ស្លឹកជក់

ដោយ ព្រាប  ចាន់ម៉ារ៉ា

ក្នុងបណ្តាញពត៌មានវប្បធម៌ខ្មែរនេះ មានច្រើនកន្លែងណាស់ដែលអ្នកនិពន្ធផ្សេងៗគ្នាធ្លាប់សង្កត់ធ្ងន់ទៅលើសារសំខាន់នៃបរិស្ថាននានា ដែលតែងតែមានឥទ្ធិពលត្រង់មកលើការរស់នៅរបស់អ្នកស្រុក។  រឿងដែលខ្ញុំលើកមកនេះពុំមានអ្វីថ្មីទេ បើនិយាយពីគំនិតទូទៅ  ដូច្នេះគ្រាន់តែជាឧទាហរណ៍មួយបន្ថែមទៀតមកគំនិតខាងលើដដែល។  ខ្ញុំនឹងលើកពីការប្រើស្លឹកសម្រាប់មូរថ្នាំជក់។ 

អ្នកដែលជក់ថ្នាំ ពោលគឺមិនមែនជាបារីលក់ស្រាប់ៗ មានច្រើនណាស់នៅតាមជនបទ ជួនកាលរៀបចំថ្នាំទុកបន្តិចបន្តួច គ្រាន់តែដោះស្រាយមួយគ្រាៗ (រូបលេខ១) ជួនកាលទៀត រៀបចំឲ្យមានរបៀបរបបវែងឆ្ងាយជាងនោះ (រូបលេខ២)។  រីឯស្លឹកសម្រាប់យក មកមូរនោះ គឺខុសៗគ្នាទៅតាមបរិស្ថាន ឬតំបន់។  ខ្ញុំពុំដឹងថា បើរាប់ឲ្យអស់ តើស្លឹកនោះយកមកពីរុក្ខជាតិអ្វីខ្លះឡយ  គ្រាន់តែសូមជូនជាឧទាហរណ៍ខ្លះៗនៅទីនេះ។

បើនិយាយជាទូទៅ នៅកន្លែងណា តំបន់ណា  ក៏មានអ្នកប្រើស្លឹកចេកដែរ  ដ្បិតនៅតាមភូមិករនានា គេតែងតែដាំដើមចេក (រូបលេខ៣) ដូច្នេះ ទោះជាបរិស្ថាននោះខ្សត់ខាងស្លឹកដែលយកមកមូរជក់ថ្នាំបាន ក៏គ្មានបញ្ហាអ្វីចោទឡើយ ព្រោះគេអាចយកស្លឹកចេកមកប្រើ។  ដូច្នេះហើយបានជាយើងតែងឃើញ ស្លឹកចេកដែលគេកាត់ទុក ពង្រាបក្រោមកន្ទេលជាដើម សម្រាប់មូរជក់ (រូបលេខ៤)។

បន្ទាប់ពីស្លឹកចេក ប្រហែលជាស្លឹកសង្កែហើយ ដែលគេប្រើជាទូទៅ ដ្បិតដើមនេះមិនសូវរើសទីកន្លែងសម្រាប់ដុះឡើយ  ជាពិសេសបើនៅទីទំនាបធម្មតា (រូបលេខ៥)។ គេតែងបេះស្លឹកទាំងនោះមកពង្រាបក្រោមកន្ទេល សម្រាប់មូរជក់ (រូបលេខ៦-៧) ជួនកាល បើឧស្សាហ៍ គឺគេដកទ្រនង់កណ្តាលមុន ដើម្បីឲ្យសន្លឹកនោះកាន់តែរាបស្មើ  ហើយមូរទៅមិនបាក់ផង។ 

បើនៅតាមជើងភ្នំ ឬក៏នៅតាមតំបន់ខ្ពង់រាប គេតែងឃើញមានស្លឹកម៉្យាងដុះទាបនឹងដី  បែកសន្លឹកជាពីរ ហៅថា ខ្លែងពណ៌ (រូបលេខ៨-៩)។  គេបំបែកស្លឹកនោះជាពីរដើម្បីមូរថ្នាំ (រូបលេខ១០-១២)។  បើស្លឹកកកោះវិញ ច្រើនគេទទួលស្គាល់ថា  ជក់ទៅឆ្ងាញ់  (រូប លេខ១៣) តែអ្នកដែលប្រើរបៀបនោះ លុះត្រាតែរស់នៅតំបន់ដែលមានដើមកកោះ។

ដូចខ្ញុំនិយាយពីខាងលើមកហើយ  ច្បាស់ជាមានស្លឹកច្រើនបែបយ៉ាងទៀត អាស្រ័យទៅតាមបរិស្ថាន  ដែលគេយកមកមូរថ្នាំជក់។