ដោយ អុឹម សុខរិទ្ធី, សួម សុភា, ខៀវ ច័ន្ទ, ថូ ថុន
ទេ្បង សត្យា, ផុន តារា, ចាន់ អឿន និង គី បញ្ញារិទ្ធ
តាមរយៈសិលាចារឹក គេដឹងថាប្រាសាទបន្ទាយឆ្មារសាងទ្បើងក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសថ្វាយដល់ព្រះរាជបុត្រ និងមេទ័ពបួននាក់ទៀតដែលបង់ជីវិតក្នុងពេលសង្រ្គាម។
នាចុងឆ្នាំ២០២០កន្លងទៅនេះ ក្រុមការងាររៀបចំឯកសារចុះបញ្ជីបេតិកភណ្ឌបន្ទាយឆ្មារនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលចូលរួមដោយនាយកដ្ឋានអភិរក្សសំណង់បុរាណ, មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ដបន្ទាយមានជ័យ និងអាជ្ញាធរជាតិអប្សរា បានបើក គម្រោងកំណាយស្រាវជ្រាវបុរាណវិទ្យាទ្រង់ទ្រាយធំមួយនៅប្រាសាទបន្ទាយឆ្មារ។ កិច្ចការនេះគឺដើម្បីស្វែងយល់ពីរចនាសម្ព័ន្ធសំខាន់ៗរបស់ប្រាសាទ មានជាអាទិ៍ សំណង់កំពង់ទឹកអាងមេបុណ្យ, កសិន្ធុទឹកព័ទ្ធជុំវិញប្រាសាទបន្ទាយឆ្មារ និងប្រព័ន្ធបង្ហូរទឹកសម័យបុរាណជាដើម។ ការងារស្រាវជ្រាវលើកនេះ ទទួលការទំនុកបម្រុងស្ទើរតែទាំងស្រុងពីសប្បុរសជន។ តទៅនេះយើងសូមរៀបរាប់ត្រួសៗអំពីកិច្ចការទូទៅនិងការរកឃើញថ្មីៗនៅពេលធ្វើកំណាយ។
១. កំពង់អាងទឹក
កំណាយស្រាវជ្រាវមួយក្នុងចំណោមនោះ គឺកំណាយនៅកំពង់ទឹកអាងមេបុណ្យ។ការងារនេះត្រូវធ្វើជាពីរផ្នែក គឺផ្នែកខាងក្រោមជាច្រាំងជណ្តើរថ្មបាយក្រៀមនៅខាងក្នុងអាង និងផ្នែកខាងលើជាខឿនធំដែលយើងយល់ថាពីមុនមកធ្លាប់មានសំណង់ឈើអ្វីមួយនៅពីលើនោះ (រូបលេខ១)។ យើងឃើញថានៅផ្នែកខាងក្រោមកំពង់ទឹកមានសំណង់រាងជើងក្អែក សង់ពីថ្មភក់ និងមានចម្លាក់ផ្សេងៗនៅជុំវិញ ហើយមានចម្លាក់រូបតោនៅខាងលើនោះផង។ ទីតាំងនេះធ្លាប់បានធ្វើកំណាយម្ដងរួចហើយមុនធ្វើការជួសជុល។ ប៉ុន្ដែការងារបន្ដរបស់យើងនៅពេលនេះគឺធ្វើនៅតាមជើងទេរនៃសំណង់កំពង់ទឹកផ្នែកខាងលើដើម្បីពិនិត្យមើលពីសា្ថនភាពនៃការខូចខាត និងដើម្បីស្វែងយល់សំណង់គ្រឹះរបស់កំពង់ទឹកនេះ សម្រាប់ការសិក្សាក្រោយៗទៅទៀត។
