ដោយ ព្រាប ចាន់ម៉ារ៉ា
ក្រៅពីអមនុស្សសន្ធឹកសន្ធាប់ដែលមាននៅក្នុងប្រព័ន្ធជំនឿជីវចលខ្មែរមានទេពច្រើនទៀតដែលបានមកពីឥទ្ធិពលអារ្យធម៌ឥណ្ឌាបុរាណ ហើយជ្រួតជ្រាបខ្លាំងយ៉ាងហោចណាស់ក៏តាំងពី១៥០០ឆ្នាំមុនរៀងរហូតមក។ ទេពខ្លះមានលក្ខណៈដូចគ្នានឹងទេពឥណ្ឌាតែទេពខ្លះទៀត ក្លាយមកតាមរបៀបខ្មែរនិងហៅព្រះនាមតាមមាត់ខ្មែរ ឧទាហរណ៍ព្រះពិស្ណុការដែលជាទេពខាងជាងនិងសិល្បៈគ្រប់ប្រភេទ និងមួយទៀត គឺព្រះពៃស្រពណ៍ដែលជាទេពខាងស្រូវ ហើយដែលជាប្រធានបទនៅទីនេះ។
បើមើលវចនានុក្រមធំៗដែលគេទទួលស្គាល់លើលោក ឃើញថា «វៃឝ្រវណ» គ្រាន់តែជាឈ្មោះមួយបែបទៀតនៃព្រះ «កុពេរ» (ឬ «កុវេរ») ប៉ុណ្ណោះ។ បើពុំនោះទេ ក៏មានន័យថា «ដែលទាក់ទងនឹងព្រះកុពេរ, ដែលនៅក្នុងកណ្តាប់ព្រះកុពេរ» ដែរ។ ដូច្នេះត្រូវដេញតទៅទៀតថា ព្រះកុពេរជាទេពរបៀបណាដែរ ? កាលពីបុរាណកាលមែនទែន «កុពេរ» ជាមេលើពពួកភូតអាក្រក់ គឺថាជាមេពពួកខ្មោចដែលរាតត្បាតគេ។ តែក្រោយមកក៏ក្លាយមកជាទេពនៃទ្រព្យហៀរហូរ, ទេពនៃភាពសម្បូណ៌ទៅវិញ ហើយជាលោកបាលនៅទឹសខាងជើងផង។ អាស្រ័យហេតុនេះ «វៃឝ្រវណ» ក៏ជាទេពនៃភាពសម្បូណ៌តាមនោះដូចគ្នា។ ខ្មែរនិយមសរសេរ «វៃឝ្រវ» ដោយសារព្យញ្ជនៈពីរខាងក្រោយសុទ្ធតែគ្មានស្រៈវែងនៅជាមួយ ដូចជាឈ្មោះ «រាវណ» នៅសល់មកតែ «រាវ» (គឺក្រុង «រាព») ដូច្នោះដែរ។
យើងពុំច្បាស់ថានៅកម្ពុជាសម័យបុរាណ ព្រះវៃឝ្រវត្រឹមតែជាលោកបាលទឹសខាងជើង ហើយជាទេពនៃភាពសម្បូណ៌ហៀរហូរតែប៉ុណ្ណេះឬយ៉ាងណាឡើយ។ ប៉ុន្តែក្រោយមក គេចាត់ទុកទេពនេះជាអធិបតីលើស្រូវ។ ស្រូវដែល ជាដំណាំចម្បងលើសដំណាំទាំងឡាយនោះក៏ខ្មែរហៅថា «ព្រះពៃស្រពណ៍» ដូច្នេះដែរ ហើយជួនកាលទៅទៀតព្យាង្គពីរមុនគេពោលគឺ «ព្រះពៃ (ស្រពណ៍)» ក៏ក្លាយមកជា «ប្រពៃ» ដែលមានន័យថាល្អប្រសើរ។ ដោយសារគេទុកស្រូវថាជាស្រី ទើបកើតជាមានពាក្យហៅថា «នាងប្រពៃ» ទៀតផង។ ប៉ុន្តែបើគេនិយាយថា «ព្រះពៃស្រពណ៍» ដូច្នេះ គឺឈ្មោះនេះសំដៅទៅអធិបតីលើស្រូវទូទៅ ហើយដែលមានភេទជាប្រុស មិនសំដៅទៅស្រូវណាមួយដែលមានបុគ្គលិកលក្ខណៈផ្ទាល់រៀងៗខ្លួនឡើយ។ បើនិយាយអំពីស្រូវតែម្តង គឺគេប្រៀបរុក្ខជាតិនេះទៅមនុស្សស្រី មានអត្តសញ្ញាណផ្ទាល់ថានាងនេះ នាងនោះ ដូចជានាងម្លិះ, នាងម៉ុន, នាងម៉ិញ, នាងឧក, នាងកែវ, នាងអង, នាងអំ, នាងខុន, នាងគង់, នាងណូយ, នាងលាស់, នាងលោម។ល។ ដូចមាននិយាយនៅក្នុងបណ្តាញពត៌មានវប្បធម៌នេះក្នុងជំពូកទី៦, លេខរៀង១៦។ សូម្បីតែពាក្យនិយាយពីស្រូវក៏សឲ្យឃើញថាដូច្នេះដែរ ដូចជាលេងខ្លួន, ផើម, ដាក់ ទឹកដោះ... ហើយសូម្បីតែបាយដែលចម្អិនមកពីអង្ករក៏គេហៅថា «ព្រះមេ» ទៀតផង ដែលសុទ្ធតែបញ្ជាក់ថាស្រូវជាភេទស្រី។
មានរូបប្រតិមានៃព្រះពៃស្រពណ៍ ដែលគេឆ្លាក់រំលេចឡើងនៅលើផ្នែកមួយនៃព្រះលិង្គសាង ពីថ្មភក់នាសតវត្សទី១១ ដែលគេរកឃើញកាលពីឆ្នាំ១៩១៨ នៅក្រុមប្រាសាទព្រះ ពិធូរក្នុងបរិវេណអង្គរធំ។ រូបនេះជាទេពគង់បញ្ឈរជង្គង់ស្ដាំនៅលើផ្កាឈូកហើយព្រះហស្តស្តាំកាន់កេតនភណ្ឌអ្វីមួយ ឯព្រះហស្តឆ្វេងដាក់លើភ្លៅឆ្វេងដែលបត់ពែន (រូបលេខ១)។ នៅខាងក្រោមរូបនេះមានចារឹកអក្សរសម័យអង្គរថា «វ្រះវៃឝ្រវ» (រូបលេខ២)។
មានប្រតិមាមួយទៀតឆ្លាក់នៅលើមុខម្ខាងនៃថ្មគោលសាងពីថ្មភក់ ហើយឃើញនៅក្នុងវត្តកំពង់ធំ ខេត្តកំពង់ធំ។ រូបមួយនេះជាទេពភេទប្រុសគង់ពែនភ្នែនព្រះហស្តស្ដាំកាន់កណ្ដៀវ ព្រះហស្តឆ្វេងកាន់កណ្ដាប់ស្រូវបញ្ឈរចុងឡើងលើ (រូបលេខ៣, © ឯម គឹមស្រ៊ាង)។ វត្ថុទាំងពីរដែលទេពនេះកាន់ យើងពុំដែលស្គាល់ថាជាកេតនភណ្ឌនៃទេពណាមួយដែលមានចម្លាក់ក្នុងសម័យបុរាណឡើយ។ ប្រការនេះធ្វើឲ្យយើងគិតថាគេឆ្លាក់នៅសម័យកណ្តាល។ រូបនេះគ្មានចារឹកអក្សរដូចរូបមុនក៏ពិតមែន តែយើងអាចគិតដោយគ្មានរារែកថាជាព្រះពៃស្រព ដោយសារស្រូវនិងកណ្តៀវ។
ក្រៅពីនេះមាន ចំណុចគួរឲ្យពិចារណាមួយទៀត គឺមានទូកប្រណាំងមួយឈ្មោះថា « ព្រះពៃស្រពណ៍» (រូបលេខ៤, ©ជា សុជាតិ)។ បានជាឈ្មោះដូច្នេះ មកពីទូកនេះជារបស់វត្តដែលមានឈ្មោះថា «ព្រះពៃស្រពណ៍» ដូច្នេះតែម្តង (រូបលេខ៥, © Ravana Build)។ មកដល់ត្រឹមនេះទើបយើងអាចឆ្ងល់ថា ហេតុអ្វីបានជាវត្តនេះមានឈ្មោះទេពដែលជាអធិបតីលើស្រូវទៅវិញ ? គឺមកពីភូមិនោះឈ្មោះ «កំពង់បាស្រូវ» (ឃុំជលសារ, ស្រុកជលគិរី, ខេត្តកំពង់ឆ្នាំង)។ នេះជាភស្តុតាងមួយទៀតថា «វ្រះវៃឝ្រវ» ពីបុរាណនោះ សព្វថ្ងៃជាទេពលើស្រូវពេញទី ហើយបើយោងតាមរូបចម្លាក់ទីពីរខាងលើ គឺក្លាយមកជាដូច្នេះយូរគ្រាន់ហើយដែរ។