វល្លិទឹក

ដោយ ស៊ីយ៉ុន សុភារិទ្ធ

យើងដឹងហើយថា ប្រជាជនខ្មែរមួយភាគធំជាកសិករ។ ក្នុងជីវិតរាល់ថ្ងៃនោះ តែងតែមានការដើររុករកផលានុផលផ្សេងៗនៅក្នុងព្រៃជាញឹកញាប់។ ចំពោះអ្នកដែលធ្វើស្រែឬចម្ការនៅដីទំនាប សកម្មភាពរបៀបនេះតែងមានម្តងម្កាល ឬក៏អាចពោលថាជារឿយៗផង។ តែបើពោលពីអ្នករស់នៅតាមព្រៃភ្នំវិញ នេះជាសកម្មភាពដែលមានឡើងរាល់ថ្ងៃ។ កាលណាដើរចេញឆ្ងាយពីផ្ទះហើយ គេតែងតែគិតគូររឿងស្បៀងអាហារជាការចាំបច់។ ឧបមាថា នាំគ្នាទៅរកសត្វនៅក្នុងព្រៃជ្រៅ ជួនកាលអាចចេញចោលផ្ទះរាប់អាទិត្យផង បើមិនដល់ប៉ុណ្ណោះទេ ក៏បីបួនថ្ងៃដែរ។ នេះពុំពោលពីសម័យមុននេះបន្តិច ដែលគេទៅទាក់ដំរីរាប់ខែ ឬទៅរកសត្វព្រៃធំៗ ដោយមានមេព្រានជាអ្នកដឹកនាំផង។ ឯសព្វថ្ងៃវិញ ទោះបីការស្វែងរកសត្វធំៗទាំងនោះលែងមានហើយ ក៏ការរុករកផលានុផលនៅក្នុងព្រៃនៅមានមួយកម្រិតតូចដែរ។ ឧទាហរណ៍ ដូចជាគេនាំគ្នាទៅរកផ្តៅជាដើម ដើម្បីធ្វើឧបករណ៍ផ្សេងៗ ឬដើម្បីលក់។ ដូច្នេះពាក្យដែលធ្លាប់ឮថា «បាយសំណុំ ទឹកបំពង់» ក៏នៅតែត្រូវនឹងការពិតដែរ។ យើងដឹងស្រាប់ហើយអំពីសារសំខាន់របស់ទឹក ទោះបីវេចអង្ករទៅតាមខ្លួនក៏ត្រូវមានទឹកសម្រាប់ដាំបាយដែរ។ ចំណុចសំខាន់ស្លាប់រស់នោះ ដំបូងបង្អស់គឺទឹកនេះឯង។ នៅទីណាមានចំណុចទឹកដូចជាថ្លុកឬត្រពាំងជាដើម ពុំសូវភ័យព្រួយប៉ុន្មានទេ បើនៅក្នុងរដូវមិនទាន់រីងរាំងហួតហែងខ្លាំង។ ប៉ុន្តែដំណើរមនុស្សពុំមែនចេះតែប្រទះនឹងអំណោយផលរបៀបនេះឡើយ សូម្បីតែក្នុងរឿងព្រេងក៏យើងតែងប្រទះថាមនុស្សដើរក្នុងព្រៃអត់បាយក្រហាយទឹកដែរ។ ឧទាហរណ៍ រឿងនាងទន់សាត្រា ឬនាងលំអងរំចេក ដែលមិនត្រឹមតែខ្មែរនៅក្នុងប្រទេស កម្ពុជាទេដែលស្គាល់ តែដែលខ្មែរនៅប្រទេសថៃឡង់ដ៍ ឬប្រទេសលាវស្គាល់ដូចគ្នាផង ជាពិសេស បើសហគមន៍ទាំងនោះរស់នៅជិតប្រាសាទបុរាណអ្វីមួយ។ នាងទន់សាត្រា ឬនាងលំអងរំចេកកើតមកពីណា? រឿងនិយាយថា៖ ថ្ងៃមួយអ្នកស្រុកនាំគ្នាទៅជីកដំឡូងនៅក្នុងព្រៃ។ ក្នុងចំណោមនោះមានស្រីទុគតម្នាក់ដើរវង្វេងដាច់ពីគេ ហើយស្រេកទឹកយ៉ាងខ្លាំងដោយរដូវនោះក្តៅហួតហែង។ ពេលនោះក៏ឃើញថ្លុកមួយនៅមានទឹក ក៏ឱនក្រេបទាល់តែអស់។ តាមពិតទឹកនោះជាទឹកនោមរបស់ដំរីសមួយដែលទើបនឹងឆ្លងកាត់ទីនោះ ហើយដោយសារការផឹកទឹកនោមនេះហើយ ដែលធ្វើឲ្យស្រីនោះមានផ្ទៃពោះរហូតបានកូនមកមានឈ្មោះថា «នាងលំអងរំចេក»។ រឿងនេះវែងឆ្ងាយតទៅទៀត ប៉ុន្តែលើកយកមកត្រឹមនេះដើម្បីបញ្ជាក់ថា ការអត់ទឹកក្នុងព្រៃជាការងាយនឹងកើតឡើង ហើយដែលមនុស្សត្រូវតែប្រុងប្រយ័ត្ន។

នៅក្នុងព្រៃមានរុក្ខជាតិខ្លះៗដែលអាចជួយសម្រន់សម្រេកបានបន្តិចបន្តួចមួយពេលខ្លី ឧទាហរណ៍ គេអាចយកផ្កាម៉្យាងដុះនៅទាបនឹងដី ហៅថា “ផ្ទឺ ” (រូបលេខ១) មកច្របច់បានជាទឹកខាប់ៗមកក្រេបលេបបណ្តោះអាសន្ននៅពេលដែលស្រេកទឹកខ្លាំង ដ្បិតនេះពុំមែនជាទឹកសាបពិតប្រកដឡើយ។ ឯនៅកន្លែងខ្លះទៀតគេយកទឹកដែលនៅក្នុងផ្សិតច្រមុះជ្រូក ឬក៏នៅក្នុងវល្លិរមៀត មកក្រេបបានខ្លះដែរ។ ប្រហែលជាមានអ្វីៗច្រើនជាងនេះទៅទៀតដែលខ្ញុំពុំដឹង។ តែនៅទីនេះខ្ញុំសូមបង្ហាញរុក្ខជាតិដែលជាប្រភពទឹកសំខាន់មួយហៅថា “វល្លិទឹក” ដែលតោងនៅដើមឈើធំៗ (រូបលេខ២)។ តែការសម្គាល់នោះ ទាល់តែអ្នកឧស្សាហ៍ដើរព្រៃទើបដឹង។ ដើម្បីបានទឹកហូប ដំបូងត្រូវកាត់ខាងគល់មួយកាំបិតឲ្យដាច់ភ្លាម (រូបលេខ៣)។ បន្ទាប់មកទើបកាប់ខាងចុងមួយកាំបិតទៀត ប្រវែងប្រមាណមួយម៉ែត្រលើនោះ ទើបអាចធ្វើឲ្យទឹកហូរស្រក់ចុះមកក្នុងមាត់ (រូបលេខ៤-៥)។ វល្លិប៉ុនកដៃ ប្រវែងមួយម៉ែត្រនេះ អាចសម្រន់ការស្រេកបានមួយដំណើរដែរ។