ដោយ ព្រាប ចាន់ម៉ារ៉ា
ខ្ញុំធ្លាប់និយាយខ្លះមកហើយដែរក្នុងបណ្តាញពត៌មានវប្បធម៌ខ្មែរនេះនៅអត្ថបទមុនៗ អំពីរឿងរាមកេរ្តិ៍ ដែលជ្រួតជ្រាបខ្លាំងក្នុងសង្គមខ្មែរតាំងតែពីសម័យបុរាណព្រេងនាយ។ នៅទីនេះខ្ញុំចង់បង្ហាញយ៉ាងខ្លីអំពីចម្លាក់រឿងរាមកេរ្តិ៍ ដែលគេឆ្លាក់លើរាជវ័តិ (របង) ស៊ីម៉ងត៍ព័ទ្ធជុំវិញទីធ្លាព្រះវិហារវត្តក្តុល (វត្តប្រាប្បច្ចាមិត្រ) នៅដើមស.វ.ទី២០ ក្នុងក្រុងបាត់ដំបង។
រាជវ័តិព័ទ្ធជុំវិញទីធ្លាខឿនព្រះវិហារវត្តក្តុលនេះ គឺគេរៀបឥដ្ឋបូកស៊ីម៉ងត៍កម្ពស់ជាងមួយម៉ែត្រ ហើយមានឆ្លាក់សាច់រឿងរាមកេរ្តិ៍នៅជញ្ជាំងរបងនោះលើផ្ទៃមុខខាងក្រៅផង (រូបលេខ១-២) និងផ្ទៃមុខខាងក្នុងផង (រូបលេខ៣)។ ចម្លាក់នេះមានចាប់ពីខ្លោងទ្វាររាជវ័តិខាងត្បូងតរៀងទៅលិច ហើយអស់ត្រឹមខ្លោងទ្វារខាងជើង។ របៀបបង្ហាញតួអង្គផ្សេងៗក្តី រូបដើមឈើក្តី និងរូបវត្ថុទាំងឡាយក្តី គឺគេឆ្លាក់ឲ្យផុសចេញជារូបរាងក្រឡោតឡើង (រូបលេខ៤) ហើយគេឆ្លាក់ដំណើរសាច់រឿងនៅលើផ្ទៃជញ្ជាំងជាផ្ទាំងមួយខ្សែរត់ត្រង់តាមលំដាប់លំដោយរៀងទៅ (រូបលេខ៥)។
ឈុតក្នុងរឿងត្រង់កន្លែងខ្លះគេបង្ហាញពីដើមឈើឬព្រៃព្រឹក្សាល្អៗប្លែកគួរជាទីចាប់ចិត្តណាស់ (រូបលេខ៦-៧)។ ផ្ទាំងខ្លះមានឆ្លាក់រូបព្រះពន្លាឬព្រះដំណាក់ផ្សេងៗ (រូបលេខ៨) ខ្លះទៀតបង្ហាញពីអាស្រមឥសី (រូបលេខ៩) និងរូបផ្ទះតាមបែបអ្នកស្រុកទូទៅផងក៏មានដែរ (រូបលេខ១០-១១)។ មានទាំងរូបមេរុឬភ្នំយោងដែលជាសំណង់សម្រាប់ពិធីបុណ្យបូជាសពក៏មាន (រូបលេខ១២)។ មិនតែប៉ុណ្ណោះ សូម្បីផ្ទះឬអគារធំៗដែលមានការរចនាតាមបែបបារាំង ដូចទៅនឹងសង្គមខ្មែរពិតៗនាដើមស.វ.