ដោយ ទិន ទីណា
អតីតរាជធានីអង្គរធំព័ទ្ធដោយកំពែង ហើយមានខ្លោងទ្វារចូលសំខាន់ៗទាំងអស់ចំនួនប្រាំ។ ខ្លោងទ្វារនីមួយៗ មានឈ្មោះហៅរៀងៗខ្លួន។ ទ្វារខាងត្បូង ដែលសព្វថ្ងៃនេះចាត់ទុកថាជាច្រកចូលសំខាន់ គេហៅ «ទ្វារទន្លេអុំ»។ ឈ្មោះនេះមានច្រើនកន្លែងណាស់ ពិសេសគឺហៅទៅកន្លែងប្រាសាទបុរាណដែលមានផ្ទៃទឹកនៅខាងមុខ ជាបារាយ ឬស្រះដែលមានផ្ទៃទឹកល្ហល្ហេវ។ ឧ. នៅខាងមុខប្រាសាទវត្តនគរក្នុងខេត្តកំពង់ចាម និងនៅខាងកើតប្រាសាទភ្នំជីសូរ្យជាដើម។ ចំណែកផ្លូវចូលអង្គរធំវិញ កាលពីដើមមកកសិន្ធុផ្នែកខាងត្បូងនៅរក្សាភាពដើមច្រើន ពោលគឺមានទឹកនៅគង់ល្អ។ ឯផ្នែកដទៃទៀតដូចជាផ្នែកខាងជើងជាដើម គឺបារាំងជីកកែកុនខ្លះនៅពេលក្រោយមកទៀត។
ទ្វារខាងលិចឈ្មោះ «ទ្វារតាកាវ»។ យើងមិនដឹងថាគេហៅបែបនេះពីពេលណាមកទេ គឺពិបាកស្មានថាជាឈ្មោះចាស់ត្រឹមណា ឬក៏ថ្មីៗនេះទេ។
ទ្វារខាងកើតមាន២។ ក្នុងនោះ មួយហៅថា «ទ្វារជ័យ» គឺទ្វារដែលស្ថិតនៅចំពីមុខអតីតព្រះរាជវាំង។ ឯមួយទៀត ហៅថា «ទ្វារខ្មោច» ស្ថិតនៅស្របនឹងទ្វារជ័យដែរ តែដែលចេញពីខាងកើតប្រាសាទបាយ័ន្តទៅ។ ឈ្មោះទាំងពីរនេះទំនងជាឈ្មោះចាស់ ទោះបីមិនមែនមានតាំងពីរជំនាន់អង្គរធំកើតមានឡើងក៏ដោយ។ ទ្វារជ័យជាទ្វារសំខាន់ជាងគេ។ ព្រះបរមរាជវាំងចតុមុខដែលជាមរតកតមកពីបុរាណកាល ក៏រៀបចំកំពែងវាំងមានលំនាំដូចគ្នានេះដែរ ពោលគឺមានទ្វារជ័យនៅខាងកើតដូចគ្នា។ ព្រះរាជវាំងអាយុធ្យា និងព្រះរាជវាំង បាងកក ដែលទទួលឥទ្ធិពលអារ្យធម៌អង្គរដែរនោះ ក៏គេរៀបចំព្រះរាជវាំងដែលមានរបៀបដូចគ្នាដែរ គឺថាទ្វារខាងកើត ហៅថា « ประตูชัย » (អានថា ប្រះទូឆៃ)មានន័យសម្តៅថា ទ្វារជ័យដូចខ្មែរដែរ។ ឯឈ្មោះទ្វារខ្មោចទំនងលេចឡើងនៅរវាង២ឬ៣ស.វ.ចុងក្រោយនេះ ទេក៏មិនដឹង។ ថានេះ គឺស្មានសុទ្ធសាធដ្បិតគ្មានភស្តុតាងអ្វីបញ្ជាក់ឲ្យច្បាស់លាស់ទេ។
ឯទ្វារចុងក្រោយគេមួយទៀតស្ថិតនៅខាងជើងហៅថា «ទ្វារដីឆ្នាំង» (រូបលេខ១)។ ឈ្មោះនេះក៏ដូចគ្នាដែរ ទំនងជាឈ្មោះដែលអ្នកស្រុកហៅយូរមកហើយ ដ្បិតនៅជិតទ្វារនេះ គេរកឃើញមានឡផលិតកុលាលភាជន៍បុរាណមួយចំនួន។ ឯភាជន៍ដែលគេផលិតនៅទីនោះភាគច្រើនជាប្រភេទដីដុត។ នៅប៉ែកខាងជ្រុងពាយ័ព្យមានទួលធំមួយហៅថា «ទួលត្រពាំងបុះ» ។ នៅលើទួលនោះគេឃើញមានបំណែកភាជន៍និងក្បឿងច្រើនប្រភេទនៅរាយប៉ាយពាសពេញ (រូបលេខ២-៣)។ ថ្មីៗនេះក្រុមបុរាណវិទូនៃមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរាបានទៅធ្វើកំណាយស្រាវជ្រាវនៅលើទីទួលនោះដើម្បីស្រង់ពត៌មានផ្សេងៗយកមកសិក្សាពិចារណា (រូបលេខ៤-៥)។ ជាការស្មាន ឈ្មោះ «ដីឆ្នាំង» នេះទំនងលេចឡើងដោយសារវត្តមានឡនេះឯង។ រីឯអាយុកាលពិតប្រាកដរបស់ឡ និងដឹងច្បាស់នៅពេលអនាគតបន្ទាប់ពីធ្វើវិភាគតាមបែបបច្ចេកទេសរួច។