ដោយ ព្រាប ចាន់ម៉ារ៉ា
សារសំខាន់នៃរទេះក្នុងជីវិតរស់នៅជាប្រពៃណីខ្មែរពុំបាច់យកមករៀបរាប់ទេ ដ្បិតជារឿងដែលដឹងគ្រប់គ្នា (រូបលេខ១)។ បើសម័យមុននេះបន្តិចផង មនុស្សទៅប្រកបការងារ ឬក៏ទៅជួញប្រែទីឆ្ងាយតែងតែប្រើរទេះ (រូបលេខ២) សូម្បីតែសព្វថ្ងៃក៏យើងអាចឃើញរបៀបនេះខ្លះៗដែរ (រូបលេខ៣) ហើយពុំតែប៉ុណ្ណោះទេ ទោះជាក្នុងការធ្វើដំណើរបញ្ចោញមុខមាត់ឲ្យគេឯងឃើញ ក៏ប្រើរទេះដូចគ្នា (រូបលេខ៤-៥)។
ផ្នែកនីមួយៗនៃរទេះសុទ្ធសឹងមានតួនាទីក្នុងការប្រើប្រាស់ផង មានសោភ័ណផង ក្នុងចំណោមនោះគេសង្កេតឃើញថា ចន្ទោលជាផ្នែកមួយដែលមនុស្សយកចិត្តទុកដាក់ខ្លាំង។ នៅជំពូកទី៦ អត្ថបទលេខ៤ គេអាចយឃើញហើយអំពីតួនាទីនៃចន្ទោល។ ខ្ញុំគ្រាន់តែសូមរំលឹកថា រូបរាងចន្ទោលតែងខុសគ្នាពីតំបន់មួយទៅតំបន់មួយ ជួនកាលផ្នែកខាងចុងបង្អស់កោងទៅមុខ ជួនកាលបត់ទៅក្រោយ ជួនកាលចន្ទោលនោះវែង ជួនកាលទៀតខ្លី។ បើយើងយកចន្ទោលនៅរូបលេខ៦ (ដែលមានរូបលេខ៧ ជារូបពង្រីក) មកធៀបនឹងចន្ទោលនៅរូបលេខ៨ (ដែលមានរូបលេខ៩-១០ ជារូបពង្រីក) ក៏គង់ឃើញហើយថា គេសម្អិតសម្អាងរូបរាងចន្ទោលតាមបែបខុសៗគ្នា។ រូបរាងចន្ទោលមានច្រើនបែបយ៉ាងទៅទៀត ដែលខ្ញុំពុំចាំបាច់យកមកបង្ហាញនៅទីនេះឡើយ តែចំណុចមួយដែលដូចគ្នា គឺចន្ទោលតែងតែមានរូបរាងកោង។
នៅក្នុងបរិស្ថានធម្មជាតិវិញ គេឃើញមានសត្វល្អិតម៉្យាងប្រកបដោយពណ៌ស្រស់ចម្លែក ដែលគេឲ្យឈ្មោះថា «សត្វចន្ទោលរទេះ»។ ទទឹងខ្លួនសត្វនេះមិនលើសពីទំហំមេដៃមនុស្សទេ បើបណ្តោយខ្លួនវិញប្រវែងប្រមាណពីរថ្នាំងដៃ។ ខ្លួនសត្វនោះរាងប៉េងកំពុង ឯមុខវិញ សមតែជាប្រមោយ ហើយវែងងទៅលើ ធ្វើឲ្យនឹកឃើញភ្លាមទៅរកចន្ទោលរទេះ (រូបលេខ ១១-១២)។ បើនិយាយជាសមាមាត្រវិញ បណ្តោយនិងទទឹងហាក់ដូចជាមិនខុសអ្វីពី បណ្តោយនិងទទឹងរទេះគោឡើយ (រូបលេខ១៣-១៤)។
យើងតែងប្រទះជាញឹកញយថា ជួនកាលមនុស្សបង្កើតឧបករណ៍អ្វីមួយ ដោយឲ្យឈ្មោះប្រៀបទៅនឹងសត្វ ឬរុក្ខជាតិអ្វីមួយ ឧទាហរណ៍ ត្រសេះ, ជើងជ្រូក, ក្បាលមាន់ សុទ្ធសឹងជាឧបករណ៍ ដែលឲ្យឈ្មោះតាមសត្វ។ រីឯចន្ទោលរទេះវិញ ជាឈ្មោះដែលឲ្យបញ្ច្រាសពីនោះ គឺថាគេឲ្យឈ្មោះសត្វមានស្រាប់នៅក្នុងបរិស្ថានធម្មជាតិ ទៅតាមឧបករណ៍ ដែលជាស្នាដៃរបស់មនុស្សទៅវិញ។