ដោយ ហ៊ួន សាវង
នៅក្នុងបណ្តាញពត៌មានវប្បធម៌ខ្មែរនេះធ្លាប់មានអត្ថបទចុះផ្សាយខ្លះមកហើយអំពីការប្រើប្រាស់ឬស្សីជាគ្រឿងសំណង់ ឧទាហរណ៍នៅជំពូក៥, លេខរៀងទី៣៩។ នៅក្នុងអត្ថបទមុននោះ អ្នកនិពន្ធលើក យកមកបង្ហាញអំពីសារៈសំខាន់នៃការប្រើប្រាស់ឬស្សីជាគ្រឿងសំណង់ផ្ទះសម្បែងរបស់ជាតិពន្ធុមួយក្រុមរស់នៅតំបន់ភាគឦសាននៃប្រទេសកម្ពុជា។ ដោយឡែកក្នុងអត្ថបទនេះ ខ្ញុំសូមលើកយកការប្រើប្រាស់ឬស្សីរបស់អ្នកចម្ការនៅតំបន់តាកែនកោះស្លាក្នុងខេត្តកំពតមកបង្ហាញម្តង ដ្បិតបើគិតពីទីតាំងភូមិសាស្ត្រឃើញថាតំបន់ទាំងពីរស្ថិតនៅផ្ទុយគ្នាស្រឡះ គឺមួយនៅភាគខាងជើងប្រទេសហើយជាតំបន់ប្រជុំភ្នំ ឯមួយទៀតនៅភាគត្បូងក្បែរសមុទ្រ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍គឺថា អ្នកចម្ការនៅភាគខាងត្បូងក៏និយមរាប់អានឬស្សីប្រើការជាគ្រឿងសំណង់មិនចាញ់ក្រុមជាតិពន្ធុនៅខាងជើងប៉ុន្មានដែរ។ តំបន់តាកែនកោះស្លាដែលកំពុងនិយាយនេះមិនទាន់ក្រឈើណាស់ណាទេ បើក្រឡេកមើលជុំវិញនោះទៅឃើញថានៅមានព្រៃច្រើនគួរសមដែរ ល្មមអាចរកឈើធ្វើផ្ទះ ខ្ទមចម្ការឬសំណង់តូចតាចដទៃទៀតបាន។ ប៉ុន្តែគេបែរជាឲ្យសារៈសំខាន់ទៅឬស្សីច្រើនជាង។ ជាទូទៅគេបែងចែកឬស្សីជាពីរក្រុមធំៗ គឺក្រុមឬស្សីស្រុក និងក្រុមឬស្សីព្រៃ។ នៅតំបន់នេះឃើញមានឬស្សីព្រៃដុះដោយធម្មជាតិច្រើនប្រភេទដូចជា ៖ ឬស្សីឃ្លៃ, ឬស្សីព្រេច, ឬស្សីត្រាច់, ឬស្សីរលៀក, ឬស្សីថ្ង, ឬស្សីទ្រនំមាន់ និងម្យ៉ាងទៀតហៅថា ឬស្សីព្រៃតែម្តង។ ក្នុងបណ្តាប្រភេទឬស្សីដែលរៀបរាប់មកនេះ គេនិយមប្រើឬស្សីឃ្លៃនិងឬស្សីព្រៃច្រើនជាងគេ ដ្បិតវាមានសាច់រឹងល្អ។ ឬស្សីឃ្លៃមានដើមតូចទំហំប៉ុនកដៃកូនក្មេង និងមានប្រហោងកណ្តាលតូចងាយស្រួលពត់ អាចប្រើការជាគ្រឿងសំណង់ផ្ទះដូចជាមេជញ្ជាំង, បង្កង់ និងស្នួរកណ្តុរ (បើសំណង់ធំហៅថាផ្លាន) ជាដើម ដូចឃើញនៅរូបលេខ១។ ចំណែកឬស្សីព្រៃមានដើមធំ ហើយរូបរាងដូចគ្នាទាំងស្រុកនឹងដើមឬស្សីស្រុក ខុសត្រង់តែមានបន្លានៅដៃប៉ុណ្ណោះ។ ឬស្សីព្រៃអាចប្រើការជាប្រយោជន៍បានច្រើនបែបណាស់រាប់តាំងពីដើម, ស្លឹក, ទំពាំងនិងដៃរបស់វា។ ស្លឹកឬស្សីព្រៃអាចយកមកស្ងោរធ្វើជាថ្នាំផ្សំនឹងស្លឹកឬស្សីស្រុក, ស្លឹកពោល្យំ និងស្លឹកបាយម៉ានឲ្យស្ត្រីសរសៃខ្ចីដែលទើបនឹងឆ្លងទន្លេរួចឆ្ពង់មុខ។ គេក៏អាចយកស្លឹកនិងដៃខ្ចីៗរបស់ឬស្សីព្រៃឲ្យគោស៊ីបំបាត់អាការៈរាគបានដែរ។ បើក្នុងផ្នែកសំណង់និងគ្រឿងប្រើប្រាស់វិញ គេអាចយកដើមឬស្សីព្រៃធ្វើជាជញ្ជាំងផ្ទះឬជង្រុកស្រូវ (រូបលេខ២), ក្រាលជារនាប, ធ្វើជាគ្រែអង្គុយ (រូបលេខ៣-៤), កាទឹក (រូបលេខ៥), បំពង់ចង្កៀង (រូបលេខ៦) និងរបស់របរប្រើប្រាស់ផ្សេងទៀតតាមដែលអាចឆ្នៃបាន។
ចំពោះការយកដើមឬស្សីព្រៃមកធ្វើជាជញ្ជាំងឬក្រាលជារនាប ដំបូងគេត្រូវរើសរកដើមណាធំនិងត្រង់ល្អ បន្ទាប់មកទើបលះមែកនិងថ្នាំងឲ្យស្អាត រួចទើបយកពូថៅមកកាប់ចោះៗឬហៅថា «សាប់» គ្រប់ថ្នាំងទាំងអស់តាមបណ្តោយសាច់ឬស្សីដោយលៃទុកចន្លោះពីមុខពូថៅមួយទៅមុខពូថៅមួយទៀតប្រមាណទំហំប៉ុនម្រាមដៃឬតូចជាងនេះតាមចិត្តចង់ (រូបលេខ៧-៨)។ ពេលសាប់ថ្នាំងរួចហើយ គេចាប់ពុះបំបែកពន្លាពីចុងម្ខាងទៅម្ខាងទៀត រួចទើបផ្កាប់ផ្នែកខាងពោះទៅដីហើយដើរសង្កត់ឬដំពីលើដើម្បីឲ្យឬស្សីលាតមុខធំនិងស្មើល្អ (រូបលេខ៩-១០)។ ប្រសិនបើគេចង់បានបន្ទះកាន់តែធំ គេត្រូវសាប់ថ្នាំងផ្នែកខាង ពោះឲ្យកាន់តែញឹក (រូបលេខ១១)។ ដើមឬស្សីដែលមានទំហំតូចល្មម ពេលដំជាបន្ទះទៅអាចបានមុខកាត់ទទឹងប្រមាណ១តឹកកន្លះ ឯដើមធំវិញអាចបានរហូតដល់៣តឹក។ បើគេប្រើបន្ទះនោះធ្វើជាជញ្ជាំងផ្ទះធម្មតា គេដាក់បន្ទះឬស្សីខាងក្រៅមេជញ្ជាំងដោយផ្កាប់ពោះចូលក្នុងហើយចងខ្សែឬវាយដែកគោលពីលើ។ ដោយឡែកបើធ្វើជាជញ្ជាំងជង្រុក គេដាក់បែរពោះឬស្សីចេញមកក្រៅផ្ទប់ជាប់នឹងមេជញ្ជាំងឲ្យខ្នងបែរចូលក្នុងទៅវិញដូចឃើញនៅរូបលេខ១២។ ដើម្បីឲ្យឬស្សីនោះគង់ជាប់បានយូរ មុនពេលយក មកប្រើគេត្រូវយកទៅដាក់ត្រាំទឹកចោលមួយរយៈសិន។
ចំណុចដែលជាទីចាប់អារម្មណ៍រួមចំពោះការដែលគេចូលចិត្តប្រើឬស្សីមិនថាអ្នកនៅតំបន់ខាងជើងឬអ្នកនៅខាងត្បូង គឺថាមនុស្សយល់ដូចគ្នា ដ្បិតឬស្សីងាយស្រួលប្រើដោយគេពុំចាំបាច់ចំណាយពេល អារ កាត់ ជ្រៀក ឈូស រំលីងវែងឆ្ងាយដូចឈើឡើយ ហើយម្យ៉ាងទៀតយើងសង្កេតឃើញថាការប្រើ ឬស្សីជាគ្រឿងសំណង់ក៏ពុំអាចជាប់គង់វង្សយូរអង្វែងដែរ ដូច្នេះសំណង់ណាដែលគេប្រើឬស្សី គឺគ្រាន់តែប្រើប្រាស់ជាជម្រកបណ្តោះអាសន្នក្នុងរយៈពេលណាមួយខ្លីតែប៉ុណ្ណោះ។