ដោយ អាំង ជូលាន
ព្នៅមានឈ្មោះរុក្ខជាតិជាឡាតាំងថា Aegle marmelos។ នៅប្រទេសឥណ្ឌាគេច្រើនហៅឈ្មោះតាមពាក្យសំស្ក្រឹតថា Bilva ។ ឥណ្ឌាគោរពរុក្ខជាតិនេះណាស់ ដ្បិតគេយល់ថាជាដើមឈើព្រះឥសូរ អ្នកខ្លះរហូតដល់អះអាងថាព្រះឥសូរគង់នៅគល់ឬឫសដើមនេះទៀតផង។ ដូច្នេះហើយគេតែងឃើញមានដើមព្នៅនៅតាមបូជនីយដ្ឋានព្រះឥសូរ មាននៅតាមប្រាសាទបុរាណជាដើម។ នៅពេលធ្វើកិច្ច គេយកស្លឹកព្នៅមករាយលើប្រតិមាទេពនេះ ឬលើលឹង្គដែលជានិម្មិតរូប (រូបលេខ១, © Youtube)។ បើយើងពិនិត្យស្លឹកព្នៅឲ្យមែនទែន ពេលដែលទើបនឹងលាស់នោះ យើងនឹងឃើញថាមួយសន្លឹកធំដែលឈរតែងតែមានសន្លឹកពីរទៀតតូចជាងនោះនៅឯបផ្តេកទៅសងខាង (រូបលេខ២-៣)។ ទងមួយបែកជាបីសន្លឹកនេះឯងហើយ ដែលធ្វើឲ្យគេប្រៀបទៅនឹងព្រះនេត្រព្រះឥសូរដែលតែងតែមានបី (ផ្តេកពីរនិងបញ្ឈរកណ្តាលថ្ងាសមួយ)។ មានចំណុចមួយចំនួនទៀតដែលត្រូវសង្កេត គឺថាព្នៅប្រហែលជាមានប្រភេទខុសគ្នាខ្លះៗទៅទៀត តែពុំទាន់មានការសិក្សាពីរុក្ខជាតិវិទូនៅឡើយ បើពោលពីប្រទេសកម្ពុជា។ យើងស្មានដូច្នេះបានដោយឃើញថាជួនកាលសន្លឹកមានរាងខុសគ្នាបន្តិចបន្តួចពីដើមមួយទៅដើមមួយ។ ឧទាហរណ៍ សន្លឹកនៅរូបលេខ៤ស្តួចវែងជាងនៅរូបលេខ២និងលេខ៣បន្តិច។
ទោះបីជាគេយកសាច់ព្នៅទៅច្របាច់រាយហើយកូរក្នុងទឹក ឬជាមួយទឹកដោះគោ ក៏គេចាត់ទុកភេសជ្ជៈនេះថាជាឱសថ ដ្បិតព្នៅប្រើជាថ្នាំនៅក្នុងក្បួនពេទ្យបុរាណនៃគម្ពីរអាយុវ៌េទ។ ហេតុអ្វីបានជាគេគោរពព្នៅដល់ម៉្លេះនៅឥណ្ឌា? សំណួរនេះមិនអាចឆ្លើយបានងាយឡើយ គ្រាន់តែយើងសង្កេតថាព្នៅលំបាកនឹងដាំជាពន់ពេក។ បើបានដុះហើយក៏មិនងាយនឹងលូតលាស់ គឺរាប់ឆ្នាំនៅទ្រឹងមិនទាន់បានកំពស់កន្លះម៉ែត្រផង។ ដូច្នេះហើយ ដើមណាធំដែលឃើញកំពស់ច្រើនម៉ែត្រផ្លែព្រោងព្រាតនោះ គឺមិនមែនខ្ចីវ័យប៉ុន្មានទេ។ តើនេះជាមូលហេតុមួយឬយ៉ាងណាក៏មិនហ៊ានថាដែរ។
ចំពោះប្រទេសកម្ពុជា យើងគួរពិនិត្យស្ថានភាពបច្ចុប្បន្នសិន។ ព្នៅសព្វថ្ងៃកាន់តែហោចទៅៗពុំសូវបានប្រទះ។ ដែលគួរឲ្យចាប់អារម្មណ៍នោះគឺមានប្រការពីរបីដូចតទៅ ៖