យើងឃើញថា របៀបរៀបចំគ្រឹះកំពង់ទឹកនេះ គឺគេចាក់បង្ហាប់ដីផ្នែកខាងក្រោមយ៉ាងរឹងមាំ ដោយមានលាយកំទេចថ្មបាយក្រៀម កំទេចថ្មភក់ និងកំទេចថ្មភ្នំជាដើមជាមុនសិន ទើបរៀបខឿនថ្មបាយក្រៀមជាថ្នាក់ៗដូចកាំជណ្ដើរឡើងលើ (រូបលេខ២)។ ថ្មបាយក្រៀមទាំងនោះភាគច្រើននៅល្អ ពុំសូវខូចខាតខ្លាំងឡើយ។ ក្រៅពីនេះយើងរកឃើញបំណែកក្បឿងនិងកុលាលភាជន៍មួយចំនួនទៀត។ ទន្ទឹមគ្នានោះ យើងបានធ្វើកំណាយនៅផ្នែកខាងលើនៃកំពង់ទឹក ដើម្បីមើលពីរចនាសម្ព័ន្ធសំណង់ ដែលធ្លាប់មាននៅពីលើខឿនដ៏ធំមួយមានរាងជាជើងក្អែកដូចនិយាយពីខាងលើ។ ការងារនេះក៏ជាជំនួយដល់ការជួសជុលស្តារទ្បើងវិញ ដ្បិតយើងអាចយល់ប្រសើរជាងមុនអំពីបច្ចេកទេសនៃការសាងសង់ តួនាទី និងមូលហេតុនៃការខូចខាតនៃសំណង់បុរាណនេះជាដើម (រូបលេខ៣)។ ក្នុងពេលកំណាយយើងបានប្រទះឃើញមានកម្រាលក្បឿងជាច្រើន (រូបលេខ៤) ព្រមទាំងសម្ភារៈអំពីដែកជាប្រភេទដែកគោលមានក្បាល៤ជ្រុង និងដែកទាមជាដើម (រូបលេខ៥-៦) បំណែកកុលាលភាជន៍ ស្នាមសសរ និងទបង្ហូរទឹកចំនួន៤កប់នៅក្រោមដីជម្រៅចន្លោះពី៣០ ទៅ៥០ស.ម. (រូបលេខ៧)។ ប្រភេទក្បឿងដែលប្រទះឃើញមានពីរប្រភេទ គឺក្បឿងសាច់រឹងមានស្រទាប់រលោងពណ៌បៃតង (តិចតួច) និងប្រភេទក្បឿងផុយ (មានចំនួនច្រើន)។
ក្រៅពីនេះយើងប្រទះឃើញប្រភេទថ្មចម្លែក ទំនងជាផូស៊ីល ដែលមានអាយុកាលរាប់លានឆ្នាំ ហើយដែលចាស់បុរាណយកមករៀបកប់ជាគ្រឹះ (រូបលេខ៨)។ នៅមានវត្ថុមួយទៀតដែលប្រទះឃើញដោយកម្រ។ វត្ថុនោះគឺជាត្បាល់ថ្មមួយ មានរូបរាងល្អស្ទើរទាំងស្រុង (រូបលេខ៩-១០)។ ត្បាល់នេះពេលរកឃើញ គឺកប់មុខទៅក្រោមដីនៅក្បែរៗ ជាប់នឹងបុរាណវត្ថុដទៃទៀតក្នុងជម្រៅ៩០ស.ម.គឺថាស្ថិតក្នុងស្រទាប់ដីដែលមនុស្សរស់នៅសម័យសាងបន្ទាយឆ្មារ។ កម្ពស់វាប្រមាណ៤៦ស.ម. និងមានមុខកាត់២៨ស.ម. ផ្ទៃខាងក្រៅនៅសល់ស្នាមឆ្នូតៗពីលើចុះក្រោម មិនបានរំលីង (រូបលេខ១១)។ ផ្នែកខាងក្នុង មានឃើញស្នាមសឹកតិច បង្ហាញពីការប្រើប្រាស់។ មាត់ខាងលើបែកឆែបខ្លះៗ។ នេះប្រហែលជាការប្រទះឃើញត្បាល់ថ្មដំបូងបំផុត ដែលនៅសល់រូបរាងស្ទើរទាំងស្រុងដូច្នេះ។
