ដោយ រី សុវណ្ណារិទ្ធ, ស៊ិន សុវណ្ណរតនា និង ម៉ន ចាន់ដេត
កន្លងមកធ្លាប់មានការសិក្សាស្រាវជ្រាវច្រើនមកដែរហើយ អំពីវត្តអារាមនានាក្នុងប្រទេស កម្ពុជា ដោយការសិក្សាទាំងនោះខ្លះទាក់ទងនឹងប្រវត្តិសាវតារ, សំណង់ស្ថាបត្យកម្ម និងគំនូរបុរាណដែលគូរនៅលើសាលា ឬព្រះវិហារជាដើម។ ចំណែកខ្លះទៀតសិក្សាតាមបែបសង្គមវិទ្យាដោយស្វែងយល់អំពីសេដ្ឋកិច្ចវត្ត ឬការប្រតិបត្តិព្រះពុទ្ធសាសនានៅតាមវត្ត។
អត្ថបទនេះ ពុំមែនជាការស្រាវជ្រាវអ្វីឡើយ យើងខ្ញុំគ្រាន់តែលើកយកវត្តមួយ ដែលមានវ័យចំណាស់គ្រាន់បើមកបង្ហាញ គឺ «វត្តមុនីសាគរ» ដែលសាងនៅរវាងពាក់កណ្តាលស.វ. ទី១៩។ វត្តនេះមានទីតាំងស្ថិតនៅក្នុងភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បើតាមចាស់ទុំនិយាយតគ្នាមកថា កាលដើមឡើយទីតាំងវត្តនេះមានព្រែកហូរកាត់និងមានជាថ្លុកត្រពាំង ហើយសម្បូណ៌ដោយដើមឫស្សី។ ក្រោយមក ពុទ្ធបរិស័ទជុំវិញក៏រៀបចំទីនោះទៅជាវត្តអារាមហើយឲ្យឈ្មោះដំបូងថា «វត្តអន្លង់ឫស្សី» និងក្រោយមកទៀតប្តូរទៅជា «វត្តមុនីសាគរ» វិញរហូតដល់សព្វថ្ងៃ។
បើតាមព្រះគ្រូចៅអធិការវត្ត សំណង់ដែលចាស់ជាងគេគឺព្រះវិហារដែលសាងក្នុងអំឡុងឆ្នាំ «១៨៨០»។ ប៉ុន្តែយ៉ាងណាក៏ដោយ យើងពុំឃើញមានចារឹកណាមួយបញ្ជាក់ពីកាលបរិច្ឆេទសាងសង់ច្បាស់លាស់ឡើយ។ យើងគ្រាន់តែអាចសន្និដ្ឋានបានថាជាព្រះវិហារមានអាយុកាលចំណាស់មែនដោយផ្អែកលើរូបរាង គ្រឿងសំណង់ (ផ្នែកខ្លះសង់អំពីឈើ) និងគ្រឿងលំអផ្សេងៗ ដូចជាឰរាឈើជាដើម (រូបលេខ១)។ ព្រះវិហារទាំងមូលធ្លាប់ជួសជុលតែដំបូលប៉ុណ្ណោះ ឯផ្នែកដទៃទៀតឥតដែលបានកែកុនប៉ះពាល់អ្វីឡើយ។
រូបលេខ១