ទី២០នោះឯង (រូបលេខ១៣-១៤)។ រីឯរបស់របរប្រើប្រាស់តាមបែបប្រពៃណីមួយចំនួនក៏គេបង្ហាញនៅលើចម្លាក់នេះខ្លះៗដែរ (រូបលេខ១៥)។ គួរឲ្យចាប់អារម្មណ៍មួយទៀត គឺមានទាំងបង្ហាញរូបកប៉ាល់មានបំពង់ផ្សែងដែលប្រើម៉ាស៊ីនចំហាយដុតឧសឬធ្យូង និងប្រើក្តោងជាជំនួយក្នុងការធ្វើដំណើរតាមផ្លូវទឹកផង (រូបលេខ១៦)។ ក្រៅពីនោះមានទាំងរូបកាំភ្លើងធំសម្រាប់សឹកសង្គ្រាមទៀតដែរ (រូបលេខ១៧-១៨)។ សូម្បីសម្លៀកបំពាក់ទាហាននិងគ្រឿងអាវុធគឺដូចទៅនឹងសម័យបារាំងតែម្តង (រូបលេខ១៩)។ របស់ទាំងអស់នេះគឺគេលើកយកមកឆ្លាក់តាមទិដ្ឋភាពជាក់ស្តែងនៃសង្គមខ្មែរនាចុងស.វ.ទី១៩និងដើមស.វ.ទី២០នោះបញ្ចូលទៅក្នុងសាច់រឿងរាមកេរ្តិ៍ ដោយបង្ហាញតាមបែបសិល្បៈសម័យថ្មី។
តាមពិតទៅ បើយើងរកមើលឲ្យវែងឆ្ងាយបន្តិចអំពីចម្លាក់រឿងរាមកេរ្តិ៍ ដែលគេយកទៅឆ្លាក់នៅនឹងទីសក្ការបូជាក្នុងស្រុកខ្មែរបែបនេះ គឺឃើញថាមានច្រើនណាស់។ និយាយតែតាមចម្លាក់ឃើញនឹងភ្នែក គឺមានតាំងតែពីស.វ.ទី៧មកម្ល៉េះ ដូចមានឧទាហរណ៍ពីប្រាសាទភ្នំដាក្នុងខេត្តតាកែវជាដើម។ នៅសតវត្សទី៩យើងឃើញមានចម្លាក់រឿងរាមកេរ្តិ៍មួយជុំនៅលើខឿនជាន់ទី៥នៃប្រាសាទបាគង។ នៅអង្គរវត្តនាស.វ.ទី១២ មានចម្លាក់រឿងរាមកេរ្តិ៍នៅរោងទងខាងលិចចំហៀងខាងជើងប្រវែង៥០ម៉ែត្រ ព្រមទាំងនៅតាមផ្នែកនានាជាច្រើននៃប្រាសាទនេះផង។ ប្រាសាទនៅសម័យអង្គរសន្ថឹកសន្ធាប់ទៀតគេក៏មានឆ្លាក់ឈុតនេះឈុតនោះនៃរឿងរាមកេរ្តិ៍នៅតាមចំណុចផ្សេងៗរាប់មិនអស់ ដូចជានៅប្រាសាទធំៗមួយចំនួន៖ បន្ទាយស្រី, បាភួន, បន្ទាយសម្រែ, បន្ទាយក្តី, ព្រះខ័ន។ល។ ចំពោះនៅសម័យថ្មីរវាងស.វ.ទី១៩-២០ឯណេះវិញក៏សម្បូណ៌ណាស់ដែរ ហើយដែលនៅមានសេសសល់គំនូរឬចម្លាក់រឿងរាមកេរ្តិ៍តាមព្រះវិហារជាច្រើន ទោះបីយើងប្តូរមកប្រតិបត្តិតាមព្រះពុទ្ធសាសនាថេរវាទច្បាស់លាស់តាំងពីរវាងស.វ.ទី១៤មក យ៉ាងណាក្តី។ ក្នុងនោះមានដូចជានៅថែវជុំវិញព្រះវិហារព្រះកែវមរកតនៃព្រះបរមរាជវាំង, ព្រះវិហារវត្តដំរីស ខេត្តបាត់ដំបង, ព្រះវិហារវត្តរាជបូព៌ ខេត្តសៀមរាប និងនៅទីដទៃៗសន្ធឹកសន្ធាប់រាប់មិនអស់ឡើយ។