ដោយ យ៉ូស៊ីអាគី អ៊ីស៊ីស្សាវ៉ា
ប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវនិងបណ្ដុះបណ្ដាលធនធានមនុស្សនៃសាកលវិទ្យាល័យសូហ្វីយ៉ា
១. កម្ពុជា និងជប៉ុននៅស.វ.ទី១៦និង១៧
កងទ័ពអយុធ្យាបានចូលវាយលុកគ្រប់គ្រងអង្គរនៅរវាងគ.ស.១៤៣១។ ការចូលឈ្លានពាននេះបណ្ដាលឲ្យអង្គរ ដែលធ្លាប់ជាអាណាចក្រខ្មែរដ៏ថ្កុំថ្កើងក្នុងរយៈពេល៦០០ឆ្នាំនោះធ្លាក់ចុះ។ ព្រះរាជាខ្មែរបានសម្រេចប្ដូររាជធានីទៅស្រីសន្ធរ ក្នុង រយៈពេលខ្លីទៅភ្នំពេញ លង្វែកនៅរវាងឆ្នាំ១៥២៩ និងបន្ទាប់មកនៅឧដុង្គក្នុងឆ្នាំ១៦១៨។ រាជធានីភ្នំពេញសព្វថ្ងៃ គឺប្ដូរមកនៅក្នុងឆ្នាំ១៨៦៦។
ការសិក្សាថ្មីៗបានបង្ហាញតឹកតាងថា ព្រះរាជវង្សគ្រងរាជ្យបន្តពីព្រះមហាក្សត្រសម័យអង្គរបានត្រឡប់ទៅអង្គរនៅរវាងឆ្នាំ១៥៤៦និង១៥៧៦ ហើយបានជួសជុលសំណង់ប្រាសាទដែលទ្រុឌទ្រោម និងលើកទឹកចិត្តឲ្យអ្នកស្រុកត្រឡប់មករស់នៅវិញ។[1] ក្រុមបេសកជនអឺរ៉ុបក៏បានមកទស្សនាអង្គរនៅក្នុងអំឡុងពេលនោះដែរ ដោយបានកត់ត្រាលម្អិតអំពីរាជធានីបុរាណនោះ។ ម្យ៉ាងទៀត អង្គរវត្តក៏បានប្ដូរទៅជាប្រាសាទព្រះពុទ្ធសាសនា (ព្រះពុទ្ធសាសនាថេរវាទ) បន្ទាប់ពីអាណាចក្រខ្មែរធ្លាក់ចុះ ហើយបន្តជាទីគោរពបូជាសម្រាប់ពុទ្ធសាសនិកនៅក្នុងតំបន់។
នៅប្រទេសជប៉ុន តូយ៉ូតុមិ ហុីដេយ៉ូសុី (Toyotomi Hideyoshi) បានទទួលជោគជ័យក្នុងការបង្រួបបង្រួមជាតិនៅឆ្នាំ១៥៩០។ តាមរយៈសង្គ្រាមសេគីហ្កាហារ៉ា (Sekigahara) នៅឆ្នាំ១៦០០ តុគឹហ្កាវ៉ា អុីអេយ៉ាសុឹ (Tokugawa Ieyasu) បានបង្កើត រដ្ឋបាលសូហ្គុននៅឆ្នាំ១៦០៣ ហើយនៅក្នុងអំឡុងពេលនោះមានកំណើនជនជាតិ បរទេសយ៉ាងច្រើនបានមកជប៉ុនរួមទាំងក្រុមបេសកកម្មជនគ្រិស្តសាសនា និងអ្នកជំនួញអន្តរជាតិដែរ។ មានការផ្លាស់ប្ដូរយ៉ាងសកម្មជាមួយអ្នកជំនួញបរទេសនៅលើសំពៅជំនួញដែលភាសាជប៉ុនហៅ “ស៊ុអុីនសេន Shuin-sen” (សំពៅដែលមានត្រាក្រហម)។ [2] ទិសដៅនៃសំពៅជំនួញ គឺឆ្ពោះទៅកាន់ប្រទេសនៅអាសុីអាគ្នេយ៍ បច្ចុប្បន្នស្ទើរតែទាំងអស់ ដែលពេលនោះមានការកើនឡើងនូវចំនួនភូមិជប៉ុនជាច្រើន។ តាមរយៈឯកសារបានបង្ហាញថាជនជាតិជប៉ុននាពេលនោះ គិតថាអាសុីអាគ្នេយ៍ជាផ្នែកមួយនៃប្រទេសឥណ្ឌាខាងត្បូង។[3]
គេបានរកឃើញអក្សរថ្មភាសាជប៉ុនដែលបានសរសេរដោយអ្នកកាន់ព្រះពុទ្ធសាសនាជនជាតិជប៉ុនចំនួន១៤កន្លែងនៅលើជញ្ជាំង និងសសរនៅរួតព្រះពាន់នៃប្រាសាទអង្គរវត្ត។ អក្សរថ្មទាំងនោះនៅអាចអានបាន ហើយបង្ហាញថាពួកគេបានសរសេរនៅទីនោះក្នុងរយៈពេល២០ឆ្នាំ ចាប់ពីឆ្នាំ១៦១២ (ក្នុងឆ្នាំទី១៧នៃឆ្នាំជប៉ុន ខេចូ) ដល់ឆ្នាំ១៦៣២(ឆ្នាំទី៩នៃឆ្នាំជប៉ុនកាន់អេ)។ រហូតដល់មានសង្គ្រាមក្នុងស្រុកនៅប្រទេសកម្ពុជាក្នុងទសវត្ស១៩៧០ មានព្រះពុទ្ធរូបប្រមាណ៣០០អង្គដែលមានទំហំផ្សេងៗគ្នា និងខ្លះជាព្រះពុទ្ធរូបសម័យថ្មីមានតម្កល់នៅរួតព្រះពាន់នោះ។
២. អាយុកាលនៃអក្សរថ្មជប៉ុន និងទីកន្លែងកំណើតរបស់អ្នកសរសេរ
លោកបណ្ឌិត ជូតា អុីតុ (Chuta Ito) ជាអ្នកស្រាវជ្រាវដំបូងពីប្រទេសជប៉ុន ដែលបានធ្វើជាឯកសារយោងសម្រាប់អក្សរថ្មជប៉ុននៅអង្គរវត្ត។[4] នៅខែកក្កដា ឆ្នាំ ១៩១២ ពេលដែលព្រះចៅអធិរាជនៅសម័យមេហ្ជីបានយាងធ្វើទស្សនកិច្ចនៅសាកលវិទ្យាល័យតូក្យូលោកបណ្ឌិត ជូតា អុីតុ បានធ្វើបទបង្ហាញអំពី “ជេតពន និងអង្គរវត្ត”។ ខ្ញុំនឹងផ្ដល់យោបល់អំពីគំនូរប្លង់ជេតពននៅក្នុងអត្ថបទនេះ។[5] នៅក្នុងទសវត្ស១៩៣០ មានអ្នកស្រាវជ្រាវជប៉ុន៣នាក់ គឺលោកសាស្ត្រាចារ្យ Katsumi Kuroita, Seiichi Iwao និង Sennosuke Odaka បានចុះទៅសិក្សានៅទីកន្លែងផ្ទាល់ និងធ្វើជារបាយការណ៍នូវអ្វីដែលពួកគាត់បានរកឃើញ។[6] ក្រោយមកនៅខែកុម្ភៈ ឆ្នាំ១៩៥៨ លោក ហ្ជុនហ្សូ សុីមីហ្សឹ (Junzo Shimizu) បានទៅសិក្សាលម្អិតជាងមុននៅអង្គរវត្ត។[7] ជាពិសេសអត្ថបទនេះគឺអរគុណដល់កិច្ចការស្រាវជ្រាវចុងក្រោយនេះ។
<ចំពោះចំនួនអក្សរថ្មជប៉ុនទាំង១៤កន្លែងនៅអង្គរវត្ត អក្សរថ្ម១៣កន្លែងស្ថិតនៅរួតព្រះពាន់ និងមួយកន្លែងទៀតនៅលើជញ្ជាំងខាងត្បូងនៃផ្លូវចូលរបស់ហោត្រៃខាងជើងនៅផ្នែកខាងក្រៅនៃរូតព្រះពាន់។ អក្សរថ្មទាំងនេះសរសេរនៅលើសសរថ្ម ដោយប្រើទឹកខ្មៅផ្ទាល់។ គេជឿថាផ្នែកផ្ទៃលើនៃថ្ម ដើមឡើយមានលាបថ្នាំពណ៌ក្រហម ហើយអក្សរថ្មទាំងនោះ គឺសរសេរនៅលើថ្នាំពណ៌ក្រហមទាំងនោះ។ ប្រភេទនៃអក្សរទាំងនោះចាប់ផ្ដើមសរសេរពីកំពស់ប្រហែល២ម៉ែត្រទៅ២ម៉ែត្រកន្លះគិតពីកម្រាលថ្ម ហើយចប់នៅប្រហែល១ម៉ែត្រកន្លះពីកម្រាលថ្ម។ ខ្ញុំសង្ស័យថាគេបានប្រើជណ្ដើរតូច ដើម្បីសរសេរអក្សរថ្មទាំងនោះ។/p>
