ស្លឹកទ្រាំង

 ដោយ អាំង ជូលាន

 នៅជំពូកលេខ១, អត្ថបទលេខ៥, ខ្ញុំបាននិយាយពីឧបករណ៍ដងទឹកម៉្យាងហៅថាក្បង់ ហើយដែលធ្វើអំពីស្លឹកទ្រាំង (Corypha lacomtei)។ លើកនេះខ្ញុំចង់និយាយពីការប្រើប្រាស់ស្លឹកទ្រាំងជាទូទៅតែម្តង។

ព្រៃទ្រាំងប្រហែលជាមានច្រើនកន្លែងនៅកម្ពុជា ប៉ុន្តែដែលខ្ញុំបានប្រទះឃើញមកទល់ពេលនេះគឺមានមួយកន្លែងនៅខេត្តក្រចេះ ដូចធ្លាប់បានពោលពីមុនមកហើយ រីឯកន្លែងមួយទៀត គឺនៅតំបន់ភ្នំក្រវាញ ក្នុងខេត្តពោធិសត្វ។ នៅតំបន់ខាងក្រោយនេះ អ្នកស្រុកពុំហៅថាទ្រាំងទេ គឺហៅថា “សម្លាញ” ដែលជាពាក្យធ្លាប់ប្រទះក្នុងសិលាចារឹកបុរាណដែរ។ នេះនិយាយ តែពីកន្លែងធំៗ បើនិយាយពីការនៅរាយប៉ាយត្រង់នេះមួយដុប ត្រង់នោះមួយដុបនោះ ឃើញថាមានច្រើនទីកន្លែង ឧទាហរណ៍នៅខេត្តរតនគិរីក៏ឃើញមានដែរ។

រូបលេខ១ បង្ហាញពីស្លឹកទ្រាំងដែលលេចចេញពីព្រៃមក ឯរូបលេខ២ គឺទ្រាំងដែលចេញផ្កាមកពាសពេញដើម។ ដោយសារតំបន់ភ្នំក្រវាញ ពីមុនមកពុំសូវមានមនុស្សរស់នៅ ព្រៃទ្រាំងនោះហាក់ដូចជាគេពុំសូវយកចិត្តទុកដាក់ប៉ុន្មានឡើយ ពុំដូចនៅខេត្តក្រចេះដែលអ្នកស្រុកយកទ្រាំងមកប្រើការច្រើនបែបយ៉ាង។ ឧទាហរណ៍ដែលខ្ញុំជូនតទៅនេះ គឺបានមកពីខេត្តក្រចេះនេះឯង។

បើនិយាយពីផ្ទះ គឺអ្នកស្រុកដែលនៅតំបន់សម្បូណ៌ទ្រាំងយកមកធ្វើជាជញ្ជាំងផង មកប្រក់ជាដំបូលផង។ ឯផ្ទះទាំងនោះសោតក៏មានរូបរាងសង្ហាខុសៗគ្នា (រូបលេខ៣-៥)។ នៅរូបលេខ៦ យើងឃើញផ្ទះឈើដែលគេពុំទាន់វាយជញ្ជាំង តែដែលដំបូលស្លឹកទ្រាំងទើបនឹងប្រក់រួច ឯនៅរូបលេខ៧វិញ យើងឃើញផ្ទះចាស់ដែលគេប្រក់ដំបូលសាជាថ្មី។ ប្រក់ក្រាស់របៀបនេះ ដំបូលធន់បាន៦ឆ្នាំជាមធ្យម ប៉ុន្តែគេនិយាយថា បើប្រក់ក្រាស់មែនទែនអាចជាប់បានរហូតទៅដល់១០ឆ្នាំ។ នៅរូបលេខ៨ យើងឃើញជញ្ជាំងធ្វើពីស្លឹកទ្រាំង ហើយសូម្បីតែចំណងក៏យកទ្រនុងស្លឹកទ្រាំងធ្វើដែរ។ ជួនកាលទៀត ដូចជានៅរូបលេខ៩ជាដើម ស្លឹកទ្រាំងប្រើលាយគ្នាជាមួយឈើក្នុងការធ្វើជញ្ជាំងផ្ទះ។ តាមពិតទៅ ម្តុំណាដែលមានព្រៃទ្រាំង មិនមែនសម្រាប់តែផ្ទះប៉ុណ្ណោះទេដែលគេយកស្លឹកទ្រាំងទៅប្រើប្រាស់ គឺប្រក់អ្វីផ្សេងៗទៀត ដូចជាផ្ទះបាយ (រូបលេខ១០), ក្រោលគោ (រូបលេខ១១), រោងធ្វើជីរ (រូបលេខ១២)។

ក្រៅពីសំណង់ផ្សេងៗសម្រាប់ប្រើប្រាស់ខ្លួនឯងនេះ អ្នកស្រុកនៅខេត្តក្រចេះយកស្លឹកទ្រាំង មកច្នៃរៀបចំជារបស់របរផ្សេងៗសម្រាប់លក់។ រូបលេខ១៣ បង្ហាញពីស្លឹកទ្រាំងដែលគេ ហាលមុននឹងយកទៅធ្វើអ្វីផ្សេងៗ។ រូបលេខ១៤-១៥ គឺភ្ជល់ដែលគេដេរលក់។ រូបលេខ១៦ គឺការុង, រូបលេខ១៧ គឺកន្ទេល, រូបលេខ១៨ គឺពួរ។ រូបលេខ១៩-២០ គឺសាស្ត្រា និងវាន ដែលធ្វើពីស្លឹកទ្រាំងដែរ។ កាលណារៀបចំរបៀបនេះហើយ គេហៅគម្ពីរទាំងនេះថា “ស្លឹក រឹត”។ គួឱ្យស្តាយ សព្វថ្ងៃនេះ គឺនៅតាមជនបទតិចតួចប៉ុណ្ណោះដែលមានគេចារគម្ពីរបៀបនេះម្តងៗ។ ក្រៅអំពីនោះ មនុស្សជំនាន់ក្រោយលែងចេះរបៀបរៀបចំស្លឹក, របៀបកៀបឱ្យស្មើ, របៀបចារ, របៀបតុបតែងសម្អិតសម្អាងជាបញ្ចប់នៃគម្ពីរសាស្ត្រាទៀតហើយ។