ដោយ អឹុង សុខរិទ្ធី
ព្រហ៊ូតជារុក្ខជាតិមួយមានស្លឹកធំក្រាស់ ស្រដៀងនឹងដើមមង្ឃុត មានកម្ពស់ប្រមាណពី១០ទៅ១៥ម៉ែត្រ ឯឈ្មោះជារុក្ខជាតិវិទ្យាគឺ Garcinia vilersiana។ ពីមុនមកគេតែងយកសម្បកមកធ្វើថ្នាំពណ៌សម្រាប់ជ្រលក់អំបោះឬសូត្រដើម្បីឲ្យមានពណ៌បៃតងឬពណ៌លឿងស្រអាប់មុននឹងយកទៅត្បាញ។ ឯសម្បកដើមព្រហ៊ូតនេះសោត គ្រូហ្មតែងយកមកបុកលាយនឹងសំបកដើមទ្រមូង ធ្វើឱសថព្យាបាលថ្លោះគ្រេចដៃជើង ដោយយកថ្នាំនេះមកបំពោកត្រង់កន្លែងឈឺ។ បើនិយាយពីសាច់ឈើតែម្តង គឺមិនសូវរឹងឬស្វិតជាប់ប៉ុន្មានឡើយ តែគេអាចយកមកប្រើប្រាស់ជាគ្រឿងខ្លះៗនៃគ្រោងឆ្អឹងផ្ទះ។
ព្រហ៊ូតមានផ្កាមូលៗស្ទើរប៉ុនគ្រាប់ឃ្លី ផ្តុំគ្នាជាកញ្ចុំពណ៌ស (រូបទី១) មានក្លិនក្រអូបឈ្ងុយ។ ផ្កានោះចេញនៅរដូវប្រាំងពេលក្តៅ ពោលគឺចាប់ចេញពន្លកនៅរវាងដើមខែផល្គុននិងរីកសាយពេញបន្ទុកនៅចុងខែចេត្រ ហើយនឹងរោយទៅវិញពេលមានភ្លៀងចាប់ធ្លាក់។ ព្រហ៊ូតមិនចេញផ្កានៅចុងសន្លឹកឬចុង មែកទេ តែនៅត្រង់ថ្នាំងនិមួយៗរបស់មែក (រូបលេខ២-៣) ហើយរីកផ្តុំគ្នាជាកញ្ចុំៗ។
រូបលេខ១
ខ្ញុំមិនដឹងថាជាទូទៅនៅប្រទេសខ្មែរ គេមានទម្លាប់ដូចអ្នកស្រុកខាងជើងឬខាងពាយ័ព្យឡើយ។ តែបើមើលមកអ្នកស្រុកក្នុងតំបន់អង្គរជាដើម គឺគេតែងបេះយកផ្កាព្រហ៊ូតមកអប់ទឹកឲ្យក្រអូបសម្រាប់យក មកប្រើក្នុងកិច្ចស្រង់ទឹក ឧទាហរណ៍ឲ្យចាស់ទុំដូចជាឪពុកម្តាយយាយតាជាដើម នាថ្ងៃទីបី វារៈទ្បើង ស័កនៃបុណ្យចូលឆ្នាំ (រូបទី៤)។ តាមពិតទៅកិច្ចស្រង់ទឹកនេះសម្ដៅមុនគេទៅមនុស្សស្រីដែលចាស់។ ដូច្នេះហើយបានជាអ្នកស្រុកខ្លះនិយាយថា «ស្រង់ព្រះកន្លោង»។ សព្វថ្ងៃអ្នកខ្លះយកទឹកអប់ដែលមានលក់ស្រាប់ៗមកលាយដែរ ហើយអាចថែមផ្កាឈើដទៃជាមួយនោះផង។
រូបលេខ៤