សម្រង់ពាក្យសូត្ររម្ងាប់សសរ

ដោយ  គង់  វីរៈ

 

ន័យនៃពាក្យ “បរិស្ថាន” ដែលយើងនិយមរាប់រកសព្វថ្ងែគឺវិស័យដែលនៅជុំវិញខ្លួនយើង, ផ្ទះយើង, លំនៅស្ថានអ្នកស្រុកទាំងមូល... បានសេចក្តីថាជាវិស័យដែលទាក់ទងស្រុកផងនិងព្រៃផង។ វិស័យព្រៃជាវិស័យដែលអ្វីៗជាធម្មជាតិ ពុំមានអន្តរាគមន៍ពីមនុស្ស (គឺកើតឡើងតាមសណ្តាប់មួយដែលមិនមែនជាសណ្តាប់មនុស្ស)។ ប៉ុន្តែ ទោះជាយ៉ាងណាក៏មនុស្សតែងរុករកភោគផលនានាពីព្រៃដែរ ដូច្នេះព្រៃពុំដាច់ចេញទាំងស្រុងអំពីស្រុកឡើយ ហើយម៉្យាងទៀត ស្រុកនីមួយៗ ដើមឡើយក៏ជាព្រៃដែរ។ ទោះជាមនុស្សធ្វើការរុករកម្តងម្កាលដូច្នេះក្តី ក៏ក្នុងជំនឿ ព្រៃនៅតែជាវិស័យរបស់ “អមនុស្ស”។ ដូច្នេះហើយអមនុស្សផ្សេងៗតែងគ្រប់គ្រងទីស្ថាន, រុក្ខជាតិ, សត្វដែលរស់នៅក្នុងនោះ។ ឱទាហរណ៍ គេតែងនិយាយថាហ្វូងដំរីព្រៃតែងមានពពួកម្រេញគង្វាលជាអ្នកឃ្លាំ ឬត្រួតត្រា។ ហ្មទាក់ដំរីត្រូវចេះមន្តអាគមផ្សេងៗ ដើម្បីធ្វើយ៉ាងណាឲ្យដំរីដែលទាក់បាន ចេញផុតពីវិស័យព្រៃ ត្បិតមុននឹងផ្សាំងអស់ពេលយូរនោះ គេត្រូវមានពិធី “ផ្តាច់ព្រៃ” ដែរ។

ឈើដែលយកពីព្រៃមកប្រើប្រាស់ក្នុងស្រុក ជាពិសេសបើយកមកធ្វើផ្ទះដែលជាលំនៅប្រចាំថ្ងៃសំខាន់បំផុតរបស់មនុស្សនោះ ក៏ត្រូវមានពិធីដែលន័យធំនោះគឺផ្តាច់ព្រៃនោះដែរ ដែលគេនិយមហៅថា “រម្ងាប់” ពោលគឺធ្វើយ៉ាងណាឲ្យគ្រឿងមន្ទិលដែលជាព្រៃនោះ របូតរលូតចេញអស់។ ឧទាហរណ៍ដែលខ្ញុំយកមកចុះនៅទីនេះ គឺជាសម្រង់ពាក្យដែលអាចារ្យម្នាក់សូត្ររម្ងាប់សសរក្នុងកិច្ចមួយដែលគេធ្វើដើម្បីលើកសសរកន្លោងផ្ទះ។

 

សម្រង់ពាក្យសូត្ររម្ងាប់សសរ

នមោតស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធតស្ស ។(៣ដង) ពុទ្ធរម្ងាប់ ធម្មរម្ងាប់ សង្ឃរម្ងាប់ ទើបគ្រូប្រើអញឲ្យរម្ងាប់ឈើនោះនៃ កាលនៅក្នុងព្រៃវល្លិព័ទ្ធ សេកទំថ្នាំងំ ពាំសំបក ជ្រូកសក កន្លង់ ប្រេះស្រាំ ឃ្មុំទិច កាត់ជ្រុងមិនដាច់ កាត់ជ្រុងរមូល ឈូសរោលខ្លួន មិនមានសួស្តិ៍ យើងនេះគួរចង់ចាប់អំបោះចងដៃ ថ្ងៃនេះថ្ងៃជាវេលាជោគជ័យរៀបលើកសសរថ្មីព្រឹកនេះឯងណា សសរកកោះ ខឹងហើយ កុំជេប្រទិចផ្តាសា ដើមផ្ចឹកត្បែងខ្លុង លើកឡើងសម្រូងសំបូងបវរណា លើកឡើងបោសច្រាសប្រក់ព្រំ រួចស្រេចល្អល្អាច់ជាម្តង អញ្ចើញគ្នាម្តងលើកសសរក្នុងវេលាព្រឹកនេះថ្ងៃនេះ (បីដង) ។

ជាងពីព្រះឥន្ទ្រ ជាងពីព្រះព្រហ្ម ជាងពីព្រះយម ជាងពីព្រះកាល ព្រះបរមីសូរ សុំលោកចុះមកសណ្ឋិតគ្រប់ ជាងឲ្យតាំងក្បួនខ្នាតប្រដាប់ស្អាងស្អាត ឲ្យជាងតាក់តែងគិតសង់ផ្ទះមួយស្រឡះ អនគ្ឃអនេក ថ្លាថ្លែង ទុកឲ្យអ្នកមាសនាងប្រាក់នេះមួយមានឈ្មោះនាងប្រពៃមួយនៅផ្ទះនេះហោង

សសរជាច្បងជាធំកន្លោងក្នុងវង្សសសរ អ្នកឯងជាធំជំនុំ ឲ្យគ្រប់ទោះបីកាចជា រម្ងាប់ឲ្យអស់នូវអ្នករក្សានិងផ្ទះនេះណាឲ្យសុខក្សេមក្សាន្ត កើតកូនកើតចៅកើតផៅ សណ្តាន មាសប្រាក់ ទ្រពមានហូរចូលនោះផង មាសដូចគេចាក់ប្រាក់ដូចគេគរ មានខ្ញុំកំដរឲ្យប្រើអស់ហោង។ សព្វេពុទ្ធានុភាវេន ធម្មានុភាវេន សង្ឋានុភាវេន ពុទ្ធរតនំ ធម្មរតនំ សង្ឃរតនំ........អានុភាវេន សូមតេជៈបារមីអញ្ជើញបីបាច់ថែរក្សាអាយុយឺនណាស់ ត្រជាក់ត្រជុំចម្រុងចម្រើន។