ដោយ សោម ប្រពៃ
បើនិយាយពីភូមិសាស្ត្រនៅប្រទេសកម្ពុជា ពាក្យថា “ភ្នំក្រវាញ” សំដៅលើតំបន់ភ្នំមួយធំណាស់ទាក់ទងនឹងខេត្តពោធិសត្វ, កំពង់ស្ពឺ និងកោះកុងជាដើម។ ដូច្នេះច្រកចូលក៏មានច្រើន តាមទិសផ្សេងៗផង។ រូបលេខ១ បង្ហាញពីផ្លូវមួយដែលបែកពីម្តុំក្រុងកំពង់ស្ពឺចូលរហូតទៅដល់ជើងភ្នំឱរ៉ាល់។
ជាទូទៅតំបន់ទាំងមូលនេះ ពុំសូវមានប្រជាជនរស់នៅទេ ត្បិតពុំសម្បូណ៌ទីទំនាបធ្វើស្រែបាន តែចំពោះធម្មជាតិវិញ ពីមុនមកសម្បូណ៌ទៅដោយរុក្ខជាតិធំតូច ព្រមទាំងសត្វព្រៃជាច្រើនអនេក នេះពុំពោលពីតំបន់មួយចំនួនធំដែលមនុស្សទូទៅពុំទាន់ទៅដល់ផង។ ក្រៅពីខ្មែរ អ្នករស់នៅតំបន់ខ្លះច្រើនតែជាជនជាតិព័រ ដែលមានភាសានៅក្នុងអំបូរមន-ខ្មែរ។ ក្នុងសតវត្សមុនៗនេះ រកកំណត់ពេលណាច្បាស់ពុំបាន ព័រដែលធ្លាប់រស់នៅជិតស្និទ្ធជាមួយខ្មែរ, ទទួលអារ្យធម៌ឥណ្ឌាខ្លះៗតាមរយៈខ្មែរ... ប្រាសចាកខ្ចាត់ខ្ចាយពីស្រុកទេស បែកខ្ញែកឆ្ងាយពីខ្មែរដោយប្រការសង្គ្រាមជាពិសេស។ អ្នកស្រុកព័រនិយាយតៗគ្នាថា សោកនាដកម្មនោះកើតមកអំពីការរលំបន្ទាយលង្វែក។ ខ្ញុំពុំអាចអះអាងថាដូច្នោះប្រាកដទេ ប៉ុន្តែមានពាក្យមួយដែលសាសន៍ព័រនិយាយដូចគ្នា គឺ “សៀមកៀរ”។ ប្រហែលជាព្រឹត្តិការណ៍នោះកើតឡើងច្រើនដង ចាប់តាំងពីបន្ទាយលង្វែករលំមក ឬមួយកើតក្រោយពីនោះមកទៀតក៏ខ្ញុំពុំហ៊ានសន្មត។
យ៉ាងណាក៏ដោយគេសង្កេតឃើញថា ទោះជានៅដាច់ឆ្ងាយពីខ្មែរក៏ដោយ ក៏ទំនៀមទម្លាក់ដែលធ្លាប់ឆ្លងតាមខ្មែរ ជនជាតិព័រនៅតែរក្សាបានច្រើន។ បើមើលរូបលេខ២-៣ ឃើញថាសម្លៀកបំពាក់នៃអ្នកទាំងនោះ ពុំខុសអ្វីពីសម្លៀកបំពាក់ប្រពៃណីខ្មែរទាល់តែសោះ។ ក្រៅអំពីនោះ ប្រពៃណីផ្ទាល់របស់ជនជាតិគេក៏មិនទាន់រង្គោះរង្គើទៅណា នៅជំពូកទី២ លេខរៀងទី៨ នៃ “បណ្តាញពត៌មានវប្បធម៌ខ្មែរ” នេះ ខ្ញុំបានលើកពីទំនៀមធ្វើបាយអេកមកនិយាយដែរ។
