ដោយ សួន សុភក្ត្រា
មានប្រាសាទឥដ្ឋមួយបាក់បែក ស្ថិតនៅភូមិល្វាទេ ឃុំហាន់ជ័យ ស្រុកកំពង់សៀមខេត្តកំពង់ចាម។ អ្នកស្រុកហៅប្រាសាទនេះថា «គុក» ដូច្នេះតែម្តង ដូចយើងធ្លាប់ឃើញជារឿយៗនៅកន្លែងដទៃទៀត។ បើយើងធ្វើដំណើរពីក្រុងកំពង់ចាមលើផ្លូវតាមបណ្ដោយមាត់ទន្លេ ឡើងទៅខ្សែទឹកខាងលើ (ខាងជើង) កាត់ភូមិស្រុកនានាបានចម្ងាយប្រមាណ១៨គីឡូម៉ែត្រ យើងនឹងទៅដល់ទីតាំងមណ្ឌលសុខភាពហាន់ជ័យ។ ហួសមណ្ឌលសុខភាពបន្តិចនៅខាងឆ្វេងដៃ យើងនឹងឃើញមានផ្លូវលំដីក្រហមតូចមួយ ហើយប្រាសាទគុកស្ថិតនៅអបជាប់ផ្លូវនោះ(រូបលេខ១)។
គុកនេះមិនឃើញមានចុះផ្សាយក្នុងសៀវភៅអ្នកស្រាវជ្រាវជំនាន់មុនដូចជាលោក Étienne Aymonier ឬក៏ក្នុងបញ្ជីសារពើភណ្ឌនៃលោក Lunet de Lajonquière ឡើយ។ ទោះជាក្នុងបញ្ជីបន្ថែមនៃលោក Henri Parmentier ក៏មិននិយាយដល់ប្រាសាទនេះដែរ។ ឈ្មោះប្រាសាទនេះលេចឡើងជាលើកដំបូងក្នុងបញ្ជីបន្ថែមនៃសិលាចារឹកកម្ពុជារបស់លោក Claude Jacques[1]។ ក្នុងបញ្ជីនោះ គាត់បានចុះលេខ K. 1042 ឱ្យសិលាចារឹកមួយនៅនឹងមេទ្វារខាងត្បូងដោយបញ្ជាក់ថាសិលាចារឹកនោះនៅកន្លែងដើម។ ប៉ុន្តែបច្ចុប្បន្ននេះ យើងពុំឃើញនៅនឹងកន្លែងទៀតទេ ប្រហែលជាបាត់បង់ទៅហើយក៏អាចស្មានបាន។ តាមលោក Claude Jacques ចារិកនោះមាន១៩បន្ទាត់ ជាភាសាខ្មែរ ហើយគាត់យល់ថាចារឡើងនៅចន្លោះសតវត្សទី៨ និងទី៩។ ប៉ុន្តែ ដោយសារគាត់មិនបានទៅកន្លែងផ្ទាល់ គាត់មិនបានដឹងថាមានសិលាចារឹកពីរទៀតនៅទីនោះ។ មួយជាចារិកភាសាខ្មែរលើបង្គោលមួយនៅខាងមុខប្រាសាទ (រូបលេខ២)។ សព្វថ្ងៃគេរក្សាទុកនៅសារមន្ទីរជាតិ ហើយចុះលេខ K. 1461។ ឯមួយទៀតចុះលេខ K. 1462 ជាផ្ទាំងចារឹកមានភាសាពីរ គឺខ្មែរមួយផ្នែក សំស្ក្រឹតមួយផ្នែក។ ផ្ទាំងនេះមិនងាយអានឡើយព្រោះគេយកមកប្រើផ្នែកខាងលើនៃស៊ុំទ្វារប្រាសាទ (រូបលេខ៣-៥)។ នេះជាភស្តុតាងយ៉ាងច្បាស់ថា ជាផ្ទាំងចារឹកដែលយកពីទីណាមួយមកប្រើជាថ្មី ហើយលែងមាននាទីជាសិលាចារឹកទៀតហើយនៅពេលដែលគេសាងគុកនេះ។
គុកនេះសព្វថ្ងៃខូចខាតច្រើន ហើយមិនមានគ្រឿងចម្លាក់ដូចជាផ្ដែរ ហោជាង សសរពេជ្រ ឬប្រតិមាណាមួយសម្រាប់ឱ្យកំណត់កាលបរិច្ឆេទឱ្យបានច្បាស់លាស់ទេ។ បើយើងផ្អែកលើសិលាចារឹក K. 1042 ហើយយោងតាមការវិនិច្ឆ័យនៃលោក Claude Jacques ប្រាសាទនេះសមតែស្ថិតនៅចន្លោះសតវត្សទី៨ និងទី៩។ ចំណែកឯសិលាចារឹក K. 1462 ដែលគេយកប្រើប្រាស់ឡើងវិញជាមេទទឹងទ្វារ ប្រាកដជាមានអាយុចាស់ជាងប្រាសាទនេះ ដោយយោងទៅតាមតួអក្សរខ្លះៗដែលនៅមើលយល់។
នៅផ្នែកខាងមុខនៃប្រាសាទ យើងឃើញមានសំណល់ថ្មបាយក្រៀមបួនជ្រុងជាច្រើនដុំតម្រៀបគ្នា។ ថ្មបាយក្រៀមទាំងនេះអាចជាផ្នែកនៃរោងដែលគេតភ្ជាប់នៅខាងមុខប្រាសាទក៏ថាបាន។ នៅផ្ទះមួយខ្នងក្បែរនោះ ម្ចាស់ផ្ទះបានយកវត្ថុបុរាណមួយចំនួនមករក្សាទុក។ ក្នុងនោះមានរូបព្រះគោមួយគង់ជាប់លើជើងទម្រធ្វើពីថ្មបាសាល់មួយដុំ (រូបលេខ៦) តោថ្មមួយ (រូបលេខ៧) ស្រដៀងនឹងតោនៅប្រាសាទតោ នៅសំបូរព្រៃគុក និងជើងទម្រមួយចំនួន។
បើធៀបមកនឹងកម្ពស់ផ្លូវដែលរត់នៅផ្នែកខាងជើងប្រាសាទ យើងឃើញថាស្ទើរពាក់កណ្ដាលនៃប្រាសាទស្ថិតនៅទាបជាងផ្លូវ។ បន្ថែមពីនោះទៀត នៅផ្នែកខាងក្នុងនៃប្រាសាទក៏នៅមានសេសសល់កំណកដីស្អេកស្កះដែរ។
-----------------------------------
[1] Jacques, C., « Supplément au tome VIII des Inscriptions du Cambodge », Bulletin de l’Ecole française d’Extrême-Orient, tome 58, 1971. pp. 177-195.