រាំងប្រសូត

 ដោយ ព្រាប ចាន់ម៉ារ៉ា

 ដើមដែលហៅថា “រាំង” មានច្រើនបែបយ៉ាងនៅកម្ពុជា។ បើគិតតាមរុក្ខវិទ្យា ខ្លះឥតមានទាក់ទងគ្នាអាចឱ្យចាត់ទុកថានៅក្នុងអំបូរតែមួយឡើយ។ នៅទីនេះខ្ញុំចង់បង្ហាញពី “រាំងប្រសូត” (អ្នកខ្លះហៅថារាំងភ្នំ)។ ឯឈ្មោះរុក្ខវិទ្យាជាឡាតាំងគឺ Couroupata guianensis។ បើតាមរុក្ខវិទូ ដើមនេះប្រហែលជានាំចូលមកប្រទេសកម្ពុជានៅស.វ.ទី១៦-១៧ប៉ុណ្ណោះ (រូបលេខ១)។ ឈ្មោះសាមញ្ញជាភាសាអង់គ្លេសហៅថា Canon-ball tree ដោយសារផ្លែនោះរាងមូលធំដូចគ្រាប់កាំភ្លើងកាណុងបុរាណដូច្នោះឯង (រូបលេខ២)។ គេជឿថាដើមនេះហើយដែលហៅជាភាសាសំស្ក្រឹតថា“សាលព្រឹក្ស”ហើយដែលព្រះនាងសិរីមហាមាយាតោង មែកចាប់ក្នុងពេលប្រសូតព្រះពុទ្ធអង្គ។ អាស្រ័យហេតុនេះ ផ្ការាំងប្រសូត (រូបលេខ៣) ក៏មានជំនឿនៅជាប់នឹងនោះ ពោលគឺគេយកទៅហាលដើម្បីដាំឱ្យស្រីមានគភ៌ជិតគ្រប់ខែទទួលទាន ក្នុងបំណងឱ្យសម្រាលកូនងាយ  គ្មានឧបសគ្គ។ សូមបញ្ជាក់ថា គេមិនបេះផ្កានោះពីមែកទេ គឺគេយកតែផ្កាដែលជ្រុះស្រាប់ ព្រោះគំនិតនោះគឺភ្ជាប់ទៅនឹងទារកចេញមកពីផ្ទៃបានស្រួល ហើយម៉្យាងទៀតដោយហេតុថាផ្កានេះពេលរុះចាកទង ជួនកាលពុំរោយទេ គឺនៅរក្សាខ្លួនទាំងមូលដដែល ពេលដែលធ្លាក់មកដល់ដី (រូបលេខ៤)។ ផ្នែកនៃពុទ្ធប្រវត្តិនេះ ពុទ្ធសាសនិកគ្រប់ជាតិសាសន៍តែងស្គាល់ ហើយនិយមគូរឬឆ្លាក់តាមទីបូជាផ្សេងៗ។ រូបលេខ៥-៦ ជាឧទាហរណ៍គំនូរនៅវត្តខ្មែរ។ រូបលេខ៧ ជាចម្លាក់នៅប្រាសាទ Borobudurនៅប្រទេសឥណ្ឌូនេស៊ី (ស.វ.ទី៩)។ ឯរូបលេខ៨ គឺចម្លាក់ឥណ្ឌា (រវាងដើមគ្រិស្តសករាជ្យ) ដែលសព្វថ្ងៃនៅក្នុងដីប្រទេសប៉ាគីស្ថាន។ ប៉ុន្តែជួនកាលគេក៏មានជំនឿថា ព្រះពុទ្ធអង្គចូលព្រះបរិនិព្វានក្រោមដើមនេះដែរ ដូចមានបង្ហាញនៅរូបលេខ៩-១០។ ដូច្នោះហើយ បានជាយើងឃើញដើមនេះនៅតាមទីបូជាសពខ្លះៗក្នុងវត្ត។ បើនៅភ្នំពេញ គឺមានវត្តលង្កានិងវត្តព្រះពុទ្ធជាឧទាហរណ៍។