សូរភី

ដោយ ព្រាប ចាន់ម៉ារ៉ា

ទីកន្លែងខ្លះ ដូចជាភូមិស្រុក, វត្តអារាម, ទួល, បឹង, ត្រពាំង ឬឈ្មោះមនុស្សជាដើម ជួនកាលយើងឃើញមានឈ្មោះថា «សូរភី» (សុរភិ > សុរភី > សូរភី គឺជាពាក្យសំស្ក្រឹតមានន័ថា ដែលមានក្លិនក្រអូប) ហើយជួនកាលយកមកសរសេរកាត់ថា «សូភី» ក៏មាន។ សូរភី គឺជាដើមឈើម្យ៉ាង ទំហំធំខ្ពស់ និងមានឈ្មោះជាវិទ្យាសាស្ត្ររុក្ខជាតិថា Ochrocarpus siamensis Guttiferae (រូបលេខ១)។ដើមសូរភីមានស្លឹកទំហំប៉ុន៣-៤ធ្នាប់ដៃ ប្រវែងប្រហែលមួយចំអាម (រូបលេខ២-៣)។ដើមនេះនៅពេលមានផ្កា គឺផ្កានោះដុះចេញតាំងពីគល់រហូតដល់ចុង និងនៅលើមែកនានាផង (រូបលេខ៤-៥)។ផ្កាសូរភីមានទងដុះជុំគ្នាចេញពីពកនៅលើដើម មើលទៅរាងកញ្ចុំដូចជាគេយកម្ជុលបារាំងទៅដោតនៅត្រង់ចំណុចតែមួយជុំគ្នាដូច្នោះ (រូបលេខ៦)។ ផ្កាក្រពុំនីមួយៗមានត្របកតូចៗក្ដោបជារាងមូលល្អិតៗ ពណ៌ស (រូបលេខ៧) ហើយនៅពេលរីក ត្របកផ្កាទាំងឡាយបើកឡើងចេញសរសៃឆ្មារៗនិងមានលម្អងពណ៌លឿងនៅខាងចុងសរសៃផ្កានានា (រូបលេខ៨-៩)។

ផ្កាសូរភីមានក្លិនក្រអូប គួរឲ្យយើងចង់ស្រង់យកគន្ធពិដោរនោះណាស់។ យ៉ាងដូច្នេះហើយមើលទៅបានជាមានបទចម្រៀង ឬកំណាព្យកាព្យឃ្លោងខ្លះនិយាយទាក់ទងនឹងផ្កាសូរភីនេះ ហើយសូម្បីតែមនុស្សស្រីប្រុសមួយចំនួនក៏មានឈ្មោះថា «សុរភី» ឬ «សូរភី» ឬមួយសរសេរកាត់ទៅជា «សូភី»ទៀតផងក៏មាន។ រីឯទីកន្លែងនានាដែលមានឈ្មោះថា ភូមិសូរភី, ឃុំសូរភី, ទួលសូរភី, វត្តសូរភី...គឺប្រហែលពីមុនមកនៅទីនោះមានដើមសូរភីដូច្នោះឯង។ នេះមិនខុសអ្វីពីតំបន់ទាំងឡាយជាច្រើនដែលតែងតែដាក់ឈ្មោះតាមដើមឈើ ឬរុក្ខជាតិផ្សេងៗ។

រូបលេខ៩