ជាការពិតដែលគេបានសរសេរដូច្នោះ គឺមានគោលបំណងថែរក្សាសំណេរ ហើយបើករណីគេសរសេរនៅកំពស់ភ្នែករបស់មនុស្ស អក្សរថ្មទាំងនោះប្រហែលអាចត្រូវគេកោសលុប។ សម្រាប់ការសរសេរលើសសរទំហំ៤០សង់ទីម៉ែត្រ អត្ថបទទាំងអស់មិនអាចលើសពី៣ឬ ៤បន្ទាត់បានឡើយ។ មានតែអក្សរថ្មមួយផ្ទាំងដែលមានអត្ថន័យលម្អិត គេចាត់ទុកថាជាអក្សរថ្ម A ដោយមានហត្ថលេខារបស់លោក ម៉ូរីម៉ូតូ អ៊ុកុនដាយុ កាហ្សឹហ្វុសា (Morimoto Ukondayu Kazufusa) (រូបទី២)។ អក្សរថ្ម ភាគច្រើនសរសេរតែសញ្ជាតិ ស្រុកកំណើត ឈ្មោះផ្ទាល់ខ្លួន និងឈ្មោះរបស់ក្រុម ដែលមកជាមួយអ្នកសរសេរប៉ុណ្ណោះ។ ឧទាហរណ៍យើងអាន “ជប៉ុន”, “សាកៃ” (សព្វថ្ងៃប៉ះចំខេត្តអូសាកា) និង “ហុីហ្កូ” (សព្វថ្ងៃចំខេត្តគឹម៉ាម៉ូតុ)។ អក្សរទាំងនេះ យើងអាចចាត់ទុកថាជាប្រភេទចំណារខ្លីៗ (graffiti)។ ខាងក្រោមជាបញ្ជីនៃអត្ថបទ១១ច្បាប់ដែលរៀបតាមលំដាប់ឆ្នាំនៃអក្សរថ្ម ហើយយើងយោងតាមការសិក្សារបស់សាស្ត្រាចារ្យ សុីមីហ្សឹ។[8]
ទិន្នន័យបង្ហាញថា ជនជាតិជប៉ុនបានមកអង្គរវត្តយ៉ាងហោចណាស់៣ដង ក្នុងអំឡុងពេលនោះ ពោលគឺនៅថ្ងៃទី១៤ នៃខែទី៧ ឆ្នាំ១៦១២, ថ្ងៃទី២០ នៃខែទី១ ឆ្នាំ១៦៣២,និងថ្ងៃទី១៥ នៃខែទី១០ ឆ្នាំ១៦៣២។ ក្នុងករណីចុងក្រោយចុះបញ្ជី (១៦៣២) ថ្វីដ្បិតតែគ្មានថ្ងៃក្ដី អក្សរដែលទើបនឹងមើលឃើញនោះបង្ហាញថាការមកទស្សនានោះ គឺនៅខែមករា។ ដូច្នោះហើយ មានជនជាតិជប៉ុនមកទស្សនាយ៉ាងហោចណាស់៤ដង។
សម្រាប់ទីកន្លែងកំណើតនៃអ្នកមកទស្សនាទាំងនោះ លោក កាអេម៉ុនណូហ្ចូ ដែលមកពី ហុីហ្កូក្នុងខេត្តគឹម៉ាម៉ូតុមានឈ្មោះដែលប្រើដោយក្រុមហ៊ុន យ៉ាសុឹហ៉ារ៉ា-យ៉ា (Yasuhara-ya)បង្ហាញថាគាត់ គឺជាអ្នកជំនួញម្នាក់ដែលបានធ្វើដំណើរតាមសំពៅជំនួញមានត្រាក្រហម។ យោងតាមការសិក្សារបស់ សាស្ត្រាចារ្យ សុីមីហ្សឹ អក្សរថ្មដដែលនោះនិយាយអំពីមនុស្ស២នាក់ គឺ “លោក សុ និងសុ” មកពីហុីហ្កូ និង សាអេម៉ុនណូហ្ចូ មកពីហុីហ្សេន ពោលគឺគាត់ទាំងពីរនាក់មកពីតំបន់ឃ្យូស៊ូដូចគ្នា។
ឈ្មោះទីតាំងដែលយើងឃើញនៅក្នុងអក្សរថ្មទាំងនោះ រួមមាន សេនស៊ុ សាកៃ(សព្វថ្ងៃចំខេត្តអូសាកា), ហុីហ្សេន និងហុីហ្កូ ក៏ស្ថិតនៅក្នុងខេត្តអូសាកាដែរ។ អ្នកមកទស្សនាអង្គរនាពេលនោះ ភាគច្រើនមកពីហុីរ៉ាតុ ណាហ្កាសាគី និងហុីហ្សេន នៅក្នុងតំបន់ឃ្យូស៊ូ ហើយបន្ទាប់មក គឺអ្នកជំនួញមកពីសាកៃ និងអូសាកា។ ពួកគេ មាននៅក្នុងកំណត់ត្រាជាផ្នែកដាច់ៗ នោះដោយសារផ្ទៃខាងលើរបស់ថ្មរបក ឬក៏ រលុបបាត់នៅផ្នែកខ្លះ។ បច្ចេកវិទ្យា ឌីហ្ជីថលថ្មីអាចធ្វើឲ្យយើងដឹងបន្ថែមនៅផ្នែក ដែលមើលមិនឃើញ ឬអាចឲ្យមានការរកឃើញតួអក្សរថ្មថ្មី។
៣. តើនរណាខ្លះដែលធ្វើដំណើរតាមស៊ុអ៊ីនសេន (សំពៅមានត្រាក្រហម)?
ស៊ុអុីនសេន” គឺជាសំពៅអ្នកជំនួញជប៉ុនភ្ជាប់ដោយលិខិតមានត្រាក្រហម ដែលចេញដោយរដ្ឋបាលសូហ្គុន។ ពាក្យនេះសំដៅលើសំពៅជំនួញជប៉ុនដែល ដំណើរការពីចុងស.វទី១៦ ដល់ដើមស.វទី១៧ ដោយមានភ្ជាប់អាជ្ញាប័ណ្ណ “ស៊ុអុីន-ហ្ចូ” (ត្រាក្រហម)សម្រាប់អ្នកដំណើរ ចេញទៅបរទេស។ គេជឿថា តូយ៉ូតុមិ ហុីដេយ៉ូសុី ជាអ្នកចេញ “ស៊ុអុីន-ហ្ចូ” ដំបូងនៅរវាងឆ្នាំ១៥៩២ (ក្នុងឆ្នាំទី១ នៃប៊ុនរ៉ូគុ) ។ វិធីសាស្ត្រនៃការចេញ “ស៊ុអុីន-ហ្ចូ” ផ្ដល់ឲ្យសំពៅជំនួញសម្រាប់ធ្វើជំនួញអន្តរជាតិដំណើរការបានល្អ ត្រូវឆ្លងតាមតុគឹហ្កាវ៉ា សូហ្គុន។ មានសំពៅដែលមានត្រា ក្រហមប្រហែលពី៣៥០ ទៅ៣៦០ បានចេញដំណើរទៅបណ្ដាប្រទេសនៅអាសុីអាគ្នេយ៍ចាប់ពីឆ្នាំ១៦០១ (ក្នុងឆ្នាំទី៦នៃខេចូ) រហូតដល់ពេលជប៉ុនចាប់ផ្ដើមផ្ដាច់ខ្លួនពីពិភពលោកនៅប្រហែល៣០ឆ្នាំក្រោយមក។ សំពៅដែលមានត្រាក្រហម គឺជាប្រភេទសំពៅដែលអាចផ្ទុកបានចំណុះពី៦០០ ទៅ៧០០តោន ហើយចេញដំណើរពីដើមរដូវរងា ពេលដែលមានខ្យលបក់ពីជើង ធ្វើដំណើរឆ្ពោះទៅភាគខាងត្បូងហើយត្រឡប់មកជប៉ុនវិញ ពេលដែលមានខ្យល់បក់ពីត្បូងនៅដើមរដូវក្ដៅ។ ទិសដៅរបស់ពួកគេមាន៩ ឬលើសពី៩ រួមមានលុហ្សុន (ហ្វីលីពីន) កម្ពុជា សៀម ចាម្ប៍ ជ្វា (ឥណ្ឌូណេសុី)និងប៉ាតានី (ប្រទេសថៃឡង់ដ៍បច្ចុប្បន្ន)។ សហគមន៍ជប៉ុន (ភូមិជប៉ុន) ត្រូវបានបង្កើតឡើងនៅគ្រប់ទិសដៅទាំងនេះ ហើយសហគមន៍នីមួយៗ មានអ្នករស់នៅប្រមាណ៧០០០នាក់។ អក្សរថ្មជប៉ុនដែលបានសរសេរលើសសរថ្មនៅប្រាសាទអង្គរវត្ត ខ្លះមានកាល បរិច្ឆេទឆ្នាំ១៦១២ និង១៦៣២ ដែលត្រូវគ្នានឹងរយៈពេលសំពៅមានត្រាក្រហម ទាំងនោះបានដំណើរការយ៉ាងសកម្ម។ ដូច្នោះហើយ គេជឿថាអ្នកសរសេរទាំងនោះ បានធ្វើដំណើរតាមសំពៅទាំងនោះ។ អក្សរថ្មភាគច្រើនដែលសរសេរនៅឆ្នាំ១៦១២ ពាក់ព័ន្ធនឹង “សាកៃនៃប្រទេសជប៉ុន” ហើយនាំឲ្យយើងយល់ថាពួកគេនៅក្នុងក្រុម ដែលអ្នកជំនួញនៅសាកៃនៃខេត្តអូសាកាបានបញ្ជូនទៅ។ លោក ម៉ូរីម៉ូតូ អ៊ុកុនដាយុ កាហ្សឹហ្វុសា ដែលជាអ្នកបម្រើកិច្ចការនៅត្រកូលម៉ាត្សឹរ៉ា នៅហុីរ៉ាដូ ក្នុងខេត្តណាហ្កា សាគី ហើយគេជឿថា គាត់មកដល់ប្រទេសកម្ពុជានៅរវាងចុងឆ្នាំ១៦៣១ និងខែទី១ ឆ្នាំ១៦៣២ ហើយប្រហែលបានធ្វើដំណើរតាមសំពៅជំនួញរបស់ត្រកូលម៉ាត្សឹរ៉ា។
