ដោយ ញឹម សុធាវិន្ទ
នៅស.វ.ទី១៧ ប្រទេសយីពុនឈានចូលមកដល់សម័យកាលមួយដែលគេហៅថា “សម័យអេដូ” (គ.ស. ១៦០៣-១៨៦៨) ហើយស្ថិតក្រោមអំណាច «សូហ្គុន» (Shogun)ទាំងស្រុង ថ្វីដ្បិតតែមានព្រះចៅអធិរាជគង់នៅក្រុងក្យូតូដាច់ដោយឡែក។ នៅដើមស.វ.ទី១៧នោះ អ្នកដឹកនាំឈ្មោះ តុគឺហ្កាវ៉ា អ៊ីអេយ៉ាស៊ឹ (Tokugawa Ieyasu) បង្កើតប្រព័ន្ធ “សំពៅដែលមានត្រាក្រហម (ពាក្យយីពុនថា Shuin-sen)”។ គេបង្កើតប្រព័ន្ធនោះ ដើម្បីគ្រប់គ្រងជំនួញអន្តរជាតិ ដោយចេញជាលិខិតភ្ជាប់ជាមួយនឹងត្រាក្រហម សម្រាប់អ្នកជំនួញយីពុនចេញទៅបរទេស និងសម្រាប់ចេញសេចក្ដីអនុញ្ញាតឲ្យធ្វើ ជំនួញបាន។
មូលហេតុដែលយីពុនចាប់ផ្ដើមធ្វើជំនួញនៅអាស៊ីអាគ្នេយ៍ ជាពិសេសចាប់ពី ចុងស.វ.
ទី១៦នោះ គឺទី១ ដោយសារមានបញ្ហាជំនួញសមុទ្រនៅឈូងសមុទ្រចិនជា មួយសន្តិវង្ស
មិញ, ទី២ ដោយសារឥទ្ធិពលពួកអ្នកជំនួញអឺរ៉ុបមកតំបន់អាស៊ីនិង អាស៊ីអាគ្នេយ៍មានការកើនឡើងច្រើន, និងទី៣ ដោយសារផលិតផលក្នុង ស្រុកមានច្រើនត្រូវលក់ចេញទៅបរទេស។
ដើម្បីភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម រដ្ឋអំណាចសូហ្គុនផ្ញើលិខិតដោយមាន បោះត្រាក្រហមនោះជាច្រើនទៅបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍។ អត្ថន័យនៅក្នុង សំបុត្រទាំងនោះ គឺនិយាយពីការពង្រឹងទំនាក់ទំនងមិត្តភាព និងណែនាំអ្នកជំនួញ យីពុនដែលទៅធ្វើជំនួញនៅប្រទេសទាំងនោះ។ ចំពោះប្រទេសកម្ពុជា មានសំបុត្រ ឆ្លងឆ្លើយគ្នារវាងព្រះរាជាព្រមទាំងអ្នកជំនួញខ្មែរ ជាមួយរដ្ឋអំណាចសូហ្គុនច្រើនដង ចាប់ពីឆ្នាំ១៦០២ទៅ (Kitagawa 2014)។
ពីឆ្នាំ១៦០០ ដល់១៦៣៥ រដ្ឋអំណាចសូហ្គុនបញ្ជូនសំពៅជាង ៣៦០ទៅបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ ហើយមានជនជាតិយីពុនជាង១ម៉ឺននាក់ទៅដល់ប្រទេសទាំងនោះ (Iwao 1966)។ អ្នកដែលទៅ តាមសំពៅទាំងនោះមានជាអ្នកជំនួញ, ក្រុមសាមូរ៉ៃ, អ្នកកាន់គ្រិស្តសាសនា និងក្រុមគ្រួសាររបស់គេ ដែលរដ្ឋអំណាចសូហ្គុនបានបណ្ដេញចេញពីប្រទេសយីពុន ពីព្រោះតែរដ្ឋអំណាចនោះបិទមិនឲ្យកាន់សាសនាគ្រិស្ត។
ដោយសារចំនួនជនជាតិយីពុននៅបណ្ដាប្រទេសទាំងនោះកើនឡើង គេបាន បង្កើតជាសង្កាត់យីពុន (ពាក្យយីពុនហៅ Nihon-machi) ដោយមានការយល់ ព្រមពីអាជ្ញាធរក្នុងស្រុកនៃបណ្ដាប្រទេសទាំងនោះ។ លោក អ៊ីវ៉ាអុ សេអ៊ីជិ (Iwao Seiichi) ដែលបានសិក្សាអំពីសង្កាត់យីពុននៅអាស៊ីអាគ្នេយ៍តាមរយៈឯកសាររបស់ពួកហូឡង់ បានបង្ហាញថាមានសង្កាត់យីពុនពីរនៅប្រទេសកម្ពុជា ពោលគឺមួយនៅ ពញាឮ (ស្រុកពញាឮ, ខេត្តកណ្តាល) និងមួយទៀតនៅភ្នំពេញ (Iwao 1966)។ សង្កាត់យីពុននៅពញាឮកើតឡើងនៅក្នុងឆ្នាំ១៦១៨ ឯនៅភ្នំពេញក្នុងឆ្នាំ១៦៤៤។
ទីតាំងនិងស្ថានភាពនៃសង្កាត់យីពុន
តទៅនេះ ខ្ញុំនឹងនិយាយត្រួសៗអំពីទីតាំងនិងស្ថានភាពនៃសង្កាត់យីពុននា ពេលនោះ ដោយផ្អែកលើសៀវភៅរបស់លោក អ៊ីវ៉ាអុ សេអ៊ីជិ ដែលបានផ្សព្វផ្សាយនៅ ឆ្នាំ១៩៦៦ ជាភាសា
យីពុនមានចំណងជើងថា Nanyō Nihon-machi no kenkyū ដែលអាចប្រែជាភាសាខ្មែរថា “ការសិក្សាអំពីសង្កាត់យីពុននៅសមុទ្រខាងត្បូង”។ សូមបញ្ជាក់ថាលោក អ៊ីវ៉ាអុ សេអ៊ីជិ ដែលបានសិក្សាអំពីសង្កាត់យីពុននោះ គឺយោងតាមឯកសាររបស់ពួកហូឡង់។
នៅក្នុងឯកសារហូឡង់ដែលរៀបរាប់អំពីទីតាំងសង្កាត់យីពុននៅភ្នំពេញនោះ គឺពិបាកសន្និដ្ឋានថានៅម្ដុំណាពិតប្រាកដ។ រីឯសង្កាត់យីពុននៅពញាឮវិញ ឯកសារហូឡង់រៀបរាប់
ថានៅចម្ងាយពីភ្នំពេញប្រហែល២៥ ឬ២៦គីឡូម៉ែត្រ នៅជាប់នឹងមណ្ឌលពាណិជ្ជកម្មហូឡង់ដែលមានទីតាំងនៅខាងលិចមាត់ទន្លេសាប។ នៅម្ដុំនោះក៏មានសង្កាត់ព័រទុយហ្គេ និងចិននៅជាប់ៗគ្នាដែរ។ មណ្ឌល ពាណិជ្ជកម្មរបស់ហូឡង់នោះស្ថិតនៅពាក់កណ្ដាលផ្លូវទៅព្រះរាជវាំងឧដុង្គ។ នៅខាងត្បូងសង្កាត់យីពុនមានស្ទឹងតូចមួយដែលគេហៅស្ទឹង
ហូឡង់។ ដោយផ្អែកលើឯកសាររបស់ហូឡង់ លោក អ៊ីវ៉ាអុ សេអ៊ីជិ បានគូរផែនទីកំណត់ទីតាំងនីមួយៗ (រូបលេខ១)។ យ៉ាងណាក្ដី ការដែលគាត់គូរផែនទីនោះគ្រាន់តែជាការ សន្និដ្ឋានតាមអ្វីដែលមាននៅក្នុងឯកសារហូឡង់កត់ត្រាតែប៉ុណ្ណោះ។
រូបលេខ១
ប្រទេសកម្ពុជានៅស.វ.ទី១៧មានជនជាតិបរទេសផ្សេងៗច្រើនមករស់នៅ ដូចជាជនជាតិ
យីពុន, ព័រទុយហ្គេ, យួន, ម៉ាឡេជាដើម។ ផ្ទះរបស់ពួកគេសង់នៅជាជួរលើទំនប់។ ជន
ជាតិយីពុនមានរវាង៧០ទៅ៨០គ្រួសារ ហើយក្នុងចំណោម នោះ មាននិរទេសជនដែលមិនអាចត្រឡប់ទៅស្រុកកំណើតវិញបាន។ នៅទសវត្ស ១៦២០ មានជនជាតិយីពុនប្រហែល