នៅលើកំពង់ទឹកផ្នែកខាងលើពុំឃើញមានកម្រាលអ្វីឡើយ ឯការសាងសង់គ្រាន់តែបង្ហាប់ ដីខ្សាច់ម៉ត់ផង់ធម្មតាប៉ុណ្ណោះ។ ការសន្និដ្ឋានដំបូងគឺថា សំណង់កំពង់ទឹកសាងសង់ឡើងជាពីរផ្នែក។ ផ្នែកខាងក្រោមរាងជើងក្អែក មានទំហំតូចធ្វើពីថ្មភក់ ហើយមានចម្លាក់ផ្សេងៗនៅជុំវិញផង។ រីឯផ្នែកខាងលើមានទំហំធំធ្វើពីថ្មបាយក្រៀម ដោយរៀបចំជាខឿនចំនួនបីជាន់ក្រវ៉ាត់ជុំវិញពីខាងក្រោមមួយជាន់ កណ្ដាលមួយជាន់ ហើយបន្ដមកជាន់ខាងលើបង្អស់ និងមានជណ្ដើរចុះឡើងតាមទិសទាំងបួន ព្រមទាំងមានទបង្ហូរទឹកចំនួនបួននៅពីខាងលើ (រូបលេខ១២)។ នៅផ្នែកខាងលិចមានសំណង់ធ្វើពីថ្មបាយក្រៀមរាងដូចជើងទម្រដាក់តម្កល់អ្វីមួយ តែបានរលំអស់ទៅហើយ។ នៅខាងក្នុងនោះមានសុទ្ធតែដីខ្សាច់ និងមានបំណែកថ្មភក់មួយចំនួន។ ក្រៅពីនោះនៅពីលើកំពង់ទឹកប្រហែលជាមានសំណង់ឈើប្រក់ក្បឿង ត្បិតយើងឃើញមានស្នាមជើងសសរ និងបំណែកក្បឿងសន្ធឹកសន្ធាប់។ សំណង់បុរាណកន្លែងនេះ ទំនងជារោងអ្វីមួយប្រើប្រាស់នៅពេលមានកិច្ចពិធីផ្សេងៗ ហើយទំនងមានទាក់ទងនឹងប្រាសាទនៅកណ្ដាលកោះមេបុណ្យ។
២. កសិន្ធុ
ក្រៅពីនេះ ក្រុមស្រាវជ្រាវយើងបានធ្វើកំណាយនៅកសិន្ធុទឹកប្រាសាទបន្ទាយឆ្មារដើម្បីសិក្សាអំពីរចនាសម្ព័ន្ធទូទៅរបស់កសិន្ធុ និងកំណកដីចាក់បង្គរ ព្រមទាំងស្វែងយល់អំពីបរិមាណទឹកដែលកសិន្ធុអាចផ្ទុកបាន។ ប្រាសាទនេះមានកសិន្ធុព័ទ្ធជុំវិញប្រវែង៨០០ម.(ជើង-ត្បូង) និង៨៤០ម. (លិច-កើត)។ មុខកាត់ទទឹងពីច្រាំងម្ខាងទៅច្រាំងម្ខាងមានប្រវែង៥០ម.។ យើងបានជ្រើសយក៤ទីតាំងដើម្បីបើករណ្តៅកំណាយចំនួន១០កន្លែងផ្សេងគ្នាដោយក្នុងមួយទីតាំងមានរណ្តៅ៣ លើកលែងតែទីតាំងទី៤មានតែ១រណ្តៅប៉ុណ្ណោះ។ ក្នុងពេលធ្វើកំណាយនៅតាមទីតាំងទាំងនោះ យើងរកឃើញមានបំណែកកុលាលភាជន៍, បំណែកស្លឹករកា, បំណែកឆ្អឹងតិចតួច, បំណែកដងខ្លួនផ្នែកខាងលើរបស់បដិមាទេពប្រណម្យជណ្តើរចុះទៅក្នុងកសិន្ធុធ្វើពីថ្មបាយក្រៀមជាដើម ឯរបៀបក្នុងការសាងសង់កសិន្ធុនេះ ចាស់បុរាណប្រើបច្ចេកទេសបុកបង្ហាប់ដីច្រើនស្រទាប់ផ្សេងគ្នា ដូចជានៅស្រទាប់ខ្លះគេប្រើថ្មបាយក្រៀម, បំណែកថ្មភ្នំ, ល្បាយខ្សាច់, ល្បាយដីឥដ្ឋ, កម្ទេចក្រួសជាដើម។ ជាសារុបទៅ បាតរបស់កសិន្ធុមានជម្រៅជាមធ្យមចន្លោះពី០,៨ ទៅ១,៥០ម៉ែត្រ (រូបលេខ១៣)។ នៅផ្នែកខាងក្នុង និងខាងក្រៅនៃកសិន្ធុ មានជើងទេរដែលរៀបជារាងកាំជណ្ដើរថ្មបាយក្រៀមព័ទ្ធជុំវិញដូចនៅប្រាសាទមួយចំនួននៅក្នុងតំបន់អង្គរ ឧ. ប្រាសាទអង្គរវត្ដ (រូបលេខ១៤)។ ឯគ្រឹះខាងក្រោមរបស់ជើងទេរនេះ មានកម្រាស់ប្រមាណ ៥៥-៦០ស.