រុក្ខជាតិដែលអាចធ្វើកនេ្ទល

ដោយ ព្រាប ចាន់ម៉ារ៉ា

នៅក្នុងបណ្តាញពត៌មានវប្បធម៌ខ្មែរនេះ មានអត្ថបទច្រើនដែរដែលទាក់ទងតិចឬច្រើនទៅនឹងកន្ទេលឯនៅទីនេះវិញខ្ញុំចង់បង្ហាញថា មានរុក្ខជាតិច្រើនបែបយ៉ាង ដែលគេអាចយកទៅធ្វើកន្ទេល ក្រៅពីយកទៅធ្វើអ្វីផ្សេងៗទៀត។ ករណីដែលខ្ញុំនឹងលើកយកមកបង្ហាញនេះគ្រាន់តែជាឧទាហរណ៍ប៉ុណ្ណោះទេ ដ្បិតប្រហែលជាខ្ញុំដឹងមិនអស់ក៏សឹងថាបាន។ តែយ៉ាងណាក៏ដោយ ឧទាហរណ៍ទាំងនេះបង្ហាញពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងបរិស្ថានធម្មជាតិនិងជីវិតរស់នៅនៃមនុស្ស។

ក្នុងប្រភេទកន្ទេលសាមញ្ញ គេអាចយកស្លឹកត្នោតមកត្បាញធ្វើកន្ទេលដែរ ដូចឃើញមាននៅរូបលេខ១។ ឯដើមចចូតក្នុងប្រភេទពួកកក់ក៏គេតែងយកមកត្បាញកន្ទេល ហៅថាកន្ទេលចចូតដូច្នេះតែម្តង (រូបលេខ២-៣)។ បើដើមដែលទូទៅហៅថារំចេកវិញ (រូបលេខ៤-៥) អ្នកស្រុកខ្លះចែកចេញជាពីរពួក ដោយអះអាងថា ដើមណាដែលមានស្លឹកធំវែង ហៅថារំចាក បើរំចេកវិញគឺតូចជាងនោះបន្តិច។ អ្នកខ្លះយកមកធ្វើកន្ទេលដែលមានក្រឡាធំល្មម ប្រហាក់ប្រហែលគ្នានឹងកន្ទេលស្លឹកត្នោតដែរ(រូបលេខ៦) ឯអ្នកខ្លះដែលឧស្សាហ៍ក៏ត្បាញធ្វើឲ្យក្រឡានោះញឹកល្អិត (រូបលេខ៧)។ បើពោលពីកក់វិញនៅក្នុងអត្ថបទមុនៗមាននិយាយហើយថា ម្យ៉ាងជាកក់ជ្រុង (រូបលេខ៨) ដែលគេច្រើនត្បាញជាកន្ទេលយ៉ាងសាមញ្ញ មិនចាំបាច់ជ្រលក់ពណ៌យកសម្រស់អ្វីឡើយ (រូបលេខ៩) ឯម្យ៉ាងទៀតជាកក់មូល(រូបលេខ១០) ដែលគេត្បាញផ្ចិតផ្ចង់ឲ្យមានលម្អដោយមានជ្រលក់ពណ៌ផង(រូបលេខ១១-១២)។

ចំណែកឯស្លឹកទ្រាំងវិញ (រូបលេខ១៣) ក្រៅពីធ្វើវត្ថុប្រើប្រាស់ច្រើនយ៉ាង ក៏គេត្បាញជាកន្ទេលដែរ(រូបលេខ១៤)។ រូបលេខ១៥ បង្ហាញពីដើមរុន ដែលគេអាចយកមកត្បាញជាកន្ទេលយ៉ាងរលោងស្អាតល្អ ដូចឃើញនៅរូបលេខ១៦ស្រាប់។ សូម្បីតែឫស្សីក៏គេអាចត្បាញធ្វើកន្ទេលដែរ ហៅថាកន្ទេលផែង (រូបលេខ១៧)។ ខ្ញុំពុំដឹងថាឫស្សីប្រភេទណាខ្លះទេដែលគេនិយមយកមកធ្វើកន្ទេល តែបើនៅតំបន់ឦសាននៃប្រទេសកម្ពុជាវិញ ជាតិពន្ធុផ្សេងៗច្រើននិយមយកឫស្សីថ្ង (រូបលេខ១៨) មកត្បាញជាកន្ទេល (រូបលេខ១៩)។ រីឯកន្ទេលដែលគេចាត់ទុកថាខ្ពង់ខ្ពស់ជាងគេ ដោយសារប្រើបានយូរផង ដោយសារគាប់ផ្នែកផង គឺកន្ទេលធ្វើពីដើមផ្តៅ (រូបលេខ២០) ដែលគេតែងយកសម្បកដើមខ្លែងពណ៌មកត្បាញឆ្លាស់គ្នានឹងចម្រៀកផ្តៅដែលគេបិតឲ្យស្តើងរលោងស្អាត (រូបលេខ២១-២២)។

រូបលេខ២២