ចង្ក្រានស្លដែកសម័យបុរាណប្រទះឃើញថ្មីៗនេះនៅអង្គរ

ដោយ អ៊ឹម សុខរិទ្ធី

ថ្មីៗនេះ អ្នកស្រាវជ្រាវនៃអាជ្ញាធរអប្សរា បានប្រទះឃើញសំណល់ចង្រ្កានស្លដែកពីសម័យបុរាណ ដែលស្ថិតនៅក្នុងភូមិសាលាក្រវ៉ាន់, ឃុំរំចេក, ស្រុកបន្ទាយស្រី (មិនឆ្ងាយប៉ុន្មានពីភ្នំបូក) ក្នុងតំបន់អង្គរ ហើយដែលអ្នកស្រុកហៅថា “ទួលអាចម៍ដែក” (រូបលេខ១)។ នៅម្តុំនោះ គេប្រទះឃើញអាចម៍ដែកគរជាទួលតូចៗ, បំណែកដីដុត, បំណែកបំពង់ខ្យល់ និងបំណែកភាជន៍ផ្សេងៗនៅតាមវាលស្រែ (រូបលេខ២-៣) ដែលធ្វើឲ្យយើងគិតថាទាំងមូលនេះប្រហែលអាចហៅថា “ស្ថានីយ៍” បាន។

ស្រែទាំងនេះកើតមានឡើងប្រមាណជាង៤០ឆ្នាំមកហើយ។ តាមអ្នកស្រុកប្រាប់ គឺពីមុន មកទួលអាចម៍ដែកនានាមានទំហំធំជាងសព្វថ្ងៃ។ ប៉ុន្តែក្រោយមក អ្នកស្រុកចេះតែរានដីធ្វើស្រែមួយឆ្នាំបន្តិចៗមក ក៏ក្លាយជាស្រែដូចស្ថានភាពបច្ចុប្បន្ន (រូបលេខ៤)។ ប្រការនេះហើយ ដែលធ្វើឲ្យបុរាណស្ថាននេះរំលងភ្នែកអ្នកស្រាវជ្រាវជាទូទៅកន្លងមក។

ការប្រទះឃើញថ្មីៗនេះ កើតឡើងដោយចៃដន្យប៉ុណ្ណោះ ដោយយើងបានដំណឹងពីអ្នកស្រុក ថា បើមានក្មេងៗកើតរោគខាន់លឿង គ្រូពេទ្យឲ្យយកអាចម៍ដែកទៅវាយបំបែកជាម្សៅ លាយជាមួយទឹក ឬចេកទុំ ធ្វើជាថ្នាំព្យាបាលរោគនោះ (រូបលេខ៥)។ ពត៌មាននេះហើយដែលធ្វើឲ្យអ្នកស្រាវជ្រាវនៃអាជ្ញាធរអប្សរាកើតក្តីសង្ស័យហើយនាំគ្នាទៅដល់ទីកន្លែងផ្ទាល់ ហើយក៏ប្រទះឃើញសំណល់បុរាណដូចនិយាយមុននេះមែន។

នាដើមឆ្នាំ២០១៦និង២០១៧ អ្នកស្រាវជ្រាវអាជ្ញាធរអប្សរា ផ្តើមធ្វើកំណាយតាមបែបបទបុរាណវិទ្យាជាបន្តបន្ទាប់។ ការងារនោះមានពីរជំពូក ៖

        ១. សិក្សាធ្វើផែនទីកំណត់វិសាលភាពនៃស្ថានីយ ៖ នេះជាការសិក្សាលើផ្ទៃដី ដើម្បីស្វែងយល់ថាតើសំណល់បុរាណមាននៅទីណាខ្លះ។ ការងារនេះតម្រូវឲ្យមានជំនាញពីរផ្សេងគ្នា គឺបុរាណវិទ្យា និងពត៌មានភូមិសាស្រ្ត។

        ២. កំណាយស្រាវជ្រាវ ៖ ជាដំបូងគេសាកល្បងបើករណ្តៅកំណាយមានទំហំតូចៗ ដើម្បីយល់ពីទីតាំងផ្សេងៗនៃចង្ក្រានស្លដែក។ កំណាយទ្រង់ទ្រាយធំទៅអនាគតនឹងធ្វើឡើងតាមការវិភាគជាក់ស្តែងលើរណ្តៅកំណាយសាកល្បងដែលបានធ្វើមុននោះ។

កំណាយធ្វើឡើងដើម្បីឲ្យដឹងថា ៖

        - តើស្ថានីយដែលរកឃើញថ្មីនេះពិតជាកន្លែងស្លដែកមែនឬមិនមែន?

        - តើរចនាសម្ព័ន្ឋចង្ក្រានមានទ្រង់ទ្រាយដូចម្តេច?

        - តើវិសាលភាពនៃការផលិតនោះមានទំហំប៉ុនណា ហើយអាចផ្គត់ផ្គង់ដែកដល់

        - តើវិសាលភាពនៃការផលិតនោះមានទំហំប៉ុនណា ហើយអាចផ្គត់ផ្គង់ដែកដល់រាជធានីអង្គរបានដល់កម្រិតណា?

        - តើរ៉ែដែកដែលយកមករំលាយបានមកពីទីជិតឬឆ្ងាយ?

លទ្ធផលនៃការកំណាយ ៖ យើងបានរកឃើញសំណល់សំខាន់ៗ ដែលក្នុងនោះមានខ្លះបង្ហាញនៅរូបលេខ៦-៩ ៖

        - បំណែកចង្ក្រានស្លដែកធ្វើពីដី

        - ផ្នែកខ្លះៗនៃជញ្ជាំងចង្រ្កាន

        - អាចម៍ដែកដែលហូរចេញពីចង្ក្រាន

        - បំណែកបំពង់ខ្យល់ធ្វើពីដី

        - តួចង្ក្រានដែលមានទំហំបណ្តោយ១០០សង់ទីម៉ែត្រនិងទទឹង៦០សង់ទីម៉ែត្រ

        - គ្រឹះចង្ក្រានរៀបចំពីដីបុកបង្ហាប់មាន២ស្រទាប់

        - ស្នាមសរសររោងសង់គ្របពីលើចង្រ្កាន។

តាមការវិភាគលើបំណែកកុលាលភាជន៍ដែលប្រទះឃើញ (រូបលេខ១០) យើងគិតស្មានបានថាស្ថានីយនេះយ៉ាងហោចណាស់ក៏បានដំណើរការចាប់ពីសតវត្សទី១១មកដែរ។

រូបលេខ១០