១៥០០នាក់រស់នៅអយុធ្យា, ជាង៣៥០នាក់នៅប្រទេសកម្ពុជា និងជាង៣០០នាក់នៅកូសាំងស៊ីន។ គេសង់ព្រះវិហារគ្រិស្តសាសនាមួយនៅពញាឮ ដោយសារពេលនោះមានអ្នកកាន់គ្រិស្តសាសនាជាង៧០នាក់ទៅហើយ។
ក្រៅពីធ្វើជំនួញចិញ្ចឹមជីវិត នៅពេលដែលមានក្សត្រណាមួយអង្គក្នុងព្រះញាត្តិវង្សបះបោរប្រឆាំងនឹងព្រះរាជា ពួកយីពុនទាំងនោះតែងតែមានសេចក្ដីក្លាហានកាន់អាវុធជួយដល់ព្រះរាជាជានិច្ច។ ដូច្នោះហើយបានជាព្រះរាជាកោតសរសើរជនជាតិយីពុនណាស់។
ការស្រាវជ្រាវថ្មីៗនៅពញាឮ
ភ្ជាប់ទៅនឹងការស្រាវជ្រាវរបស់ខ្ញុំអំពីប្រវត្តិសាស្ត្រខ្មែរសម័យកណ្ដាល បន្ទាប់ ពីអានអត្ថបទរបស់លោក អ៊ីវ៉ាអុ សេអ៊ីជិ មក ខ្ញុំបានចុះទៅស្រាវជ្រាវជាញឹកញាប់ នៅពញាឮ និងតំបន់នៅក្បែរៗដូចជាលង្វែកនិងឧដុង្គ។ ខ្ញុំបានរកទីតាំងដែលលោក អ៊ីវ៉ាអុ សេអ៊ីជិ បានរៀបរាប់តាមការពិពណ៌នានៅក្នុងកំណត់ត្រារបស់ពួកហូឡង់ ថាមានសង្កាត់យីពុននៅជាប់នឹងមាត់ទន្លេសាបនៅពញាឮដែរ (រូបលេខ២) ប៉ុន្តែគ្មានឃើញស្លាកស្នាមសេសសល់អ្វីឡើយ។ ខ្ញុំក៏បានសាកសួរអ្នករស់នៅទីនោះ ក្រែងអាចនៅមានអ្នកចងចាំខ្លះ ប៉ុន្តែទាក់ទងនឹងសង្កាត់ ឬភូមិយីពុន ឬថាមាន ជនជាតិយីពុនមករស់នៅម្ដុំនោះ គឺគ្មានអ្នកដឹងឡើយ។ ចាស់ៗភាគច្រើននៅចងចាំ ខ្លះៗអំពីពេលកងទ័ពយីពុនចូលមកស្រុកខ្មែរនៅក្នុងទសវត្ស១៩៤០តែប៉ុណ្ណោះ។
រូបលេខ២
អំពីសង្កាត់យីពុននៅប្រទេសកម្ពុជាក្នុងស.វ.ទី១៧នេះ វិទ្យាស្ថានវប្បធម៌ណារ៉ានៃប្រទេស
យីពុនក៏បានធ្វើកំណាយស្រាវជ្រាវច្រើន ដើម្បីរកតឹកតាងដែរ។ ការសិក្សាស្រាវជ្រាវរបស់វិទ្យាស្ថាន វប្បធម៌ណារ៉ាបានចាប់ផ្ដើមនៅខែមិថុនា ឆ្នាំ២០០៤ ដល់ខែកក្កដា ឆ្នាំ២០០៦ នៅ ពញាឮ។ រីឯសង្កាត់យីពុនដែលមានសរសេរថានៅភ្នំពេញនោះ គេមិនបានស្រាវជ្រាវទេ ដោយមិនអាចធ្វើកំណាយនៅទីណាទាំងអស់ ព្រោះមានសំណង់នៅគ្រប់ទឹសទី (Sugiyama et al. 2008)។