សំពៅដែលមានត្រាក្រហម មិនតម្រូវតែដឹកអ្នកដែលបម្រើការក្នុងសំពៅប៉ុណ្ណោះទេ ប៉ុន្តែក៏មានចំនួន “ភ្ញៀវ” ដែលជាអ្នកធ្វើជំនួញផ្ទាល់ខ្លួននៅតាមទិសដៅ នីមួយៗដែរ។ ដោយសារពួកគេពុំជាប់ពាក់ព័ន្ធនឹងការលើកដាក់ទំនិញ ពួកគេអាចមានឱកាសទៅទស្សនាអង្គរវត្ត ឧទាហរណ៍មុនពេលដែលសំពៅចាប់ផ្ដើមចេញដំណើរម្ដងទៀត។ យ៉ាស៊ីហារ៉ា-យ៉ាកាអេម៉ុនណូហ្ចូ មកពីហុីហ្កូ ក្នុងតំបន់ឃ្យូស៊ូ អាច ជា “ភ្លៀវ” ដែលជាអ្នកជំនួញម្នាក់ដែរ។ យោងតាមអក្សរថ្មលេខ១ដែលមានសរសេរ “ក្រុមរួមដំណើរ៩” អាចបង្ហាញថាជាក្រុមមួយនៃអ្នកដំណើរជប៉ុនបែបនេះ។
ម្យ៉ាងទៀត យើងមិនអាចសន្មតថាអ្នកដំណើរទាំងអស់សុទ្ធតែជាអ្នកជំនួញបានឡើយ ដូចមានលោក ម៉ូរីម៉ូតូ អ៊ុកុនដាយុ កាហ្សឹហ្វុសា ជាឧទាហរណ៍ស្រាប់។ គាត់ធ្វើដំណើរទៅបរទេស ដើម្បីស្វែងរកការប្រតិបត្តិព្រះពុទ្ធសាសនា បញ្ជូនកុសល ដល់ព្រលឹងរបស់ឪពុកម្ដាយដែលបានចែកស្ថានទៅ។ អ្នកដំណើររួមមានអ្នកជំនួញ និងគ្រួសាររបស់អ្នកចម្បាំង (សាមុរៃ)។ នេះគឺស្របពេលនឹងសម័យចលាចល ដូចជាពេលដែល ហុីដេយ៉ូសុីទៅលុក លុយកូរ៉េ (១៥៩២-១៥៩៨) និងសង្រ្គាមនៅសេគីហ្កាហារ៉ា (១៦០០)។ វាមានករណីនៃការកើនឡើង និងធ្លាក់ចុះរបស់ស្ដេច ត្រាញ់រាប់មិនអស់ ហើយនិងជាសម័យកាលចលាចលក្នុងសង្គម។ ការបង្កើតរដ្ឋា ភិបាល តុគឹហ្កាវ៉ា សូហ្គុន បានបង្កើតជាវណ្ណៈរបស់ក្រុមអ្នកប្រយុទ្ធ ដែលអំណាចមហិច្ឆតារបស់ពួកគេឡើងខ្លាំង។ បញ្ហានេះធ្វើឲ្យពួកគេបញ្ចប់នូវអ្នកប្រយុទ្ធដែលគ្មានម្ចាស់ (ជាភាសាជប៉ុនហៅ រ៉ូនីន) ឬក៏បរាជ័យក្នុងការបំពេញសេចក្ដីប្រាថ្នា របស់ពួកគេ ហើយខ្លះក៏ឈប់រវីរវល់លើភាពច្របូកច្របល់នៅជប៉ុន និងស្វែងរក ការកសាងជីវិតថ្មីមួយនៅបរទេស។ ឧទាហរណ៍មួយដូចជាលោក ណាហ្កាម៉ាសា យ៉ាម៉ាដា(Nagamasa Yamada) នៅអយុធ្យាដែលជាអ្នកប្រយុទ្ធ និងជាអ្នកជំនួញ ម្នាក់របស់ជប៉ុននៅដើមស.វទី១៧។ លោក ម៉ូរីម៉ូតូ អ៊ុកុនដាយុ កាហ្សឹហ្វុសា អាចជាមនុស្សម្នាក់ទៀត ដែលព្រួយបារម្មអំពីស្ថានភាពសង្គមពុំអាចជួយបាននៅក្នុងពេលសង្គ្រាមនោះ ហើយបួងសួងឲ្យមានស្ថេរភាព ពេលដែលលោកបានមកដល់អង្គរវត្ត។ តឹកតាងតិចតួចបង្ហាញថាជនជាតិជប៉ុនខ្លះក្រោយមកត្រូវពួកអភិជន និងអ្នកមានឥទ្ធិពលនៅក្នុងស្រុកជួលឲ្យធ្វើ ឬឲ្យធ្វើជាមេបញ្ជាការនៃកងអង្គរក្សវាំង ដោយសារពួកគេចេះក្បាច់គុន។[9]
នៅពេលដំណាលនោះដែរ អ្នកកាន់គ្រិស្តសាសនាជនជាតិជប៉ុន (ភាសាជប៉ុនហៅ Kirishitan) ដែលទទួលរងការធ្វើទុក្ខបុកម្នេញបានធ្វើដំណើរទៅអាសុីអាគ្នេយ៍ ដើម្បីស្វែងរកការរស់នៅមួយដែលប្រសើរ។ ពួកគេប្រហែលបានសង់ព្រះវិហារគ្រិស្តសាសនាមួយក្នុងសង្កាត់ជប៉ុននៅពញាឮ ក្បែរច្រាំងទន្លេសាបនៃប្រទេសកម្ពុជា។10 ជាការពិតមានការកើតឡើងមួយ អ្នកកាន់គ្រិស្តសាសនាបានបង្កើតក្រុមទេសន្តរប្រវេសន៍ជប៉ុនដ៏ធំ។ អ្នកដែលបានមករស់នៅប្រទេសកម្ពុជាមានឱកាសគ្រប់គ្រាន់ទៅទស្សនាអង្គរវត្ត។ សេចក្ដីនៃអក្សរថ្ម ៖ [10]
ខ្ញុំបានមកដល់ទីនេះនៅពេលចូលឆ្នាំថ្មីក្នុងឆ្នាំ១៦៣២ (ឆ្នាំទី៩នៃឆ្នាំជប៉ុនកាន់អេ) ជាលើកទី១។ ខ្ញុំឈ្មោះ ម៉ូរីម៉ូតូ អ៊ុកុនដាយុ កាហ្សឹហ្វុសាមកពីជប៉ុន មានទីលំនៅនៅ ហុិស៊ុ (សព្វថ្ងៃហៅថា តំបន់ឃ្យូស៊ូ) បម្រើត្រកូលហ្វុហ្ជីវ៉ារ៉ា ក្នុងឋានៈខ្ពង់ខ្ពស់មួយ។ ខ្ញុំបានធ្វើដំណើរដ៏វែងឆ្ងាយ ដើម្បីមកដល់ទីនេះ ក្នុងបំណងយកព្រះពុទ្ធបួនអង្គមក តម្កល់ថ្វាយក្នុងពិធី ដើម្បីឲ្យវិញ្ញាណខន្ធអ្នករស់ព្រមទាំងអ្នកស្លាប់ទាំងឡាយបានបរិសុទ្ធថ្លា។ខ្ញុំចារអក្សរថ្មនេះ ដើម្បីឧទ្ទិសទៅដល់លោកឪពុកឈ្មោះ ម៉ូរីម៉ូតូ ហ្គីដាយុដែលកំពុងរស់នៅភូមិអុីគេដា ភាគពាយព្យនៃសេសស៊ុ (សព្វថ្ងៃប៉ះចំខេត្តអូសាកានិងខេត្តហុីយ៉ូហ្គោ)។ ខ្ញុំចារអក្សរថ្មនេះ ដើម្បីឧទ្ទិសទៅដល់វិញ្ញាណខន្ធអ្នកម្ដាយឈ្មោះមីយ៉ូសុីន ដៃសុិ (មរណនាមព្រះពុទ្ធសាសនា) ដែលបានចែកស្ថានទៅនៅអូវ៉ារី (សព្វថ្ងៃប៉ះចំខេត្តហ្គិហ៊្វុ)។ ថ្ងៃទី២០ ចូលឆ្នាំថ្មី ឆ្នាំទី៩កាន់អេ (ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ គ.ស ១៦៣២)។ [11]
៤. សេចក្តីបញ្ជាក់ថ្មីៗទាក់ទងនឹងលោក ម៉ូរីម៉ូតូ អ៊ុកុនដាយុ កាហ្សឹហ្វុសា
