ដោយ តូច អត្តកមា
អំពីស្ថាប័ន «សាលាបារាំងចុងបូព៌ា» សូមមើលពាក្យផ្តើមក្នុងអត្ថបទដែលមានលេខរៀង៨២ មុននេះ។
បើកាលណាយើងនិយាយពីរ៉ែដែក យើងត្រូវគិតទៅដល់តំបន់មួយស្ថិតនៅចន្លោះខេត្តកំពង់ធំ និងខេត្តព្រះវិហារ គឺតំបន់ភ្នំដែក។ តំបន់នោះជាប្រភពនៃរ៉ែដែកធម្មជាតិ។ ដែកត្រូវគេចម្រាញ់និងដំធ្វើជាឧបករណ៍ប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងប្រទេសកម្ពុជាសម័យបុរាណ ហើយគេជឿថាការចម្រើនផ្នែកឧស្សាហម្មដែកនេះជាផ្នែកមួយយ៉ាងសំខាន់ធ្វើឲ្យអាណាចក្រអង្គររុងរឿង។
បើនិយាយពីការផលិតដែកនៅស្រុកខ្មែរពីបុរាណ គេមើលឃើញថាសាសន៍កួយជាសាសន៍មួយធំដែលប៉ិនប្រសប់ក្នុងការស្លដែក។ ដែកដែលជនជាតិកួយស្លបាន ជាដែកស្មិតមានគុណភាពខ្ពស់ ហើយផ្គត់ផ្គង់ដល់ការប្រើប្រាស់ក្នុងរាជធានីខ្មែរទាំងមូលផងនៅសម័យនោះ។ មកដល់សព្វថ្ងៃ យើងសង្កេតឃើញថាការស្លដែកតាមបែបប្រពៃណីទាំងជាតិកួយក្តី ទាំងជាតិខ្មែរក្តីបាត់បង់ទាំងស្រុងទៅហើយតាំងពីជំនាន់សង្គ្រាមលោកលើកទី២មក។ មូលហេតុចម្បងមួយគឺថាជាច្រើនទសវត្សមកហើយនេះ លំហូរដែកនាំចូលមកពីក្រៅប្រទេសមានចំនួនច្រើន ឯតម្លៃក៏ថោកជាងដែកក្នុងស្រុកដែរ។ មួយវិញទៀតដំណើរនៃការស្លដែកតាមបែបប្រពៃណីមានភាពលំបាកស្មុកស្មាញ ឯកិច្ចពិធីនោះសោតក៏មានបែបបទនិងត្រណមច្រើន ហើយថែមទាំងត្រូវចំណាយពេលវេលាយូរ និងកម្លាំងមនុស្សច្រើនទៀតផង។
កន្លងមកមានការស្រាវជ្រាវផ្សេងៗអំពីផលិតកម្មដែកនៅប្រទេសកម្ពុជា។ ជាឧទាហរណ៍ កាលពីដើមឆ្នាំ២០១៧ មានកំណាយស្រាវជ្រាវបុរាណវិទ្យាមួយធ្វើនៅទន្លេបាក់ ក្នុងស្រុករវៀង ខេត្តព្រះវិហារ។ ក្នុងការស្រាវជ្រាវនោះ គេប្រទះឃើញសំណេសសំណល់មួយចំនួន ដែលនាំឲ្យគេអាចកំណត់រូបរាងនិងរចនាសម្ព័ន្ធរបស់ចង្ក្រានស្លដែកទាំងនោះបាន។ តួចង្ក្រានស្លដែកច្រើនបូកពីដីឥដ្ឋ ឯបាតចង្ក្រានមានរាងចតុកោណ មានបណ្ដោយប្រមាណ ២ ម៉ែត្រ និងទទឹង ១ ម៉ែត្រ។ គេសន្និដ្ឋានថាចង្ក្រានដែលគេរកឃើញក្នុងកំណាយនោះ មានអាយុកាលក្នុងរវាងសតវត្សទី ១២ (រូបលេខ១)។ គេពិបាកកំណត់កម្ពស់ជញ្ជាំងឡស្លដែកទាំងនោះណាស់ ដ្បិតកាលណាគេស្លដែកចប់សព្វគ្រប់ម្តង គេត្រូវវាយបំបែកជញ្ជាំងឡនោះចោល ដើម្បីយកដែកដែលស្លបាននៅបាតចង្ក្រាន។ ដូចនេះផ្នែកបាតចង្ក្រាន និងសំណល់អាចម៍ដែកផ្សេងទៀត យើងអាចមើលឃើញរូបរាងបានច្បាស់លាស់ (រូបលេខ ២-៣)។ ក្រៅពីនោះនៅមានសល់ផ្នែកខ្លះនៃជញ្ជាំង និងបំពង់ខ្យល់។ នៅទីនេះខ្ញុំសូមបង្ហាញត្រួសៗអំពីរបៀបស្លដែកដែលជាការពិសោធន៍សាកល្បងរបស់ក្រុមអ្នកស្រាវជ្រាវនៃសាលាបារាំងចុងបូព៌ាប្រទេសប្រចាំខេត្តសៀមរាបកាលពីពេលកន្លងទៅ។ បានជាគេធ្វើការពិសោធន៍ គឺមកពីយើងពុំអាចដឹងអំពីបច្ចេកទេស និងដំណើរស្លនោះច្បាស់លាស់ទេ សូម្បីតែកម្រិតកម្តៅគ្រាន់តែដឹងតាមការស្មានប៉ុណ្ណោះ។ ដូច្នេះបើពុំពិសោធន៍ផ្ទាល់ ឃើញថាការនិយាយទាំងអម្បាលម៉ាននៅក្នុងការស្មាននៅឡើយ ថ្វីដ្បិតតែស្មានលើមូលដ្ឋាននៃចំណេះដឹងដែលមានទូទៅអំពីការស្លលោហធាតុ។ ពិសោធន៍របៀបនេះ ហៅជាភាសាបារាំងថា Archéologie expérimentale។
ចង្ក្រានស្លដែកដែលគេធ្វើឡើងដើម្បីពិសោធនេះមានបណ្ដោយប្រមាណ១,២០ម៉ែត្រ, ទទឹង ៧០សង់ទីម៉ែត្រ, កំពស់ ៧០សង់ទីម៉ែត្រ និងជញ្ជាំងកម្រាស់ ២០សង់ទីម៉ែត្រ ដូចឃើញគំនូសបង្ហាញនៅរូបលេខ៤។ ដើម្បីធ្វើជញ្ជាំងឡ គេយកដីឥដ្ឋឆៅប្រមាណ ៤០% លាយជាមួយខ្សាច់៦០% ហើយវាយច្របល់ចូលគ្នាជាមួយទឹកឲ្យសព្វល្អ។
ជាដំបូងគេត្រូវពង្រាបដីឲ្យរាបស្មើស្អាត រួចទើបយកបន្ទះឬស្សីដែលគេរែងរួចហើយ មកដាក់បញ្ឈរវង់ជារាងពងក្រពើ ហើយគេយកដីឥដ្ឋដែលលាយស្រេចទៅបូកព័ទ្ធជុំវិញពុម្ពឬស្សីនោះ។ គេទុកឲ្យដីឥដ្ឋស្ងួតរឹងបន្តិច ទើបគេដកគ្រោងឆ្អឹងដែលជាពុម្ពឬស្សីនោះចេញ (រូបលេខ៥)។ នៅផ្នែកបាតកណ្ដាលចង្ក្រានគេកាយជាចង្អូរមួយដែលមានមុខកាត់២០សង់ទីម៉ែត្រ និងជំរៅ៥សង់ទីម៉ែត្រ ដោយកាយតាមបណ្ដោយចង្រ្កានជ្រាលទេរចុះទៅទំលុះដល់ផ្នែកខាងក្រៅរហូតដល់ផ្នែកដែលមានក្រឡុកមួយ ដែលគេជីកសម្រាប់ត្រងអាចម៍ដែកដែលហូរចេញមកក្រៅពេលគេដុត (រូបលេខ៦)។ ឯនៅតាមបណ្ដោយជើងជញ្ជាំងចង្ក្រានវិញ គេមានទុករន្ធចំនួន២០ ដោយចោះរន្ធនៅតាមបណ្ដោយជើងចង្ក្រានម្ខាងៗចំនួន ១០ សម្រាប់ស៊កបំពង់សប់ខ្យល់ចូលដល់បាតចង្រាន ដើម្បីជំរុញភ្លើងឲ្យឆេះខ្លាំង។ បំពង់សប់ខ្យល់ដែលគេសូននេះមានប្រវែង៥០សង់ទីម៉ែត្រនិង អង្កត់ផ្ចិតទំហំ ៣,៥ សង់ទីម៉ែត្រ (រូបលេខ៧) ។ ដើម្បីទប់បំពង់ដែលលយចេញមកខាងក្រៅ គេយកម្សៅថ្មបាយក្រៀមមកបិត ឲ្យបំពង់ខ្យល់នោះរឹងមាំ ធន់នឹងកំដៅភ្លើង។ ពេលធ្វើចង្ក្រាននេះរួចរាល់ហើយ គេទុកវាចោលឲ្យស្ងួតប្រហែលមួយខែទៅពីរខែ។
ចំពោះស្នប់ដែលប្រើនៅពេលនោះ គឺគេច្នៃដោយយកឧបករណ៍ផ្លុំសក់មកប្រើជំនួសស្នប់ដែលសប់ដោយកម្លាំងមនុស្សវិញ ព្រោះឧបករណ៍នេះអាចផ្លុំខ្យល់បានខ្លាំង និងស្មើជាប់រហូត ហើយខ្យល់ដែលបាញ់ទៅនោះជាខ្យល់ក្តៅស្រាប់ផង (រូបលេខ៨-៩)។
ចំពោះរ៉ែដែកដែលគេយកមកស្លពិសោធន៍នេះ គឺគេទៅរើសយកមកពីតំបន់ភ្នំដែក (រូបលេខ១០-១១)។ ឧបករណ៍ជំនួយក្នុងការរាវរករ៉ែដែកនេះ គេប្រើមេដែកដើម្បីឆក់ងាយឲ្យដឹងថាដុំថ្មណាសម្បូណ៌រ៉ែដែក។ ជាការសង្កេតដំបូងថ្មដែលផ្ទុករ៉ែដែកមានទម្ងន់ធ្ងន់ជាងថ្មធម្មតា។ នៅពេលបានដុំថ្មដែលជារ៉ែដែកនេះមកហើយ ជាជំហានដំបូងគេយកថ្មនោះទៅដុតនៅហាលវាលជាមុនសិន។ ការដុតលើកទី១នេះគឺដើម្បីឲ្យថ្មនោះប្រេះ ឲ្យខ្យល់អុកស៊ីសែនហើរចេញអស់ពីសាច់ថ្ម ម្យ៉ាងទៀតគឺដើម្បីងាយវាយបំបែកថ្មទាំងនោះជាបំណែកតូចៗ (រូបលេខ១២-១៣)។ បន្ទាប់ពីដុតហើយ គេទុកវាឲ្យត្រជាក់មួយថ្ងៃទៅពីរថ្ងៃសិន។
ចំពោះការរៀបចំមុននឹងឈានដល់ការស្លនេះ ដំបូងគេចាប់វាយថ្មរ៉ែដែកដែលគេដុតរួចនោះជាបំណែកតូចៗទំហំប្រហែលពី ៤ ទៅ ៥សង់ទីម៉ែត្រ (រូបលេខ១៤-១៥)។ ធ្វើដូចនេះគឺដើម្បីឲ្យដែកងាយរលាយនៅពេលដុត។ ចំណែកធ្យូងដែលជាវត្ថុសំខាន់ក្នុងការដុតនេះក៏គេត្រូវវាយជាបំណែកតូចៗទំហំប៉ុនបំណែកថ្មដែរ។ ក្រោយមក នៅពេលចាប់ផ្ដើមដុត គេរៀបចំដាក់អុស និង ស្លឹកឈើស្ងួតៗនៅបាតចង្ក្រានជាមុនសិន ដើម្បីបង្កាត់ឲ្យមានអណ្ដាតភ្លើង (រូបលេខ១៦)។ បន្ទាប់មកទើបគេបិតរន្ធបង្ហូរអាចម៍ដែក