ម. បុកបង្ហាប់ដោយដី ខ្សាច់ លាយជាមួយបំណែកថ្មភក់ និងថ្មភ្នំ។ ចំណែកផ្ទៃបាតរបស់កសិន្ធុគឺមានស្រទាប់ដីឥដ្ឋពណ៌ស នៅពីក្រោម ដែលមានកម្រាប់ពី០,៥ ម.ទៅ១ម.។ ស្រទាប់ដីនេះមានសារៈសំខាន់ដើម្បីទប់ទឹកកុំឲ្យជ្រាបចុះក្រោមចូលទៅក្នុងដីអស់ ហេតុនេះហើយ បានជាកសិន្ធុជុំវិញប្រាសាទបន្ទាយឆ្មារ អាចរក្សាទឹកបានយូរជាងកន្លែងផ្សេងទៀតនៅក្នុងតំបន់ជុំវិញប្រាសាទ (រូបលេខ១៥)។
៣. រន្ធត្រដេវ
កំណាយមួយកន្លែងទៀតគឺធ្វើឡើងដើម្បីស្វែងយល់ពីរៀបចំគ្រប់គ្រងប្រព័ន្ធទឹកនៅក្នុងទីក្រុងមួយនេះ។ ក្នុងការស្រាវជ្រាវនេះ យើងបានប្រទះឃើញថាមានលូទឹកបុរាណច្រើនសម្រាប់បង្ហូរទឹកចូលក្នុងកសិន្ធុប្រាសាទបន្ទាយឆ្មារ ប្រាសាទផ្សេងៗទៀតនៅជុំវិញ និងនាំទឹកចូលអាងមេបុណ្យជាដើម។ លូទឹកបុរាណ គឺជាសំណង់ធ្វើពីថ្មបាយក្រៀម រៀបឲ្យមានប្រទ្បោះសម្រាប់ឲ្យទឹកហូរឆ្លងពីម្ខាងទៅម្ខាងទៀតបាន ដែលអ្នកស្រុកនៅបន្ទាយឆ្មារក៏ហៅថា «រន្ធត្រដេវ»ដូចអ្នកនៅអង្គរធំដែរ ។ នៅរូបលេខ១៦ ចំណុចពណ៌ក្រហមជាចំណុចដៅឲ្យដឹងពីទីតាំងរន្ធត្រដេវទាំងនោះ។ ប្រឡោះទឹកហូរនៃរន្ធត្រដេវនៅបន្ទាយឆ្មារជួនមានតែ១ ឬ២ ឬមានដល់៣ អាស្រ័យតាមតម្រូវការ។ ឯទំហំតូចជាងនៅតំបន់អង្គរ គឺរន្ធត្រដេវខ្លះមានកម្ពស់១ម. ទទឹង០,៥ ម. ខ្លះទៀតមានកម្ពស់រហូតដល់១,៣ម. ទៅតាមទីតាំងភូមិសាស្ត្រនៃចរន្ដទឹកហូរ ខ្លាំងឬខ្សោយ (រូបលេខ១៧-២០)។
លើសពីនេះទៀត នៅទ្វារទឹកចូលអាងមេបុណ្យមានលូទឹកបុរាណដែលរៀបជាកម្រាលថ្មបាយក្រៀម បើកច្រកទឹកចូលទំហំ៥,៣ម. មានបណ្ដោយ៩០ម. និងមានជើងទេរ (ស្លាបសងខាងកម្រាល) ធ្វើពីថ្មបាយក្រៀមរៀបឡើងលើ ដើម្បីការពារទឹកហូរច្រោះដាច់ទំនប់ខ្នងអាង។ កម្រាលថ្មបាយក្រៀមនេះ នាំទឹកចូលពីត្បូងទៅក្នុងអាងដោយឆ្លងត់រន្ធត្រដេវទាំង៣នៅចុងខាងជើង (រូបលេខ២១-២២)។ បច្ចុប្បន្នប្រព័ន្ធទឹកបុរាណខាងលើនេះគឺភាគច្រើនបានទទួលរងនូវការខូចខាត បាក់រលំ មានដីកប់ពីលើ ខ្លះនៅសល់រន្ធត្រដេវដែលអាចឲ្យទឹកឆ្លងកាត់បាន ហើយខ្លះទៀតលុបជិតរន្ធត្រដេវទាំងស្រុងដែលទឹកហូរលែងបាន។