នៅឆ្នាំ១៦៣៣ ពោលគឺមួយឆ្នាំក្រោយលោក ម៉ូរីម៉ូតូ អ៊ុកុនដាយុ កាហ្សឹហ្វុសា បានទៅទស្សនាអង្គរវត្ត រដ្ឋបាលសូហ្គុនបានហាមមិនឲ្យពលរដ្ឋរបស់ខ្លួនចេញទៅបរទេសជាផ្លូវការ។ បន្ទាប់ពីនោះមក “ហ្វុមីអេ Fumie” (បន្ទះស្ពាន់ដែលមានរូបព្រះយេស៊ូ) មានការប្រើប្រាស់ ដែលបង្ហាញថាគ្រិស្តសាសនាបានចាប់ផ្ដើមនៅជប៉ុនរួច ហើយ (តាំងពីឆ្នាំ១៦២៨ ម៉េ្លះ)។ រហូតមកដល់សព្វថ្ងៃ គេនៅពុំទាន់ច្បាស់ថាតើ លោក ម៉ូរីម៉ូតូ អ៊ុកុនដាយុ កាហ្សឹហ្វុសា បានត្រឡប់ទៅជប៉ុនវិញ ឬក៏រស់នៅក្នុងសហគមន៍របស់ជប៉ុនបន្ទាប់ពីបានទៅទស្សនាអង្គរវត្តនោះទេ។
នៅក្នុងឆ្នាំ១៩៩៣ កូនចៅរបស់គាត់ជំនាន់ទី១៤ លោក កេនហ្សូ ម៉ូរីម៉ូតូ (KenzoMorimoto) ដែលរស់នៅក្រុងត្សឹយ៉ាម៉ា ខេត្តអូកាយ៉ាម៉ា បានបង្ហាញវត្តដែល គេបានបញ្ចុះសពលោក អ៊ុកុនដាយុ ដែលនេះបានបំភ្លឺការពិតថ្មីៗជាច្រើន។ 12 ផ្នូររបស់គាត់ គឺនៅវត្តហ្ចូហ្កាន់ជី (Joganji temple) ក្នុងក្រុងក្យូតូ ដោយមានថ្មចារឹកនៅលើក្បាលផ្នូរមួយ និងកន្លែងដាក់ផ្ទាំងសិលាចារឹកសម្រាប់លោក ម៉ូរីម៉ូតូ អ៊ុកុនដាយុ កាហ្សឹហ្វុសា និង ម៉ូរីម៉ូតូ ហ្គីដាយុ។ [12]
(១) ថ្មចារឹកនៅលើក្បាលផ្នូរនោះមានសរសេរមរណនាមបែបពុទ្ធសាសនារបស់លោក ហ្គីដាយុ។
(២) កន្លែងដាក់ផ្ទាំងសិលាចារឹកបង្ហាញថាលោក ហ្គីដាយុ បានចែកស្ថានទៅ នៅថ្ងៃទី១១ នៃខែទី៦ ឆ្នាំ១៦៥១ និងអ្នកដែលមាននាម ម៉ូរីម៉ូតូ សាដាយុ (គឺលោក កុនដាយុ កាហ្សឹហ្វុសា) បានចែកស្ថាននៅថ្ងៃទី១៦ នៃខែទី៣ ឆ្នាំ១៦៧៤។
(៣) ផ្នូរនោះបានបង្ហាញពីកំណត់ត្រាដែលនិយាយថា ម៉ូរីម៉ូតូ ហ្គីហ្ជូរ៉ូ (Morimoto Gijuro) ដែលជាអភិជនម្នាក់នៅក្នុងត្រកូលហូសុកាវ៉ា សព្វថ្ងៃគឺប៉ះចំខេត្តឃឹម៉ាម៉ូតូនៃតំបន់ឃ្យូស៊ូ បានមកជួសជុលផ្នូរនៅថ្ងៃទី២៥ នៃខែទី៤ ឆ្នាំ១៨៤៩ (ក្នុងឆ្នាំទី២ នៃកាអេអុិ)។
មានបញ្ហាជាច្រើនពាក់ព័ន្ធនឹងរបកគំហើញទាំងនេះ។ ទីមួយគឺ ថ្មចារឹកនៅ លើផ្នូរនិងផ្ទាំងសិលាចារឹកដែលដាក់នៅផ្នូរបង្ហាញអំពីមរណនាមព្រះពុទ្ធសានា ដោយពុំមានឈ្មោះគ្រួសាររបស់ម៉ូរីម៉ូតូ។ ទីពីរគឺ ហេតុអ្វីបានជា ម៉ូរីម៉ូតូ អ៊ុកុនដាយុ កាហ្សឹហ្វុសា ដាក់ក្នុងបញ្ជីឈ្មោះជា សាដាយុ នៅលើថ្មចារឹក? ហេតុអ្វីបានជាគាត់ ប្ដូរឈ្មោះពី អ៊ុកុនដាយុ មកជាសាដាយុ? ទីបីគឺ ហេតុអ្វីបានជាលោក ម៉ូរីម៉ូតូ ហ្គីហ្ជូរ៉ូ ដែលជាមេគ្រួសារនៃជំនាន់ទី៨របស់ ហ្គីដាយុ បានសម្រេចចិត្តរៀបចំផ្នូររបស់មនុស្សពីរនាក់ ហើយធ្វើការជួសជុល ១៧៥ឆ្នាំក្រោយ អ៊ុកុនដាយុ កាហ្សឹហ្វុសា ចែកស្ថានទៅ?
អ៊ុកុនដាយុ កាហ្សឹហ្វុសា ហាក់ដូចជាបានត្រឡប់មកជប៉ុនវិញក្នុងអំឡុងពេលច្របូកច្របល់ រវាងនៃការចាប់ផ្ដើមបង្កើតគោលនយោបាយហាមប្រាមផ្លូវសមុទ្រនៅជប៉ុន(ភាសាជប៉ុនហៅ សាកុគឹ Sakoku)។ អ៊ុកុនដាយុ និងឪពុករបស់ គាត់ជាមនុស្សនៅក្នុងក្រុមស្ដេចត្រាញ់នៃត្រកូលកាតូ ប៉ុន្តែពេលនោះគេបានដកឋានៈគ្រួសារស្ដេចត្រាញ់កាតូចេញនៅឆ្នាំ១៦៣២ ហើយហុីហ្កូ (សព្វថ្ងៃជាខេត្តគឹម៉ា ម៉ូតុ) បានក្លាយជាផ្នែកមួយនៃត្រកូលហូសុកាវ៉ា។ ដោយរដ្ឋាភិបាលបានចេញវិធានការធ្វើទុក្ខបុកម្នេញដល់អ្នកកាន់គ្រិស្តសាសនា កសិករដែលជឿ លើគ្រិស្តសាសនា ពីសុីម៉ាបារ៉ាក្នុងខេត្តហុីហ្សេន និងអាម៉ាគឹសាក្នុងខេត្តហុីហ្កូ បានបង្កើតការបះបោរពី ឆ្នាំ១៦៣៧ ដល់១៦៣៨ (ពីឆ្នាំទី១៤ ដល់ទី១៥ នៃកាន់អេ)។ នៅឆ្នាំ១៦៣៥ (ក្នុង ឆ្នាំទី១២ នៃកាន់អេ) រដ្ឋាភិបាលបានប្រកាសហាមមិនឲ្យសំពៅជប៉ុនចេញដំណើរទៅបរទេស ហើយនឹងដាក់ទោសដល់ស្លាប់សម្រាប់អ្នកដែលត្រឡប់ពីបរទេសមកវិញ។ គ្រួសារម៉ូរីម៉ូតូដែលនៅក្នុងត្រកូលហូសុកាវ៉ា ត្រូវលាក់ប្រវត្តិអំពីការធ្វើដំណើរ ទៅបរទេសរបស់ អ៊ុកុនដាយុ កាហ្សឹហ្វុសា ដើម្បីបង្វែរដានពីការ សេុីបអង្កេតណា មួយដល់សមាជិកគ្រួសារផ្សេងទៀត ហើយនិងបញ្ជៀសពីការចោទប្រកាន់លើការគោរពគ្រិស្តសាសនា។ មានការសង្ស័យថា អ៊ុកុនដាយុ កាហ្សឹហ្វុសា បានប្ដូរឈ្មោះហើយលាក់ខ្លួន ដែលជាផ្នែកមួយនៃការគិតគូររបស់គ្រួសារម៉ូរីម៉ូតូ ដល់ត្រកូលហូសុកាវ៉ា។ អ៊ុកុនដាយុ កាហ្សឹហ្វុសា និងឪពុកគាត់ ហ្គីដាយុ បានប្ដូរទៅរស់នៅស្រុក កំណើតរបស់ឪពុកនៅស្រុកយ៉ាម៉ាហ្សាគី ក្រុងក្យូតុ។ ហ្គីដាយុ កើតនៅយ៉ាម៉ាហ្សាគី ក្រុងក្យូតុ នៅឆ្នាំ១៥៦៣ អាចពេលដែលគាត់ចែកស្ថានទៅនៅអាយុ៨៨ឆ្នាំ។ របកគំហើញប្រវត្តិសាស្ត្រទាំងនេះបញ្ជាក់បន្ថែមដល់មនុស្សដែលបានលាក់ប្រវត្តិពួកគេទាក់ទងនឹងការធ្វើដំណើរទៅបរទេសឆ្លើយតបនឹងគោលនយោបាយសាកុគឹរបស់ប្រទេស។
៥. តើអ្នកណាជាអ្នកបង្កើតគំនូរប្លង់វត្តជេតពន?