លទ្ធផលនៃការធ្វើកំណាយបុរាណវិទ្យារបស់វិទ្យាស្ថានស្រាវជ្រាវណារ៉ានោះ ពុំបានរកឃើញតឹកតាងអ្វីបញ្ជាក់ច្បាស់លាស់ទាក់ទងនឹងសង្កាត់យីពុនឡើយ។ ផ្ទុយទៅវិញ បំណែកភាជន៍ដែលរកឃើញពីកំណាយនោះស្ទើរតែទាំងអស់ជាភាជន៍ផលិត នៅប្រទេសចិន ដោយមានកាលបរិច្ឆេទចាប់ពីស.វទី១៦ ដល់ទី១៩ (Sugiyama et al. 2008: 4-7)។ ក្រៅពីនេះរកឃើញភាជន៍ផលិតនៅយីពុនចំនួនពីរបំណែកដែលជា ប្រភេទភាជន៍នៅហ៊ីហ្សេន (នៅតំបន់ឃ្យូស៊ូ, ភាគខាងត្បូងនៃប្រទេសយីពុន) និង ភាជន៍ខ្លះផលិតនៅប្រទេស
វៀតណាម។
មានអ្នកស្រាវជ្រាវម្នាក់ទៀត គឺលោក មីហ្ស៊ឹ ហ្ជុនហ្សូ (Shimizu Junzo) ដែលបានមកប្រទេសកម្ពុជានៅទសវត្ស១៩៥០ ដើម្បីសិក្សាអំពីអក្សរថ្មយីពុននៅអង្គរវត្ត។ ក្នុងឱកាសនោះ លោកក៏បានចុះមកស្រាវជ្រាវនៅពញាឮដែរ ហើយបានបង្ហាញថាមានព្រះវិហារគ្រិស្តសាសនាមួយនៅពញាឮ (រូបលេខ៣) (Shimizu 1965)។ លោកអះអាងថា គឺជនជាតិយីពុនដែលកាន់ សាសនាគ្រិស្តជាអ្នកសាងព្រះវិហារនោះ ប៉ុន្តែពុំបានបញ្ជាក់ថា សាងនៅសម័យណាទេ។ លោកគ្រាន់តែសរសេរថានៅស.វ.ទី១៧ មានព្រះវិហារគ្រិស្តសាសនានៅពញាឮ ដោយយោងតាមប្រវត្តិសាស្ត្រនៃការវិវត្តន៍ សមុទ្រខាងត្បូងនៃជនជាតិយីពុន (Shimizu 1965: 230)។
រូបលេខ៣
ទាក់ទងនឹងជនជាតិយីពុនរស់នៅពញាឮនេះ លោកសង្ឃគ្រិស្តសាសនា ជាតិបារាំង C. E. Bouillevaux ដែលមកប្រទេសកម្ពុជានៅទសវត្ស១៨៥០បានសរសេរថា មានកូនចៅចុះតំណពូជពង្សយីពុនពីមុនរស់នៅពញាឮ (Bouillevaux 1874: 113-115)។ លោកក៏បានសរសេរថាមានព្រះវិហារគ្រិស្តសាសនានៅម្ដុំពញាឮនោះដែរ ប៉ុន្តែមិនបានបញ្ជាក់ថាជនជាតិណាជាអ្នកសាងឡើយ។ ពីព្រោះរហូត ដល់ពាក់កណ្ដាលស.វទី១៨ នៅមានជនជាតិអឺរ៉ុបកាន់សាសនាគ្រិស្ត ជាពិសេស ជនជាតិព័រទុយហ្គេរស់នៅទីនោះនៅឡើយ។ ប៉ុន្តែអ្នកកាន់សាសនាគ្រិស្តបានធ្លាក់ ចុះចំនួនយ៉ាងខ្លាំងនាពេលនោះដែរ ដោយសារអ្នកទាំងនោះត្រូវបង្ខំឲ្យទៅធ្វើ សង្គ្រាម ហើយស្រ្តីភាគច្រើនត្រូវទៅស្វែងរកការងារធ្វើនៅតំបន់ផ្សេង។
ទាក់ទងនឹងព្រះវិហារគ្រិស្តសាសនាដដែលនេះ អ្នកស្រាវជ្រាវនៃវិទ្យាស្ថានវប្បធម៌ណារ៉ា បានរកឃើញបំណែកក្បឿង និងកញ្ចក់នៅលាយឡំជាមួយនឹងគ្រឹះវិហារ ហើយមានយោបល់ថា ព្រះវិហារនោះប្រហែលកសាងនៅសម័យបារាំងចូលមកគ្រប់គ្រងខ្មែរ (បើនៅយីពុន គឺចូលដល់សម័យមេហ្ចី) ពុំមែនជាព្រះវិហារនៅសម័យស.វទី១៧ទេ (Sato 2009: 15)។