- ទី១ គេយកផ្លែមកទទួលទានជាធម្មតាមែន តែគេក៏ប្រើជាថ្នាំដែរ កាលណាមានរាគមួលជាដើម ជាពិសេសបើបានប្រភេទព្នៅដែលហៅថា «ព្រះព្នៅ» ផង។ សូមជ្រាបថានៅទសវត្ស១៩៦០ មានឱសថការីទំនើបខ្មែរម្នាក់បង្កើតថ្នាំរាគមួលនេះដោយប្រើព្រះព្នៅជាមូលដ្ឋានផ្សំ ហើយឲ្យឈ្មោះជាបារាំងថា Mixture khmère។ ក្រៅពីការប្រើព្នៅជាឱសថក្នុងលក្ខណៈវិទ្យាសាស្ត្រ មានអ្នកខ្លះជឿថាគេអាចយកផ្លែព្នៅទៅផ្សំជាមួយទឹកឃ្មុំខែចេត្រធ្វើថ្នាំឲ្យមនុស្សចាស់មានកម្លាំងកំហែងដូចយុវជនឡើងវិញ។ វិធីផ្សំនោះសាំញ៉ាំណាស់ ហើយយកមករៀបរាប់នៅទីនេះក៏ឥតប្រយោជន៍ ដ្បិតខ្ញុំគ្រាន់តែចង់បង្ហាញថាមានជំនឿវែងឆ្ងាយទាក់ទងនឹងព្នៅដែលគេជឿថាសក្តិសិទ្ធិអស្ចារ្យ។
- ទី២ នៅតំបន់ខ្លះ គេជ្រើសរើសយកតែមែកព្នៅប៉ុណ្ណោះដើម្បីយកមកភ្ជាប់យ័ន្ត្រទៅមេដំបូលផ្ទះ (សូមមើលរូបលេខ៥)។
- ទី៣ ស្លឹកព្នៅសព្វថ្ងៃនៅតែប្រើក្នុងទំនៀមក្សត្រ។ នៅក្នុងព្រះបរមរាជវាំងភ្នំពេញក៏មានដើមព្នៅដែរ ដ្បិតក្នុងកិច្ចពិធីខ្លះ បារគូ (ដែលជាពូជពង្សព្រាហ្មណ៍) ត្រូវយកស្លឹកព្នៅមកថ្វាយព្រះករុណាជាអម្ចាស់សៀតនឹងព្រះកាណ៌ (រូបលេខ៦, © Google) ។
- ទី៤ ប្រសិនបើយើងស្រាវជ្រាវនៅតាមវត្តអារាមដែលមានចំណាស់ ហើយដែលមិនសូវរងខូចខាតដោយការកែប្រែច្រើន ប្រហែលជាយើងអាចឃើញថា មានមួយចំនួនមានដើមព្នៅ ដែលព្រះសង្ឃឬចាស់ៗមានទំនៀមដាំនិងថែទាំតគ្នាមក។ ឧទាហរណ៍មានឃើញនៅវត្តជ័យមង្គលក្នុងខេត្តកំពង់ធំ (រូបលេខ៧-៨)។ បើនៅខេត្តសៀមរាបវិញ ឃើញមានដើមព្នៅច្រើនដើមនៅវត្តព្រះឥន្ទ្រកោសីយ៍។ ទាំងនេះពុំមែនចេញមកពីការស្រាវជ្រាវអ្វីទេ គឺប្រទះដោយចៃដន្យតែប៉ុណ្ណោះ ប៉ុន្តែគួរតែនាំគ្នាដេញរកតទៅទៀត។ បើយកករណីវត្តព្រះឥន្ទ្រកោសីយ៍មកគិត ក៏គួរជាទីពិចារណាដែរ ដ្បិតវត្តនេះកកើតលើទឹកដីប្រាសាទបុរាណមួយសាងឡើងនៅស.វ.