សារមន្ទីរសូកុកាននៅក្រុងមីតុមានប្លង់អង្គរវត្តចាស់មួយដែលគេហៅ “គំនូរ ប្លង់ជេតពន”។ គំនូរដែលនៅលើក្រដាសមានបណ្ដោយ៦៨,៤៥ស.ម និង ទទឹង៧៥ស.ម បង្ហាញអំពីរចនាសម្ព័ន្ធស្ថាបត្យកម្មដោយប្រើទឹកខ្មៅ ហើយមានពណ៌ផ្សេងៗទៀត ដូចជាពណ៌ខៀវសម្រាប់ទឹក និងពណ៌លឿងសម្រាប់ប្រតិមា។ លោកបណ្ឌិត អុីតូ ដែលជាអ្នកល្បីផ្នែកប្រវត្តិសាស្ត្រស្ថាបត្យកម្មបានទទូចឲ្យគេ យល់ថាគំនូរប្លង់នេះ គឺជាប្រាសាទអង្គរវត្ត។ រីឯ “ជេតពន” គឺជាវត្តល្បីល្បាញមួយនៅឥណ្ឌាកណ្ដាល ដែលគេចាត់ទុកថាជាទីព្រះពុទ្ធសក្យមុនីគង់នៅ។
រូបលេខ ៣. ជេតពន (Image courtesy the Shokokan Museum, Mito)
បើទោះបីជាមុនសម័យ “សំពៅដែលមានត្រាក្រហម” ក្ដី ក៏អ្នកដំណើរជប៉ុន បានឮអំពីប្រាសាទអង្គរវត្តដ៏ធំ ដែលថាធ្វើដំណើរដល់ទន្លេមេគង្គឆ្លងកាត់ទន្លេសាប ហើយដើរកាត់ព្រៃទៅដល់ទីនោះដែរ។ ការស្មានរបស់ពួកគេពីចម្ងាយ គេជឿថា អង្គរវត្ត គឺនៅកន្លែងណាមួយនៅឥណ្ឌាភាគខាងត្បូង។[13] គ្មានអ្វីត្រូវឆ្ងល់ទេដែលថា កាលពីសម័យបុរាណ ជនជាតិជប៉ុនយ៉ាងច្រើនបានច្រឡំដោយជឿថាអង្គរវត្ត គឺជា “ជេតពន” ដែលជាវត្តព្រះពុទ្ធសាសនាដ៏ល្បីជាងគេនៅឥណ្ឌា។ អ្នកដែលច្រឡំពីដំបូងមកថាអង្គរវត្តជា “ជេតពន” នោះ ច្បាស់ជាអ្នកមកពីក្រុមសំពៅដែលបានធ្វើដំណើរទៅសមុទ្រខាងត្បូងនារយៈពេលមុនយូរហើយ។[14]
ត្រាបោះនៅលើគំនូរប្លង់នោះបង្ហាញថាវាជារបស់សុីគុនដូ (Shikundo) ទាក់ ទងនឹង ថាតេហារ៉ា ស៊ុអុីគេន (Tatehara Suiken) ជាអ្នកដែលក្រោយមកបានក្លាយជា ប្រធានសារមន្ទីរសូកុកាន ហើយចែកស្ថាននៅថ្ងៃទី១៤ នៃខែទី៣ ឆ្នាំ១៨២៣ ក្នុង អាយុ៨០ឆ្នាំ។ ប្លង់នេះត្រូវការសិក្សាបន្ថែមទៀត។ លោកហ្វុហ្ជីវ៉ារ៉ា ថាដាយ៉ុរី បានសរសេរជាកំណត់ត្រានៅពីក្រោយគំនូរនេះនៅឆ្នាំ១៧៧២ ពេលដែល ថាតេហារ៉ា ស៊ុអុីគេន នៅអាយុ៤៣ឆ្នាំ។យើងពុំអាចយល់បានអំពីទំនាក់ទំនងផ្ទាល់រវាងមនុស្សទាំងពីរនាក់នេះទេ។ គេសន្មតថាគំនូរប្លង់ “ជេតពន” ដែលនៅមាន និងកំណត់ត្រានោះ គឺត្រូវគេចម្លងតាមដែល ថា តេហារ៉ាស៊ុអុីគេន បានធ្វើ ហើយគេរក្សាទុកនៅ សារមន្ទីរសូកុកាន។ ថាដាយ៉ុរី ដែលជាជីតារបស់ ហ្វុហ្ជីវ៉ារ៉ា ថាដាយ៉ុរី បានទទួលគំនូរប្លង់ចម្លងមួយច្បាប់ពីអ្នកបកប្រែ (?) នៅខេត្តណាហ្កាសាគី ដែលនេះមានន័យថាមានការចម្លងយ៉ាងហោចណាស់ពីរដង។ ការស្រាវជ្រាវរបស់លោកបណ្ឌិត អុីតូ លើគំនូរប្លង់នេះបានទាក់ទាញអ្នកស្រាវជ្រាវបារំាងឲ្យចាប់អារម្មណ៍ដែលក្រោយ មកបានចេញជាអត្ថបទស្រាវជ្រាវមួយរបស់ Noël Péri ១៤ មានការប្រមូលអត្ថបទ ខ្លីៗមួយដែលគេហៅ “កាសសុី យ៉ាវ៉ា (Kasshi Yawa)” មានលក្ខណៈជាអត្ថបទខ្លីៗ របស់ ម៉ាត្សឹរ៉ា សេអុីហ្សាន (Matsura Seizan) ដែលជាដៃមីញ៉ូ (Daimyo) អ្នកគ្រប់គ្រង តំបន់ និងជាស្ដេចត្រាញ់នៃត្រកូលម៉ាត្សឹរ៉ានៅហុីរ៉ាដូ ក្នុងតំបន់ឃ្យូស៊ូ។ ក្នុងសៀវភៅ មានអត្ថបទខ្លីៗរបស់គាត់សរសេរជាង២០ឆ្នាំ ពីខែវិច្ឆិកា ឆ្នាំ១៨២១ រហូតដល់គាត់ ចែកស្ថាននៅខែមិថុនា ឆ្នាំ១៨៤១។ ក្បាលទី២១ នៃសៀវភៅ កាសសុី យ៉ាវ៉ា មាន ជាកថាខ័ណ្ឌខ្លីៗដូចខាងក្រោម[15]
ដៃមីញ៉ូ កាតូ គិយ៉ុម៉ាសា (Daimyo Kato Kiyomasa) មានអ្នកហែហមម្នាក់ឈ្មោះ ម៉ូរីម៉ូតូ ហ្គីដាយុ ដែលមានកូនប្រុសម្នាក់ឈ្មោះ អ៊ុអេម៉ុន (Uemon)។ បន្ទាប់ពីគេបញ្ចប់ ហ្គីដាយុ ពីកាតព្វកិច្ច ម៉ាត្សឹរ៉ា សេហ្សាន ម្ដងម្កាលបានអញ្ជើញ អ៊ុអេម៉ុន ជាអ្នកដៃគូពិភាក្សា។ អ៊ុអេម៉ុន បានធ្វើដំណើរទៅបរទេស ទៅប្រទេសចិន និងតាមផ្លូវទៅប្រទេសឥណ្ឌាដែលជាកន្លែងគាត់បានឃើញបង្កងពេលឆ្លងកាត់ទន្លេ។ បង្កងទាំងនោះធំៗ មានបណ្ដោយ ច្រើនសាគុ (១សាគុ ស្មើប្រមាណ៣០ស.ម)។ បន្ទាប់់មកគាត់បានឡើងភ្នំដាន់តុគឹ ទៅទស្សនាវត្តជេតពន ហើយគូរគំនូរព្រាងទីកន្លែងនោះ។ ជាកូនចៅរបស់គាត់ យើងនៅរក្សាគំនូរប្លង់ បើទោះបីជា ឥឡូវនេះជាគំនូរចម្លងក្ដី។
កថាខ័ណ្ឌបានកត់ត្រាគំនូរប្លង់ “ជេតពន” ដែលមានបច្ចុប្បន្ន។ អ៊ុអេម៉ុន ដែល ជាកូនប្រុសរបស់ ម៉ូរីម៉ូតូ ហ្គីដាយុ ដូចបានពិពណ៌នានៅក្នុងសៀវភៅ កាសសុី យ៉ាវ៉ា គឺនិយាយសំដៅ លើ ម៉ូរីម៉ូតូ អ៊ុកុនដាយុ កាហ្សឹហ្វុសា។ នៅក្នុងកំណត់ត្រាសម្រាប់ សៀវភៅកាសសុី យ៉ាវ៉ា ម៉ាត្សឹរ៉ា សេអុីហ្សាន បានប្រកាសថា “ជាកូនចៅ យើងនៅរក្សាគំនូរប្លង់ បើទោះបីជាឥឡូវនេះជាគំនូរចម្លងក្ដី”។ នេះបង្ហាញថា គ្រួសារ ម៉ាត្សឹរ៉ា ប្រាកដជាមានគំនូរ “ជេតពន” បើទោះបីជាគ្មានគំនូរដើមក្ដី។
៦. តើ “ស៊ីម៉ាណូ គេនរីយ៉ូ (Shimano Kenryo)” ៖ ជាឈ្មោះពិតនៃអ្នកគូរប្លង់ “ជេតពន” ឬមួយឈ្មោះនេះជាឈ្មោះលាក់កំបាំង ?
