ដោយ តូច អត្តកមា
ស្ថាប័នស្រាវជ្រាវនិងផ្សព្វផ្សាយដ៏ល្បីល្បាញឈ្មោះហៅថា «សាលាបារាំងចុងបូព៌ា» (Ecole française d’Extrême-Orient) កើតនៅប្រទេសបារាំងនាដើមស.វ.ទី២០ ហើយមានទីតាំង សាខានៅក្រុងសៀមរាបជាយូរមកហើយ។ ថ្មីៗនេះ ការស្រាវជ្រាវរបស់គេអំពីបុរាណកាលនៃកម្ពុជាបានដើរមកដល់ជំហានថ្មីមួយទៀត ដោយគេសិក្សាឲ្យដឹងចំណុចផ្សេងៗនៃបច្ចេកទេសបុរាណ តាមការពិសោធន៍ជាក់ស្តែង។
តាមការស្រាវជ្រាវកន្លងមក គេដឹងថាផលិតកម្មកុលាភាជន៍នៅប្រទេសកម្ពុជាមានតាំងពីសម័យបុរាណ ហើយយ៉ាងហោចណាស់នៅរវាងសតវត្សទី៩ ឃើញមានលេចចេញជាឧស្សាហកម្មធំៗជាច្រើននៅក្នុងតំបន់អង្គរ និងនៅតាមបណ្ដោយផ្លូវបុរាណចេញពីរាជធានីអង្គរទៅមណ្ឌលសំខាន់ៗផ្សេងទៀត ដូចជាពីអង្គរទៅបាកាណ, ពីអង្គរទៅស្ដុកកក់ធំ និងពីអង្គរទៅភិមាយ។ ចំណែកឯនៅតំបន់បឹងជើងឯក ខាងត្បូងរាជធានីភ្នំពេញក៏ជាមណ្ឌលសំខាន់ដែលធ្លាប់មានសកម្មភាពខាងផលិតកុលាលភាជន៍ធំគួរសមដែរកាលពីបុរាណ។
ការសិក្សាពីកុលាលភាជន៍ ជួយឲ្យយើងដឹងពី ការតាំងទីរស់នៅរបស់មនុស្សនាសម័យបុរាណ, យល់ពីសិល្បៈ សេដ្ឋកិច្ច នយោបាយ និងជាមធ្យោបាយមួយជួយឲ្យគេអាចកំណត់អាយុកាលរបស់ស្ថានីយបុរាណបានទៀតផង។
កិច្ចការស្រាវជ្រាវក្នុងវិស័យបុរាណវិទ្យាមានផ្នែកផ្សេងៗជាច្រើន ក្នុងនោះមានផ្នែកមួយ ហៅថា « ការពិសោធន៍បែបបុរាណវិទ្យា » (Archéologie expérimentale) គឺការធ្វើត្រាប់ឡើងវិញក្នុងបំណងដើម្បីស្វែងយល់ពីទិដ្ឋភាពវប្បធម៌, បច្ចេកទេសឬវិធីសាស្រ្តផ្សេងៗ របស់មនុស្សសម័យបុរាណដោយផ្អែកទៅលើទិន្នន័យដែលបានពីការស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រ។ ការធ្វើពិសោធន៍នេះជាវិធីមួយក្នុងការស្វែងរកចម្លើយមកផ្ទៀងផ្ទាត់ជាមួយសម្មតិកម្មដែលគេគិតទុកមុន។ សូមមើលអត្ថបទស្តីអំពីការពិសោធន៍ស្លដែកជាប់ជាមួយគ្នានេះផង។
កាលពីដើមខែធ្នូ ឆ្នាំ២០១៨ កន្លងទៅនេះ វិជ្ជាស្ថានបារាំងចុងបូព៌ាប្រទេស ប្រចាំខេត្តសៀមរាប បានធ្វើកម្មវិធីមួយក្រោមប្រធានបទ «On Fire» (រូបលេខ១) ដោយធ្វើការពិសោធន៍បែបបុរាណវិទ្យាពីរ គឺការដុតកុលាលភាជន៍និងការស្លដែក។
រូបលេខ១
របៀបដុតកុលាលភាជន៍របស់ខ្មែរមានពីរបែប មួយគឺគេដុតនៅហាលវាល និងមួយទៀតគេដុតក្នុងឡ។ កន្លងទៅនេះសាលាបារាំងបានធ្វើការពិសោធន៍ដោយសាកល្បងដុតកុលាលភាជន៍ក្នុងឡ។ ឡដែលគេសង់ឡើងនេះមានកំពស់ ១.២០ម. (គិតត្រឹមមាត់ឡ) និង១.៦០ម. គិតទៅដល់បំពង់ផ្សែង ហើយមានប្រវែង២.១០ម. X ៤.៣០ម. ។
