ប្រាសាទហឿនហ៊ីន
ដោយ អ៊ុំ វុត្ថា
នៅពេលគេនិយាយពីប្រាសាទបុរាណខ្មែរក្នុងទឹកដីប្រទេសលាវបច្ចុប្បន្ន ភាគច្រើនគេតែងនឹកឃើញដល់ប្រាសាទវត្តភូ ដែលខ្មែរបុរាណហៅថា «ឝ្រីភទ្រេឝ្វរ» ស្ថិតនៅដែន «លិង្គបុរ» ហើយដែលសព្វថ្ងៃស្ថិតនៅក្នុងខេត្តចម្ប៉ាសាក់។ នៅទីនេះខ្ញុំសូមបង្ហាញប្រាសាទខ្មែរមួយទៀតដែលប្រហែលជាមិនសូវមានអ្នកស្គាល់ច្រើនទេ គឺប្រាសាទ ហឿនហ៊ីន (ເຮືອນຫີນ) ជាពាក្យលាវ ដែលមានន័យជាថា «ផ្ទះថ្ម»។ ប្រាសាទនេះស្ថិតនៅចម្ងាយប្រមាណជាង ១០០ម៉ែត្រពីមាត់ច្រាំងទន្លេមេគង្គ ក្នុងស្រុក សៃភូថង និងប្រមាណជា៥០គ.ម.ពីទីរួមខេត្តសាវ៉ាន់ខេត្ត (រូបលេខ១)។ សូមជម្រាបបញ្ជាក់ថាអត្ថបទនេះពុំមែនជាការស្រាវជ្រាវ ឬការរកឃើញអ្វីថ្មីនៅទីនោះឡើយ ពោលគឺខ្ញុំគ្រាន់តែចង់បង្ហាញអំពីប្រាសាទនេះទៅអ្នកអានដែលពុំទាន់មានឱកាសបានទៅស្គាល់តែប៉ុណ្ណោះ។
រូបលេខ១
យើងធ្លាប់ឃើញមានការរៀបរាប់ខ្លះៗអំពីប្រាសាទនេះតាំងពីស.វ.ទី១៧មកម៉្លេះ គឺនៅក្នុងកំណត់ហេតុរបស់អ្នកជំនួញជាតិហូឡង់ដ៍ម្នាក់ឈ្មោះ G.van Wuysthoff និងជំនួយការរបស់គាត់ក្នុងឆ្នាំ១៦៤២ [1]។ អ្នកជំនួញនេះធ្លាប់មកជួញដូររកស៊ីនៅអតីតរាជធានីលង្វែក ក្នុងឆ្នាំ១៦៤១ ហើយធ្វើដំណើរបន្តទៅក្រុងវៀងចន្ទន៍នៅ១ឆ្នាំក្រោយមក។ គាត់គឺជាជនជាតិ អ៊ឺរ៉ុបដំបូងគេដែលបានទៅដល់ប្រទេសលាវនៅជំនាន់នោះ។ ក្រៅពីនេះគឺមានលោក Etienne Aymonier ដែលបាននិយាយបន្តិច បន្តួចពីប្រាសាទនេះក្នុងឆ្នាំ១៩០១ [2] ។ ចំណែកក្នុងសៀវភៅរបស់លោក Lunet de Lajonquière មានសរសេររៀបរាប់លម្អិតជាងគេពីរចនាសម្ព័ន្ធស្ថាបត្យកម្ម និងពិព័ណ៌នាអំពីស្ថានភាពរបស់ប្រាសាទ ព្រមទាំងបានគូរប្លង់ប្រាសាទនេះផង [3] ។
ប្រាសាទហឿនហ៊ីនសង់នៅលើឃឿនថ្មបាយក្រៀម ឯក្តីសំខាន់សាងពីថ្មភក់ (រូបលេខ២)។ ប្រាសាទនេះបែមុខទៅខាងកើត មានមណ្ឌបហើយមានជណ្តើរឡើងទាំងសងខាង និងមានអន្តរាលមុនចូលទៅដល់គភ៌គ្រឹះ។ ប៉ុន្តែប្រាង្គសំខាន់រលំមើលស្ទើរពុំយល់តាំងពីជំនាន់ដែលលោក G.van Wuysthoff មកដល់ម្ល៉េះ។ ចំណែកមណ្ឌប និងអន្តរាលនៅរូបរាងល្មមអាចមើលយល់បាន (សូមមើលប្លង់នៅរូបលេខ៣ ដែលគូរដោយលោក Lunet de Lajonquière)។ យើងអាចស្មានបានថាប្រាសាទនេះសង់ពុំទាន់រួចនៅឡើយទេ ដ្បិតនៅរូបលេខ៤ ឃើញថាផ្តែរទ្វារ និងសរសេរពេជ្រគេទើបតែចាប់ផ្តើមឆ្លាក់ដានៗបានបន្តិចបន្តួចប៉ុណ្ណោះ។ ឯចម្លាក់ដទៃទៀតក៏ពុំទាន់ហើយដូចគ្នា (រូបលេខ៥)។ នៅទីនោះ គឺមានតែចម្លាក់ក្បាលនាគចែងប៉ុណ្ណោះដែលគេឆ្លាក់រួចរាល់ហើយធ្លាក់រាយប៉ាយនៅជិតៗតួប្រាសាទ (រូបលេខ៦-៧)។ ប្រាសាទនេះពុំមានសិលាចារឹកឬក្បាច់លំអលើផ្តែរទ្វារ ហោជាង ឬសរសរពេជ្រជាដើមនាំឲ្យគេងាយកំណត់កាលបរិច្ឆេទឡើយ។ ប៉ុន្តែយ៉ាងណាក៏ដោយ អ្នកជំនាញខាងប្រវត្តិសិល្បៈយល់ថាទំនងស្ថិតនៅក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី១ ពោលគឺរវាងដើមស.វ.ទី១១ ដោយយោងទៅលើរចនាសម្ព័ន្ធប្លង់ទូទៅរបស់ប្រាសាទប្រៀបជាមួយប្រាសាទដទៃទៀតក្នុងរាជ្យរបស់ព្រះអង្គ ហើយជាពិសេសគឺត្រង់មណ្ឌបដែលលយមកផ្នែកខាងមុខមុននឹងចូលទៅដល់ទីសំខាន់ដែលជាកន្លែងតម្កល់រូបទេព ឬលិង្គ ហៅថា «គភ៌គ្រឹះ»។
បច្ចុប្បន្នប្រាសាទហឿនហ៊ីននៅតែមានអ្នកស្រុកមកគោរពបូជាឥតដាច់ ហើយដោយសារសព្វថ្ងៃអ្នកស្រុកគោរពព្រះពុទ្ធសាសនា ដូច្នេះនៅក្នុងប្រាសាទនេះយើងឃើញមានគេតម្កល់ព្រះពុទ្ធរូបតូចធំជាច្រើនអង្គ។
----------------------------
[1] សូមមើល C. Lejosne, Le Journal de voyage de G. van Wuysthoff et de ses assistants au Laos (1641-1642), CDIL, 1993។
[2] Etienne Aymonier, Le Cambodge, II, Les provinces siamoises, Ernest Leroux, édit. Paris, 1901, p. 172។
[3] Lunet de Lajonquière, Inventaire descriptif des monuments du Cambodge, tome deuxième, EFEO, pp. 91-94។