចាប់ផ្តើមរីកហើយ  តែដែលនៅជាប់នឹងដើមនៅឡើយ។ រូបលេខ២ គឺរូបផ្ការំចេកដែលកំពុងតែរីក ហើយមានគេចូលកាច់ មិនខុសពីចម្រៀងថាឡើយ។ រូបលេខ៣ បង្ហាញពីផ្ការំចេកដែលគេកាច់យកមក ហើយតែមិនទាន់បក។ បើបក ហើយញែកបន្តិចទៅនឹងឃើញដូចរូបលេខ៤-៥។ បើយកដៃទៅគោះបន្តិចៗនឹងខ្ទាតចេញជាលម្អងផង់យ៉ាងក្រអូប (រូបលេខ៦-៧)។

ដោយសារគុណសម្បត្តិធំរឿងក្រអូបនេះហើយ បានជាអារក្សនៅតាមតំបន់ខ្លះតែងតម្រូវឲ្យមានផ្ការំចេកនេះ ហើយនៅពេលចូល រូបនោះលើកយកមកហិត។ កាយវិការនេះមិនត្រឹមតែជាចំណូលចិត្តរបស់រូបប៉ុណ្ណោះទេ តែគឺអ្នកស្រុកខ្លះ ដូចជានៅម្តុំស្រុកបាធាយ ខេត្តកំពង់ចាមជាដើម តែងនិយម ឬចាត់ទុកថាជាការចាំបាច់។ ដូច្នេះហើយបានជានៅរូបលេខ៨ យើងឃើញថាគេយកផ្ការំចេកមកតម្កល់លើពានឈើមួយនៅជិតរណ្តាប់ដទៃទៀត។ នៅរូបលេខ៩-១០ គឺរូបអារក្សដែលកំពុងចូល យកដៃទៅកាន់ផ្កានោះ ហើយលើកត្រកងឡើង។

លម្អងរំចេកដែលទាក់ទងនឹងវប្បធម៌ មិនអស់តែត្រឹមនេះទេ  ខ្មែរទូទៅ ជាពិសេសអ្នកដែលនៅតំបន់ខាងជើង ច្រើនស្គាល់រឿងនាងទន់សាស្ត្រា ឬនាងលម្អងរំចេក ដែលតែងតែទាក់ទងនឹងបុរាណដ្ឋានខ្មែរអ្វីមួយ។ រឿងនោះសង្ខេបខ្លីឲ្យមកនៅតែពីរបីមាត់ថា នាងលម្អងរំចេក ឬនាងទន់សាស្ត្រានោះជាកូនស្តេចដំរីស។ ឪពុកនោះតែងតែអប់សក់កូនស្រីឲ្យក្រអូបរៀងរាល់ពេល ដោយលម្អងរំចេកនោះឯង។ ដោយមានហេតុភេទអកុសលផ្សេងៗ ឪពុកនិងកូននោះបែកគ្នា។ ឪពុកក៏ដើររកកូនគ្រប់ទិសទី ឲ្យតែឃើញប្រាសាទណា តែងតែយកប្រមោយទៅកាច់កំពូលដើម្បីឈ្ងោកមើលថា តើកូននៅទីនោះឬអត់។ ក្រោយមកឪពុកជាដំរីនោះក៏អស់ជីវិតដោយសារសោកសង្រេងរីងរៃ។ អ្នកស្រុកនៅស្រយង់-កោះកេរ្តិ៍ (ខេត្តព្រះវិហារ) និយាយគ្រប់គ្នាថា ទួលធំមួយដែលនៅចំពីក្រោយប្រាសាទធំនៅកោះកេរ្តិ៍នោះ ជាផ្នូរស្តេចដំរីសនោះឯង។ រីឯប៉ែកខាងលើនៃប្រាង្គបាក់បែកអស់នោះ ក៏ដោយសារតែស្តេចដំរីសទៅកាច់រកមើលកូនដែរ។ បើខ្មែរនៅខេត្តសុរិន្ទ្រ (បច្ចុប្បន្ននេះជាប្រទេសថៃឡង់ដ៍) មានជាឧទាហរណ៍ គឺប្រាសាទមួយដែលមានឈ្មោះថា «បានភ្លួង» ដែលនិយាយថាកំបុតផ្នែកខាងលើ ដោយសារស្តេចដំរីសកាច់ដូចគ្នា (រូបលេខ១១)។ អ្នកស្រុកនៅឯណោះ មិនត្រឹមតែនិយាយរឿងនាងទន់សាស្ត្រាជាទូទៅប៉ុណ្ណោះទេ គឺនៅរាល់ពេលចូលឆ្នាំ គេរាំត្រុដិ ហើយគេច្រៀងរឿងនាងទន់សាស្ត្រានេះថា «នាងទន់សាស្ត្រាអើយ  នាងទន់សាស្ត្រា  ចេញមកឆាប់រ៉ា  ឪអប់សក់ឲ្យ  ឪអប់ពីមុខ  ឪអប់ពីក្រោយ  ឪអប់សក់ឲ្យ  ណានាងទន់សាស្ត្រា»។ រីឯខ្មែរដែលរស់នៅខាងជើងដូចគ្នាដែរ តែសព្វថ្ងៃនេះជាទឹកដីប្រទេសលាវ ក៏ស្គាល់រឿងដូចគ្នា។ រូបលេខ១២ ជាប្រាសាទខ្មែរ ដែលស្ថិតនៅក្នុងខេត្តចម្ប៉ាសាក់បច្ចុប្បន្ននេះ ហើយមានឈ្មោះថា «ប្រសាទនាងអ៊ីង»។ តួប៉មដែលឃើញថានៅខ្ពស់នោះ តាមពិតដំបូលក៏បាក់ធ្លុះដែរ (រូបលេខ១៣) ហើយគេនិយាយថា ស្តេចដំរីសមកកាច់ដើម្បីរកនាងលម្អងរំចេកដូចគ្នាដែរ។

បើយើងត្រឡប់មកមើលរូបលេខ២វិញ ហើយមិនដឹងរឿង  មើលឃើញដើមរំចេកហាក់ដូចជាក្រៀមក្រោះ មិនគួរឲ្យចាប់អារម្មណ៍អ្វីជាពិសេសឡើយ។  តែអត្ថបទទាំងពីរដែលពោលនៅខាងលើ ព្រមទាំងសំណេរដែលខ្ញុំនឹងបញ្ចប់ត្រឹមនេះ បង្ហាញច្បាស់ក្រឡែតថា រុក្ខជាតិនេះផ្ទុកនូវទំនៀមផ្សេងៗ ពោរពេញដោយវប្បធម៌។