ដោយ អាំង ជូលាន និង ព្រាប ចាន់ម៉ារ៉ា
នៅអាស៊ីភាគអាគ្នេយ៍នេះ គេដឹងថាពីមុនមកមានសត្វរមាសនៅច្រើន ដែលសុទ្ធសឹងតែជារមាសមានកុយតែមួយ ហៅជាភាសាឡាតាំងថា Rhinoceros unicomis។ នៅប្រទេសកម្ពុជា ថ្វីត្បិតតែរមាសដាច់ពូជជិតមួយសតវត្សទៅហើយ ក៏យើងដឹងច្បាស់ថាកាលពីមុនសម្បូណ៌ ហើយខ្មែរចាត់ទុកថាជាសត្វនេះមានសារសំខាន់ក្រៃលែង។ ជំនឿដែលទាក់ទងនឹងរមាសក៏មានជាប់រហូតមកដល់សព្វថ្ងៃនេះ មានជាអាទិ៍ជំនឿលើកុយពុក ដែលគេជឿថាមានអានុភាពខ្លាំងក្លា ដោយសារមានព្រាយកាន់។ បើពោលពីឈ្មោះស្រុកភូមិវិញក៏ច្រើនរាប់មិនអស់ ឧទាហរណ៍ រមាសហែក, ស្តុកអាចម៍រមាស, ក្បាលរមាស, ខ្នាចរមាស, របងរមាស (មានទាំងក្នុងចម្រៀងភ្លេងការទៀតផង ដែលនិយាយថា “របងរមាស របងដំរី របងប្អូនស្រី ចាក់ទឹកមិនលិច”)៘ បុរាណដ្ឋានខ្លះមានឈ្មោះថា “របងរមាស” ដូចនៅក្រុមប្រាសាទសម្បូណ៌ព្រៃគុកជាដើម។ បើនៅឧទ្យានអង្គរវិញមានបុរាណដ្ឋានឈ្មោះ “ក្រោលរមាស” ដល់ទៅពីរ ក្នុងនោះមានមួយជាកំពែងថ្មទាបមូលពីរជាន់ ដែលអ្នកស្រុកយល់ថាពីមុនមកគេទុកឬផ្សាំងរមាស (រូបលេខ១-២)។ ប្រការដែលគួរឱ្យចាប់អារម្មណ៍មួយទៀត គឺថានៅក្នុងអារ្យធម៌ឥណ្ឌា សត្វពពែជាជំនិះនៃព្រះអគ្នី។ ចំពោះខ្មែរវិញមិនទុករឿងនេះឱ្យនៅដដែលទេ គឺកែប្រែថាជំនិះនៃទេពនោះជារមាស ហៅថា “រមាសភ្លើង”។ នៅផ្ទាំងជញ្ជាំងប្រាសាទអង្គរវត្តមានឆ្លាក់ព្រះអគ្នីឈរនៅលើរមាស នៅថែវខាងជើង (រូបលេខ៣)។ បើនៅប្រាសាទបេងមាលាវិញ គេឆ្លាក់ព្រះអគ្នីជិះរមាស នៅលើផ្ទាំងហោជាងមួយ (រូបលេខ៤)។ នៅប្រាសាទភ្នំរុងវិញ (សព្វថ្ងៃនៅក្នុងទឹកដីប្រទេសថៃឡង់ដ៍) មានព្រះអគ្នីជិះរមាស ដែលគេឆ្លាក់នៅលើផ្ទាំងថ្មមួយ (រូបេលខ៥) មិនតែប៉ុណ្ណោះមានរមាសមួយទៀត ដែលជាចម្លាក់ទោល មិនជាប់នឹងផ្ទាំងអ្វីទាំងអស់ តែកុយនោះបាក់ទៅហើយ ព្រមទាំងព្រះអគ្នីដែលឆ្លាក់នៅពីលើក៏បាត់បង់ទៅហើយដែរ (រូបលេខ៦)។