ដោយ ព្រាប ចាន់ម៉ារ៉ា
ហៅថាសិល្បៈ គឺអ្វីៗដែលបានមកពីការតាក់តែង ច្នៃរចនាបង្កើតឡើងដោយល្បិចនានា ដើម្បីឲ្យគេឯងមានការជក់ចិត្តចាប់អារម្មណ៍។ ក្នុងនោះ ជួនកាលអ្វីមួយដែលមានក្នុងធម្មជាតិស្រាប់ តែគេយកទៅកែខៃសម្រិតសម្រាំងឲ្យមានសោភ័ណប្លែកខុសពីធម្មតា ជួន កាលទៀត អ្វីដែលពុំមានក្នុងធម្មជាតិនេះទេ តែគេប្រឌិតបង្កើតឡើងដោយទេពកោសល្យនៃមនុស្សយើង ឧទាហរណ៍ទីកន្លែង ឬតួអង្គឬមួយសត្វប្លែកៗនៅក្នុងរឿងព្រេងបុរាណជាដើម ទាំងអស់នោះសុទ្ធតែស្ថិតក្នុងវិស័យដែលហៅថាសិល្បៈ នេះឯងហើយ។ សិល្បៈមានច្រើនប្រភេទណាស់ បើពោលតែអំពីសិល្បៈក្នុងវិស័យចម្លាក់តែមួយមុខក៏ឃើញថាមានបែបផែនមិនតិចដែរ។ខ្ញុំសូមលើកយកផ្នែកតូចមួយនៃចម្លាក់ក្បូរក្បាច់លម្អនៅតាមប្រាសាទបុរាណខ្លះមកបង្ហាញនៅទីនេះ។ អ្វីដែលសព្វថ្ងៃយើងហៅតែមួយម៉ាត់ខ្លីថា “ក្បាច់” ដូច្នេះ តាមពិតទៅក្នុងនោះយើងសង្កេតឃើញថា មានរូបភាពច្រើនបែបយ៉ាងណាស់ ខ្លះជារូបស្រង់ពីរុក្ខជាតិផ្សេងៗ មានផ្លែ, ផ្កា, ស្លឹកជាដើម ខ្លះស្រង់ពីសត្វសព្វបែបយ៉ាង ខ្លះទៀតមានរូបរាងប្លែកខុសពីអ្វីៗដែលមាននៅលើលោកយើងនេះ។ នោះគឺជាការច្នៃប្រឌិត សម្រិតសម្រាំងដោយការប៉ិនប្រសប់របស់សិល្បករពិតៗ។ តទៅនេះ ខ្ញុំសូមបង្ហាញត្រួសៗអំពីក្បាច់លម្អដែលកើតចេញពីគំនិតប្រឌិតច្នៃនោះឯង។
នៅរូបលេខ១-២ ជាចម្លាក់លើជើងជញ្ជាំងប្រាសាទថ្មតូចមួយលើភ្នំហាន់ជ័យ (ខេត្តកំពង់ ចាម) សាងឡើងរវាងស.វ.ទី៦-៧។ រូបនេះទំនងជាស្លឹកឈើអ្វីម៉្យាង ដែលគេចម្លងយកមកច្នៃបង្កើតជាក្បូរក្បាច់រចនា។ បើយើងមើលចម្លាក់នេះឲ្យមែនទែនទៅ ឃើញថាផ្នែកខាងក្រោមទំនងជារូបជើងសត្វតោ ហើយផ្នែកខាងលើនៃដងខ្លួនវិញមានរូបរាងជាស្លឹករុក្ខជាតិ។ បើយើងមើលក្បាច់ចម្លាក់របៀបនេះនៅតាមប្រាសាទផ្សេងខ្លះទៀត គឺឃើញច្បាស់ថានេះជារូបដែលគេច្នៃផ្សំឡើងបញ្ចូលរុក្ខជាតិនិងសត្វឲ្យរលាយចូលគ្នា (រូបលេខ៣-៥)។ ឯរូប លេខ៦ គឺជារូបសត្វក្នុងពពួកម្រឹគ ក៏ប៉ុន្តែកន្ទុយនិងស្នែងក៏នៅមានលំនាំជារុក្ខជាតិដែរ។ រូបលេខ៧-៨ផ្នែកខាងក្រោមនៅតាមចំហៀងសងខាងមានរាងជាជើងសត្វអ្វីម៉្យាង ចំណែក ឯនៅចំពីមុខនិងត្រឹមដងខ្លួនឡើងទៅលើសុទ្ធតែជារុក្ខជាតិទាំងអស់។ រូបលេខ៩-១១ គឺជាសត្វហង្សដែលមានផ្នែកខ្លះនៃរាងកាយរលាយចូលគ្នាជាមួយនឹងផ្កាឬស្លឹកផ្សេងៗ។ រូប លេខ១២-១៣ ជាសត្វម្ករ។ រូបលេខ១៤-១៥ ជាផ្តែរទ្វារ។ នៅទីនេះយើងឃើញមានរូបសត្វផ្សេងៗច្រើនយ៉ាង និងមានរុក្ខជាតិ តាំងពីស្លឹករហូតដល់ផ្កាភ្ញីសព្វបែបផ្សំបញ្ចូលគ្នា បង្កើតបានជាក្បាច់រចនាយ៉ាងល្អពិចិត្រ គួរជាទីគាប់ភ្នែកក្រៃលែង។
បើខ្ញុំព្យាយាមយករូបរបៀបនេះមកបង្ហាញ គឺមានច្រើនណាស់ អាចថារាប់រយរាប់ពាន់ផងក៏មិនដឹង។ ប៉ុន្តែខ្ញុំសូមរៀបរាប់ខ្លីត្រឹមតែប៉ុណ្ណេះក៏អាចយល់ហើយអំពីគំនិតដែលហៅថាសិល្បៈនោះមានដល់កម្រិតណា។ មួយវិញទៀតគួរចាប់អារម្មណ៍ថា គំនិតមនុស្សលើលោកតែងគិតពីសត្វនិងរុក្ខជាតិ ដូចមានពាក្យបារាំងសេសថា La faune et la flore ឬជាភាសាអង់គ្លេស៍ថា Fauna and flora ។ ទាំងពីរនេះគេបញ្ចូលជាមួយគ្នាក្នុងជំពូកមួយនៃអត្ថបទ ឬសៀវភៅអ្វីមួយក៏ពិតមែន ក៏គង់តែចែកដាច់ពីគ្នាដែរ គឺបើប្រែជាខ្មែរឲ្យចំថា “សត្វនិងរុក្ខជាតិ”។ ឯរូបដែលខ្ញុំបង្ហាញទាំងប៉ុន្មាន ភាពស្អិតរមួតនេះកាន់តែខ្លាំងជាងនោះទៅទៀត ត្បិតយើងឃើញថាជា “សត្វ-រុក្ខជាតិ”។