ដោយ អាំង ជូលាន
មកទល់ពេលនេះនៅប្រទេសកម្ពុជាគេពុំដែលស្រាវជ្រាវរកថាមានរ៉ែអំបិលនៅឡើយទេ ដ្បិតមានឆ្នេរសមុទ្រគ្រប់គ្រាន់ ដែលជាបរិស្ថានមានអំណោយផលក្នុងការផលិតអំបិល។ នៅប្រទេសវៀតណាមក៏ដូចគ្នា តែបើនៅប្រទេសលាវ អំបិលដែលគេផលិតនោះជាអំបិលរ៉ែនៅក្នុងដី ដ្បិតប្រទេសនេះមិនជាប់នឹងសមុទ្រទេ។ បើនៅប្រទេសថៃឡង់ដ៍ទើបមានការផលិតពីប្រភពទាំងពីរយ៉ាងនេះ។
ប៉ុន្មានឆ្នាំកន្លងមកនេះប្រទេសកម្ពុជាផលិតជាមធ្យមបាន១២០ ០០០តោនក្នុងមួយឆ្នាំ ឃើញថាកើនឡើងជាងមុនដែរ ព្រោះនៅឆ្នាំ២០០០ផលិតបានតែ៨០ ០០០តោនប៉ុណ្ណោះ។ ផលិតអំបិលនិងផលិតស្រូវផ្ទុយគ្នាស្រឡះ ដោយសារនៅរដូវភ្លៀងគេមិនអាចផលិតអំបិលបានឡើយ ដូច្នេះហើយផលិតផលទាំងមូលនោះក៏អាស្រ័យតាមរាំងយូរ ឬភ្លៀងយូរដែរ។ ឆ្នាំណាដែលរាំងយូរ ស្រែអំបិលទំហំមួយហិកតាអាចផលិតបាន៤០តោន តែបើភ្លៀងច្រើនពេក នោះបានមិនដល់១០តោនផងក៏មាន។
ជាទូទៅស្រែអំបិលលែងមានសកម្មភាពក្រោយពីចូលឆ្នាំហើយបន្តិច។ គេត្រូវការទំហំដីធំដែរដែលនៅជិតមាត់សមុទ្រ ព្រោះជាដំបូង ផុតពីសមុទ្របន្តិចមកគេត្រូវបង្ហូរទឹកប្រៃចូលក្នុងទំនប់ធំមួយហៅថា «ស្រែហាល»។ ផុតពីនោះមកទៀតទើបមានស្រែដែលកំណត់ដោយភ្លឺដេញតៗគ្នាចូលមកខាងក្នុងដីគោក (រូបលេខ១-២)។ កម្រិតប្រៃនៃអំបិលគេគិតជាលេខ។ នៅក្នុងស្រែហាលដំបូងកម្រិតប្រៃនោះមានត្រឹមតែ «២លេខ» ប៉ុណ្ណោះ។ គេទុកឲ្យទឹកនោះ «ដេក» មួយយប់ក្នុងស្រែហាលសិន ទើបគេបង្ហូរឲ្យចូលមកក្នុងស្រែបន្ទាប់មកទៀតមួយគន្លាក់។ នៅទីនោះកម្រិតប្រៃនឹងឡើងបាន «៥លេខ»។ សូមបញ្ជាក់ថា តែកម្រិតឡើងដល់ ៧លេខហើយគ្មានរុក្ខជាតិអ្វីដុះបានទៀតឡើយ សូម្បីតែត្រីសមុទ្រក៏រស់នៅមិនបាន ហើយម្យ៉ាងទៀត ផ្ទៃបាតដីក្តៅខុសធម្មតា។ ទឹកនៅត្រឹមនេះមានជម្រៅតែពីរថ្នាំងដៃប៉ុណ្ណោះ។ ថ្ងៃបន្ទាប់មកទៀតគេបង្ហូរបន្តចូលស្រែមួយគន្លាក់មកទៀត។ ពេលនោះកម្រិតប្រៃឡើងដល់ «១០លេខ» ហើយ។ គេធ្វើរបៀបនេះតទៅទៀតរហូតដល់កម្រិតនោះឡើងដល់២៥ ដែលជាស្រែនៅចុងគេ។ ស្រែនោះគេហៅថា «ស្រែចម្អិន» រីឯអំបិលដែលកើតឡើងនោះគេថាវា «ដុះ» (រូបលេខ៣-៤)។ ការងារនៅទីនេះគេហៅថា «បណ្ដុះអំបិល» ក៏បាន។ គេត្រូវតែប្រញាប់ប្រញាល់«កោស» យកអំបិលនោះទៅដាក់ឃ្លាំងជារៀងរាល់ថ្ងៃ (រូបលេខ៥-៩) បើពុំដូច្នោះអំបិលនឹងទៅជារឹងកកខ្លាំង ដ្បិតតែបានកម្ពស់មួយចង្អុលដៃហើយកំណកអំបិលឡើងរឹងដូចថ្ម។ បើថ្ងៃកាន់តែខ្លាំង ទឹកក៏ហួតកាន់តែឆាប់ រីឯអំបិលក៏ដុះលឿនទៅតាមនោះ។ ឯទឹកនោះវិញក្តៅខ្លាំងណាស់ អាចឡើងដល់៤៥អង្សាក៏មាន។
នៅពេលប្រមូលអំបិលរាល់ថ្ងៃ មានពេលខ្លះក៏ភ្លៀងដែរ តែបើភ្លៀងនោះតិចតួចឬល្មមៗ គឺគ្មានបង្កើតបញ្ហាអ្វីធំដុំទេ តែបើភ្លៀងច្រើនពេកគេត្រូវបង្ហូរទឹកសាប ពោលគឺទឹកភ្លៀងចេញតាមប្រឡាយកាត់ទទឹងមួយ (រូបលេខ១០)។ ការបង្ហូរនោះមិនលំបាកទេ ព្រោះទឹកសាបស្រាលជាងទឹកប្រៃ ដូច្នេះស្ថិតនៅផ្ទៃខាងលើ។ ម្យ៉ាងវិញទៀត បើមិនបង្ហូរទឹកសាបចេញគឺការនៅលាយគ្នានោះបណ្តាលឲ្យដុះស្លែភ្លាមមួយរំពេច។ ដូច្នេះហើយបានជាការងារដែលត្រូវធ្វើជាដំបូងបង្អស់ គឺគេចាប់ផ្តើមពីសម្អាតប្រឡាយទទឹង ព្រមទាំងសម្អាតផ្ទៃស្រែទាំងអស់កុំឲ្យមានជាប់ស្លែ បន្ទាប់មកទើបគេបង្ហាប់ដី។
ឃ្លាំងផ្ទុកអំបិលត្រូវតែប្រើរុក្ខជាតិជាឈើ ឬឫស្សីជាដើម (រូបលេខ១១-១២)យ៉ាងហោចណាស់ក៏សម្រាប់ធ្វើជញ្ជាំងដែរ (រូបលេខ១៣-១៥) បើដំបូលទើបអាចប្រើលោហៈបាន (រូបលេខ១៦)តែយ៉ាងនោះហើយក៏នៅតែឆាប់ច្រេះដែរ។