រំចេក

ដោយ អាំង ជូលាន

 រំចេក (Pandnus pierrei) ច្រើនដុះនៅតាមមាត់ទឹក, មាត់អូរ, ស្នាមភ្លោះ៘ គេច្រើនដាំជារបងដែរ ព្រោះតែកាលណាដុះក្រាសទៅ ពុំអាចសត្វពាហនៈអ្វីឆ្លងកាត់បានទេ ត្បិតដើមនេះមានបន្លាដុះជាជួរតាមគែមស្លឹក។ សូមកុំច្រឡំរំចេកស្រុកដែលទើបនឹងពោលមកនេះជាមួយរំចេកព្រៃ។ រំចេកព្រៃ ពុំដែលឮថាយកស្លឹកទៅប្រើការអ្វីទេ តែផ្កាសំខាន់ណាស់ ព្រោះគេយកទៅប្រើក្នុងពិធី ដោយសារក្លិនក្រអូបឈ្ងុយឈ្ងប់ សមនឹងមានពាក្យក្នុងចម្រៀងដូច្នោះមែន។ គឺលំអងផ្កានេះតែម្តងដែលក្រអូបខ្លាំង ដូច្នេះហើយអ្នកខ្លះយកទៅអប់សម្លៀកបំពាក់។

នៅទីនេះនិយាយតែពីរំចេកស្រុកប៉ុណ្ណោះ។ រូបលេខ១ គឺដើមដែលកំពុងមានផ្លែ។ គេតែងទៅកាប់យកស្លឹកដើម្បីត្បាញកន្ទេល (រូបលេខ២)។ ពេលកាប់បានហើយ ជាដំបូងគេត្រូវ ឆូតយកបន្លានៅតាមគែមសងខាងនោះសិន ដោយប្រើដែកឆូតក្នុងរូបលេខ៣។ ជួនកាលឧបករណ៍សម្រាប់ឆូតបន្លាតូចស្រាលជាងនេះ សម្រាប់កាន់នឹងដៃផ្ទាល់តែម្តងនៅពេលឆូត។ អ្នកខ្លះឆូតយកបន្លាចេញនៅទីកន្លែងដែលទើបនឹងកាប់ស្លឹកនោះតែម្តង (រូបលេខ៤) អ្នកខ្លះយកស្លឹកមកផ្ទះសិនទើបឆូត (រូបលេខ៥)។ យ៉ាងណាក៏ដោយ ឆូតហើយត្រូវបូតសំអាតឲ្យរាបបន្តិច ហើយហាលឲ្យស្ងួតមួយសាសិន (រូបលេខ៦-៧)។ លុះស្លឹកស្ងួតស្រួលបួលហើយ មុននឹងត្បាញគេមានឈើមួយ  ហៅថាដង្កួត សម្រាប់កោសពង្រាបស្លឹកកុំឲ្យរមួល (រូបលេខ៨)។ ជាទូទៅ កន្ទេលធ្វើពីរំចេកតែងតែមានក្រឡាធំ ពោលគឺទំហំទទឹងស្លឹកនោះ ឯង។ នៅរូបលេខ៩ យើងឃើញកន្ទេលដែលត្បាញហើយ និងកន្ទេលដែលទើបនឹងចាប់ផ្តើមត្បាញ។ រូបលេខ១០ បង្ហាញថាសព្វថ្ងៃ នៅមានគេត្បាញក្រឡាតូចញឹកម្តងៗដែរ ថ្វីត្បិតតែជាការងារយូរ តម្រូវឲ្យមានអំណត់ខ្លាំង។ នៅរូបនេះ បើប្រៀបកន្ទេលក្រឡាធំដែលក្រាលសម្រាប់ធ្វើការ ទៅនឹងកន្ទេលក្រឡាល្អិតដែលកំពុងត្បាញនោះ ឃើញថាខុសគ្នាយ៉ាង ណាហើយ។ ក្នុងពពួកតម្បាញរំចេកក្រឡាល្អិតនេះ គេអាចធ្វើជាកូនកន្ទេលតូច ល្មមសម្រាប់តែមនុស្សម្នាក់អង្គុយ មើលទៅគាប់ភ្នែកខ្លាំងណាស់។ ដោយសារក្រឡាល្អិតទន់ ពេលមូរក៏ស្រួល (រូបលេខ១១) លាប្រើវិញក៏ស្រួល (រូបលេខ១២)។ បើពុំនោះទេ គេអាចធ្វើការុង ឬទៃដែលមានទំហំតូចជាងនោះ (រូបលេខ១៣) សម្រាប់ដាក់អ្វីកំប៉ិកកំប៉ុក ពេលធ្វើដំណើរយកទៅតាមខ្លួន ក្របួចតែមាត់ចងទៅជាការស្រេច។

វត្ថុអស់ទាំងនេះ កើតឡើងដោយមានតម្រូវការប្រើប្រាស់ដូច្នោះមែនហើយ តែមនុស្សតែងផ្ចិតផ្ចង់ឲ្យមានសោភណភាពទៀត។ មើលតែរូបលេខ១៤ ទៅឃើញហើយថា កាំបិតដែលប្រើសម្រាប់កាត់តម្រឹមស្លឹកពេលត្បាញនោះ រាងសង្ហាយ៉ាង។