ឡដែលធ្វើដើម្បីពិសោធនេះមានទំហំតូចជាងឡជាក់ស្ដែងដែលរកឃើញតាមរយៈការធ្វើកំណាយនៅស្ថានីយបុរាណបន្តិច។ មុននឹងចាប់ផ្ដើមសង់ពិតប្រាកដគេមានធ្វើគំនូសព្រៀង ព្រមទាំងរូបគំរូជាមុនសិនដូចឃើញនៅរូបលេខ ២ដល់លេខ៤។ ឡដុតកុលាលភាជន៍នេះសង់ឡើងពីដីឥដ្ឋ, ខ្សាច់, អង្កាមនិងចំបើងលាយច្របល់ចូលគ្នា រួចយកទៅបូកពីលើគ្រោងឆ្អឹងធ្វើពីឬស្សីជារាងពងក្រពើ (រូបលេខ៥)។ ជាធម្មតាគេត្រូវធ្វើឡនៅលើដីទួល ប៉ុន្តែដោយសារស្ថានភាពដីនៅទីតាំងសាលាបារាំងរាបស្មើ គេត្រូវលើកដីឲ្យមានចំណោតដើម្បីធ្វើជាកន្លែងរៀបកុលាលភាជន៍ គឺឲ្យមានជំរាលពីលើមកដល់ប្រអប់ភ្លើង។ ប្រអប់ភ្លើងនោះគេធ្វើឲ្យមានចន្លោះ បី ដោយមានចន្លោះមួយធំជាងគេនៅខាងលើ និងតូចៗពីរទៀតនៅខាងក្រោមសម្រាប់រុញអុសចូល។ នៅតួកណ្ដាលសងខាងឡមានប្រហោងពីរទៀតសម្រាប់ចូលរៀបភាជន៍។ នៅកន្លែងដាក់ភាជន៍គេធ្វើសសរ ៣ដើម ដើម្បីជួយទ្រទម្ងន់ដំបូលហើយមានបំពង់ផ្សែងមួយ (រូបលេខ៦-៧)។ មុននឹងដុតគេចាប់ផ្ដើម រៀបចំដាក់ ភាជន៍នៅតួកណ្ដាលឡដោយចូលតាមប្រហោងសងខាង។ រួចរាល់ហើយទើបគេយកដុំឥដ្ឋឆៅមកបិតប្រហោងនោះឲ្យជិត រួចទើបចាប់ផ្ដើមបង្កាត់ភ្លើងដុតនៅប្រអប់ភ្លើង។ ចំណែកឯភាជន៍ផ្សេងៗដែលយកមកដុតនេះ ខាងសាលាបារាំងចម្លងពីភាជន៍បុរាណទាំងទំហំ និងរូបរាង (រូបលេខ៨) ដើម្បីធ្វើជាគម្រូប្រគល់ឲ្យទៅខាងសិប្បករ «ឡយូយូ» សូនធ្វើតាម (រូបលេខ៩)។ បន្ទាប់មកទើបយកកុលាលភាន៍ឆៅទាំងនោះមកដុតពិសោធន៍នៅក្នុងឡខាងលើ។ គេធ្វើពិសោធន៍សាកល្បងនេះចំនួនបីដង ៖
ពិសោធន៍លើកទី១ ៖ គេចាប់ផ្តើមដុតភ្លើងនៅម៉ោង ១១ព្រឹក ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០១៨ ហើយបញ្ចប់នៅម៉ោង ៣រសៀលថ្ងៃបន្ទាប់ គឺអស់ពេលចំនួន២៨ម៉ោង។ ក្នុងពេលដុតនោះ គេត្រូវថែភ្លើងឲ្យមានជាប់រហូត ឯសីតុណ្ហភាពក៏ត្រូវរក្សាឲ្យស្ថេរជានិច្ចដែរ។ ដូចនេះគេដាក់ឧបករណ៍វាស់កំដៅម្ខាងមួយ នៅជាប់មាត់បន្ទប់ដាក់ភាជន៍ដែលបិតជិតនោះដើម្បីពិនិត្យមើល (រូបលេខ១០)។ ឧបករណ៍នេះបង្ហាញថាសីតុណ្ហភាពឡើងដល់ ១០០០អង្សានៅម៉ោង ៨ យប់ និងបន្តឡើងដល់ ១០៥៨អង្សា នៅម៉ោង ១២យប់ ហើយនៅបន្តឡើងខ្ពស់បំផុតដល់ ១០៧៦អង្សា។ ឯសីតុណ្ហភាពជាមធ្យមគឺ ១០៣០ អង្សា។ នៅម៉ោង ៣រសៀល ការដុតសាកល្បងលើកទី១បានចប់សព្វគ្រប់ ហើយគេទុកឡឲ្យចុះត្រជាក់ លុះដល់ព្រឹកថ្ងៃបន្ទាប់ទើបគេចាប់ផ្ដើមបើកឡ។ ភាជន៍ដែលគេដុតបានមានចំនួន ១១៣។ គេសង្កេតឃើញថាភាជន៍ទាំងនោះឆ្អិនល្អ ហើយមានពណ៌ក្រហម លាយក្រម៉ៅ។