ដើម្បីកុំឲ្យរងើកភ្លើងធ្លាក់ចេញមកក្រៅ (រូបលេខ១៧)។ នៅពេលអណ្ដាតភ្លើងឆេះឡើងខ្លាំងហើយ ទើបគេចាក់ធ្យូងចូល (រូបលេខ១៨)។ តមកទៀតពេលសង្កេតឃើញភ្លើងធ្យូងឆេះកាត់កាន់តែខ្លាំងហើយ ទើបគេចាប់ផ្ដើមដាក់ថ្មរ៉ែពីលើម្ដង។ ដុតបានមួយសន្ទុះ ពេលឃើញថាភ្លើងចុះខ្សោយវិញបន្តិច គេត្រូវបន្ថែមធ្យូងមួយស្រទាប់ពីលើទៀត។ បន្ទាប់ពីធ្យូងដែលបន្ថែមថ្មីនោះឆេះខ្លាំងហើយ គេចាក់ថ្មមួយស្រទាប់ជាថ្មីទៀតពីលើធ្យូងដែលកំពុងឆេះខ្លាំងនោះ ហើយគេបន្តចាក់ធ្យូងមួយស្រទាប់ និងថ្មមួយស្រទាប់ឆ្លាស់គ្នា។ គេបន្តធ្វើដូចនេះរហូតពេញចង្ក្រាន (រូបលេខ១៩)។ ចំនួនថ្មដែលគេចាក់មួយសាៗត្រូវតិចជាងចំនួនធ្យូង គឺថាបើចាក់ថ្មប្រមាណ២ ទៅ ៣គីឡូ នោះគេត្រូវចាក់ធ្យូងចន្លោះពី ៤ ទៅ ៥គីឡូក្នុងមួយលើក។ គេដុតភ្លើងស្លដែកនេះតាំងពីម៉ោង ៨ ព្រឹក ហើយដល់ម៉ោង៣រសៀលទើបឃើញមានអាចម៍ដែកហូរចេញមក។ គេបន្តដុតភ្លើងរហូតដល់ម៉ោង ១០ យប់ទើបចប់។ ពេលឡចុះត្រជាក់ហើយទើបគេវាយបំបែកជញ្ជាំងឡ ដើម្បីទាញយកដុំដែកចេញពីបាតចង្ក្រាន រួចហើយទើបគេប្រោះទឹកលើដុំដែកនោះទុកឲ្យត្រជាក់ដល់ព្រឹកស្អែក (រូបលេខ២០-២១)។
ក្នុងការស្លដែកនេះបរិមាណធ្យូងដែលគេប្រើអស់ប្រមាណ ៥០០ គីឡូក្រាម ឯបរិមាណរ៉ែថ្មអស់ប្រហែល ១០០ គីឡូក្រាម។ ចំណែកឯសីតុណ្ហភាពក្នុងការដុតនេះឡើងដល់ ១៣៥០អង្សា ទើបរ៉ែដែករលាយហើយទៅផ្ដុំនៅបាតចង្ក្រាន។ ជាលទ្ធផលដែកដែលគេទទួលបានពីការស្លនេះមានចំនួន ៣០ គីឡូក្រាម ប៉ុន្តែចំនួននេះគិតទាំងអាចម៍ដែកនៅជាប់ជាមួយផង (រូបលេខ២២)។ គេយកដែកដែលស្លបាននោះទៅធ្វើពិសោធន៍នៅប្រទេសបារាំង។
សូមបញ្ជាក់ជាថ្មីថា ការដែលធ្វើនេះគឺជាការពិសោធន៍សាកល្បងដើម្បីស្វែងយល់ពីការស្លដែកតាមបែបប្រពៃណីខ្មែរនៅសម័យបុរាណ។ រាល់កំហុស ឬកង្វះខាតនានាមួយចំនួនដែលកើតឡើងនៅពេលពិសោធន៍ដូចជាចង្រ្កានមានស្នាមប្រេះ ឬអាចម៍ដែកហូរចេញមកក្រៅមិនបានល្អជាដើម សុទ្ធតែមានសារៈសំខាន់សម្រាប់ក្រុមអ្នកស្រាវជ្រាវ ដើម្បីពិចារណាស្វែងយល់បន្ថែមទៀត។