ស្លឹកខាន់ម៉ា

 ដោយ អាំងជូលាន

តាមធ្លាប់សង្កេតមកច្រើនតែជាតិពន្ធុដែលរស់នៅតំបន់ឦសាននៃប្រទេសកម្ពុជា ជាពិសេសនៅខេត្តរតនគិរី ដែលប្រើប្រាស់ស្លឹកនេះជាប្រចាំ, ឧទាហរណ៍ គ្រឹង, ព្រៅ, ទំពួន, ជ្រាយ, កាវេត ជាដើម។ ឯឈ្មោះនោះមានផ្សេងៗគ្នា។ ពេលអ្នកទាំងនោះនិយាយខ្មែរ គេហៅស្លឹកនេះថា “ខាន់ម៉ា” (រូបលេខ១)។ ប្រហែលជាថាតាមលាវក៏មិនដឹង ត្បិតខ្មែរដែលនៅតំបន់ខាងជើង ហើយដែលប្រើប្រាស់ស្លឹកនេះខ្លះៗដែរហៅថា “ឃុនមា” ដូច្នេះវិញ។

ឧទាហរណ៍ដែលខ្ញុំនឹងលើកយកមកបង្ហាញនេះ គឺធ្លាប់ប្រទះឃើញនៅភូមិជនជាតិគ្រឹង និងជនជាតិទំពួន។ រូបលេខ២ គឺផ្ទះតូចមួយដែលមានប្រើស្លឹកខាន់ម៉ាច្រើន។ រូបលេខ៣-៤ ជាកូនផ្ទះសម្រាប់កូនក្រមុំដែលទើបនឹងពេញវ័យ។ យើងឃើញថាគេយកស្លឹកខាន់ម៉ាមកប្រើ ហើយរបៀបរៀបចំស្លឹកខុសៗគ្នាទៅតាមផ្នែកផ្សេងៗនៃផ្ទះ។ នៅរូបលេខ៥ គេយកស្លឹកខាន់ម៉ាមកប្រក់ផ្នូរ ដោយទុកឱ្យស្លឹកត្រួតលើគ្នាវែងៗ ឯរូបលេខ៦-៧ ជាផ្នូរខ្មោចដែលប្រក់ដោយស្លឹកខាន់ម៉ាដែរ តែគេយកបន្ទោះឫស្សីមកកៀបតុបតែងពីលើ។ រូបលេខ៨ បង្ហាញពីស្លឹកខាន់ម៉ាមួយសន្លឹកដែលគេកំពុងយកមកមូរឱ្យណែន ដើម្បីប្រើជាឆ្នុកសម្រាប់ចុកឃ្លោកដាក់ទឹក ឯរូបលេខ៩-១០ គឺឆ្នុកដែលដកចេញនិងញាត់ចូលក្នុងឃ្លោក។ ចំពោះរូបលេខ១១-១២វិញ បើហៅថាជាស្លឹកមូរបារីដូចធម្មតាក៏មិនចំ ហៅថាខ្សៀរក៏មិនចំ ត្បិតមូរម្តង ជក់អស់ថ្នាំក្នុងនោះហើយ គេអាចញាត់ថ្នាំយ៉ាងតិចបានម្តងទៀតទើបចោល។ នេះមានន័យថាស្លឹកខាន់ម៉ាពុំងាយឆេះឡើយ ប្រសិនបើដើមប្រភេទជាវល្លិនេះមានទូទៅនៅទីទំនាបនៃប្រទេសកម្ពុជា ប្រហែលជាខ្មែរនាំគ្នាយកមកប្រក់ដំបូលផ្ទះនិងធ្វើជញ្ជាំងផ្ទះជាទូទៅហើយ។