រូបលេខ១០
ពិសោធន៍លើកទី២ ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០១៨ ៖ លើកនេះរយៈពេលដុតត្រឹមតែ ១៥ម៉ោងប៉ុណ្ណោះ ដោយចាប់ដុតភ្លើងពីម៉ោង ៩ព្រឹកហើយបញ្ចប់នៅពាក់កណ្ដាលអធ្រាត្រ។ ឧបករណ៍វាស់កំដៅបង្ហាញថា សីតុណ្ហភាពអតិបរមាឡើងត្រឹម១០៥៤អង្សា ឯសីតុណ្ហភាពជាមធ្យមត្រឹម ១០២០ ទៅ ១០៣០ អង្សា។ ដូច្នេះកម្រិតកំដៅអតិបរមាក្នុងការដុតលើកនេះទាបជាងលើកមុន។ ក្រោយឈប់ដុតភ្លើងគេបិតបំពង់ផ្សែង, មាត់ឡ និងរន្ធផ្សេងទៀតឲ្យជិតឈឹង ហើយទុកឲ្យត្រជាក់រហូតដល់ថ្ងៃបន្ទាប់ទើបបើកឡ (រូបលេខ១១)។ ភាជន៍ដែលដុតលើកទី២នេះមានចំនួន៦៨។ លើកនេះគេឃើញថាភាជន៍ដុតឆ្អិនល្អ មានពណ៌ក្រហម លាយក្រម៉ៅ ប៉ុន្តែមានផេះជាប់ជាមួយច្រើន (រូបលេខ១២)។
ពិសោធន៍លើកទី៣ ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០១៨ ៖ ដូចកាលពីលើកទី២ដែរ លើកនេះគេដុតរយៈពេល១៥ម៉ោងដូចគ្នា ហើយសីតុណ្ហភាពអតិបរមាត្រឹម១១២៥អង្សា។ ក្រោយដុតចប់ គេបិតឡបង្ហប់ទុកមួយយប់ ដល់ព្រឹកឡើងទើបគេបើកយកភាជន៍ចេញ។ ភាជន៍ដុតថ្មីលើកទីបីនេះមានចំនួន ២៧ ហើយ ៥ ទៀតជាភាជន៍ដែលដុតរួចកាលពី២លើកមុននេះ ហើយគេបន្ថែមបំណែកភាជន៍ឆ្អិនដែលយកពី តំបន់ជើងឯកមកដាក់ដុតរួមជាមួយគ្នាដែរ ដើម្បីពិនិត្យមើលពីភាពរឹងរបស់ភាន៍ទាំងនោះ។ ជាលទ្ធផលនៃការពិសោធន៍ចុងក្រោយនេះ គេឃើញថាភាជន៍មានពណ៌ក្រម៉ៅ ស្មើសាច់ល្អអាចចាត់ចូលជាប្រភេទភាជន៍រឹងកំរិតដំបូង (រូបលេខ១៣)។
រូបលេខ១៣
បន្ទាប់ពីការដុតសាកល្បងទាំងបីលើក លទ្ធផលដែលគាប់ប្រសើរជាងគេគឺនៅលើកចុងក្រោយ ដ្បិតភាជន៍ដែលបានមកមានពណ៌ក្រម៉ៅស្មើសាច់ល្អ។ ប៉ុន្តែទោះយ៉ាងណា ការដុតពិសោធន៍ទាំងបីលើកនេះពុំទាន់ដល់កម្រិតកំដៅដែលគេចង់បាននៅឡើយទេ។
ជាការសង្កេត ភាជន៍ភាគច្រើនដែលប្រេះនៅពេលដុត គឺមកពីរូបរាងដែលគេសូនមកមានមាត់តូចពេក ហើយនៅពេលដុតគឺឆ្អិតតែផ្នែកខាងក្រៅ ឯខាងក្នុងវិញនៅសើមទើបធ្វើឲ្យប្រេះ។ ការសន្ធប់មាត់ឡឲ្យជិតជាវិធីធ្វើឲ្យកម្តៅខាងក្នុងឡើងខ្លាំងជាងការដុតចំហមាត់ធម្មតា ហើយចំណេញអុសផង។
គេសង្ឃឹមថាបទពិសោធន៍ទាំងបីលើកនេះនឹងជួយឲ្យគេយល់ពីបច្ចេកទេសដុតកុលាលភាជន៍បានល្អជាងមុន ហើយបានទទួលលទ្ធផលដូចគេគ្រោងទុកនៅពេលពិសោធន៍លើកក្រោយទៀត។