ដោយ ឡាញ់ ឧត្តមរង្សី
សោម (ឈ្មោះរុក្ខជាតិជាឡាតាំងថា Korthalsia lacinosa) ជារុក្ខជាតិនៅក្នុងអម្បូរជាមួយផ្តៅ មានកម្ពស់ប្រមាណ៧-១០ម. ព្រមទាំងមានអង្កត់ផ្ចិត៤-៥ស.ម. ហើយច្រើនដុះជិតប្រភពទឹក ដូចជាជប់, ស្ទឹង, អូរជាដើមតាមតំបន់ព្រៃឬភ្នំ។ ដើមនោះសម្បូរបន្លាធំវែង ដែលនៅខ្នងធាង ឯស្លឹកវិញមើលទៅស្រដៀងស្លឹកដូង (រូបលេខ១-២)។ គេអាចទាញយកប្រយោជន៍ពីសោមបានច្រើនយ៉ាង ដូចជាច្រៀកដើមចាស់យកមកចាក់សង្រែក (រូបលេខ ៣), ចងកណ្តាប់ចង្អេរ កញ្ជើ ល្អី, ធ្វើដងកណ្តបស្លឹកឃុនមាប្រក់ផ្ទះ ឬធ្វើសង្ហារិមខ្លះដូចជាផ្តៅផ្សេងៗដែរ។ ក្រៅពីដើម ស្លឹកក៏មានប្រយោជន៍ដែរ គឺគេកាត់យកទាំងធាង ហើយតម្រៀបគ្នា ដោយយកចម្រៀកដើមរបស់វាមកក្រងដើម្បីប្រក់ផ្ទះ។ បើមើលពីក្នុងគួឲ្យចាប់ភ្នែកណាស់ដែរ (រូបលេខ៤-៥)។
គេប្រើសោមធ្វើជាម្ហូបដែរ។ ដំបូងឡើងត្រូវតែសកសម្បកឲ្យអស់នៅសល់តែបណ្តូលសិន (រូបលេខ៦)។ បណ្តូលខ្ចីៗរបស់វានោះអាចយកមកបុកជាមួយអំបិលលាយម្ទេសនិងល្ង ហូប, ស្រុះឬដុត (រូបលេខ៧) ប្រើជាអន្លក់ជ្រលក់ប្រហុកឬទឹកគ្រឿង ឬទុកជ្រក់ក្រៅឆ្នាំងក៏បាន។ បើពុំនោះទេ គេបុកជាមួយសាច់មាន់ ហៅថា “បុកមាន់ចុងសោម” (រូបលេខ៨)។ បើជាស្លវិញ គេច្រើនចិតបណ្តូលនោះឲ្យស្តើងៗ (រូបលេខ៩) យកមកស្លម្ជូរ តែម្ហូបមួយមុខទៀតដែលគេយល់ថាពិសេសនោះ គឺសម្លកកូរចុងសោម (រូបលេខ១០)។ ពុំតែប៉ុណ្ណោះ ផ្លែសោមក៏មានប្រយោជន៍ដែរ ព្រោះគេអាចយកមកហូបជាមួយម្លូជំនួសស្លាបាន ដោយសារមានជាតិចត់។ តាមសង្កេតឃើញមក ការយកសោមមកប្រើប្រាស់ជាអាហារពុំមែនតែធ្វើឡើងនៅតាមផ្ទះសម្បែងបន្តិចបន្តួចនោះទេ គឺគេទៅរកតាមព្រៃ ដេកយប់ដើម្បីកាប់យកចុងសោមមកចូលបុណ្យអ្វីមួយធំដុំក៏មាន។ រូបលេខ១១ បង្ហាញពីមនុស្សពីនាក់យកចុង សោមមកចាប់កុសលជាមួយលោកតាម្នាក់ ដែលជាអ្នកផ្តើមបុណ្យហៅព្រលឹងស្រូវ ហើយដែលមានការចូលរួមពីអ្នកស្រុកពេញមួយភូមិ ព្រមទាំងអ្នកភូមិជិតខាងផង នៅក្នុងឃុំតានី ស្រុកបន្ទាយស្រី ខេត្តសៀមរាម។