ប្លង់គំនូរដើមនៃ “ជេតពន” ដែលគេបានរក្សាទុកនៅក្នុងសារមន្ទីរសូកុកាន គឺបានពន្យល់នៅខាងក្រោយគំនូរ។ កំណត់ត្រានៅខាងក្រោយនោះ បង្ហាញថានៅក្នុងឆ្នាំ១៧១៥នៅក្នុងខេត្តណាហ្កាសាគី លោកថាដាយ៉ុសុី ដែលជាជីតារបស់ ហ្វុហ្ជីវ៉ារ៉ា ថាដាយ៉ុរី បានបង្កើតការចម្លងប្លង់នេះនៃការគូរមួយតាមអ្នកបកប្រែ(?)។ កំណត់ត្រាបន្តនិយាយថា ពេល ដែលគូរនោះពុំបានដាក់កាលបរិច្ឆេទទេ អ្នកបកប្រែ សុីម៉ាណូ គេនរីយ៉ូ បានបង្កើតគំនូរពេលដែលគាត់ធ្វើដំណើរទៅវត្ត “ជេតពន” នៅឥណ្ឌាក្រោមបទបញ្ជារបស់សូហ្គុន តុហ្គឹហ្កាវ៉ាអុីអេយ៉ាសុឹ ទី៣ (១៦២៣-៥១)។ ក្នុងទសវត្ស១៦៣០ គឺជាពេលដែលមានគោលនយោបាយហាមប្រាមផ្លូវសមុទ្រចេញរូបរាងជាចុងក្រោយ ដែលបង្ហាញការសង្ស័យថាតើអ្នកបកប្រែម្នាក់អាច ប្រព្រឹត្តិទៅបាននៅក្នុងដំណើរមួយ។ ម៉ូរីម៉ូតូ អ៊ុកុនដាយុ កាហ្សឹហ្វុសា បានសរសេរអក្សរថ្មក្នុងឆ្នាំ១៦៣២ ៖ តើអាចមានលទ្ធភាពទេ ដែលបង្កើតជាដំណើរមួយក្រោម គោលនយោបាយហាមប្រាមដ៏តឹងរ៉ឹង និងក្នុងចំណោមភាពមិនច្បាស់លាស់នៃក្រុមបះបោរសុីម៉ាបារ៉ា? តើសុីម៉ាណូ គេនរីយ៉ូ ពិតជាបានទៅប្រទេសឥណ្ឌា? កំណត់ហេតុនៃការធ្វើដំណើររបស់គាត់ បន្សល់ទុកសំណួរជាច្រើនដែលពុំអាចឆ្លើយបាន។ លើសពីនេះទៀត តើនរណាជា ណានីហ្កាសុី នៃណាហ្កាសាគី ដែលហ្វុហ្ជីវ៉ារ៉ា ថាដាយ៉ុសុី បានជួប?គាត់អាចប្រហែលជាកូនចៅម្នាក់របស់គ្រួសារម៉ូរីម៉ូតូ ដែលបម្រើឲ្យត្រកូលម៉ាត្សឹរ៉ា។ មូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើន គឺហេតុអ្វី គេមិនបាននិយាយនាមត្រកូល ម៉ូរីម៉ូតូ អាចប្រហែលជាការពិតដែលថា ថាដាយ៉ុសុី មានគោលបំណងមិនបញ្ចេញឈ្មោះ។
កាសសុី យ៉ាវ៉ា បង្ហាញអំពីប្រវត្តិសាស្ត្រពិតសំខាន់ៗយ៉ាងច្រើន។ ទីមួយ គឺបញ្ជាក់ច្បាស់ថា អ៊ុកុនដាយុ កាហ្សឹហ្វុសា បានទទួលជោគជ័យសម្រាប់បេសកកម្ម ទៅទស្សនាអង្គរវត្ត ត្រឡប់មកជប៉ុនវិញ ហើយបន្តកិច្ចការក្នុងត្រកូល ម៉ាត្សឹរ៉ា។ ទីពីរ គឺមានសំណួរមួយ ថាតើមនុស្សម្នាក់ដែលមានឈ្មោះ សុីម៉ាណូ គេនរីយ៉ូ ពិតជាអ្នកបកប្រែម្នាក់នៅណាហ្កាសាគី នាពេលនោះមានមែនដែរឬទេ។ ការពិចារណាលើ ឯកសារប្រវត្តិសាស្ត្រច្រើនប្រភេទពុំគ្រប់គ្រាន់ ដើម្បីរកឃើញនូវអំណះអំណាងណាមួយទេ។ ទីបី តើ ហ្វុហ្ជីវ៉ារ៉ាថាដាយ៉ុសុី និងហ្វុហ្ជីវ៉ារ៉ា ថាដាយ៉ុរី ជាអ្នកណា? មនុស្សទាំងពីរនាក់នេះ មាននិយាយនៅក្នុងកំណត់ត្រានៅផ្នែកខាងក្រោយនៃគំនូរ “ជេតពន” ដែលបង្ហាញច្បាស់ថាធ្វើដោយ សុីម៉ាណូ គេនរីយ៉ូ ដែលគេគិតថាជា ចៅក្រមនៅណាហ្កាសាគី ឬមានតំណែងប្រហាក់ប្រហែល។ ប៉ុន្តែឈ្មោះរបស់ពួកគេ គ្មាននិយាយនៅក្នុងឯកសារណាមួយឡើយ។ ពួកគេប្រហែលជាអ្នកធ្វើការធម្មតានៅក្នុងស្រុក។ ទីបួន នៅលើគំនូរ “ជេតពន” ផ្នែកខាងក្រោមជ្រុងខាងស្ដាំ មានអក្សរសរសេរថា “ពីនេះ ទៅតាមផ្លូវទៅភ្នំដានតុគឹ (ជេតពន = អង្គរវត្ត)”។សូមអនុញ្ញាតឲ្យខ្ញុំបញ្ជាក់ថា កាសសុី យ៉ាវ៉ា មានការយោងមួយអំពី អ៊ុអេម៉ុន ឡើងភ្នំ ដានតុគឹ ដើម្បីទស្សនាវត្ត “ជេតពន”។ បញ្ហានេះគ្មាននិយាយនៅផ្នែកខាងក្រោយគំនូរឡើយ។បន្ថែមលើនេះ អ្នកនិពន្ធបានបង្ហាញយ៉ាងច្បាស់ពីគោលបំណងគាត់ “គូរគំនូរព្រាងវត្ត ហើយយកវាមកផ្ទះ”។ លើសពីនេះទៀត ការរកឃើញផ្នូររបស់ អ៊ុកុនដាយុ កាហ្សឹហ្វុសាថ្មីៗនេះ បានបញ្ជាក់ការពិតជាចុងក្រោយយ៉ាងច្បាស់លាស់ថា គាត់បានត្រឡប់មកប្រទេសជប៉ុនវិញ ហើយចែកស្ថាននៅឆ្នាំ១៦៧៤។ ខ្ញុំបង្ហាញតឹកតាងយ៉ាងសំខាន់នៅទីនេះអំពីប្រវត្តិសាស្ត្រពិតទាំងនេះ។ ការយោងលើ កាសសុី យ៉ាវ៉ា បង្ហាញនូវកំណត់ត្រាដែលអាចជឿបានមួយនៃតឹកតាងប្រវត្តិសាស្ត្រពិតផ្សេងៗ។ ពេលពិនិត្យលើសំណេរនៅជ្រុងខាងស្ដាំផ្នែកខាងក្រោមរបស់គំនូរ ហើយប្រៀបធៀបទៅនឹងកំណត់ត្រាផ្នែកខាងក្រោយនៃគំនូរ វត្តមានរបស់ ហ្វុហ្ជីវ៉ារ៉ា ថាដាយ៉ុសុី និងហ្វុហ្ជីវ៉ារ៉ា ថាដាយ៉ុរី ក្លាយជារឿងដែលគួរឲ្យសង្ស័យ។ បើនោះជា ករណី វាប្រាកដជា សុីម៉ាណូ គេនរីយ៉ូ គឺជាឈ្មោះមនុស្សក្លែងក្លាយម្នាក់ជាជាងឈ្មោះមនុស្សម្នាក់ដែលមានពិតប្រាកដ។
៧. សេចក្តីសន្និដ្ឋាន ៖ ការសង្កេត និងបញ្ហាពាក់ព័ន្ធនឹងឯកសារយោងប្រវត្តិសាស្ត្ររបស់គ្រួសារម៉ូរីម៉ូតូ
ការសិក្សានេះលើកឡើងនូវសំណួរយ៉ាងច្រើន ហើយកិច្ចការរបស់យើងនាពេលអនាគត គឺផ្អែកលើការសាកល្បងឆ្លើយសំណួរទាំងនេះ។ លើសពីនេះ របកគំហើញថ្មីមួយចំនួន និងបញ្ហាថ្មីៗដែលបានបង្ហាញនៅទីនេះ។
(១) ពត៌មានពីវត្តហ្ចូហ្កាន់ជីនៅក្យូតូ បានបញ្ជាក់ឆ្នាំផ្សេងៗម្ដងទៀតពេល អ៊ុកុនដាយុ កាហ្សឹហ្វុសា និងឪពុករបស់គាត់ដែលបានចែកស្ថានទៅ (មានឆ្នាំពិតប្រាកដ គឺឆ្នាំ១៦៧៤ និង១៦៥១)។ ការរកឃើញផ្នូរ និងថ្មចារឹករបស់ពួកគាត់បានបង្ហាញប្រវត្តិសាស្ត្រពិតជាច្រើន រួមទាំងការពិតដែលថា អ៊ុកុនដាយុ កាហ្សឹហ្វុសា បានត្រឡប់មកជប៉ុនវិញ។[16]
(២) ហេតុអ្វីថ្មចារឹកនៅលើផ្នូរនៅវត្តហ្ចូហ្កាន់ជី នៅក្យូតូ គ្មានសរសេរនាម ត្រកូលម៉ូរីម៉ូតូ? នាមត្រកូលនៃអ្នកទទួលមរណភាព តាមធម្មតាគឺមាននៅថ្មចារឹកនៅលើផ្នូរ។ “ម៉ូរីម៉ូតូ សាដាយុ” បានរៀបរាប់នៅក្នុងថ្មចារឹកនៅវត្តហ្ចូហ្កាន់ជី និយាយ អំពី ម៉ូរីម៉ូតូ អ៊ុកុនដាយុ កាហ្សឹហ្វុសា។ នេះគឺជារបកគំហើញថ្មីមួយ។
(៣) តើអាចផ្ដល់ជាតឹកតាងថា ម៉ូរីម៉ូតូ សាដាយុ និងម៉ូរីម៉ូតូ អ៊ុកុនដាយុ គឺជា បុគ្គលតែមួយបានដែរឬទេ?