យើងចោទជាសំណួរថា ប្រសិនបើមានសង្កាត់យីពុននៅពញាឮកាលពីស.វ.ទី១៧ ដូចមានសរសេរនៅក្នុងកំណត់ត្រារបស់ពួកហូឡង់ ដែលលោក អ៊ីវ៉ាអុ សេអ៊ីជិ បានស្រាវជ្រាវមែន ហេតុអ្វីក៏តឹកតាងជារបស់ប្រើប្រាស់រាល់ថ្ងៃ មានភាជន៏ជាដើមមិនឃើញមានច្រើននៅទីនោះ? ចំពោះរឿងមនុស្សវិញ យើងមិនពិបាកយល់ទេ គឺថាយីពុនរស់នៅជំនាន់នោះបានរលាយចូលមកជាខ្មែរអស់យូរមកហើយ។
តើមានវិធីសាស្ត្រស្រាវជ្រាវថ្មីណាមួយដែលអាចរកភស្តុតាងបន្ថែមលើឯកសារដូចបានរៀបរាប់ខាងលើដែរឬទេ? នេះជាប្រធានបទដែលត្រូវយកទៅគិតសម្រាប់ការស្រាវជ្រាវនាពេលអនាគត។
ឯកសារយោង
- Bouillevaux, C. -E, 1874, L’Annam et le Cambodge : Voyages et notices historiques, Victor Palmé, Paris.
- Iwao, Seiichi, 1966, Nanyō Nihon-machi no kenkyū (ការសិក្សាអំពីសង្កាត់យីពុន នៅសមុទ្រខាងត្បូង), Iwanami Shoten, Tokyo. (ភាសាជប៉ុន)
- Kitagawa, Takako, 2014, Jūhasseiki Khmergo Shokan no Hakken: Kondō Jūzō Kankei Shiryo (Gaikoku Kankei Shokan) (ការរកឃើញសំបុត្រជាភាសាខ្មែរ នៅ ស.វ. ទី១៨ តាមរយៈទំនាក់ទំនងសំបុត្រជាមួយបរទេស), Tokyo Daigaku Shiryo Hensanjo Fuzoku KazoShiryo Kaiseki Senta Shushin (64), Tokyo, pp. 2-14. (ភាសាជប៉ុន)
- Sato, Yuni, 2009, “Distribution of Ceramics in Post- Angkor period, Cambodia: Composition Analysis of Ceramics Unearthed from Ponhea Lueu site”, Journal of Southeast Asian Archaeology (29), Japan, pp. 13-19. (ភាសាជប៉ុន)
- Shimizu, Junzo, 1965, The Inscriptions by some Japanese: Found in Angkor Wat, The Japanese Society of Ethnology, Yurindo Publishing Company, Yokohama, Japan. (ភាសាជប៉ុន)
- Sugiyama, Hiroshi et al., 2008, Kambojia ni okeru Chūsei Iseki to Nihonjin-machi no Kenkyū (សិក្សាអំពីតឹកតាងសម័យកណ្ដាលនិងសង្កាត់យីពុននៅប្រទេសកម្ពុជា), Nara National Research Institute for Cultural Properties, Japan. (ភាសាជប៉ុន)