នៅក្នុងព្រះវិហារយើងឃើញមាននៅសល់គំនូរចាស់ៗ ដោយមានសរសេរអក្សររៀបរាប់ខ្លីៗពីឈុតគំនូរទាំងនោះ និងថ្លៃជាងគូរដែលសប្បុរជនឧបត្ថម្ភផង។ បើមើលលើរូបរាងអក្សរអក្ខរាវិរុទ្ធ និងរបៀបសរសេរ ក៏ឃើញថាជាទម្រង់បែបជាន់ចាស់ (រូបលេខ២-៣)។ អ្វីដែលជាទីសម្គាល់មួយទៀតគឺថារូបគំនូរទាំងអស់ពុំមានគូរនៅលើជញ្ជាំងព្រះវិហារទេ ប៉ុន្តែគេគូរនៅជុំវិញជើងសសរវិហារ ដោយមានជាឈុតសាច់រឿងក្នុងពុទ្ធប្រវត្តិ និងក្នុងជាតក ហើយមានក្បាច់ផ្កាភ្ញីលម្អនៅផ្នែកខាងលើសសរនីមួយៗផង (រូបទី៤-៧)។ លក្ខណៈបែបនេះគឺជាការកម្រ ដ្បិតនៅតាមព្រះវិហារផ្សេងៗខ្លះ ដូចជានៅវត្តពោធិព្រឹក្ស ហៅវត្តខ្ទរជាដើម គេឃើញមានគំនូរនៅតាមសសរដែរ ប៉ុន្តែពុំមែនគូរជាសាច់រឿងអ្វីមួយឡើយ គឺគ្រាន់តែជាគំនូរក្បាច់លម្អផ្សេងៗប៉ុណ្ណោះ (រូបទី៨ ៖ សសរព្រះវិហារវត្តខ្ទរ)។
តាមការសង្កេត យើងឃើញថារូបគំនូរដែលនិយាយពីពុទ្ធប្រវត្តិគឺគេគូរនៅលើសសរដែលទ្រដំបូលជុំវិញព្រះជី (រូបលេខ៩ ៖ នេះកាលព្រះសិទ្ធត្ថយាងចេញសាងផ្នួសដោយមានព្រះឥន្ទ ព្រះព្រហ្មចាំដង្ហែ, រូបលេខ១០ ៖ ព្រះពុទ្ធបានត្រាស់ដឹងនៅក្រោមដើមសាលព្រឹក្ស, រូបលេខ១១៖ ព្រះពុទ្ធចូលបរិនិព្វាន)។ ចំណែកឯសសរដែលនៅសល់គឺគេគូររឿងជាតក ដែលមានសាច់រឿងផ្សេងៗគ្នា។ នៅរូបលេខ១២ គឺរឿង ព្រះមហាជនក នាកាលព្រះមហាជនកយាងតាមមហាសមុទ្រទៅធ្វើជំនួញ និងទៅរំដោះនគរមិថិលា លុះត្រលប់មកវិញមានព្យុះលិចសំពៅ។ ព្រះមហាជនកប្រឹងហែលទឹកសមុទ្របាន៧ថ្ងៃ ទើបនាងមណីមេខលាមកជួយសង្គ្រោះ និងយកព្រះអង្គទៅកាន់នគរមិថិលា។ នៅរូបលេខ១៣ គឺរឿងព្រះនេមិរាជ ក្នុងឈុតព្រះនេមិរាជយាងទៅទតនរក។ នៅរូបលេខ១៤ គឺរឿងព្រះមហោសថ ក្នុងឈុតព្រះមហោសថកំពុងស្វែងរកព្រះមហេសី ហើយក៏ជួបនាងអមរាកំពុងបេះផ្លែឈើ។ ចំណែករូបលេខ១៥ គឺរឿងព្រះវេស្សន្តរ ត្រង់គ្រានាងអាមិត្តាបនាបានទៅតាជូជក។ ពួកព្រាហ្មណីដទៃទៀតច្រណែនឈ្នានីស នាំគ្នាព្រួតវាយដំច្រំធាក់នាងអាមិត្តាបនា។
ក្រៅពីព្រះវិហារចំណាស់នេះ នៅក្នុងបរិវេណវត្តក៏នៅមានសល់ចេតិយចាស់ៗមួយចំនួន និងមានសាលាឆាន់មួយកសាងក្នុងឆ្នាំ១៩៦៥ ដែលសព្វថ្ងៃមានសភាពទ្រុឌទ្រោមត្រូវការការថែទាំ (រូបលេខ១៦-២០)។