នៅទីនេះខ្ញុំចង់បង្ហាញពីបរិដ្ឋានពិសេសមួយ ដែលនៅមិនឆ្ងាយពីទីតាំងភូមិរបស់ជនជាតិ ព័រមួយឈ្មោះភូមិសង្កែ ស្ថិតក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលមានចម្ងាយជាង៦០គ.ម. ពាយព្យក្រុងកំពង់ស្ពឺ។ បានជាថាបរិដ្ឋានពិសេស ព្រោះទីនោះមានបឹងមួយដែលមានទឹកក្តៅប្រហែល៦០-៧០អង្សាផុលចេញពីដីមក (សូមមើលរូបលេខ៤-៨)។
សព្វថ្ងៃទេសចរខ្មែរស្គាល់ទីនោះកាន់តែច្រើនគ្នាហើយ រីឯជំនឿថ្មីៗទាក់ទងនឹងទឹកនោះក៏កាន់តែវែងឆ្ងាយទៅ ដែលពីដើមមកពុំដែលមាន។ ចំពោះជនជាតិព័រវិញ គឺគេពុំដែលរវីរវល់នឹងទឹកនោះទេ ណាមួយគេយល់ថាហាក់ដូចជាលទ្ធផលនៃបណ្តាសាមួយដូច្នោះ។ រឿងដែលទាក់ទងនឹងទឹកពុះនោះមានដូចតទៅ ៖
នៅទីនោះមានសេដ្ឋីម្នាក់ប្រកបដោយសម្បត្តិស្តុកស្តម្ភ តែជាមនុស្សកំណាញ់ស្វិត។ មនុស្សស្ទើរតែមួយភូមិសុទ្ធសឹងជាខ្ញុំរបស់គាត់ លើកលែងតែយាយម្នាក់ឈ្មោះ តី ដែលជាអ្នកជា ឥតមានជំពាក់ជំពិនអ្វីនឹងសេដ្ឋីនោះទាំងអស់។ សេដ្ឋីនោះមានកូនពីរ, ប្រុសមួយ ស្រីមួយ។ កូនស្រីអាយុគ្រប់ការល្មមឱ្យមានប្តី តែសេដ្ឋីរកប្តីឱ្យពុំបាន ត្បិតអ្នកស្រុកទាំងអម្បាលម៉ានសុទ្ធសឹងជាខ្ញុំរបស់ខ្លួនទៅហើយ។ គាត់ក៏សម្រេចយកកូនទាំងពីរដែលជាបងប្អូនបង្កើតនឹងគ្នា រៀបការគ្នាជាប្តីប្រពន្ធ។ នៅពេលរៀបការនោះ អ្នកស្រុកទាំងអស់ទៅរួបរួម លើកលែង តែយាយ តី ម្នាក់ដែលជាមនុស្សឯករាជ្យ។ យកបងប្អូនឯងបង្កើតធ្វើប្តីប្រពន្ធយ៉ាងនេះជារឿងចង្រៃរកអ្វីប្រៀបគ្មាន ដូច្នោះហើយបានជាកំពុងតែការ ព្រះធរណីស្រូបយកភ្ញៀវទាំងអស់ដែលចូលរួម ព្រមទាំងសាមីខ្លួនការនិងសេដ្ឋីខ្លួនឯងផង។ ពេលដែលព្រះធរណីបើកស្រូបនោះ ទឹកពុះក៏ចេញមក ហើយចេះតែរាលដាលលិចលង់ទីកន្លែងនានា សូម្បីតែយាយ តី ដែលពុំបានចូលដៃក្នុងរឿងឧបទ្រពនេះ ក៏បង្ខំចិត្តរត់ចេញពីទីនោះដែរដើម្បីរួចខ្លួន។
រឿងព្រេងនេះពុំចប់តែត្រឹមនេះទេ គឺមានតទៅទៀត តែខ្ញុំបញ្ចប់ត្រឹមនេះ ដោយសារផ្នែកដែលទាក់ទងនឹងទឹកពុះមានតែប៉ុណ្ណេះ។ ដូច្នេះឃើញថាជំនឿជាប្រពៃណីនៃអ្នកស្រុកផ្ទាល់ អាចខុសគ្នាស្រឡះពីជំនឿកើតថ្មីនៃអ្នកក្រៅ។