(៤) តើត្រឹមត្រូវទេដែលសន្មត ដោយយោងទៅលើ “ជីទួត អ៊ុកុនដាយុ” ដែលគេដកចេញដោយចេតនាពីបញ្ជីសាមុរៃនៃត្រកូលហូសុកាវ៉ា ដោយខ្លាចការធ្វើបាប ដោយសារការកត់ត្រានៃការធ្វើដំណើររបស់គាត់ទៅបរទេស?
(៥) ហេតុអ្វី ម៉ូរីម៉ូតូ ហ្គីហ្ជូរ៉ូ ដែលជាស្ដេចត្រាញ់នៃត្រកូលហូសុកាវ៉ា ទៅក្យូតូ នៅឆ្នាំ១៨៤៩ និងបញ្ចូលផ្នូររួមសម្រាប់ ហ្គីដាយុ និងសាដាយុ? តើមានអ្វីនៅពី ក្រោយមូលហេតុនោះ?
(៦) យោងតាម “កាសសុី យ៉ាវ៉ា” អ៊ុអេម៉ុន (អ៊ុកុនដាយុ) បានទៅទស្សនា អង្គរវត្តមុនត្រឡប់មកជប៉ុនវិញ ហើយបន្តកិច្ចការនៅត្រកូលម៉ាត្សឹរ៉ា។ យោងតាម ពត៌មាននេះ មិនមានជាការយោងលើ អ៊ុអេម៉ុន “ការគូរព្រាង” ដែលបង្ហាញថាគំនូរវត្ត “ជេតពន” គឺជាកម្មសិទ្ធិរបស់ អ៊ុកុនដាយុ?
(៧) កំណត់ត្រានៅផ្នែកខាងក្រោយគំនូរ គឺត្រូវគេជឿថាបានគូរដោយ ហ្វុហ្ជីវ៉ារ៉ាថាដាយ៉ុសុី និងហ្វុហ្ជីវ៉ារ៉ា ថាដាយ៉ុរី បើទោះបីជាអត្តសញ្ញាណរបស់ពួក គាត់ពុំច្បាស់ក្ដី។ អត្តសញ្ញាណរបស់អ្នកបកប្រែ សុីម៉ាណូ គេនរីយ៉ូ យោងនៅក្នុងកំណត់ហេតុនោះ ក៏ពុំច្បាស់ដែរ។ តើពត៌មានទាំងនេះក្លែងក្លាយ? បើដូច្នោះមែន តើពួកគេជានរណា?[17]
(៨) កំណត់ត្រានៅជ្រុងខាងស្ដាំផ្នែកខាងក្រោមនៃគំនូរប្លង់ “ជេតពន” ទាក់ទងនឹងសាច់រឿងនៃ “កាសសុី យ៉ាវ៉ា”។ តើនេះមានន័យយ៉ាងដូចម្ដេច? តើនេះមិនភ្ជាប់បន្ថែមនឹងអ៊ុអេម៉ុនទេ អ្នកណាចេញនៅក្នុង “កាសសុី យ៉ាវ៉ា”?
ការទៅទស្សនាអង្គរវត្តរបស់ អ៊ុកុនដាយុ នាំឲ្យមានព្រិត្តិការណ៍បន្តបន្ទាប់។ ទោះបីព្រឹត្តិការណ៍ទាំងនោះពុំទាន់បញ្ជាក់ច្បាស់ទាំងអស់នៅឡើយក្ដី ប៉ុន្តែយើងអាចបង្ហាញជាទិដ្ឋភាពទូទៅបាន ៖
(ក) ការណែនាំនៃគោលនយោបាយឯកោរបស់សាកុគឹ និងការធ្វើបាបយ៉ាងធ្ងន់ធ្ងរក្រោយមកបានបង្ខំឲ្យគាត់លាក់ប្រវត្តិនៃការធ្វើដំណើរទៅក្រៅប្រទេស របស់គាត់។
(ខ) អ៊ុកុនដាយុ ខ្លួនគាត់អាចគេដាក់គាត់នៅក្រោមការគ្រប់គ្រងទៅក្នុង “ហ្វុមីអេ”(បន្ទះស្ពាន់ដែលមានរូបព្រះយេស៊ូ) និងការដាក់ទណ្ឌកម្មសង្គមផ្សេងទៀត។
(គ) បើប្រវត្តិទៅបរទេសរបស់គាត់ត្រូវគេដឹងជាសាធារណៈ វាអាចនឹងមានបញ្ហាសម្រាប់ អ៊ុកុនដាយុ ដែលបម្រើការងារនៅត្រកូលម៉ាត្សឹរ៉ា ក៏ដូចជាគ្រួសាររបស់ម៉ូរីម៉ូតូ ដែលមានមុខងារក្នុងរដ្ឋបាលនៅគឹម៉ាម៉ូតូ ហើយក៏ពាក់ព័ន្ធនឹងត្រកូល ហូសុកាវ៉ា ដែលសមាជិកគ្រួសារម៉ូរីម៉ូតូបានបម្រើការនៅទីនោះដែរ។
(ឃ) មូលហេតុនេះហើយដែល អ៊ុកុនដាយុ បានប្ដូរឈ្មោះរបស់គាត់។ ពេលគាត់ចែកស្ថាន ផ្នូររបស់គាត់មានតែមរណនាមប៉ុណ្ណោះ។ កូនចៅគាត់បានបំបាត់វត្តមានគាត់ពីបញ្ជីឈ្មោះគ្រួសារ ហើយបញ្ជាក់ច្បាស់ថានាមត្រកូល “ម៉ូរីម៉ូតូ” គ្មាននិយាយនៅថ្មចារឹកនៅលើផ្នូរ ក្នុងបំណងលាក់ការពិតដែលមានសមាជិកគ្រួសារបានធ្វើដំណើរទៅបរទេស។
(ង) ក្រៅពីនេះ កាសសុី យ៉ាវ៉ា ដែលបោះពុម្ភនៅទសវត្ស១៨២០ រួមមាន ការយោងមួយលើការទស្សនាអង្គរវត្តរបស់ អ៊ុកុនដាយុ។ ក្នុងរយៈពេលថ្មីនេះ គេ បានរកឃើញការបញ្ចូលផ្នូររបស់ ហ្គីដាយុ និងអ៊ុកុនដាយុ។
(ច) កូនចៅផ្ទាល់របស់គ្រួសារម៉ូរីម៉ូតូបានសង់ផ្នូរ និងថ្មចារឹកឡើងវិញនៅ ក្នុងឆ្នាំ១៨៤៩ (នៅបង្ហាញថា អ៊ុកុនដាយុ ក្លែងក្លាយ)។ កិច្ចការដែលគេជួសជុលផ្នូរ ឡើងវិញ គឺ១៧៥ឆ្នាំក្រោយពេលគាត់ទទួលមរណភាព។ វាខ្ទង់២០០ឆ្នាំ បន្ទាប់ពីជប៉ុនបានចេញគោលនយោបាយហាមប្រាមសាកុគឹ ហើយក្រុមគ្រួសារប្រហែលគិត ថាពួកគេលែងត្រូវការលាក់វត្តមានរបស់គាត់ទៀតហើយ។
(ឆ) បើឈ្មោះអ្នកគូរប្លង់ជេតពនជាឈ្មោះសម្ងាត់ឬឈ្មោះលាក់កំបាំង តើឈ្មោះសម្ងាត់ឬលាក់កំបាំងនោះអាចបង្ហាញថាជា អ៊ុកុនដាយុ ? តើអាចបង្ហាញតឹកតាងទ្រឹស្ដីនេះជាមួយនឹងកំណត់ត្រានៅជ្រុងខាងស្ដាំផ្នែកខាង ក្រោយគំនូរប្លង់ “ជេតពន” និងសាច់រឿងដូចគ្នានៅក្នុងការពិពណ៌នាក្នុង កាសសុីយ៉ាវ៉ា ដែរឬទេ?
