ដោយ វ៉ា សុវណ្ណរដ្ឋ
ក្រុងរាពណ៍ ឬទសកណ្ឌ ជាស្តេចនៃនគរលង្កា។ ក្រុងរាពណ៍ច្រណែននឹងកុវេរ ដែលជាបង (ឪពុកតែមួយ តែម្តាយទីទៃ) ដោយសារតែកុវេរជាទេពដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ ដូច្នេះហើយក៏ទៅវាយដណ្តើមទ្រព្យសម្បត្តិនោះ ជាពិសេសវាយយក “បុស្បកវិមាន” (បុស្បុកដែលជារថបរហោះលើអាកាស) ដែលព្រះព្រហ្មបានប្រទានមកកុវេរ។ ពេលជិះបុស្បុកហោះត្រឡប់ទៅនគរលង្កាវិញ ក្រុងរាពណ៍ត្រូវហោះកាត់ភ្នំកៃលាស តែចាញ់បារមីទីនោះមិនអាចឆ្លងកាត់បាន។ ព្រះគោនន្ទី ដែលជាជំនិះនៃព្រះឥសូរមកប្រាប់ ទសកណ្ឌថាពួកយក្សអសុរា មិនអាចហោះកាត់លើភ្នំនេះបានឡើយ ព្រោះថាភ្នំនេះគឺជាទីលំនៅរបស់ព្រះឥសូរ។ ក្រុងរាពណ៍ខឹងច្រឡោតខ្លាំង ក៏ជេរប្រទេចផ្តាសារឲ្យព្រះឥសូរ ហើយថែមទាំងដៀលត្មេះឲ្យគោនន្ទីថាជាស្វា។ ដោយខឹងនឹងសម្តីនេះ ព្រះគោនន្ទីក៏ដាក់បណ្តាសារថាក្រុងរាពណ៍នឹងត្រូវបំផ្លាញដោយទ័ពស្វា។ ខឹងពេក ទសកណ្ឌក៏ហោះចុះ ប៉ុនប៉ងនឹងលើកភ្នំក្រៃលាសឡើង ដើម្បីកុំឲ្យទើសផ្លូវ ឯរាល់សព្វសត្វនិករក៏កើតភ័យព្រួយតក់ស្លត់ សូម្បីតែនាងឧមាជាមហេសីព្រះឥសូរក៏តក់ស្លុតរត់ទៅឱបព្រះស្វាមីដែរ។ ព្រះឥសូរលើកព្រះហស្ថជាសញ្ញាថាកុំឲ្យភ័យ ហើយយកម្រាមមេជើងម្ខាងសង្កត់ចុះក្រោម រីឯភ្នំកៃលាសក៏ធ្លាក់ចុះមកវិញសង្កត់ក្រុងរាពណ៍ធ្វើឲ្យដួលដេកបាស់ដៃបាស់ជើង ស្ទើរស្លាប់ស្ទើររស់ ស្រែកទ្រហោរស្ទើរបែកបំពង់ក ហើយជាប់នៅក្រោមភ្នំនោះអស់រយៈពេល ១០០០ឆ្នាំ។ ពពួកមន្ត្រីសេនីយសេនាមកប្រាប់ឲ្យក្រុងរាពណ៍សូត្រច្រៀងសសើរបារមីព្រះឥសូរដើម្បីបានរួចខ្លួន។ ក្រុងរាពណ៍ក៏ធ្វើតាមពាក្យនោះ ឯព្រះឥសូរក៏ព្រលែងឲ្យរួចខ្លួន។ ដោយសារការស្រែកទ្រហោរនេះហើយ ដែលទសកណ្ឌបានឈ្មោះថា “រាពណ៍” ត្បិតពាក្យសំស្ក្រឹត “រាវណ” ប្រែថា “ស្រែកទ្រហោរ”។
គេបង្ហាញឈុតនេះច្រើនកន្លែងដែរនៅតាមចម្លាក់បុរាណខ្មែរ។ ជាទូទៅ ចម្លាក់បង្ហាញពីក្រុងរាពណ៍ចាប់លើកអង្រួនភ្នំក្រៃលាស បង្ហាញត្រង់ពេលដែលព្រះឥសូរយកមេជើងសង្កត់ភ្នំដែលធ្វើឲ្យក្រុងរាពណ៍ទន់ជង្គុង ហើយសព្វសត្តនិករទាំងឡាយភិតភ័យផ្អើលឆោឡោរត់ប្រាសអាយុះដូចមាននៅចម្លាក់ប្រាសាទបន្ទាយស្រី (រូបលេខ១-២) និងប្រាសាទអង្គរវត្តជាដើម (រូបលេខ៣)។ ចំណែករូបលេខ៤ ជាផ្តែរស.វ.ទី១១សព្វថ្ងៃតាំងនៅសារមន្ទីរជាតិភ្នំពេញវិញ គឺគេបង្ហាញក្រុងរាពណ៍កំពុងជាប់នៅក្រោមភ្នំកៃលាស ខំប្រឹងរើខ្លួនធ្វើជើងខ្វៃៗ។
សូមគត់សម្គាល់ថា ជាទូទៅគេបង្ហាញក្រុងរាពណ៍មានដៃ ២០ និងក្បាល ១០ (មើលឃើញ៧) ត្រួតគ្នាជាបីថ្នាក់ដូចជានៅបន្ទាយស្រីនិងអង្គរវត្ត។ ក្រៅពីឈុតនេះ ខ្មែរមានបង្ហាញចម្លាក់រាពណ៍តាមឈុតផ្សេងៗទៀតដែរដូចជារូបលេខ៥បានមកពីអង្គរវត្ត និងរូបលេខ៦មកពីបាភួនជាដើម។ យ៉ាងណាក៏ដោយ ផ្តែរស.វ.ទី១១ដែលបង្ហាញមកខាងលើ គឺបង្ហាញចម្លាក់ក្រុងរាពណ៍មានដៃ២០ ក្បាល១០ដែរប៉ុន្តែតម្រៀបគ្នាជាមួយជួរដែលកម្រឃើញនៅក្នុងសិល្បៈខ្មែរ មិនដូចនៅប្រទេសឥណ្ឌាដែលគេនិយមបង្ហាញរបៀបនេះ។