ទី១០ដោយព្រាហ្មណ៍ក្លិង្គម្នាក់ឈ្មោះទីវករភដ្តដែលក្លាយមកជាប្អូនថ្លៃនៃព្រះបាទជ័យវរ្ម័នទី៥ (ឬថាម្យ៉ាងទៀតជាបុត្រប្រសានៃព្រះបាទរាជេន្ទ្រវរ្ម័ន)។ ពោលនេះ ពុំមែនមានន័យថាមនុស្សទូទៅ មានព្រះសង្ឃនៅវត្តនេះជាដើមចងចាំប្រវត្តិសាស្ត្រដល់នោះទេ តែទំនៀមមានដើមព្នៅនៅតាមប្រាសាទអាចមានមកតៗគ្រប់ជំនាន់ដូច្នេះ ថ្វីដ្បិតតែមនុស្សភ្លេចសារបានដើម។ គឺករណីប្រាសាទនិងវត្តព្រះឥន្ទ្រកោស៍នេះឯងដែលនាំឲ្យខ្ញុំនិងសហសេវិកខ្លះបែកគំនិតចាប់ផ្តើមរកថាក្រែងមានទំនាក់ទំនងរវាងប្រាសាទបុរាណនិងដើមព្នៅដូចនៅប្រទេសឥណ្ឌាដែរ។ ការរុករកនោះមិនទាន់ចប់ចុងចប់ដើមនៅឡើយទេ តែលទ្ធផលបណ្តោះអាសន្នដែលបានពីតំបន់អង្គរមានខ្លះៗដូចតទៅ ៖
- រូបលេខ៩ ជាដើមព្នៅដែលនៅក្នុងបរិវេណប្រាសាទអង្គរវត្ត។
- រូបលេខ១០ ថតពីប្រាសាទបាគង។ ដើមព្នៅមាននៅក្រៅកសិន្ធុផងក្នុងកសិន្ធុផង។
- រូបលេខ១១ ថតមកពីប្រាសាទភ្នំបូក។
- រូបលេខ១២ ថតមកពីប្រាសាទព្រហ្មកិល។
- រូបលេខ១៣ ថតមកពីប្រាសាទបាយក្អែក។
- រូបលេខ១៤ ថតមកពីប្រាសាទបី។
- រូបលេខ១៥ ថតមកពីប្រាសាទក្រវ៉ាន់។
- រូបលេខ១៦ ថតមកពីក្លោងទ្វារទន្លេអុំចូលទៅអង្គរធំ។
- រូបលេខ១៧ ថតមកពីបន្ទាយក្បាលចិន។
និយាយមកនេះមិនទាន់អស់ទេ គឺគ្រាន់តែជាឧទាហរណ៍ខ្លះៗពីបុរាណស្ថាននៅតំបន់អង្គរតែប៉ុណ្ណោះ បើរកឲ្យហ្មត់ចត់ច្បាស់ជាមានច្រើនទៅទៀត។ តែយ៉ាងណាក៏ល្មមគ្រប់គ្រាន់ឲ្យយើងគិតឃើញដែរ ថាមិនមែនជាការចៃដន្យទេ ដែលព្នៅប្រទះឃើញញឹកញាប់នៅតាមប្រាសាទ។ ពីអតីតកាលនោះ ច្បាស់ជាសំខាន់ហើយជាសក្ការៈដូចនៅឥណ្ឌាដែរ ព្រោះកាលនោះយើងគោរពព្រះឥសូរនិងទេពក្នុងព្រហ្មញ្ញសាសនាឯទៀតខ្លាំងណាស់។
ក្នុងបុរាណកាលសិលាចារឹកច្រើនហៅរុក្ខជាតិនេះថា វិនៅ ៖
ចោកវិនៅ (K.357, មុនសម័យអង្គរ) = «ព្នៅជ្រុំ»
តេំវិនៅ (K.790, មុនសម័យអង្គរ ) = «ដើមព្នៅ»
វ្នុរវិនៅ (K.192, សម័យអង្គរ) = «ទួលព្នៅ», «គោកព្នៅ»
បើសរសេរជា ព្នៅ ដូចសព្វថ្ងៃនេះ ឃើញមាននៅសិលាចារឹកសម័យអង្គរលេខ K.393 ៖ ឆោកព្នៅ = «ព្នៅជ្រុំ»។
មានទំនៀមបុរាណមួយដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍ពន់ប្រមាណ។ ប្រាសាទបុរាណនីមួយៗ កាលសង់ឡើង តែងមានបញ្ចុះវត្ថុផ្សេងៗទៅតាមក្បួននិងតាមជំនឿ។ វត្ថុនោះអាចជាត្បូង, ជាលោហៈមានតម្លៃ ជាពិសេសគឺមាស ឬអាចជាអ្វីផ្សេងទៀតដែលខូចខាតបាត់បង់ដោយធម្មជាតិ ឬដោយចោរគាស់យក។ ទីដែលបញ្ចុះ ជួននៅផ្នែកខាងលើនៃកាំជណ្តើរ ជួននៅក្រោមប្រតិមាតម្កល់នៅកណ្តាលព្រះកុដិនោះ ជួនកាលទៀតនៅផ្នែកណាមួយនៃជាន់បញ្ឆោតខាងលើ។ ជាញឹកញាប់ដែរដែលលោហៈបញ្ចុះនោះជារូបស្លឹកឈើ។ រូបលេខ១៨ (© EFEO) ជាសន្លឹកបញ្ចុះនៅប្រាសាទមេបុណ្យ កណ្តាលបារាយទឹកថ្លា។ រូបរាងស្លឹកនេះឃើញថាអ្នកធ្វើពុំមានចេតនាចម្លងតាមស្លឹកអ្វីមួយក្នុងធម្មជាតិឲ្យដូចប្រាកដទេ គ្រាន់តែឲ្យដឹងថាជាស្លឹកឈើ ហើយសម្រិតសម្រាំងខាងក្បាច់ទៅវិញ។ រូបលេខ១៩-២២ (© EFEO) បង្ហាញសន្លឹកមាសដែលគេបញ្ចុះនៅកន្លែងផ្សេងៗនៃគ្រិះ «ប្រាសាទបី» (ឯបនឹងកសិន្ធុអង្គរធំ ខាងផ្នែកនិរតី) ហើយមើលទៅក៏ហាក់ដូចជាអ្នកធ្វើពុំខ្វល់ខ្វាយថាធ្វើឲ្យដូចស្លឹកអ្វីមួយប្រាកដ។ នៅព្រះកុដិឥដ្ឋមួយជាប់នឹងជណ្តើរខាងត្បូងនៃប្រាង្គប្រាសាទបាខែង ក៏គេប្រទះឃើញសន្លឹកមាសបញ្ចុះដូចគ្នា។ រូបលេខ២៣-២៥ (© WMF/APSARA) បង្ហាញពីសន្លឹកដែលនៅក្នុងរណ្តៅដើមនឹងក្រោយពីយកចេញមកដើម្បីសិក្សា។ ឧទាហរណ៍ទាំងប៉ុន្មាននេះមិនបង្ហាញថាច្បាស់ជាស្លឹកអ្វីប្រាកដក៏មែនពិត ប៉ុន្តែអ្នកដែលធ្វើព្រមទាំងមនុស្សជំនាន់នោះគេយល់ជាធម្មតាថាសំដៅស្លឹកអ្វីទៅហើយ ព្រោះគេជឿសាសនាដូចគ្នា ម្ល៉ោះហើយដឹងឮអ្វីៗក៏ជាមួយគ្នាដែរ យើងជាមនុស្សជំនាន់ក្រោយទេដែលឆ្ងល់មិនស្រឡះចិត្ត ដោយសារសាសនាយើងកាន់សព្វថ្ងៃខុសពីមុន។
ឥឡូវចូរយើងពិនិត្យរូបលេខ២៦-២៧ (© INRAP/APSARA) ដែលបង្ហាញពីសន្លឹកមាសបញ្ចុះនៅបាតព្រះកុដិមួយនៃប្រាសាទព្រៃ ស្ថិតនៅក្បែរវាលយន្តហោះក្រុងសៀមរាប។ មើលទៅឃើញថាស្រដៀងនឹងស្លឹកព្នៅខ្លាំងណាស់។