នៅក្នុងព្រឹត្តិការណ៍ណាមួយអក្សរថ្មជប៉ុនដែលបន្សល់នៅនឹងសសរថ្មនៃអង្គរវត្តបានបង្ហាញអំពីសកម្មភាពជំនួញ និងការផ្លាស់ប្ដូរញឹកញាប់រវាងជនជាតិជប៉ុននិងខ្មែរនៅក្នុងស.វទី១៧។ គោលបំណងពិតប្រាកដនៅពីក្រោយអក្សរថ្មទាំង នោះពុំច្បាស់លាស់ប៉ុន្តែអ្នកសរសេរទាំងនោះច្បាស់ណាស់ជាអ្នកគោរពសាសនា តាមរយៈការទស្សនារបស់ពួកគេ បើទោះបីជាយល់ខុសថាប្រទេសកម្ពុជា គឺជាទឹកដី នៃវត្ត “ជេតពន”។ ជនជាតិជប៉ុននាពេលនោះគោរពប្រទេសកម្ពុជាថាជាទឹកដីនៃវត្ត “ជេតពន” និងចូលរួមការផ្លាស់ប្ដូរផ្អែកលើការចែករំលែកនៃការប្រតិបត្តិព្រះពុទ្ធសាសនា ហើយលើសពីនេះទៀត ដើម្បីបន្តភ្ជាប់តាមរយៈសកម្មភាពជំនួញ។ អក្សរថ្ម គឺជាកំណត់ត្រាតឹកតាងដែលបង្ហាញពីការផ្លាស់ប្ដូរទៅវិញទៅមកនេះ។
...........................
Endnote
[*] ប្រែសម្រួលដោយ ញឹម សុធាវិន្ទ ពីអត្ថបទដើមឈ្មោះ The World’s Oldest Plan of Angkor Wat: The Japanese so-called Jetavana, an Illustrated Plan of the Seventeenth Century ចុះនៅ ក្នុង UDAYA, Journal of Khmer Studies, 13, 2015, pp. 47-61។
[1]Groslier 1958។
[2] “សំពៅដែលមានត្រាក្រហម” ជាប្រព័ន្ធមួយដែលបានបង្កើតដោយសូហ្គុន ដើម្បីគ្រប់គ្រង ជំនួញបរទេស ដោយចេញជាលិខិតមានភ្ជាប់ជាមួយត្រាក្រហមសម្រាប់ការធ្វើដំណើរទៅបរទេស។ គេចាត់ទុកថាជាលិខិតអនុញ្ញាតមួយសម្រាប់សុវត្តិភាព និងជាការធានារ៉ាប់រងមួយនៃការអនុញ្ញាតឲ្យធ្វើជំនួញ។
[3] Nishikawa 1708; Kitagawa 2015; Endo 2002; Rollin 1968។
[4] Ito 1912។
[5] Gionshoja (Jetavana) Drawing Plan, Shokokan Museum, Mito City, សូមមើលរូបទី២។
[6] Kuroita 1930; Odaka 1939។
[7] Shimizu 1965។
[8] Shimizu 1965។
[9] Ishizawa 1998; Polenghi 2009។
[10] Iwao 1995: 115-121។
[11] លោក សុីមីហ្សឹ ហ្ជុនហ្សូ ជាអ្នករកឃើញអក្សរថ្មជប៉ុនទាំងនេះ។ Shimizu 1965: 221-265។
[12] នៅឆ្នាំ១៩៩០ លោក កេនហ្សូ ម៉ូរីម៉ូតូ បានស្រាវជ្រាវអំពីសមាជិកគ្រួសាររបស់លោក ម៉ូរីម៉ូតូ។
[13] Nishikawa 1708។
[14] Péri 1923: 119-126 ; Lachaud 2011: 63-67។
[15] Matsura 1982: 33។
[16] Ishizawa 2014: 11-35។ 16 [16] Ishizawa 2014: 11-35។
[17] យោងតាម Noël Péri, Groslier បានរៀបរាប់ថា “នេះគឺចម្លងដែលមានកាលបរិច្ឆេទឆ្នាំ ១៧១៥ ដោយមានកំណត់ត្រាមិនបញ្ចេញឈ្មោះដែលដាក់ប្រភពឲ្យ សុីម៉ាណូ គេនរីយ៉ូ ជាអ្នកបកប្រែនៅណាហ្កាសាគី ហើយ តុគឹហ្កាវ៉ា សូហ្គុន ទី៣ អុីយេមីត្សឹ បានបញ្ចូនអ្នក ធម្មយាត្រាម្នាក់ទៅកន្លែងព្រះពុទ្ធដ៏ស័ក្តិសិទ្ធនោះ។ គេស្គាល់ សុីម៉ាណូ គេនរីយ៉ូ ដោយ ចៃដន្យ…សុីម៉ាណូ គេនរីយ៉ូ បានជិះសំពៅរបស់ហូឡង់ និងទៅដល់ប្រទេសកម្ពុជា ដែលគាត់បានគិតថាជាទីកន្លែងនៃម៉ាហ្កាថា។ គាត់បានទៅទស្សនាអង្គរ និងរកឃើញអង្គរវត្ត ដោយបានគូរប្លង់អង្គរវត្ត បង្កើត “ជេតពន”…(Groslier 2006: 98-99, 1958:128-129)។
...........................
References
Endo, Masayuki. “Migration of the Cham and their role in Cambodian Society, from the 15th-16th century.” Tokyo, St. Paul University: Shi-en 63 (November 2002): 42-74.
Groslier, Bernard. P. Angkor et le Cambodge au XVIe siècle, d’après les sources Portugaises et Espagnoles. Paris: PUF, 1958. The Japanese translation by Yoshiaki Ishizawa and Setsuko Nakajima. Tokyo: Rengo Shuppan, 1997. See also the English translation by Michael Smithies. Thailand: Orchid Press, 2006.
Ishizawa, Yoshiaki. “Les Quartiers Japonais dans l’Asie du Sud-Est au XVIIe siècle.” In Guerre et Paix en Asie du Sud-Est: edited by Nguyen The Anh: 66-77. Paris: L’Harmattan, 1998.
_______. “History of Post-Angkor Period (15th to 19th Century) as described by Western Visitors.” Edited by the Bukkyo Geijutsu Gakkai, ARS BUDDICA 337: 11-35. Mainichi-Shimbun, 2014.
Ito, Chuta. Gionshoja-zu to Angkor Vat. Journal of Architecture and Building Science 313, Japan, 1912.
Iwao, Seiichi. Nanyo Nihonjin-machi no Kenkyu. Iwanami Shoten, 4th Edition, Universityof Tokyo, 1995.
Kitagawa, Takako. “Once upon a time when European Vessels came up the river, reexamination of the history of Cambodia in the 17th century.” The Center for Southeast Asian Studies 41 (March 2015): 37-75.
Kuroita, Katsumi. “Angkor Vat-no Sekichu Kibun-ni Tsuite.” Shigaku Zasshi 41 (1930): 82-84.
Lachaud, François. Angkor and its Secrets from a Foreign Perspective: Views from Japan and China. Archeologists in Angkor. Paris: EFEO (2011): 63-67.
Matsura, Seizan: Kasshi Yawa 2. Toyo Bunko Edition. Tokyo: Heibon-sha, 1982.
Nishikawa, Joken. Kai-tsushoko. Tokyo: Augmented Edition, 1708.
Odaka, Sennosuke. Indo Nikki: Bukkyo Bijutsu-no Genryu-wo Tazunete. Toukou Shoin (1939): 74-103.
Péri, Noël. “Essai sur les Relations du Japon et l’Indochine aux XVIIe siècles.” BEFEO XXIII (1923): 119-126.
Polenghi, Cesare. Samurai of Ayutthaya: Yamada Nagamasa, Japanese warrior and merchant in early seventeenth century. Bangkok: Siam White Lotus Press, 2009.
Rollin, P. Vincent. Histoire de la Mission du Cambodge (1555-1967), Phnom Penh, 1968.
Shimizu, Junzo. Angkor Vat Sekichu-ni Nokoru Nihonjin Bokusho-no Chosa. Indochina Kenkyu: Tonan Asia Inasaku Minzoku Bunka Sogo Chosa Hokok, edited by Matsumoto Nobuhiro, 221-265. Yokohama: Yurindo Shuppan, 1965.
Remark: Ishizawa, Yoshiaki. “Notes on Morimoto Ukondayu Kazufusa, who visited Angkor Wat in 1632.” The Collection of Research Papers in Commemoration of the 88th Birthday of His Imperial Highness Prince Mikasa. Edited and authored by Mikasanomiya Denka Beijukinen Ronshu Kankokai. Publisher: Tokyo: Tosui Shobo (November 27, 2004): 69-84.